វិថីជីវិតសម្មាមគ្គ អំពី សមភាពយេនឌ័រក្នុងវប្បធម៌ដើមខ្មែរ

 

ធម្មគតិសម្មាមគ្គ

អំពី

សមភាពយេនឌ័រក្នុងវប្បធម៌ដើមខ្មែរ

នៅក្នុងអត្ថបទអបអរសាទរទិវាស្រីខ្មែរលើកមុន ខ្ញុំបានលើកយកពីទស្សនាទានអំពីមនុស្ស ស្រីក្នុងសង្គមខ្មែរ និងទស្សនាទានតាមជ្រុងនៃព្រះពុទ្ធសាសនា មកអធិប្បាយ ដោយបានបង្ហាញ អំពី ១-មនុស្សស្រី មកពីពាក្យថា ស្រី ជាពាក្យសក្តិសិទ្ធ៍ដែលប្រុសៗគួរលើកតម្កើង។ ២-ស្រីខ្មែរ ជាប្រភពនៃវប្បធម៌មេ តាំងអំពីបុរាណ។ និង ៣-ភាពស្មើគ្នាគ្រប់យ៉ាងរវាងប្រុសនិងស្រីក្នុងការ បដិបត្តធម៌និងការសម្រេចបាននូវគោលដៅជីវិតដ៏ខ្ពស់បំផុតរបស់ខ្លួនបានដូចៗគ្នា តាមទស្សនា ទានពុទ្ធសាសនា។  សម្រាប់ធម្មគតិសម្មាមគ្គថ្ងៃនេះ សុំលើកយកពីទស្សនាទានបង្កប់ខ្លួនដ៏ អាថ៌កំបាំងរបស់អ្នកប្រាជ្ញខ្មែរពីបុរាណ ក្នុងការលើកស្ទួយសមជីវិតា ឬ សមភាពរយេនឌ័រ ក្នុង សង្គមជាតិតាមរយៈហោរាសាស្ត្រ ទុកជាគតិក្នុងការយកទៅពិចារណា ដើម្បីលើកតម្លៃស្រីខ្មែរ ក្នុង ការគ្រប់គ្រងជីវិតខ្លួន​ ជីវិតគ្រួសារ សង្គមជាតិ និង ប្រទេសជាតិទាំងមូលតទៅ។

 កូនកើតឆ្នាំអ្វី?  កូនជិះសត្វអ្វី? នេះជាពាក្យដែលយើងតែងតែសួរកូនក្មេងតូចៗ នៅពេល ដែលយើងជួប ឬ រំលឹកដល់កូនៗនិងចៅៗតូចៗរបស់ពួកយើង។ ប្រពៃណីនេះ នៅតែបន្តវត្តមាន នៅតាមជនបទនិងទីក្រុងនៃកម្ពុជា រហូតដល់ដល់សព្វថ្ងៃនេះ ដែលឪពុកម្តាយតែងប្រាប់ឲ្យកូន តូចៗ ទន្ទេញថ្ងៃ ខែ ឆ្នាំកំណើត របស់ខ្លួន ថាកើតឆ្នាំអ្វី កើតខែអ្វី និង កើតថ្ងៃអ្វី ឲ្យចាំរត់មាត់ តាមបែបចន្ទគតិ ឬ បែបបុរាណ ដែលនេះគឺជាការចាប់ផ្តើមសង្គមូបនីយកម្ម (socialization) របស់ ស្ថាប័នគ្រួសារ ចំពោះសមាជិករបស់ខ្លួន។ ក្នុងតម្រាចន្ទគតិ[i] ដែលមានចែងទុក បានបែងចែក ដូចតទៅ៖

  • ថ្ងៃមាន ៧ថ្ងៃ គឺ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ និង សៅរ៍។ បុរាណ រាប់ថ្ងៃអាទិត្យជាថ្ងៃទី១ 
  • ខែមាន១២ខែគឺ មិគសិរ(មាឃតូច) បុស្ស មាឃ(មាឃធំ) ផល្គុន ចេត្រ ពិសាខ ជេស្ឋ អាសាឍ(មានអាសាឍទី១ និង ទី២) ស្រាពណ៍ ភទ្របទ អស្សុជ និង កត្តិក។ ខែមិគសិរ គឺជាខែទី១។ ក្នុងរយៈពេល៣ឆ្នាំម្តង ខែអាសាឍមានពីរគឺ អាសាឍធំ និង អាសាឍតូច ទៅតាមអ្វីដែលខ្មែរហៅថា លើកឆ្នាំ។ 
  • ឆ្នាំមាន១២គឺ ជូត(កណ្តុរ) ឆ្លូវ(គោ) ខាល(ខ្លា) ថោះ(ទន្សាយ) រោង(នាគ) ម្សាញ់(ពស់) មមីរ(សេះ) មមែ(ពពែ) វក(ស្វា) រកា(មាន់) ច(ឆ្កែ) និងកុរ(ជ្រូក)។ ឆ្នាំជូត ជាឆ្នាំទី១។

ការឲ្យទន្ទេញចាំបែបនេះ គឺមានប្រយោជន៍ដល់ការឲ្យកូនៗបានដឹងថា អាយុខ្លួនប៉ុន្មាន ព្រោះកាលណោះពុំទាន់មានការប្រើរបៀបរាប់ជាសាកលឬយកគ្រឹស្តសករាជមកជាខ្នាតនៅឡើយ។ ម្យ៉ាងទៀត ក៏មានប្រយោជន៍ជាច្រើនទៀតផងដែរទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃរបស់ខ្មែរយើង ដូច ជា៖ ពេលណាឈឺ ក៏ទៅរកគ្រូទាយ។ គ្រូទាយតែងតែសួរអំពីថ្ងៃខែ ឬ អាយុរបស់អ្នកជំងឺតាមក្បួន ចន្ទគតិ ទើបអាចទាយដឹងបាន។ នៅពេលរៀបចំទុកដាក់កូនឲ្យមានគូស្រករ និងពេលរៀបមង្គល ការ ក៏ត្រូវយកថ្ងៃខែជាចន្ទគតិ ទៅឲ្យហោរាគន់គូរ ដើម្បីរកពេលាល្អសម្រាប់រៀបពិធី។ ពេលទៅ សុំធ្វើការជាមន្ត្រីរាជការ មន្ត្រីជាចៅហ្វាយ និង ព្រះរាជា ក៏តែងយកថ្ងៃ-ខែ-ឆ្នាំ អ្នកសុំចូលបំរើការ នេះ ជាជំនួយសម្រាប់ប្រើក្នុងការចាត់ចែងធនធានមនុស្សឲ្យមានប្រសិទ្ធិភាព ទៅតាមតម្រាដែល បានប្រាប់ពីបុរាណមក ថាមនុស្សកើតឆ្នាំនេះ ខែនេះ ថ្ងៃនេះ មានអត្តចរិតបែបនេះៗ ជាដើម។ ក្នុងក្បួនពិជ័យសង្គ្រាម មេទ័ពៗ ត្រូវលាក់ឆ្នាំ ខែ ​ថ្ងៃកំណើត មិនឲ្យសត្រូវដឹងទេ ព្រោះអាចឲ្យ សត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនបាន។

ដោយឡែក សម្រាប់ការរាប់ឆ្នាំរបស់ខ្មែរយើង ក្រៅតែពីឲ្យរាប់តាមឈ្មោះឆ្នាំហើយ ចាស់ៗ លោកតែងប្រាប់កូនឲ្យដឹងថា ឆ្នាំណាមានរូបអ្វីជាដំណាង ដោយប្រើពាក្យថា ជិះសត្វអ្វី។ ជា ឧទាហរណ៍ បើកើតឆ្នាំជូត ក៏ឲ្យកូនចាំថាជិះសត្វ កណ្តុរ។ បើកើតឆ្នាំរោង ក៏ឲ្យកូនចាំថាជិះសត្វ នាគ កើតឆ្នាំមមី ក៏ឲ្យដឹងថាជិះសត្វសេះ ជាដើម។ កូនកើតឆ្នាំអ្វី?  កូនជិះសត្វអ្វី? គឺជាសំនួរដែល ម្នាក់ៗសុទ្ធតែបានត្រូវចាស់ៗសួរ។

អ្វីដែលគួឲ្យចាប់អារម្មណ៍ជាងគេរបស់ខ្ញុំ គឺការឲ្យក្មេងៗចងចាំឆ្នាំកំណើតដែលជាឈ្មោះ តាមបែបចន្ទគតិ និងការចងចាំថាសត្វអ្វីដែលដែលតំណាងឆ្នាំខ្លួន និង ដែលខ្លួនកំពុងជិះ។ ខ្ញុំគិតថា មនុស្សបុរាណលោកឆ្លាតក្នុងការអប់រំក្មេងៗតាំងតែពីនៅតូចៗ លើរឿងសីលធម៌និងការ អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កូន (personal development)។ ពាក្យថា ជូត ឆ្លូវ .....ច កុរ ទាំងនេះ ជាធម្មតាខ្ញុំមិនជាចាំបាច់ឆ្ងល់ទេ ព្រោះត្រូវទន្ទេញតតាមគ្នា ​តែអ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺ សត្វដែលជាតំណាងរបស់ឆ្នាំនេះមួយ និង ការជិះសត្វទាំងអស់នេះមួយ ដែលខ្ញុំសុំធ្វើការវិភាគដូច តទៅ៖

  1. ក្នុងទស្សនៈខ្ញុំ បុរាណលោកយល់ពីទស្សនៈពុទ្ធសាសនាច្បាស់ ដែលថា អ្វីក៏ដោយដែល មានជីវិតក្នុងពិភពលោកយើងនេះ ឬ ចក្រវាឡនេះ លោកហៅថាសត្វទាំងអស់ គឺតាំងពីអតិ សុខុមប្រាណ (microbes) សត្វតិរច្ឆាន មនុស្សយើងនេះក្តី ហើយសូម្បីពពួកទេវតាទាំង ឡាយ ក៏សុទ្ធសឹងតែជាសត្វទាំងអស់ដែរ។ ក្នុងន័យនេះ ពេលដែលកើតមកភ្លាម កូនមនុស្ស នេះ មានធាតុដើមជាសត្វដូចគ្នា ដោយបុរាណបានជ្រើសរើសរកសត្វចំនួន១២ មកតំណាង ឲ្យ កូនដែលកើតមកថ្មី សម្រាប់ជាចំណាំក្នុងការប្រៀបធៀបសម្រាប់រាប់ផង សម្រាប់សម្គាល់ អត្តចរិតប្រៀបធៀបទៅនឹងសត្វទាំង១២ផង តាមការចំណាំនិងសង្កេតជាច្រើនរយពាន់ ឆ្នាំមកហើយ។ កូនខ្លះកើតមកចំឆ្នាំជូត កឺកូននោះមានអត្តចរឹកធាតុដើមជាសត្វកណ្តុរ កើត ឆ្នាំឆ្លូវ ក៏មានអត្តចរិកជាសត្វគោ ជាហូរហែរហូតដល់កើតឆ្នាំច ក៏មានអត្តចរិតដើមជាសត្វឆ្កែ ឆ្នាំកុរ ក៏មានអត្តចរិតជាសត្វជ្រូកជាដើម។  ឯអត្តចរិតជាសត្វណាៗនោះ ក៏មានសេចក្តី អធិប្បាយទៅតាមក្បួនហោរាសាស្ត្រដែលបានតាក់តែងទុកមក នៅក្នុងតម្រាព្រហ្មជាតិខ្មែរ ស្រាប់។ នេះជាគតិអប់រំមួយកុំឲ្យកូនខ្មែរភ្លេច ថាពួកយើងដែលជាមនុស្សនេះ ក៏ជាសត្វដែរ គ្រាន់តែគេហៅថាជាសត្វមនុស្ស មានការរីកចំរើនជាងសត្វ តែក៏នៅតែជាប់សន្តានជាសត្វ ផងដែរ ដូច្នេះ ការស្រឡាញ់សត្វតិរច្ឆានទាំងនោះ ការមិនសម្លាប់សត្វទាំងនោះលេងជា ល្បែង  ជាការអប់រំឲ្យមានចិត្តមេត្តាករុណាជាមូលដ្ឋាន ចំពោះសត្វមានជីវិតទាំងអស់ដែរ។ 
  2. សំនួរដែលសួរថា កូនជិះសត្វអ្វី  ក្នុងចំណោមសត្វទាំង១២នោះ គឺជាអ្វីដែលប្លែកនិង ពិសេសសម្រាប់ខ្មែរយើង។ នេះគឺជាការបង្ហាត់កូនឲ្យស្គាល់សត្វផង និងជាការដាស់តឿនថា កូនកំពុងជិះលើខ្នងសត្វ ដែលសត្វខ្លះក៏តូច ខ្លះក៏ធំ ខ្លះក៏កាច ខ្លះក៏កម្រនឹងបានឃើញ ដែលកូនអាចនឹងធ្លាក់ពីលើខ្នងសត្វទាំងនោះបាន បើមិនចេះជិះ ឬ ជិះមិនជាប់ ឬ មិនអាច បញ្ជាសត្វនោះឲ្យនៅក្រោមការបង្គាប់បញ្ជារបស់កូនបានទេ។ ដូច្នេះ ការបង្វឹកបង្រៀនសត្វ ឲ្យក្លាយមកជាយានជំនិះសម្រាប់ជិះបាន ជាកិច្ចការលំបាក។  ក្នុងន័យជាអត្ថប្បដិរូប គឺជា ការដែលមាតាបិតាគប្បីអប់រំកូន ឲ្យរៀនបន្ទុំចិត្ត រៀនទូន្មានចិត្ត រៀនបញ្ជាចិត្ត រហូតចិត្តដែល មានលក្ខណៈជាសត្វទាំងនោះចុះញ៉ម និងព្រមឲ្យកូនបញ្ជាចិត្តទាំងនោះឲ្យធ្វើអ្វីក៏បាន ដូច ជាសត្វព្រៃទាំងឡាយ ដែលកូនបង្ហាត់បានល្អហើយ តែងអាចជិះបាននិងតែងស្តាប់បង្គាប់ ម្ចាស់ដូច្នោះដែរ។
  3. សត្វទាំង១២ប្រភេទនេះ មានសត្វ៦ប្រភេទ ដែលមនុស្សបានយកមកផ្សាំងជាសត្វស្រុក (domesticated animal) សម្រាប់បំរើផលប្រយោជន៍មនុស្ស ទាំងយកមកធ្វើជាពាហនៈ សម្រាប់ដឹក យកមកសម្រាប់ធ្វើជាម្ហូបអាហារ និងសម្រាប់ជួយការពារមនុស្សជាដើម។ សត្វ ទាំង៦ នោះគឺគោ (ឆ្លូវ)សេះ(មមី) ពពែ (មមែ) មាន់(រកា) ឆ្កែ(ច) និង ជ្រូក(កុរ)។ ឯសត្វ ដែលមិនទាន់បានផ្សាំងល្អ ឬ នៅជាសត្វព្រៃនៅឡើយ ក៏មាន៦ ដែរ គឺ សត្វកណ្តុរ(ជូត) ខ្លា (ខាល) ទន្សាយ(ថោះ) នាគ(រោង) ពស់ (ម្សាញ់) និង ស្វា(វក)។ ការជិះ ជាការធ្វើជា ម្ចាស់របស់សត្វនោះៗ។ ក្នុងន័យប្រៀបធៀប គឺជាការយកឈ្នះ(Mastering) លើអត្តចរិត សភាវៈសត្វរបស់ពួកមនុស្សខ្លួនឯង រហូតបានក្លាយទៅជាមនុស្សពេញលេញ លែងមាន សល់បុគ្គលិកលក្ខណៈជាសត្វ ដូចសត្វដែលតំណាងឲ្យជីវិតរបស់ខ្លួនតទៅទៀត។  ក្នុងន័យ នេះ ព្រះពុទ្ធអង្គមានពុទ្ធដិកាថា មនុស្សនិងសត្វមានលក្ខណៈដូចគ្នាបួនយ៉ាង គឺ ១) ត្រូវការ អាហារដូចគ្នា ២) ត្រូវការដេកនិងសម្រាកដូចគ្នា ៣) ត្រូវការបន្តពូជដូចគ្នា និង៤) បើមាន ភ័យ ក៏រត់រកកន្លែងសុវត្ថិភាពដូចគ្នា។ អ្វីដែលមនុស្សខុសនិងលើសពីសត្វនោះ គឺនៅត្រង់ថា មនុស្សមានធម៌។ ធម៌នេះ ធ្វើឲ្យមនុស្សអាចប្តូរសញ្ជាតញាណ(instinct) ដែលជាសត្វរបស់ ខ្លួនបាន និងអាចយកសត្វដទៃមកប្រើប្រាស់តាមតម្រូវការ។ យើងអាចហៅធម៌ ប្រភេទនេះ នៅក្នុងន័យជាពាក្យថា វប្បធម៌ ក៏បាន។ 
  4. ជាការកត់សម្គាល់ សត្វទាំង១២ប្រភេទនេះ ត្រូវមនុស្សទាំងពីរភេទ ជិះពីលើ ឬ អាចនិយាយ បានថា ទាំងមនុស្សស្រីទាំងមនុស្សប្រុស មានសមត្ថភាពអាចបង្ក្រាប បង្វឹកសត្វទាំង១២ នៃ ឆ្នាំទាំង១២នេះ ឲ្សសាំងបាន អាចជិះបាន និង អាចប្រើប្រាស់ជាប្រយោជន៍បាន។ ប្រុសនិង ស្រី មានសមត្ថភាពក្នុងការធ្វើជាម្ចាស់និស្ស័យសត្វបានដូចគ្នា និងចូលមកត្រួតត្រាគ្រប់គ្រង ឆ្នាំជីវិតរបស់មនុស្សទាំង១២ បានទាំងពីរភេទ។  មានសត្វឬឆ្នាំ៦មុខ ដែលភេទស្រី ត្រួតត្រា បាន គឺ៖ សត្វខ្លា(ខាល) ទន្សាយ(ថោះ) សេះ(មមី) ពពែ(មមែ)  ឆ្កែ(ច)  និងសត្វជ្រូក(កុរ))។  ឯសត្វ៦មុខ ដែលភេទប្រុសត្រួតត្រាបានគឺ សត្វកណ្តុរ(ជូត) គោ(ឆ្លូវ)  នាគ(រោង) ពស់ (ម្សាញ់) ស្វា(វក) និង  សត្វមាន់(រកា)។ ស្រីត្រួត៦ឆ្នាំ ប្រុសត្រួត៦ឆ្នាំ។ 
  5. ជាន័យប្រៀបធៀប ឆ្នាំទាំង១២នេះ ត្រូវពួកមនុស្សដែលមានសន្តានចិត្តខុសគ្នា ៣ក្រុម ចូល មកត្រួតត្រាគ្រប់គ្រង៖ ក្រុមមនុស្ស៤នាក់។ ក្រុមទេវតា ៤រូប។ ក្រុមយក្ស៤រូប។  លោកប្រើ ពាក្យថា ពង្សមនុស្ស ពង្សទេវតា និង ពង្សយក្ស។ ពង្ស មានន័យថា ពូជអម្បូរ គឺមានពូជ អម្បូរមនុស្ស ពូជអម្បូរទេវតា និង ពូជអម្បូរជាយក្ស តាមមកជាប់ក្នុងសន្តានចិត្តជាតិនេះ ឬ បើនិយាយឲ្យងាយស្តាប់ ថាមានព្រលឹងមនុស្ស ព្រលឹងទេវតា និងព្រលឹងយក្ស តាមមក ចាប់ជាតិជាមួយក្នុងជាតិនេះ។ តែបើទោះជាបុរាណបានបញ្ចូលតួអង្គយក្ស និង តួអង្គទេវតា មកក្នុងដំណើរជីវិតរបស់មនុស្សក្តី ក៏ពូជទាំង៣នេះ មានចំនួនភេទប្រុសនិងភេទស្រី ស្មើគ្នា ទាំងអស់ ដែលខ្ញុំសុំនិយាយថា សមភាពយេនឌ័ររបស់ស្រីនិងប្រុស មិនមែននៅលើត្រឹម រាងកាយទេ គឺទាំងព្រលឹងដែលចូលមករួមចំណែកកាន់កាប់វាសនារបស់យើង ក៏មាន សមភាពយេនឌ័រដែរ។ 
  6. ​ភេទស្រីនិងភេទប្រុសនៃមនុស្សទាំង៣ពូជអម្បូរ ត្រូវបានបុរាណលោកដាក់វេនឲ្យមកកាន់ កាប់មនុស្សដោយឆ្លាស់គ្នាពីរឆ្នាំម្តង គឺប្រុសពីរឆ្នាំ ស្រីពីរឆ្នាំ បើទោះជាឆ្នាំនីមួយៗនោះ ជាឆ្នាំ ប្រុសមនុស្ស ឆ្នាំប្រុសទេវតា ឆ្នាំប្រុសយក្ស ឬ​ ឆ្នាំស្រីមនុស្ស ស្រីទេវតា និងស្រីយក្ស ក្តី។ ឆ្នាំ ជូតនិងឆ្នាំឆ្លូវ ជាប្រុសទេវតានិងប្រុសមនុស្ស។ ឆ្នាំខាលនិងឆ្នាំថោះ ជាស្រីយក្សនិងស្រី មនុស្ស។ ឆ្នាំរោងនិងឆ្នាំម្សាញ់ ជាប្រុសទេវតានិងប្រុសមនុស្ស។ ឆ្នាំមមីរនិងឆ្នាំមមែ ជាស្រី ទេវតាទាំងពីរ។ ឆ្នាំវក និង ឆ្នាំរកា ជាប្រុសយក្សទាំងពីរ។ ឯ ឆ្នាំច និងឆ្នាំកុរ ជាស្រីយក្ស និង ស្រីមនុស្ស។

 អ្វីដែលខ្ញុំបានលើកយករឿងកូនខ្មែរកើតឆ្នាំអ្វី ជិះសត្វអ្វី មកអធិប្បាយនេះ ក៏ព្រោះ៖

ទី១)   ចង់រំលេចថា បើយើងត្រិះរិះតាមតម្រាហោរាសម្រាប់ជីវិតខ្មែរខាងលើនេះ ប្រុសនិងស្រី មាន សិទ្ធិ៍ស្មើគ្នា ឱកាសស្មើគ្នា ធនធានស្មើគ្នា ក្នុងការផ្សាំងសត្វ ក្នុងការគ្រប់គ្រងសត្វ ក្នុងការ គ្រប់គ្រងពិភពលោក(ខ្មែរ) និងជាពិសេសនោះ គឺការប្តូរនិស្ស័យសត្វដែលមាននៅក្នុងចិត្ត មនុស្ស ឲ្យមកជានិស្ស័យមនុស្សបាន។  ដូច្នេះ បុរាណខ្មែរយើង មានទស្សនាទាននិងគំនិត អំពីពាក្យថា សមភេទ ឬ សមភាពយេនឌ័រ(Gender equality) នេះជាយូរមកហើយ ថែម ទាំងបានបង្កប់នូវការអប់រំអំពីរឿងសមភាពយេនឌ័រ តាំងពីកូនទើបនឹងចេះទន្ទេញពាក្យមក ម្លេះ តែដោយហេតុពេលវេលាកន្លងទៅ ការមិនបានរៀនសូត្រត្រឹមត្រូវ ការមិនបានកត់ត្រា នូវអត្ថន័យនៃភាពជាម្ចាស់របស់សត្វតំណាងឆ្នាំនីមួយៗ ក៏ធ្វើឲ្យបាត់បង់អស់នូវខ្លឹមសារ ពិតប្រាកដនៃការដែលមនុស្សយកសត្វជាតំណាងឆ្នាំខ្លួន និងការជិះលើសត្វនោះ។ 

ទី២)  យល់ឃើញថា ការលើកស្ទួយ សមភាពយេនឌ័រ នាបច្ចុប្បន្ននៅកម្ពុជា ច្រើនតែសម្លឹងមើល ទៅរបៀបនៃការលើកស្ទួយតាមបែបបស្ចឹមប្រទេស សិក្សាពីសកម្មភាពលើកស្ទួយបែប អន្តរជាតិ ដោយមិនបានងាកមកមើលវប្បធម៌ដើម(Indigenous Culture) មិនបានសិក្សា ស្រាវជ្រាវឲ្យបានស៊ីជម្រៅ លើវប្បធម៌ដើមទាំងនោះ ថាមាននិយាយអំពីសមភាពយេនឌ័រ ឬអត់សិនទេ តែច្រើនមានគំនិតបុរេវិនិច្ឆ័យថា ខ្មែរជាពួកក្រុមប្រុសនិយម(Masculinism) មិនបានឲ្យតម្លៃលើស្រី រារាំងស្រី តាំងពីបុរាណ ជាដើម។ ការលើកស្ទួយសមភាពយេនឌ័រ ដែលឈរនៅលើមូលដ្ឋានវប្បធម៌សមភាពយេនឌ័រដែលមានស្រាប់ នឹងធ្វើឲ្យកូនខ្មែរទាំង ប្រុស-ស្រី មិនមានអារម្មណ៍ថាខ្លួនកំពុងតែត្រូវគេបង្ខំឲ្យរៀនពីសមភាពយេនឌ័រ ដែលជា របស់នាំចូលមកពីពិភពក្រៅ(Alienness feeling)។ 

ទី៣)  បើសិនជាយើងបញ្ចូលការអប់រំរឿងសមភាពយេនឌ័រ តាមរយៈសត្វជាឆ្នាំកំណើត ដោយការ ពន្យល់ដល់កុមារា-កុមារី ទាំងនោះ អំពីការមានធាតុសត្វក្នុងខ្លួនដូចគ្នា អំពីភាពប្រសើរ និង សក្តានុពលរបស់កុមារា-កុមារីដែលអាចធ្វើជាម្ចាស់របស់សត្វបាន ដែលអាចកែនិស្ស័យ សត្វរបស់ខ្លួនបាន ដោយយកពុទ្ធឱវាទមកប្រើ គឺប្រាជ្ញា វិន័យ និង តាំងចិត្តល្អ (ឬមានបញ្ញា មានសីល មានសមាធិ)។ ខ្ញុំជឿថា ការអប់រំបន្ទុំចិត្ត ឬ បន្ទុំបារមី តាំងពីក្មេងនេះ ប្រាកដជា ជួយដោះស្រាយបញ្ហាវិសមភាពយេនឌ័រក្នុងសង្គមខ្មែរយើង បានច្រើនជាពុំខាន។ 

ទី៤)  ទោះបីជាពួកយើងបានឆ្លងកុមារភាពមកជាយូរហើយក្តី ក៏ម្នាក់ៗនៅតែចាំថាខ្លួនឯងកើតឆ្នាំអ្វី និងជិះសត្វអ្វីដែរ។ ការសិក្សាមិនដែលហួសពេលទេ ហើយការផ្លាស់ប្តូរចរិតនិស្ស័យរបស់ ម្នាក់ៗ ក៏គ្មានថ្ងៃបញ្ចប់ដែរ ដូច្នេះ ការធ្វើជាគម្រូនៃការផ្លាស់ប្តូរសង្គម តែងចាប់ផ្តើមពីការ ប្តូរមនុស្សម្នាក់ៗរៀងៗខ្លួន។  ការចាប់ផ្តើមសួរខ្លួនឯងថាតើការប្រព្រឹត្ត ការនិយាយ និង ការគិតរបស់យើងម្នាក់ៗ បានឆ្លងផុតពីសភាវគតិជាសត្វកណ្តុរ សត្វគោ សត្វខ្លា សត្វ ទន្សាយ សត្វនាគ សត្វពស់ សត្វសេះ សត្វពពែ សត្វស្វា សត្វមាន់ សត្វឆ្កែ និង សត្វជ្រូក ហើយឬនៅ ជារឿងដែលគួរចាប់ផ្តើមពីមនុស្សចាស់មុន។ 

ទី៥) ​ ក្នុងន័យប្រៀបធៀប ជីវិតមនុស្ស ឬ ប្រទេសជាតិនីមួយៗ តែងមានអ្នកដឹកនាំជាមនុស្ស ដែលមានចិត្ត លោភៈ ទោសៈ មោហៈ ទោះច្រើនឬតិចមកដឹកនាំផង(ពង្សមនុស្ស) មានអ្នក ដឹកនាំដែលមានចិត្តជាទេវតា មានហិរិនិងឱត្តប្បៈ គឺខ្មាស់បាបនិងខ្លាចបាបមកដឹកនាំផង (ពង្សទេវតា) និង មានអ្នកដែលមានចិត្តហឹង្សា(ពង្សយក្ខ) មកដឹកនាំផង ដែលទាំងអស់នេះ ជាសភាពធម្មតារបស់ប្រទេសនីមួយៗនិងរបស់ពិភពលោក។ អ្វីដែលសំខាន់បំផុត គឺការ ដែលអ្នកប្រាជ្ញខ្មែរបុរាណបានចារទុកក្នុងតម្រា អំពីតួនាទីដ៏សំខាន់បំផុតរបស់ព្រលឹងស្រី ដែលត្រូវផ្តល់ឱវាទដាស់តឿនអ្នកដឹកនាំគ្រប់ពូជពង្សតាមឆ្នាំទាំងអស់នោះ​ ឲ្យស្ថិតនៅក្នុង គន្លងហិរិ និង ឱតប្បៈ ដែលព្រះពុទ្ធអង្គលោកហៅថាជាទេវធម៌ គឺធម៌ធ្វើមនុស្សឲ្យទៅជា ទេវតា ឬ លោកបាលធម៌ គឺធម៌សម្រាប់ថែរក្សាគ្រប់គ្រងជីវិតបុគ្គល ជីវិតសង្គមជាតិ និង ធម្មជាតិទាំងមូល ឲ្យបានស្ថិតស្ថេរទៅតាមអាយុក្ខ័យរៀងៗខ្លួន។ សម្រាប់វិថីជីវិតខ្មែរ បើ ទោះជាអ្នកណាថាស្រីខ្មែរមិនសូវមានសមភាពខាងយេនឌ័រជាមួយប្រុសក្តី ក៏ខ្ញុំនៅតែ និយាយថា ស្រីខ្មែរជាមនុស្សសក្តិសិទ្ធិទៅតាមន័យនៃពាក្យថាស្រី ហើយព្រលឹងស្រីខ្មែរនឹង នៅតែមានឥទ្ធិពលលើអ្នកដឹកនាំខ្មែរគ្រប់រូប មិនថាជាប្រុសឬស្រីឡើយ។ ព្រោះស្រីខ្មែរ គឺ ជាពូជទេពធីតាទាំង៧អង្គ ជាបុត្រីរបស់កបិលមហាព្រហ្ម ដែលតែងឆ្លាស់គ្នាចុះមកថែរក្សា ទឹកដីខ្មែរ តាំងពីបុរាណកាលមក តាមក្បួនហោរាសាស្ត្រខ្មែរ។

        ខ្ញុំសូមបញ្ចប់ធម្មគតិសម្មាមគ្គអំពី សមភាពយេនឌ័រក្នុងវប្បធម៌ដើមខ្មែរ ដោយសេចក្តីពន្យល់ របស់អង្គការយូនីសេហ្វ អំពីពាក្យថា សមភាពយេនឌ័រ ដូចតទៅ៖ សមភាពយេនឌ័រ (Gender Equality) មានន័យថា «ស្រី និងប្រុស យុវនារីនិងយុវនរៈ រីករាយនឹងសិទ្ធិ័ទាំងឡាយដូចគ្នា រីក រាយនឹង ធនធានទាំងឡាយដែលមានដូចគ្នា រីករាយនឹងកាលានុវត្តន៍(ឱកាស)ទាំងឡាយដូចគ្នា និង រីករាយនឹងការទទួលបាននូវកិច្ចការពារទាំងឡាយដូចគ្នា។ ក្នុងន័យនេះ សមភាពយេនឌ័រមិន បានទាមទារឲ្យ ស្រីនិងប្រុស យុវនារីនិងយុវនរៈ ត្រូវតែ ដូចគ្នា ឬ ត្រូវតែទទួលបាននូវការប្រតិបត្ត (treated) ចំពោះពួកគេឲ្យបានដូចៗគ្នាសុទ្ធសាធនោះទេ[ii]»។ សង្ឃឹមថា ការអធិប្បាយអំពី សមភាព យេនឌ័រក្នុវប្បធម៌ដើមខ្មែរនេះ នឹងអាចជាតម្រាយមួយសម្រាប់ការលើកស្ទួយសមភាព យេនឌ័រក្នុងកម្ពុជាបានកាន់តែប្រសើរ
        សូមអនុមោទនារីករាយជាមួយសមភាពយេនឌ័ររបស់ខ្មែរយើងដែលមានតាំងពីកំណើត!

 

ហេង មណីចិន្តា

ភូមិវត្តពោធិវាល ក្រុងបាត់ដំបង

ថ្ងៃសុក្រ ១៤រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១

 




[i] តម្រាព្រហ្មជាតិខ្មែរ

[ii] https://en.wikipedia.org/wiki/Gender_equality; https://www.unicef.org/gender/files/Overarching_2Pager_Web.pdf

Gender equality means that women and men, and girls and boys, enjoy the same rights, resources, opportunities and protections. It does not require that girls and boys, or women and men, be the same, or that they be treated exactly alike. In fact, gender equality cannot be achieved, for the most part, by providing everyone the same services, opportunities and protections, delivered in the same ways. Levelling the playing field requires working directly with girls and women to address historical and present inequalities (affirmative action), as well as efforts to ensure that girls and women, and boys and men, define and benefit from mainstream development efforts (gender mainstreaming).

វិថីជីវិតសម្មាមគ្គ៖ ស្រី ក្នុងបរិបទវប្បធម៌ខ្មែរ និង ពុទ្ធសាសនា

 

ធម្មគតិសម្មាមគ្គ

 អំពី

ស្រី ក្នុងបរិបទវប្បធម៌ខ្មែរ និង ពុទ្ធសាសនា

 

ដើម្បីចូលរួមអបអរទិវានារី

 ធម្មគតិសម្មាមគ្គថ្ងៃនេះ សូមលើកយកអំពីកំណាព្យអប់រំខ្មែរបុរាណមួយវគ្គ ដែល មានចារទុកនៅក្នុងច្បាប់ត្រីនេត្ររបស់ព្រះរាជសម្ភារ នាសតវត្សរ៍ទី១៧ មកធ្វើ អត្ថាធិប្បាយ ដើម្បីជាការចូលរួមអបអរសាទរទិវានារីនៅកម្ពុជា ដែលតែងប្រារព្ធធ្វើ ឡើង នៅថ្ងៃទី ៨ មីនា ជារៀងរាល់ឆ្នាំ និងដើម្បីលើកតម្កើងនូវឋានៈនារីខ្មែរ​ឲ្យកាន់តែ ខ្ពង់ខ្ពស់ឡើង។  

« ខ្លែងហើរដ្បិតខ្យល់    នាយថ្កើងដ្បិតពល    រក្សាឲ្យសុខ    ទ្រព្យគង់ដ្បិតស្រី

ចេះសំចៃទុក                ផ្ទះធំស្រណុក           ដ្បិតភរិយាជា។ »

 ក្នុងឱកាសនេះ ខ្ញុំសូមលើកយកត្រឹមតែឃ្លាដែលទាក់ទងនឹងស្រី មកអធិប្បាយប៉ុណ្ណោះ គឺ «ទ្រព្យគង់ដ្បិតស្រី  ចេះសំចៃទុក    ផ្ទះធំស្រណុក  ដ្បិតភរិយាជា» ដោយនឹងសិក្សា លើពាក្យ ស្រី នៅក្នុងបរិបទភាសាខ្មែរ បរិបទវប្បធម៌ខ្មែរ និង បរិបទពុទ្ធសាសនា។

 

 I.      ស្រី ក្នុងបរិបទភាសាខ្មែរ

  ស្រី គឺជាពាក្យដែលបុរាណលោកប្រើ ចំណែកសម័យទំនើបនេះ មិនសូវចង់ប្រើទេ ព្រោះគិតថាជាពាក្យអន់ថយ មិនមានកិត្តិយស ដោយច្រើនប្រើពាក្យ ស្ត្រី ឬ នារី ទៅ វិញ។  តែតាមពិត ពាក្យនេះមានប្រវត្តិដែលគួរជាទីមោទកភាពជាតិខ្មែរ និងប្រកប ដោយកិត្តយសជាខ្លាំង។ នៅក្នុងប្រទេសដែលកាន់ពុទ្ធសាសនានៅម្តុំអាស៊ីអគ្នេយ៍ និង ដែលទទួលយកនូវវប្បធម៌ព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ពីមហាអាណាចក្រឥណ្ឌា បុរាណ ទាំងតាមរយៈភាសាសំស្ក្រឹតនិងភាសាបាលី មិនមានប្រទេសណាមួយដែលប្រើ ពាក្យ ស្រី សម្គាល់លើ ស្ត្រីភេទ ទេ គឺមានតែខ្មែរប៉ុណ្ណោះ។ ចំណែកពាក្យថាភរិយា និង ពាក្យ ស្ត្រី គឺមានប្រើដែរ ដូចជានៅប្រទេសលាវ និង ប្រទេសថៃដែរ។ វចនានុក្រមខ្មែរ បានពន្យល់ពាក្យ ស្រី ថាអាចក្លាយមកពីពាក្យថា ស្ត្រី ដែលជាពាក្យសំស្ក្រឹត តែដោយ សារការហៅយូរៗទៅ ក៏បាត់ជើងត នៅសល់តែស្រី។ ចំណែកន័យរបស់ ស្រី ម្យ៉ាងទៀត នៅក្នុងវចនានុក្រមនោះ ពីបុរាណលោកសរសេរ ថា ស្រី ដែរ តែមានតួប្រកបជា ព្យញ្ជនៈ ឝ (អានថា ស) បុរាណ ដែលមានសណ្ឋាណដូចអក្សរ គ តែវះពោះ ជា ព្យញ្ជនៈសម្រាប់សរសេរសំនៀងសំស្ក្រឹត តែសព្វថ្ងៃនេះឈប់ប្រើហើយ នៅឡើយតែ ប្រទេសថៃប៉ុណ្ណោះ ដែលនៅប្រើ។ ស្រី ក្នុងន័យទី២នេះ មានន័យស្មើនឹងពាក្យ សិរី (ក្នុងភាសាបាលី)។  សិរី ប្រែថាលម្អ​ដែល​គួរ​ឲ្យ​ស្រឡាញ់; សួស្ដី, ស្រី​សួស្ដី, មង្គល; ជោគ; សេចក្ដី​សុខ, សេចក្ដី​ចម្រើន; បុណ្យ, បុណ​ភ័ព្វ, ភ័ព្វព្រេង, សំណាង​ល្អ; ព្រេង​សំណាង​ល្អ; ទ្រព្យ; ការ​មាន​បាន, លាភ; ឥស្សរ​ភាព, តេជះ , អំណាច; រាជ​ស័ក្ដិ; ទិព្យ​ស័ក្ដិ; ភគវតី; លក្ស្មី ។ល។  ឬ បើភាសាអ្នកជំនួញសព្វថ្ងៃនេះ ពាក្យថា ស្រី គួរនឹងមានន័យស្មើ នឹងពាក្យ ហុងស៊ុយល្អ។ សុំជម្រាបថា ព្រះមហេសីរបស់ព្រះវិស្ណុ ដែលជាអាទិទេពនៃ ព្រហ្មញ្ញសាសនា មានព្រះនាមថា លក្ស្មី តែព្រះនាមមួយទៀតរបស់ព្រះនាង គឺព្រះនាម ស្រីទេវី ឬ ហៅកាត់ថា ស្រី ប្រែថា ទេវីនៃទ្រព្យសម្បត្តិ[1]។

ខ្មែរ​ច្រើន​ប្រើ ស្រី ​ជា​ពាក្យ​រួម​ពី​ខាង​ដើម​សព្ទ​ដទៃ, ដូច​ជា ព្រះ​ស្រី​សព៌េជ្ញ (ព្រះ​សព៌េជ្ញ​មាន​សិរី ) ស្រី​សួស្ដី (សិរី​សួស្ដី) ស្រីមតី (ស្រីប្រសើរ) ស្រីសោភ័ណ (ក្រុងសិរី សោភ័ណ) ស្រីប្រសើរ(ឈ្មោះបទភ្លេងខ្មែរ) ស្រីស្រឹង្គារ ជាដើម។ល។ សម្រាប់សម្គាល់ នូវឋានៈដ៏ខ្ពង់ខ្ពស់ គួរគោរព ឬក៏ជាឋានៈសក្តិសិទ្ធ៍របស់បុគ្គលនោះ។ ក្រៅពីនេះ ពាក្យ រាជស័ព្ទខ្មែរ ក៏បានយកពាក្យ ស្រី ទៅនាំមុខពាក្យដែលសម្គាល់ថាជាគ្រឿងបរិក្ខាប្រើ ប្រាស់របស់ព្រះអង្គដែរ ដូចជា៖ ព្រះ​ស្រី​ខណ្ឌ គឺស្លា​ក្រក។ ព្រះ​ស្រី​ចុណ្ណ គឺស្លា​បុក។ ព្រះ​ស្រី​ជីប គឺម្លូ​បៀក ។ ព្រះ​ស្រី​តម្ពុល គឺស្លា​តម្ពុល ។ ព្រះ​ស្រី​សន្លឹក គឺស្លឹក​ម្លូ។ ព្រះ​ស្រី​សុក្កា គឺស្លា​ស្លឹង ។ ព្រះ​ស្រី​សួង គឺថ្នាំ​ចុក ។ ស្រី​ហរិត គឺស្លា​ខ្ចី ជាដើម[2]។ល។

ដូច្នេះ លក្ខណៈពិសេសរបស់ពាក្យ ស្រី ក្នុងភាសាខ្មែរ និងការយកពាក្យនេះ មកប្រើសម្រាប់ហៅនារី គឺជាការផ្តល់ឲ្យនូវតម្លៃដ៏ខ្ពង់ខ្ពស់មួយដល់នារីខ្មែរ ស្មើនឹងទេព ធីតានៃទ្រព្យសម្បត្តិ អំពីអ្នកអក្សរសាស្ត្រនិងអ្នកដឹកនាំជាតិខ្មែរពីបុរាណ ដែលលោក យល់អំពីសារៈសំខាន់របស់ពាក្យ ស្រី និងមនុស្សស្រី ហើយក៏យកពាក្យនេះមកប្រើ សម្រាប់កូនស្រី និងស្រីៗទាំងឡាយ។ ស្រីទាំងឡាយមិនគួរមានការអៀនខ្មាសនឹងការ ហៅខ្លួនជា មនុស្សស្រី ជំនួសពាក្យ ស្ត្រី ដែលជាភាសាសំស្ក្រឹត ហើយដែលភាសាបាលី ប្រើជា ឥត្ថីឡើយ ព្រោះក្នុងភាសាទាំងពីរនេះ បានពន្យល់ពាក្យ ស្ត្រីឬឥត្ថី ថាត្រឹមតែជា (នារី) ដែលបុរសតែងប្រាថ្នា ឬ ដែលបុរសគប្បីប្រាថ្នា ដោយមានជាភាសាបាលីថា៖ «ឥច្ឆិយតេតិ>ឥត្ថី, ឥច្ឆិតព្វាវា>ឥត្ថី។»[4]»។

 

II.      ស្រី ក្នុងបរិបទវប្បធម៌ខ្មែរ

នៅក្នុងបរិបទខ្មែរ ឥទ្ធិពលរបស់ ស្រី បានមានកំណើតនៅក្នុងវប្បធម៌ខ្មែរ ២០០០ ឆ្នាំរួចមកហើយ។  តាមប្រវត្តិសាស្រ្តខ្មែរ ក្នុងដើមសតវត្សទី១នៃគ្រឹស្តសករាជ អាណា ចក្រកម្ពុជាគ្រប់គ្រងដោយម្ចាស់ក្សត្រីយ៍ ១ ព្រះអង្គ ព្រះនាមថា ‹‹សោមា›› ឬតាម ភាសាចិនហៅថា ‹‹ព្រះនាង លីវយី››។ ដោយសារការមានស្រីជាធំលើគេនៅក្នុង ប្រទេសដូច្នេះហើយ បានជាយើងឃើញថា វប្បធម៌ខ្មែរយើងមានលក្ខណៈពិសេស ផ្ទាល់ខ្លួនខុសពីវប្បធម៌ឥណ្ឌានិងចិន ដែលចូលមកតាមក្រោយ។ វប្បធម៌ខ្មែរយើង ជា វប្បធម៌មាតាធិបតេយ្យ គឺយកមាតា ឬស្រីជាធំ ឯវប្បធម៌ឥណ្ឌា និង ចិន ជាវប្បធម៌បិតា ធិបតេយ្យ គឺយកប្រុសឬបិតាជាធំ។  តាមកំណត់ហេតុរបស់បេសកទូតចិន ឈ្មោះលោក ជីវតាក្វាន់ ដែលបានមកដល់រាជធានីអង្គរនៅក្នុងសតវត្សរ៍ទី ១៣  ក៏បានរៀបរាប់អំពី ឥទ្ធិពលដែលមានប្រៀបជាងបុរស របស់ស្ត្រីដែរ[3]។

ភស្តុតាងនៃឥទ្ធិពលមាតាធិបតេយ្យ ដែលឃើញច្បាស់នាបច្ចុប្បន្ន គឺពាក្យ ‹‹មេ ››។ ក្នុងភាសាខ្មែរ មេ សំដៅដល់ភេទញី ភេទស្រី ដូចជា មាន់មេ គោមេ ជាដើម ។ ការឱ្យ តម្លៃទៅលើស្រីជាធំ បានធ្វើឱ្យពាក្យមេ នេះ ត្រូវខ្មែរយើងយកទៅដាក់នាំមុខពាក្យដទៃ ទៀត កាលណាគេចង់បញ្ជាក់ថារបស់នោះធំ ជាដើមចម ជាប្រធាន ជាអ្នកដឹកនាំ ជាអ្នកនាំនូវសេចក្តីសុខឬសេចក្តីទុក្ខជាដើម ទាំងខាងផ្នែកគ្រប់គ្រងរដ្ឋ ក៏ដូចជាខាង រាស្ត្រប្រជា។ ជាឧទាហរណ៍ ផ្នែកខាងរដ្ឋមានដូចជាពាក្យថាៈ មេកងពន្ធស្រូវ មេកង ពន្ធទាស មេការ មន្ត្រីមេការ ក្រុមមេការ ក្រសួងមេការ មេគយ មេព្រៃ មេស្រែ មេឃុំ មេស្រុក មេទ័ព មេកង មេទាហាន ជាដើម។

សម្រាប់ពាក្យរាស្ត្រប្រជាទូទៅ មានដូចជា មេបន្ទុក មេចោរ មេកោយ មេខ្លោង មេ ក្រាន មេចង្ក្រាន មេចុងភៅ មេចង្ហាន់ មេផ្ទះ មេបា មេដែក មេដំបូល មេជើង មេដៃ មេ ទឹក មេភ្លើង មេខ្យល់ ព្រះមេ មេបទ មេពាក្យ មេលេខ មេសូត្រ មេកាព្យ មេស៊ី មេដឹកនាំ មេសោរ មេខូច មេរោគ មេក្រមី រើសយកអាណាមេៗ ជាដើម ។ ថ្វីដ្បិតរបស់នោះ គ្មានភេទ ឬជាភេទឈ្មោល ភេទប្រុសក្តី ក៏គេយកពាក្យ មេ ដាក់ពីមុខដែរ។ សូម្បី តែនៅក្នុងស្ថាប័នពុទ្ធសាសនា ភិក្ខុដែលទទួលនាទីជាអ្នកគ្រប់គ្រងវត្ត ក៏ត្រូវខ្មែរយើង ហៅដោយពាក្យ មេ ពីមុខដែរ ដូចជាពាក្យ លោកគ្រូមេវត្ត ព្រះគ្រូមេគណ លោកមេ កុដិ ជាដើម ថ្វីត្បិតតែព្រះសង្ឃទាំងអស់អង្គនោះ ជាបុរសភេទក្តី[5]។

​ 

III.      ស្រី ក្នុងបរិបទព្រះពុទ្ធសាសនា

នៅក្នុងឥស្សរសូត្រ ទី៧ បិដក ភាគ ២៩ - ទំព័រទី ១១៤ មានទេវតាមួយរូបបាន មកទូលសួរព្រះសម្មាសម្ពុទ្ធថា៖ «អ្វីជាធំក្នុងលោក អ្វីឧត្តមជាងទ្រព្យទាំងឡាយក្នុង លោក អ្វីដូចជាច្រែះចាប់សស្ត្រាក្នុងលោក អ្វីជាសេចក្តីអន្តរាយក្នុងលោក»? សំនួររបស់ ទេវតារូបនេះ អាចយល់បាននៅក្នុងសេចក្តីដោយងាយថា តើក្នុងសង្គមមនុស្សជាតិនេះ តើបញ្ហាអ្វីដែលធំជាងគេ? តើទ្រព្យសម្បត្តិមួយណាដែលមានតម្លៃជាងគេ? តើអ្វីដែល នាំឲ្យសង្គមនេះវិនាសម្តងបន្តិចៗដូចជាដែកដែលត្រូវច្រេះស៊ី? និង តើអន្តរាយមួយ ណា ដែលនាំឲ្យសង្គមនេះជួបនឹងវិបត្តិ?

ព្រះពុទ្ធអង្គបានតបថា អំណាចជាធំនៅក្នុងលោក។ ស្ត្រី ឧត្តមជាងទ្រព្យទាំង ឡាយនៅក្នុងលោក។ សេចក្តីក្រោធ ដូចជាច្រែះចាប់សស្ត្រានៅក្នុងលោក។ ពួកចោរ ជា សេចក្តីអន្តរាយនៅក្នុងលោក»។​   ពាក្យថា ស្រី ឧត្តមជាងទ្រព្យទាំងឡាយនៅក្នុងលោក អាចមានន័យថា ក្នុងបណ្តាទ្រព្យទាំងឡាយ ទ្រព្យគឺមនុស្សស្រី មានតម្លៃជាងទ្រព្យ ណាៗទាំងអស់ ឬ អាចនៅក្នុងន័យថា មនុស្សស្រី មិនអាចកាត់ថ្លៃស្មើនឹងទ្រព្យសម្បត្តិ បានទេ ព្រោះ មនុស្សស្រី គឺជា មនុស្សស្រី  មិនមែនជា  ភណ្ឌៈ ឬ ជាទ្រព្យប្រើប្រាស់ទេ។  បើ ស្រី មានតម្លៃស្មើនឹងទ្រព្យសម្បត្តិណាមួយ មនុស្សប្រុសក៏គង់មានទ្រព្យដែលអាច ទិញដូរដោយតម្លៃបានដែរ។ ក្នុងសេចក្តីពន្យល់មួយទៀតអំពីពាក្យ ស្រីឧត្តមជាងទ្រព្យ ទាំងឡាយនៅក្នុងលោក គឺ ស្រីមានឧត្តមភាពជាងទ្រព្យទាំងឡាយក្នុងលោក (ឥត្ថី ភណ្ឌានំ ឧត្តមំ) ក៏ព្រោះព្រះពុទ្ធក្តី និង ពួកក្សត្រទាំងឡាយក្តី សុទ្ធតែកើតមកអំពី មនុស្សស្រីទាំងអស់។

នៅក្នុងធីតុសូត្រ[6] បាននិយាយអំពីព្រះបាទបសេនទិកោសល ទ្រង់អាក់អន់មិន សប្បាយ​ព្រះទ័យជាខ្លាំង ដោយហេតុថា​ព្រះមហេសីទើបនឹងប្រសូត្របានបុត្រី១អង្គ។ ព្រះ ពុទ្ធអង្គបានផ្តល់ឱវាទថា បើព្រះរាជាចិញ្ចឹមបុត្រីនោះ ឲ្យមានបញ្ញាឆ្លាត មានសីល មាន បិតាក្មេក-មាតាក្មេកដែលល្អ ជាភរិយាដែលគោរពប្តី ជាស្រីប្រសើរនោះ កូនប្រុស កើតអំពីស្រីនោះ នឹងទៅជាមនុស្សក្លៀវក្លា ឯកូន(ស្រី) ទាំងឡាយនៃភរិយាណា ដែលល្អប្រាកដដូច្នោះ កូនទាំងឡាយនោះក៏អាចប្រៀនប្រដៅនូវជនទាំងឡាយដែល នៅក្នុង​ប្រទេសបានដែរ។  ក្នុងន័យនេះ ការមានកូនជាស្រី សំខាន់ស្ថិតនៅលើការផ្តល់​ការសិក្សាអប់រំសតិបញ្ញា និង គុណធម៌ ចំពោះកូនស្រីនោះ ដែលកូនស្រីនោះ នឹងត្រូវ ក្លាយជាភរិយាល្អ ជាមាតាល្អ ក្នុងការបង្កើតកូនស្រីល្អ ជាបន្តទៀត។

អ្វីដែលសំខាន់ជាងគេបំផុតនៅក្នុងទស្សនាទានរបស់ព្រះពុទ្ធសាសនា គឺស្ត្រីអាច ត្រាស់ដឹងបាននូវព្រះនិព្វាន ដែលជាគោលបំណងដ៏ខ្ពស់បំផុតរបស់ជីវិតមនុស្ស បាន ដូចបុរសដែរ។  ដូច្នេះហើយបានជាព្រះពុទ្ធអង្គបង្កើតឲ្យមានជាភិក្ខុនី គឺ ព្រះសង្ឃស្រី នៅក្នុងអង្គការចាត់តាំងពុទ្ធសាសនារបស់ព្រះអង្គ និងមានឋានៈជាសាវ័ក មហាសាវ័ក អគ្គសាវ័ក និង ជំនាញជា ឯតទគ្គៈ ដូចជាភិក្ខុសង្ឃដែរ។ ចំណែកខាងឧបាសិកាវិញ ក៏ព្រះអង្គបានផ្តល់ឋានៈជា តុលា គឺ ជា ឧបាសិកាគម្រូ ដូចជាខាងឧបាសកដែរ។  ដូច្នេះ ការសម្រេចគោលដៅក្នុងជីវិត មិនមានបែងចែកទុកសម្រាប់តែបុរសទេ គឺស្ត្រីក៏មានសិទ្ធិ៍ ស្មើគ្នានឹងបុរសដែរ នៅក្នុងពុទ្ធសាសនា។

នៅពេលដែលព្រះពុទ្ធអង្គសន្ទនាជាមួយនឹងមារ ស្តីំពីការបរិនិព្វាន ឬ ការចូល និវត្តរបស់ព្រះអង្គពីការដឹកនាំពុទ្ធសាសនា ព្រះពុទ្ធអង្គក៏បានប្រាប់មារអំពីតួនាទី ពុទ្ធបរិស័ទទាំង ៤ គឺ ភិក្ខុ ភិក្ខុនី ឧបាសក និង ឧបាសិកា គឺជាអ្នកដែលមាន តួនាទីដ៏សំខាន់ ក្នុងការបន្តវេនព្រះពុទ្ធសាសនាទាំងអស់គ្នា ពុំមែនតែលើភិក្ខុសង្ឃ និង ឧបាសកឡើយ[i] ហើយមារក៏បានយល់ពីរឿងនេះដូចព្រះអង្គដែរ។  នេះជាការបង្ហាញ នូវគម្រូមួយទៀតនៃពុទ្ធសាសនាដល់សង្គមខ្មែរ ក្នុងការបញ្ចូលវត្តមានស្រី ទៅក្នុងការ ដឹកនាំស្ថាប័នរដ្ឋ និង ឯកជនទាំងឡាយ ប្រកបដោយសមធម៌។

ខ្ញុំសូមបញ្ចប់ធម្មគតិសម្មាមគ្គអំពី ស្រី ក្នុងបរិបទវប្បធម៌ខ្មែរ និង ពុទ្ធសាសនា ត្រឹមនេះ ដោយអនុសាសន៍ខ្លីៗថា៖

  1. ស្រី ជាពាក្យដែលមានសិរីសួស្តី សម្រាប់នារីទាំងឡាយ និង ស្ត្រីទាំងឡាយ។ ស្រ្តី ទាំងឡាយ គួររៀបចំខ្លួនឲ្យទៅជាស្រី ក្នុងការរក្សាឲ្យគង់នូវទ្រព្យទាំងឡាយ រួម ទាំងប្រទេសជាតិខ្មែរ ដែលជាទ្រព្យសម្បត្តិរួមរបស់កូនខ្មែរនាអនាគត ឲ្យសមនឹង ពាក្យណែនាំរបស់ព្រះរាជសម្ភារថា «ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក»។ 
  2. ផ្ទះធំស្រណុកត្បិតភរិយាជា» បានបង្ហាញនូវតួនាទីដ៏សំខាន់របស់ ស្រី គឺ ភរិយា ដែលបុរសនិងសង្គមជាតិត្រូវការជំនួយអំពី ស្រីដែលមានប្រាជ្ញា ស្រីមានសីល ស្រីប្រសើរ ក្នុងការចិញ្ចឹមកូនឲ្យល្អ ចាត់ចែងកិច្ចការផ្ទះរបស់គ្រួសារខ្លួន និង កសាងប្រជាជាតិខ្មែរ ឲ្យមានភាពស្រណុក  សុខ  សប្បាយ និង ​ជា។  មានតែស្រី ទេដែលអាចធ្វើកិច្ចការជាភរិយាបាន និងមានតែស្រីទេដែលអាចប្រើប្រុសដែល មានអំណាចឲ្យជួយខ្លួនសម្រេចកិច្ចការនេះបាន។ 
  3. ព្រះពុទ្ធអង្គបានទេសនាបើកផ្លូវមុនគេអំពីរឿង សមជីវិតា ឬ ជីវិតសមភាព ឬ ដែលបច្ចុប្បន្នហៅថា យេនឌ័រ (Gender)តាំងពីជាង ២៦០០ ឆ្នាំមកហើយ។ ក្នុង ព្រះពុទ្ធសាសនា យេនឌ័រ រវាងបុរសនិងស្ត្រី គឺស្ថិតនៅលើ ១) សទ្ធា គឺការជឿ ជាក់លើខ្លួន និង លើវិថីជីវិតហេតុផលដែលប្រៀនប្រដៅដោយព្រះពុទ្ធអង្គ ២) សីល គឺព្រឹត្តិកម្មល្អក្នុងជីវិត ដែលរួមដោយសកម្មភាពដែលល្អ មុខរបរចិញ្ចឹម ជីវិតដែលល្អ  និង សម្តីនិងទំនាក់ទំនងក្នុងសង្គមដែលល្អ ៣) ចាគៈ គឺការលះបង់ ការហ៊ាន សេចក្តីក្លាហានក្នុងការលះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីសម្រេចឲ្យ បាននូវសទ្ធានិងសីល និង ៤) បញ្ញា គឺការមានចំណេះដឹងខ្ពង់ខ្ពស់ ការសិក្សាល្អ ត្រឹមត្រូវ ការអភិវឌ្ឍប្រាជ្ញាឲ្យមានរឹងមាំនិងរីកចម្រើន។ការសិក្សាអប់រំរឿង យេនឌ័រ គួរផ្តោតលើគោលធម៌ទាំង៤ ដែលអាចជួយឲ្យស្រីទាំងឡាយមាន សមភាពក្នុងជីវិតដូចប្រុសទាំងឡាយបាន។
  4. ស្រី ត្រូវបានគេឲ្យតម្លៃថាជា មេ ​គឺអ្នកដឹកនាំ។ អ្វីដែលស្រីខ្មែរគួរធ្វើ គឺកុំខ្លាចការ ដឹកនាំ កុំផ្អើលនៅពេលដែលប្រុសៗបន្លាចពីរឿងការដឹកនាំ និងខំបំពេញការគិត ការនិយាយ និង ការធ្វើរបស់ខ្លួន តាមគោលធម៌របស់ព្រះសម្មាសម្ពុទ្ធ គឺសទ្ធា សីល ចាគៈ និងបញ្ញា និងធម៌ដទៃទៀត ឲ្យបានគ្រប់គ្រាន់ ដើម្បីរៀបចំខ្លួនជា មេ ដោយស្មើភាពជាមួយប្រុសៗ និងធ្វើដំណើរឆ្ពោះទៅរកភាពដឹកនាំដែលជា មេធំ ជាងគេបង្អស់នៅកម្ពុជា នាថ្ងៃណាមួយ។

សូមអនុមោទនា និងអបអរទិវាស្រីខ្មែរ ទាំងអស់គ្នា!

 

ភូមិវត្តពោធិវាល ក្រុងបាត់ដំបង

ថ្ងៃសុក្រ ៧រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១



https://en.wikipedia.org/wiki/Shri[1]

Shri Devi (or in short Shri, another name of Lakshmi, consort of Vishnu) is the devi (goddess) of wealth according to mythologiacal Hindu beliefs. Among today's orthodox Vaishnavas, the English word "Shree" is a revered syllable and is used to refer to Lakshmi, while "Sri" or "Shri" is used to address humans.

Shri is one of the names of Ganesha, the mythologiacal Hindu god of prosperity.

Shri is also used as a title of the mythologiacal Hindu deities Rāma, Krishna, Saraswati and sometimes Durgā.

[2] វចនានុក្រមខ្មែរ ពាក្យ ស្រី

[4] សទ្ទានុក្រមបាលី-ខ្មែរ ពាក្យ ឥត្ថី (ឥ.) [ឥស+ត្ថី] (នារី) ដែលបុរសតែងប្រាថ្នាឬដែលបុរសគប្បីប្រាថ្នា (ស្រ្តីស្រី (ដូចសីមន្តិនី); វិ. ឥច្ឆិយតេតិ>ឥត្ថី, ឥច្ឆិតព្វាវា>ឥត្ថី។ ​

[5]សៀវភៅ ព្រះបាទធម្មិក ត្រង់ពាក្យថា មេ

[6] ធីតុសូត្រ ទី៦ បិដក ភាគ ២៩ ទំព័រទី ២៣៣-២៣៤

 [7] មហាបរិនិព្វានសូត្រ