សិល្បៈពុទ្ធសាសនា

នេះគឺជាបដិមាសម័យព្រះបាទជ័យវរ្ម័នទី៧ ដែលតំណាងឱយខ្លឹមសារពុទ្ធសាសនាទាំង៣យ៉ាងគឺ៖
១​) បដិមានៅចំកណ្តាលគឺជាព្រះពុទ្ធ តំណាងឱយភាពបរិសុទ្ធ (វិសុទ្ធិគុណ)

២) បដិមាដែលជាស្ត្រីភេទគឺពោធិសត្វប្រាជ្ញាបារមិតា តំណាងឱយបញ្ញា (បញ្ញាទិគុណ)

៣) បដិមាដែលជាបុរសភេទគឺពោធិសត្វអវលោកិតេស្វរៈ តំណាងឱយករុណាភាព​ (ករុណាទិគុណ)

៤) ថ្នាំពេទ្យនៅលើព្រះហស្ថព្រះពុទ្ធ តំណាងឱយការរក្សាព្យាបាលជំងឺសត្វលោកគឺ​ សេចក្តីទុក្។ ទ្រង់មាន ព្រះនាមថា ព្រះភៃសជ្ជគុរុ គឺព្រះពុទ្ធដែលជាគ្រូពេទ្យ

  • យើងឃើញថា បញ្ហាសមភេទ​ ឫ Gender ត្រូវបានលើកស្ទួយឱយមានតុល្យភាពក្នុងពុទ្ធសាសនា ដែលខ្មែរយើងគប្បីយកមកអនុវត្តឱយបានជាក់ស្តែង
  • ស្ត្រីគួរបណ្តុះបញ្ញា ព្រោះខ្សោយកម្លាំង ឯបុរសគួរបណ្តុះករុណា ព្រោះមានកម្លាំងខ្លាំង
  • ក្នុងការដឹកនាំសង្គម ឧបាយ(បញ្ញា)ឫនយោបាយ គប្បីប្រកបដោយការអត់ឱន(ករុណា)
  • អ្នកដឹកនាំ មិនគួរគិតតែប្រយោជន៍ខ្លួនទេ តែគិតពីការធ្វីយ៉ាងណាឱយរាស្ត្រផុតពីការលំបាក ដូចជាព្រះភៃសជ្ជគុរុដែរ

គំនិតដូចព្រះ ក្រពះដូចស្តេច LIVE AS KING THINK AS BUDDHA

បន្ទប់ (blog) ដែលមាននាមថា ពុទ្ធរាជា នេះ ជាបន្ទប់ស្នើជូន និងបញ្ចេញមតិ លើទស្សនាទាននិងវប្បធម៌ ពុទ្ធរាជា ដែលជាកេរ្តិ៍ដំណែលរបស់ព្រះបាទជ័យវរ្ម័នទី៧ បន្ទាប់ពីទស្សនាទាននិងវប្បធម៌ទេវរាជា ដែលកើតឡើងក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី២ បានសាបរលាបទៅ។ ចំពោះពាក្យ ទេវរាជា នេះ ប្រាកដឡើងជាដំបូងនៅលើផ្ទាំងសិលាចារឹកនៃ ប្រាសាទស្តុកកក់ធំ សាងឡើង ក្នុងរាជ្យព្រះបាទឧទ្យទិត្យវរ្ម័នទី២នាស.វ.ទី១១ ដែលបរិយាយអំពីព្រាហ្មណ៍ម្នាក់ឈ្មោះហិរន្យទមៈ បានប្រារព្ធពិធីកម្មវេទមន្តមួយ មាន ឈ្មោះថា ទេវរាជា ដើម្បីប្រសិទ្ធីព្រះរាជានិងព្រះរាជាណាចក្រព្រះបាទជ័យវរ្ម័នទី២ ឱយមានភាព សម្បូររុងរឿងនិងជ័យជំនះ។ តែសំរាប់ពាក្យ ពុទ្ធរាជា វិញ ពុំមានប្រាកដនៅលើផ្ទាំងសិលាចារឹកណាមួយទេ តែដោយហេតុថាព្រះបាទជ័យវរ្ម័នទី៧ ជាក្ស័ត្រដំបូងដែលបានគោរព បូជាពុទ្ធសាសនាមហាយានដ៏ខ្លាំងក្លា បន្ទាប់ពីព្រះមហាក្ស័ត្រនៃវប្បធម៌ទេវរាជាចុងក្រោយគេបង្អស់ចូលទីវង្គតទៅ អ្នកប្រាជ្ញបរទេស ដែលសិក្សាប្រវត្តិសាស្ត្រខ្មែរក៏ដាក់ឈ្មោះ វប្បធម៌ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧ ថាជាវប្បធម៌ពុទ្ធរាជា ដោយសំអាងលើពាក្យផ្សេងៗ ដែលមានទាក់ទងទៅនឹងពុទ្ធសាសនាជាច្រើន ដូចជា៖ ជយពុទ្ធមហានាថ ដែលជាព្រះនាមពុទ្ធបដិមាសាងឡើងនាជំនាន់នោះចំនួន២៥អង្គ, ប្រាជ្ញាបារមិតា ដែលជានាមរបស់ព្រះពោធិសត្វតែបានចារឹកលើសិលាចារឹកប្រាសាទតាព្រហ្មថាជាព្រះមាតាព្រះបាទជ័យវរ្ម័នទី៧, ព្រះ ទិវង្គតនាម ដូចជាពាក្យថា មហាបរមសៅគត និង នីរវណបទ ដែលបានយកមកប្រើជំនួសពាក្យដូជា បរមវិស្ណុលោក និង បរមរុទ្រលោក ដែលជាពាក្យសំរាប់ព្រហ្មញ្ញសាសនាជាអាទិ និងពាក្យជយពុទ្ធ ដែលមានលើសិលាចារឹកព្រះខ័ន សំដៅទៅលើ ព្រះបាទជ័យវរ្ម័នទី៧ ជាដើម។
ក្នុងដំណើរទស្សនកិច្ចរបស់ខ្ញុំនៅប្រទេសលាវកាលពីថ្ងៃទី ០៨-០៩ ខែមិនា ឆ្នាំ២០០៩នេះ ខ្ញុំបានទៅទស្សនាបុរាណស្ថាននាទី ក្រុងវៀងច័ន្ទនៃប្រទេសលាវ ហើយបានឃើញបដិមាមួយអង្គដែលជាអច្ឆរិយសិល្បៈមួយក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលបង្កប់នូវ អត្ថន័យនៃពាក្យថាពុទ្ធរាជានេះដោយសុក្រឹតភាព។ នុ៎ះគឺរូបបដិមាដែលភ្ជាប់នៅក្នុងបន្ទប់ពុទ្ធរាជានេះឯង។ បដិមាអង្គនេះ មើលពីចម្ងាយ គឺជាព្រះពុទ្ធ បដិមាដែលមានព្រះភ័ក្រ្តស្រដៀងទៅនឹងព្រះភ័ក្រ្ត ព្រះបាទជ័យវរ្ម័នទី៧។ មគ្គុទេស៍លាវបានប្រាប់ភ្ញៀវទេសចរថា ជាបដិមា ព្រះបាទជ័យវរ្ម័នទី៧ មកពីប្រទេសកម្ពុជា។ រឿងនេះមិនជាចំឡែកទេ ព្រោះថា ចៅហ្វាងុំ ជាបុត្រចិញ្ចឹមជាតិលាវរបស់ព្រះបាទជ័យវរ្ម័នទី៧នោះ ត្រូវបានបញ្ជូនឱយ ទៅសោយរាជ្យនៅប្រទេសលាវនាជំនាន់នោះ ដោយនាំនូវព្រះពុទ្ធសាសនានិងវប្បធម៌ពុទ្ធរាជាទៅជាមួយផង។ តែអ្វីដែល ចំឡែកនិងជាអច្ឆរិយៈ គឺរូបបដិមាដែលលាវសម្គាល់ថាជាព្រះបាទជ័យវរ្ម័នទី៧នោះ ចាប់ពីផ្នែកត្រឹមកឡើងទៅលើ មានលក្ខណៈជាព្រះកេស ព្រះពុទ្ធ តែចាប់ពីចង្កេះចុះមកក្បាលជង្គង់ មានលក្ខណៈខុសពីប្រក្រតីភាពនៃព្រះពុទ្ធ ព្រោះស្លៀក ខោនិងប្រដាប់អលង្កា។ ខោ និង អលង្ការ បែបនេះមានតែព្រះរាជាទេទើបមាន។ ដូច្នេះ បដិមានេះដំណាងឱយទាំងភាព ជាព្រះពុទ្ធ និងភាពជាព្រះរាជា ដែលអាចឱយខ្ញុំហ៊ានអះអាង មុនគេថា បដិមានេះពិតជាតំណាងឱយវប្បធម៍ពុទ្ធរាជា ដោយ មិនចាំបាច់សរសេរជាតួអក្សរនៅលើសិលាចារឹកដូចរជ្ជកាលទេវរាជាឡើយ។ ដូច្នេះហើយបានជាខ្ញុំបង្កើតជាពាក្យស្លោក សម្រាប់វប្បធម៍ពុទ្ធរាជា ដូច្នេះគឺ គំនិតដូចព្រះ ក្រពះដូចស្តេច មានន័យថា ពុទ្ធរាជា គឺ វប្បធម៌ ដែលមានអ្នកដឹកនាំ[រាជា] មានជីវិតរស់នៅដូចជាមនុស្សធម្មតា[ស្លៀកខោ] តែមានគំនិតក្នុងការដឹកនាំប្រទេសជាតិដូចជាព្រះពុទ្ធ ដែលដឹកនាំ សត្វលោកឱយរួចចាកផុតពីសេចក្តីទុក្ខដោយ ករុណាគុណ បញ្ញាគុណ និង វិសុទ្ធិគុណ ដូច្នោះដែរ បានដល់ការដឹកនាំដែលប្រកប ដោយទឹកចិត្តអាណិតអាសូរជួយសង្គ្រោះប្រជារាស្ត្រ ការដឹកនាំដែលប្រើបញ្ញា និងការដឹកនាំដែលប្រកបដោយចិត្តបរិសុទ្ធ មិនមែនដើម្បី ប្រយោជន៍ខ្លួនឡើយ។
រក្សាសិទ្ធរបកគំហើញនិងអត្ថបទដោយហេង មណីចិន្តា