ជីវិតសម្មាមគ្គ
ធម្មគតិសម្មាមគ្គ
អំពី
សុខ សប្បាយ ជា
ប្រទេសកម្ពុជាយើងមានស្នាមគំនូសប្រវត្តិសាស្ត្រថាជារដ្ឋមួយ តាំងពីច្រើនសតវត្សរ៍មុនគ្រឹស្តសករាជ មកហើយ។ អារ្យធម៌ដែលយើងកំពុងមាននាសព្វថ្ងៃនេះ ជាផលិតផលសមាហរណកម្មនៃអារ្យធម៌ផ្ទាល់របស់ ខ្មែរយើង ជាមួយនឹងអារ្យធម៌ដែលមានឥទ្ធិពលមកលើខ្មែរយើងក្នុងរយៈកាលនៃការដែលកំពុងវិវត្តន៍។ ក្នុងនេះ អារ្យធម៌សាសនាហិណ្ឌូបែបទេវនិយម និង ពុទ្ធសាសនាបែបមនុស្សនិយម បានមានឥទ្ធិពលលេចធ្លោជាងគេ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង តាំងពីដើមរៀងមក។
នៅពេលដែលបានជួបមុខគ្នា បន្ទាប់ពីបានធ្វើកិច្ចស្វាគមន៍ជាបែបការជម្រាបសួស្តិ៍ក្តី ការចាប់ដៃគ្នាក្តី ឬ ការទះក្បាលគ្នាលេងក្តី ខ្មែរយើងតែងសួរគ្នាថា «សុខសប្បាយជាទេ»? និងតាមដោយពាក្យសរសើរថា «មើល ទៅដូចជាមានព្រលឹងព្រលះល្អណាស់»! ខ្ញុំគិតថា ពាក្យ «សុខសប្បាយជា» អាចជាពាក្យផ្សំរវាងពាក្យពុទ្ធ សាសនានឹងពាក្យខ្មែរយើង ឯពាក្យ «ព្រលឹងព្រលះ» អាចជាពាក្យផ្សំរវាងពាក្យដែលទទួលឥទ្ធិពលពីសាសនា ហិណ្ឌូ ឬ តាមបុរាណយើងហៅថាព្រហ្មញ្ញសាសនា ជាមួយនឹងពាក្យខ្មែរយើង។
អត្ថបទធម្មគតិថ្ងៃនេះ ខ្ញុំនឹងលើកយកតែពាក្យថា សុខ សប្បាយ ជា មកធ្វើធម្មវិច័យចែកជូនតែ ប៉ុណ្ណោះ។ សម្រាប់ពាក្យថា «ព្រលឹងព្រលះ» នឹងទុកធ្វើជូននៅក្នុងកម្មវិធីធម្មគតិលើកក្រោយ។
សុខសប្បាយជាទេ? សុខសប្បាយជាទេ!
ពាក្យ សុខសប្បាយជា ផ្សំឡើងដោយពាក្យ បីម៉ាត់គឺ សុខ១ សប្បាយ១ និង ជា១។ ពាក្យថា សុខ និង សប្បាយ ជាពាក្យដែលមានប្រើក្នុងពុទ្ធសាសនា គឺ សុខ មកពីពាក្យថាបាលីថា សុខៈ។ សប្បាយ មកពីពាក្យ បាលីថា សប្បាយៈ។ ចំណែកពាក្យ «ជា» គឺពាក្យខ្មែរសុទ្ធ។
អំពីសុខៈ
សុខៈ ឬ ដែលយើងប្រើជា សុខ នេះ ក្នុងពុទ្ធសាសនាចែកជាច្រើនប្រភេទ។ នារសៀលថ្ងៃមួយ ព្រះពុទ្ធ អង្គបានសម្តែងទេសនាប្រាប់មហាសេដ្ឋីឈ្មោះ អនាថបិណ្ឌិក ថា ក្នុងឋានៈជាគ្រហស្ថដែលត្រូវមានផ្ទះ មាន ភរិយា មានស្វាមី មានការគ្រប់គ្រងបន្តពូជពង្សវង្សត្រកូល គួរស្វែងរកនូវសេចក្តីសុខ៤យ៉ាង[i] សម្រាប់ជីវិត ខ្លួនឲ្យបាន គឺ៖ ១) សុខព្រោះចេះតែមានទ្រព្យ ២) សុខព្រោះចេះប្រើប្រាស់ទ្រព្យ ៣) សុខព្រោះមិនជំពាក់ បំណុលគេ និង ៤) សុខព្រោះមិនមានទោស។
១) សុខព្រោះចេះតែមានទ្រព្យ ដែលព្រះពុទ្ធអង្គហៅថា អត្ថិសុខ នេះ ព្រះអង្គបានពន្យល់លោកមហា សេដ្ឋីថា គឺជាសេចក្តីសុខនិងសោមនស្ស របស់ជនទាំងឡាយណា ដែលបាននិងមានទ្រព្យសម្បត្តិទាំង ឡាយ ដោយសេចក្តីព្យាយាម ដោយសេចក្តីខ្នះខ្នែង ជាការសន្សំបានមកដោយកំឡាំងដៃ មានញើសហូរចេញពីខ្លួន ហើយទ្រព្យទាំងអស់នោះ ជា ទ្រព្យប្រកបដោយធម៌ បានមកដោយធម៌។
២) សុខព្រោះចេះប្រើប្រាស់ទ្រព្យ ដែលព្រះពុទ្ធអង្គហៅថា ភោគសុខ នេះ ព្រះអង្គបានពន្យល់លោក មហាសេដ្ឋីថា គឺជាសេចក្តីសុខនិងសោមនស្ស របស់ជនទាំងឡាយណា ដែលបានចាយវាយប្រើ ប្រាស់ នូវភោគទ្រព្យទាំងឡាយនោះផង បានយកទ្រព្យនោះទៅធ្វើបុណ្យកុសលទាំងឡាយផង។ ទ្រព្យ សម្បត្តិទាំងឡាយ ដែលបានមកដោយសេចក្តីព្យាយាម ប្រកបដោយធម៌និងបានមកដោយធម៌នោះ គួរ គប្បីបែងជា៤ចំណែក[ii] សម្រាប់ការប្រើប្រាស់គឺ៖ ១ចំណែកឬ២៥% យកមកសម្រាប់ចិញ្ចឹមជីវិត ខ្លួនឯង ចិញ្ចឹមជីវិតអ្នកដទៃដែលគួរចិញ្ចឹម និងប្រើប្រាស់ជាប្រយោជន៍ផ្សេងៗ ទៀតតាមសមគួរ។ ២ចំណែកទៀតឬ៥០% ទុកប្រើជាដើមទុនប្រកបមុខរបរ ធ្វើអាជីវកម្មជាបន្តដើម្បីបង្កើនទ្រព្យ សម្រាប់ បង្កើនសេចក្តីសុខទី១។ ១ចំណែកទៀតឬ២៥%ទៀត គួរតម្កល់ទុកឲ្យបានល្អ សម្រាប់ជាចំណែកការ ពារពេលមានអាសន្ន ដោយក្រែងមានអន្តរាយទាំងឡាយឯណានីមួយដែលអាចកើតមានឡើង ដល់ដើម ទុនអាជីវកម្ម ដែលមាននៅក្នុងចំណែកនៃ៥០% ។
៣) សុខព្រោះមិនជំពាក់បំណុលគេ ដែលព្រះពុទ្ធអង្គហៅថា អនណសុខ នេះ ព្រះអង្គបានពន្យល់លោក មហាសេដ្ឋីថា គឺជាសេចក្តីសុខ និង សោមនស្ស របស់ជនទាំងឡាយណា ដែលមិនមានជំពាក់បំណុលជាអ្វីមួយ ចំពោះបុគ្គលណាមួយ ទោះតិចក្តីច្រើនក្តី។ ក្នុងទីនេះ ព្រះពុទ្ធអង្គពុំបានប្រើពាក្យជំពាក់ បំណុលជាទ្រព្យទេ គឺព្រះអង្គប្រើពាក្យ «អ្វីមួយ» ដែលអាចមានន័យថា អ្វីក៏ដោយឲ្យតែជំពាក់ ដូចជា ពាក្យខ្មែរយើងតែងប្រើមានដូចជា ពេលដែលអ្នកជិតខាងគេមកជួយច្រូតស្រូវយើងពីរថ្ងៃ ឈ្មោះថាយើង ជំពាក់ដៃ២ថ្ងៃ។ ជំពាក់ពាក្យ បានដល់ការសន្យារបស់យើងចំពោះនរណាម្នាក់លើ រឿងអ្វីមួយ។ ជំពាក់ ចិត្ត បានដល់ការគិតតាំងចិត្តថានឹងធ្វើរឿងអ្វីមួយដល់នរណាម្នាក់ តែក៏មិនបានបំពេញដូចដែលចិត្ត ខ្លួនគិតប៉ង ជាដើម។ ដូច្នេះ ជំពាក់បំណុលអ្វីមួយក្នុងទីនេះ គឺបានដល់ជំពាក់ទ្រព្យ ជំពាក់ដៃ ជំពាក់សំដី និងជំពាក់ចិត្ត។
៤) សុខព្រោះមិនមានទោស ដែលព្រះពុទ្ធអង្គហៅថា អនវជ្ជសុខ នេះ ព្រះអង្គបានពន្យល់លោកមហាសេដ្ឋី ថា គឺជាសេចក្តីសុខនិងសោមនស្សរបស់ជនទាំងឡាយណា ដែលបានធ្វើអំពើឬប្រព្រឹត្តអ្វីមួយតាមផ្លូវ កាយ ប្រកបដោយកាយកម្មឥតមានទោស និយាយស្តីឬបញ្ចេញវាចាប្រកបដោយវចីកម្មឥតមានទោស និង បើទោះជាគិតតែក្នុងចិត្ត ក៏ជាការគិតដែលប្រកបដោយមនោកម្មឥតមានទោស។ និយាយដោយ ងាយស្តាប់គឺ អនវជ្ជសុខ នេះ បើទោះជាធ្វើកិច្ចការគ្រប់រូបភាពក្តី និយាយគ្រប់បែបបទក្តី និងគិតគ្រប់ យ៉ាងក្តី គឺជាការធ្វើ ការនិយាយ និង ការគិត ដែលមិននាំឲ្យកើតទោសទាំងដល់ខ្លួនឯងផង មិននាំឲ្យ កើតទោសដល់អ្នកដទៃ ដល់សង្គម និងធម្មជាតិ ជាដើមផង។
ក្នុងចំណោមសេចក្តីសុខទាំង៤នេះ សុខទាំង៣ខាងដើម ជាសុខដែលមានការប្រែប្រួលច្រើន ជាសុខ មិនទៀង ព្រោះប្រែប្រួលទៅតាមបច្ច័យខាងក្រៅ ដែលជាទ្រព្យសម្បត្តិ ជារបស់ធម្មជាតិ មិនស្ថិតនៅក្រោមឥទ្ធិ ពលទាំងស្រុងរបស់អ្នកស្វែងរកទ្រព្យសម្បត្តិទេ។ ទ្រព្យទាំងនេះជាស្ថិតនៅក្នុង ក្រុមការផ្គត់ផ្គង់ពីក្រៅ(External Supply) ត្រូវប្រឹងប្រែងខ្លាំងណាស់ដើម្បីរកយកមកបាន និងមានការលំបាកក្នុងការថែរក្សា។ចំណែកសុខទី៤ គឺអនវជ្ជសុខ គឺជាទ្រព្យ ជាទុន ដែលម្នាក់ៗទទួលបានឬមានពីកំណើត៖ មនុស្សមាន ឥន្ទ្រីយ៍ទាំង៥ គឺភ្នែក ត្រចៀក ច្រមុះ មាត់ អវយវៈនិងដៃជើងទាំងឡាយ សម្រាប់ធ្វើសកម្មភាពខាងផ្លូវកាយ និងមានចិត្តដែលជាឥន្ទ្រីយ៍មួយទៀតដែរ សម្រាប់គិតពិចារណា។ ទាំង៦នេះ ជាបច្ច័យខាងក្នុង ស្ថិតនៅក្រោម ការគ្រប់គ្រងដោយផ្ទាល់ ពីបុគ្គលផ្ទាល់ខ្លួនម្នាក់ៗ។ សេចក្តីសុខទី៤ ជាអរូបីវត្ថុ ស្ថិតនៅក្នុងក្រុមការផ្គត់ផ្គង់ពី ខាងក្នុង(Internal Supply) ល្អឬមិនល្អ សុខឬមិនសុខ គឺជាការទទួលខុសត្រូវរបស់បុគ្គលម្នាក់ៗ រៀងៗខ្លួន។
ក្នុងចំណោមសេចក្តីសុខទាំង៤នេះ សេចក្តីសុខទាំងបីខាងលើបូកបញ្ចូលគ្នា បានត្រឹមតែប្រហែល១/១៦ ឬ ប្រមាណជា ៦% នៃសេចក្តីសុខទី៤ តែប៉ុណ្ណោះ បានសេចក្តីថា សេចក្តីសុខដែលកើតពីការធ្វើ ការ និយាយ និង ការគិត គ្របដណ្តប់ដល់ទៅជាង៩០% នៃសេចក្តីសុខពិតប្រាកដរបស់មនុស្សដែលជាគ្រហស្ថ ទូទៅ រួមទាំងមហាសេដ្ឋីជាដើម។ ដូច្នេះក្នុងទស្សនៈពុទ្ធសាសនា ការមានទ្រព្យសម្បត្តិច្រើនរាប់មិនអស់ ដូច ជាមហាសេដ្ឋីឬសេដ្ឋីទាំងឡាយក្នុងពិភពលោកនាបច្ចុប្បន្ននេះ ពុំអាចផ្តល់នូវសេចក្តីសុខពេញលេញ ឬពិត ប្រាកដដល់មហាសេដ្ឋីឬសេដ្ឋីទាំងនោះ ដូចដែលយើងនាំគ្នាគិតនោះទេ។
ពុទ្ធដិកាដែលព្រះពុទ្ធអង្គបានមានបន្ទូលប្រាប់ទៅលោកមហាសេដ្ឋីអនាថបិណ្ឌិក អំពីសេចក្តីសុខនា ពេលនោះ មានសេចក្តីដូចតទៅ៖
«បុគ្គលដឹងនូវសុខដែលមិនមានបំណុលក្តី រលឹកឃើញនូវសុខដែលមានភោគៈក្តី ពិចារ ណាឃើញនូវសុខដែលកំពុងប្រើប្រាស់នូវភោគៈដោយប្រាជ្ញាក្តី កាលពិចារណាឃើញ ច្បាស់ ក៏រមែងដឹងនូវចំណែកទាំងពីរដោយប្រាជ្ញាដ៏ប្រពៃថា សុខទាំង៣ នុ៎ះ មិនដល់នូវចំណែកមួយ ក្នុងចំណែកទី១៦ របស់អនវជ្ជសុខឡើយ»។
អំពីសប្បាយៈ
សប្បាយៈ ឬ ដែលយើងប្រើជា សប្បាយ នេះ បានដល់របស់អ្វីមួយដែលនាំឲ្យចិត្តមានសេចក្តី សប្បាយរីករាយ ក្នុងការអភិវឌ្ឍរាងកាយ ព្រឹត្តិកម្ម ចិត្ត និងបញ្ញា ឲ្យបានលូតលាស់ល្អ។ មានសប្បាយ៧យ៉ាង ដែលជាអំណោយផលដល់ការប្រតិបត្តធម៌ ឬដល់ការរស់នៅបែបជីវិតសុខស្រួល៖
1. ការមានទីលំនៅសមរម្យ ប្រកបដោយបរិដ្ឋានល្អ នឹងនាំឲ្យមានការសប្បាយ(អាវាសសប្បាយ)
2. ការមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសមរម្យ ដូចជាមានផ្លូវថ្នល់ល្អ ផ្សារ ប្រព័ន្ធទឹកខ្វាត់ខ្វែង ជាដើម ក៏នឹងនាំឲ្យសប្បាយ(គោចរសប្បាយ)
3. មានការសិក្សា ការណែនាំ ការផ្តល់ចំណេះដឹងផ្សេងៗសមរម្យ មានសាលារៀន ក៏នឹងនាំឲ្យ សប្បាយ(ភស្សសប្បាយ)
4. មានធនធានមនុស្សល្អ មានកល្យាណមិត្ត មានសប្បុរស ក៏នឹងនាំឲ្យសប្បាយ(បុគ្គលសប្បាយ)
5. មានអាហារូបត្ថម្ភដែលនាំឲ្យមានសុខភាពសមរម្យ ក៏នឹងនាំឲ្យសប្បាយ(ភោជនសប្បាយ)
6. មានអាកាសធាតុ សីតុណ្ហភាព មានភ្លៀងមានកំដៅសមរម្យ ក៏នឹងនាំឲ្យសប្បាយ(ឧតុសប្បាយ)
7. មានឥរិយាបថដើរ ឈរ អង្គុយនិង ដេក សមរម្យ ទៅតាមធម្មជាតិនៃរាងកាយ គឺប្រើឲ្យ គ្រប់ឥរិយាបថទាំង៤ ក៏នឹងនាំឲ្យសប្បាយ(ឥរិយាបថសប្បាយ)
ហេតុដែលនាំឲ្យសប្បាយទាំង៧យ៉ាងនេះ អាចថាជាបច្ច័យ ឬ ជាកត្តាចូលរួមឲ្យសុខទាំង៤ខាងលើ ដែលបានអធិប្បាយហើយនោះ មានលទ្ធភាពក្នុងការឆាប់បានសម្រេច និង អាចស្ថិតនៅបានយូរ។ ជា ឧទាហរណ៍ អ្នកដែលមានអត្ថិសុខ គឺមានទ្រព្យច្រើនយ៉ាងណាក្តី បើមិនមានគោចរសប្បាយ ដូចជាមិនមាន ផ្សារនៅក្បែរ ក៏មិនអាចនឹងទិញអ្វីយកមកប្រើបាន ដើម្បីបម្រើដល់ការសប្បាយកាយសប្បាយចិត្ត។ មួយទៀត បើមិនមានបុគ្គលសប្បាយ គឺមិនមានមិត្តល្អ មានតែអ្នកកេងប្រវញ្ច ក៏នឹងមិនមានការតីសប្បាយកាយ និង មិនសប្បាយចិត្តក្នុងការប្រកបមុខរបរជាដើម។ សប្បាយទាំង៧យ៉ាងនេះ ជារបស់ដែលត្រូវទាញយកមកដាក់ ជិតខ្លួន ឬ ចូលទៅរកទីណាដែលមានលក្ខណៈសប្បាយទាំង៧យ៉ាងនេះ ទើបសេចក្តីសុខទាំង៤ នឹងអាចឆាប់ កើតមានឡើង។
អំពីជា
«ជា» ជាពាក្យខ្មែរ មានសេចក្តីពន្យល់នៅក្នុងវចនានុក្រមខ្មែរថា ស្រួល; ល្អ; សុខ; សប្បាយ; រួចពីឈឺ, ងើបពីឈឺ។ ខ្ញុំយល់ថា «ជា» ដែលស្ថិតនៅក្នុងចង្កោមនៃពាក្យសួរសុខទុក្ខគ្នាថា សុខសប្បាយជា នោះ បាន ដល់ការមានសុខភាពល្អ សុខភាពមាំមួន មិនមានជំងឺ ជាពីឈឺហើយ មានកម្លាំងមាំមួន អាចប្រកបកិច្ចការ នានាដើម្បីស្វះស្វែងរកនូវសេចក្តីសុខទាំង៤ យ៉ាងឲ្យបាន ព្រោះថា អ្នកឈឺមិនអាចធ្វើអ្វីៗពេញដៃពេញជើងទេ គឺបើឈឺច្រើន ការទៅឲ្យដល់គោលបំណងខ្លួនក៏កាន់តែតិចទៅដែរ។ ដូច្នេះ រឿងសុខភាពជារឿងសំខាន់ សម្រាប់ជីវិត។
អំពីសុខសប្បាយជាទេ
ទស្សនវិជ្ជាខ្មែរូបនីយកម្ម «សុខសប្បាយជា» របស់ពលរដ្ឋយើងនៅពេលជួបគ្នា សន្ទនាគ្នា និង ជូនពរគ្នានេះ គឺជាទស្សនវិជ្ជាមួយដែលបុរាណាចារ្យបានផ្តល់មកឲ្យយើង សម្រាប់ពិចារណាក្នុងជីវិតប្រចាំថ្ងៃ របស់ខ្លួន និងបានប្រាប់វិធីឲ្យយកមកប្រើយ៉ាងញឹកញាប់ក្នុងពេលជួបគ្នា ដើម្បីជាការដាស់តឿនគ្នាដោយ ប្រយោល។ »សុខសប្បាយជា» ត្រូវបានលើកយកមកធ្វើជាធម្មគតិក្នុងពេលនេះ ក៏ព្រោះចង់ឲ្យខេមរបុត្រយើង បានប្រើប្រាស់ពាក្យនេះប្រកបដោយសតិសម្បជញ្ញៈ នឹករលឹកជានិច្ចថា តើខ្លួនយើងម្នាក់ៗ ទទួលបាន ឬ កំពុងមានសេចក្តីសុខគ្រប់ទាំង៤ហើយឬនៅ? យើងម្នាក់ៗឬក្រុមគ្រួសារយើង បានរៀបចំវត្ថុសប្បាយទាំង៧ យ៉ាង ឲ្យកើតឡើងសម្រាប់ស្វែងរកសេចក្តីសុខហើយឬនៅ? និង ជាចុងក្រោយ តើយើងម្នាក់ៗដែលស្ថិតនៅ ក្នុងគ្រួសារនេះ សង្គមនេះ ប្រទេសជាតិនេះ ជាអ្នកមានសុខភាពល្អ កាយសម្បទាមាំមួន មិនមានជម្ងឺដែល យើងអាចជៀសបានដែរឬទេ។
ខ្ញុំសូមជូនពរ និងសូមឲ្យយើងទាំងអស់គ្នារៀនសួរដល់អ្នកដែលយើងជួបអំពីសេចក្តីសុខ សេចក្តីសប្បាយ និង ជា ឬសុខភាព របស់គាត់ឲ្យបានរាល់ការជួប ព្រោះវាមិនមែនត្រឹមតែជាការយកចិត្តទុកដាក់ដល់អ្នកដែល យើងជួបទេ តែនៅពេលយើងសួរគេ យើងក៏នឹងកើតសេចក្តីនឹករលឹកអំពីសេចក្តីសុខ សេចក្តីសប្បាយ និង សុខភាពយើងដែរ។ បើសុខ សប្បាយ សុខភាពជា កើតឡើងដល់បុគ្គលម្នាក់ៗកាន់តែច្រើន សង្គមនិង ប្រទេសជាតិនោះក៏នឹងមានតែសេចក្តីសុខ សេចក្តីសប្បាយ និង សុខភាពល្អជាក់ជាពុំខាន។
សូមគ្រប់គ្នា អញ្ជើញបាន សុខសប្បាយជា ក្នុងឆ្នាំថ្មីនេះតរៀងទៅ!
វត្តពោធិវាលក្រុងបាត់ដំបង ថ្ងៃសុក្រ ៣រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ថ្ងៃទី ០១ ខែមករា ឆ្នាំ ២០២១
No comments:
Post a Comment