វិថីជីវិតសម្មាមគ្គ
ធម្មគតិសម្មាមគ្គ
អំពី
ការប្រកាសចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ
យើងបានដឹងហើយថា ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ទិវាដែលព្រះ សម្មាសម្ពុទ្ធ «ប្រកាសបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការចាត់តាំង» ឡើងក្នុងពិភពលោក និង ជាថ្ងៃដែល «ព្រះពុទ្ធអង្គកំណត់ពេលវេលានៃការចូលបរិនិព្វាន»។ ព្រឹត្តិការណ៍ទាំងពីរនេះ កើតឡើងត្រូវនឹងថ្ងៃ១៥កើតខែមាឃដូចគ្នា ខុសគ្នាតែមុនក្រោយគ្នាចំនួន ៤៥ ឆ្នាំ ប៉ុណ្ណោះ។ ជា ទូទៅ ពុទ្ធបរិស័ទយើងតែងចាប់អារម្មណ៍ទៅលើព្រឹត្តិការណ៍ទី ១ ច្រើនជាង គឺការណ៍ដែលព្រះ ពុទ្ធអង្គទ្រង់បានប្រកាសធម្មនុញ្ញ គឺឱវាទបាដិមោក្ខ សម្រាប់ពុទ្ធសាសនាក្នុងឋានៈជាអង្គការចាត់ តាំង តែមិនសូវបានចាប់អារម្មណ៍លើរឿងដែល «ព្រះពុទ្ធអង្គកំណត់ពេលវេលានៃការចូល បរិនិព្វាន» ឬ ដែលខ្ញុំតែងនិយាយថា ជាទិវាដែលព្រះពុទ្ធអង្គទ្រង់ប្រកាសការចូលនិវត្តន៍ ឈប់ដឹក នាំកិច្ចការព្រះពុទ្ធសាសនាទៀតឡើយ។ ធម្មគតិថ្ងៃនេះ នឹងសិក្សាអំពីការណ៍ដែលព្រះពុទ្ធ អង្គទ្រង់ប្រកាសកំណត់ថ្ងៃចូលព្រះបរិនិព្វាន ឬ ជាភាសាសាមញ្ញ គឺកំណត់ថ្ងៃចូលមរណភាព តអំពីធម្មគតិសម្មាមគ្គថ្ងៃមុនដែលស្តីអំពី ពិធីបុណ្យមាឃបូជា។
កំណត់ត្រានៅក្នុងគម្ពីរ ”មហាបរិនិព្វានសូត្រ[i]” បានចែងដូច្នេះថាៈ នារសៀលនៃថ្ងៃ ១៥កើត ខែមាឃ គឺ៣ខែមុនព្រះសម្មាសម្ពុទ្ធទ្រង់មានព្រះជន្មគ្រប់៨០ឆ្នាំ ព្រះពុទ្ធអង្គបានគង់ ប្រថាប់នៅកន្លែងមួយឈ្មោះថា បាវាលចេតិយ នាទីក្រុងវេសាលី។ ពេលនោះព្រះអង្គទ្រង់មាន ពុទ្ធដីកាចំពោះព្រះអានន្ទដែលជាបច្ឆាសមណៈឬជំនួយការរបស់ព្រះអង្គថា៖ “ម្នាលអានន្ទ សម័យដែលតថាគតត្រាស់ដឹងជាដំបូង បានគង់នៅក្រោមដើមអជបាលនិគ្រោធ ក្បែរឆ្នេរស្ទឹង នេរពា្ជរា ក្នុងឧរុវេលាប្រទេសឯណោះ។ ម្នាលអានន្ទ គ្រានោះ ក្រុងមារមានចិត្តបាប ចូលទៅរក តថាគត លុះចូលដល់ហើយបានឋិតនៅក្នុងទីដ៏សមគួរហើយ បាននិយាយយ៉ាងនេះនឹង តថាគតថាៈ “បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះសូមព្រះមានព្រះភាគបរិនិពា្វនទៅ សូមព្រះសុគត បរិនិពា្វនទៅ បពិត្រព្រះអង្គដ៏ចំរើន ឥឡូវនេះជាកាលគួរនឹងបរិនិពា្វនរបស់ព្រះមានព្រះភាគ ហើយ»[ii]។ ម្នាលអានន្ទ កាលបើក្រុងមារបាននិយាយយ៉ាងនេះហើយ តថាគតក៏បានពោលពាក្យ នេះ តបទៅនឹងក្រុងមារមានចិត្តបាបថា៖
“ម្នាលមារមានចិត្តបាប បើពួកភិក្ខុ-ភិក្ខុនី ឧបាសក-ឧបាសិកា ដែលជាសាវ័ក-សាវិកា របស់តថាគតនៅមិនទាន់ឈ្លាសវៀងវៃ មិនទាន់ក្លៀវក្លា មិនទាន់ជាពហុស្សូត មិនទាន់ទ្រទ្រង់ធម៌ មិនទាន់ប្រតិបត្តធម៌សមគួរដល់ធម៌ មិនទាន់ប្រតិបត្តដ៏សមគួរ មិនទាន់ប្រព្រឹត្តតាមធម៌ ទាំងមិនទាន់រៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយមិនទាន់អាចប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើ ឲ្យងាយបាន ទាំងមិនទាន់សង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឲ្យជាកិច្ច ដែលសង្កត់ សង្កិនបានដោយល្អតាមពាក្យដែលសមហេតុ ហើយសំដែងធម៌ប្រកបដោយ បាដិហារ្យ បានដរាបណាទេ តថាគតនឹងមិនទាន់បរិនិពា្វនដរាបនោះ។ ម្នាលមារមានចិត្តបាប ព្រហ្មចារ្យរបស់តថាគតនេះនៅមិនទាន់ខ្ជាប់ខ្ជូន មិនទាន់ចំរើន មិនទាន់ផ្សាយទៅសព្វទិស គេមិនទាន់ដឹងច្រើនគ្នា និងមិនទាន់ពេញបរិបូណ៌ដរាបណា ហើយពួកទេវតានិងមនុស្សមិន ទាន់ចេះសំដែងបានដោយប្រពៃដរាបណាទេ តថាគតក៏មិនទាន់បរិនិព្វានដរាបនោះដែរ”[iii]។
តាមការសន្ទនានេះ ព្រះពុទ្ធអង្គបានសំរេចព្រះទ័យមិនទទួលការបញ្ចុះបញ្ជូលរបស់ ក្រុងមារក្នុងការឲ្យព្រះអង្គចូលបរិនិព្វានឡើយ បើទោះជាករណីយកិច្ចផ្ទាល់ខ្លួនរបស់ព្រះអង្គ គឺ ការបានសម្រេចជាព្រះអរហន្តអស់កិលេសពីក្នុងខ្លួន ព្រះអង្គបានបំពេញសព្វគ្រប់ហើយក្ដី តែ ទ្រង់នៅមានការតាំងព្រះទ័យបំពេញករណីយកិច្ចសំរាប់ពិភពលោកមួយទៀត នោះគឺការធ្វើឲ្យ ព្រហ្មចារ្យៈ របស់ព្រះអង្គ បានខ្ជាប់ខ្ជួន បានចំរើន បានផ្សាយទៅសព្វទិស មានគេដឹងច្រើនគ្នា មានភាពពេញបរិបូណ៌ ហើយមានពួកទេវតានិងមនុស្ស ចេះសំដែងបានដោយប្រពៃ។ ក្នុងន័យ នេះ ព្រះពុទ្ធអង្គបានដាក់លក្ខខណ្ឌចំពោះព្រះអង្គផ្ទាល់ និងបានប្រាប់មារឲ្យដឹងថា ព្រះអង្គនឹង មិនបរិនិព្វានទេ លុះត្រាតែលក្ខខណ្ឌពីរនេះគឺ ១) ព្រហ្មចារ្យៈ របស់ព្រះអង្គបានផ្សាយទៅសព្វ ទិស ហើយនិង ២) ពួកមនុស្សនិងទេវតា ចេះសម្តែងព្រហ្មចារ្យៈនេះ ឲ្យប្រពៃ បាន។
ចេញពីការប្តេជ្ញាព្រះទ័យនេះ ព្រះអង្គបានចាប់ផ្តើមរៀបចំ ព្រហ្មចារ្យៈ របស់ព្រះអង្គ ឲ្យមានលក្ខណៈជាអង្គការចាត់តាំងឡើង នៅថ្ងៃ១៥កើតខែមាឃ គឺ៩ខែក្រោយបានត្រាស់ដឹង ក្នុងចំណោមភិក្ខុសង្ឃចំនួន ១២៥០រូប ដែលសុទ្ធតែជាអ្នកបានបួសផ្ទាល់នឹងព្រះអង្គ និងបាន ត្រាស់ដឹងជាព្រះអរហន្តគ្មានកិលេស ដូចព្រះអង្គដែរ។ គម្ពីរព្រះត្រៃបិដកក៏បានកត់ត្រាដែរថា ក្នុង ថ្ងៃសម្តែងឱវាទបាដិមោក្ខប្រកាសពុទ្ធសាសនានោះ ព្រះពុទ្ធអង្គបានរៀបចំរចនាសម្ព័ន្ធអង្គការ លេខពុទ្ធសាសនាផងដែរ ដោយការប្រកាសតែងតាំង ព្រះសារីបុត្រឲ្យធ្វើជាអគ្គសាវ័កខាងស្តាំ និង ព្រះមោគ្គលានឲ្យធ្វើជាអគ្គសាវ័កខាងឆ្វេង[iv]។
ក្នុងរយៈពេល ៤៥ឆ្នាំ ជាបន្ទាប់មក អង្គការពុទ្ធសាសនាដែលមានព្រះពុទ្ធអង្គជាប្រធាន បានបំពេញកិច្ចការពីរធំៗ គឺ ១) ពង្រឹងពុទ្ធសាសនាឲ្យបានរឹងប៉ឹងខ្ជាប់ខ្ជួន បានផ្សាយទៅសព្វទិស និងទី ២) ការបណ្តុះបណ្តាលមនុស្សនិងទេវតា ដែលជាសាវ័ក-សាវិការបស់ព្រះអង្គ ឲ្យមានសមត្ថ ភាពខ្ពស់ និង គុណធម៌បរិបូណ៌ ដោយកិច្ចការធំៗទាំងពីរនេះ ត្រូវស្ថិតនៅក្រោមធម្មនុញ្ញភាព នៃឱវាទបាដិមោក្ខទាំង ១១ប្រការ ដោយមិនអាចគេចវេះបានឡើយ។ (បាដិមោក្ខេ ច សំវរោ)
ភារកិច្ចទី ១ អំពីការពង្រឹងពុទ្ធសាសនាឲ្យបានខ្ជាប់ខ្ជួន បានផ្សាយទៅសព្វទិស
ភារកិច្ចធំទី ១ គឺធ្វើឲ្យ ព្រហ្មចរិយំ ដែលប្រែជាខ្មែរថា ព្រហ្មចារ្យៈ ក្នុងឋានៈជាស្ថាប័ន បានរឹងប៉ឹងមាំមួន។ ការបដិសេធចំពោះពាក្យអារាធនារបស់ ក្រុងមារ ក្នុងការចូលបរិនិព្វាន គឺជាការបង្កើតទស្សនវិស័យ(Vision) និងភារកិច្ច(Mission) ដ៏ធំរបស់ព្រះអង្គនិងពុទ្ធសាសនា សំរាប់៤៥ឆ្នាំបន្ទាប់មក។ ក្រៅពីតែងតាំងអគ្គសាវ័កស្តាំ-ឆ្វេងផ្នែកភិក្ខុសង្ឃរួចហើយ ព្រះអង្គក៏បាន តែងតាំងភិក្ខុនីសង្ឃចំនួន ២រូប គឺ ព្រះភិក្ខុនីខេមា ជាអគ្គសាវិកាស្តាំ និង ព្រះភិក្ខុនីឧប្បលវណ្ណា ជាអគ្គសាវិកាឆ្វេង ផងដែរ។ ព្រះអង្គក៏បានជ្រើសរើសយកឧបាសក២រូប ជាគំរូនិងជាតំណាង ពុទ្ធបរិស័ទផ្នែកបុរស គឺ ចិត្តគហបតីឧបាសក និង ហត្ថកៈអាឡវកគហបតីឧបាសក និង ឧបាសិកា២រូប ជាគំរូនិងតំណាងពុទ្ធបរិស័ទផ្នែកស្ត្រី គឺ ខុជ្ជុត្តរាឧបាសិកា និង វេឡុកណ្ឋកីមាតា ឧបាសិកា[v]។ ក្នុងផ្នែកហិរញ្ញវត្ថុ អនាថបិណ្ឌិកសេដ្ឋី វិសាខាសេដ្ឋិនី និងសេដ្ឋីជាច្រើនទៀត ក៏បានជាជំនួយយ៉ាងច្រើនក្នុងការទ្រទ្រង់សេដ្ឋកិច្ចព្រះភិក្ខុសង្ឃ។ ព្រះអង្គបានរៀបចំសិក្ខាបទ ២២៧ សម្រាប់ភិក្ខុសង្ឃអនុវត្តតាម សិក្ខាបទ ៣១១ សម្រាប់ភិក្ខុនីសង្ឃអនុវត្តតាម សិក្ខាបទ សម្រាប់សាមណេរនិងសាមណេរី និងបទបញ្ញត្តិសម្រាប់ដាក់ទោសអ្នកប្រព្រឹត្តខុសពីមាត្រាច្បាប់ ទាំងនោះផង។ ឯសិក្ខាបទសម្រាប់ឧបាសក-ឧបាសិកាអនុវត្ត ក៏ព្រះអង្គបានរៀបចំទុកដោយ ស្រួលអស់ផងដែរ។ល។ យើងបានឃើញថា ៤៥ឆ្នាំក្រោយមក ពុទ្ធសាសនាបានរីកសាយយ៉ាង ទូលំទូលាយនៅក្នុងឧបទ្វីបឥណ្ឌៀ និងបន្តរីកសាយរហូតមកដល់សព្វថ្ងៃនេះ នៅទូទាំងពិភព លោក។
ភារកិច្ចទី ២ អំពីការបណ្តុះបណ្តាលសាវ័ក-សាវិកា ឲ្យមានសមត្ថភាព និង គុណធម៌
ក្នុងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស ព្រះពុទ្ធអង្គបានបង្កើតនូវប្រព័ន្ធសិក្សា និងការ បណ្តុះបណ្តាលមួយដ៏ល្អឯក ផ្តោតលើការសិក្សាឲ្យបានយល់ដឹងច្បាស់ជាមុន(បរិយត្តិ) ការអនុវត្ត ឬបដិបត្តតាមចំណេះដឹងនិងជំនាញទាំងនោះ(បដិបត្តិ) និង ការយកលទ្ធផលជាធំ ក្នុងការផ្ទៀង ផ្ទាត់លើចំណេះដឹងនិងការអនុវត្ត។ ព្រះអង្គបានបង្កើតក្រុមគ្រូបង្គោលជាភិក្ខុសង្ឃចំនួន ៤១រូប ជាភិក្ខុនីសង្ឃចំនួន ១៣រូប ជាឧបាសកចំនួន ១០រូប និង ឧបាសិកាចំនួន ១០រូប ផងដែរ[vi] ដោយមានឋានៈជា «ឯតទគ្គៈ» គឺជាអ្នកដែលមានជំនាញពិសេសប្រចាំខ្លួនលើសគេដទៃទៀត។ សាវ័ក-សាវិកា ដែលជាឯតទគ្គៈទាំងអស់ និង សាវ័ក-សាវិកាដទៃទៀត ជាកម្លាំងគោលជួយដល់ ព្រះពុទ្ធអង្គក្នុងការដឹកនាំពុទ្ធសាសនាផង និងជាកម្លាំងជួយបណ្តុះបណ្តាលសាវ័ក-សាវិកា ទាំង មនុស្សនិងទេវតា ឲ្យមានសមត្ថភាព ឈ្លាសវៀងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តិធម៌ សមគួរដល់ធម៌ ប្រតិបត្តិដ៏សមគួរ ប្រព្រឹត្តតាមធម៌ អាចប្រាប់ សំដែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឲ្យងាយបាន អាចសង្កត់សង្កិននូវបរប្បវាទនៃលទ្ធិដទៃដែលកើតឡើងហើយដោយល្អតាមពាក្យ ដែលសមហេតុ ហើយអាចសំដែងធម៌ប្រកបដោយបាដិហារ្យបាន។
ការបង្កើតនិងការអប់រំគ្រូបង្គោល ឲ្យបានដល់កម្រិតខ្ពស់បំផុត ទាំងចំណេះ ជំនាញ គុណធម៌ និងការអនុវត្ត នេះ ជារួមគឺគោលបំណងឲ្យសមាជិកសហគមន៍ពុទ្ធទាំងអស់គឺភិក្ខុ ភិក្ខុនី ឧបាសក ឧបាសិកា បានក្លាយទៅជាបញ្ញវ័ន្តពុទ្ធសាសនាដែលមានការចេះនិងដឹងជ្រៅជ្រះ អំពីពាក្យប្រៀនប្រដៅ(វិជ្ជា) និងការប្រព្រឹត្ត(ចរណៈ) របស់ពុទ្ធសាសនា ព្រមទាំងអាចនាំយក នូវពាក្យប្រៀនប្រដៅនិងបែបផែននៃការប្រព្រឹត្តទាំងនោះ ទៅផ្សព្វផ្សាយដល់មហាជនទាំង ឡាយ។ ដូច្នេះ ចំណេះដឹង ចំណេះធ្វើ និងគុណធម៌ (បរិយត្ត បដិបត្ត បដិវេធ) គឺជាចំណុច កណ្តាលនៃការបង្កើតនិងបង្កើនសមត្ថភាពបរិស័ទទាំង៤ ដូចដែលព្រះអង្គបានត្រាស់ទុកនៅត្រង់ ទំព័រ២៥៤ថាៈ “ធម៌ទាំងឡាយណាដែលតថាគតសម្តែងហើយដោយបញ្ញាដ៏ឧត្តមគឺ សតិប្បដ្ឋាន៤ សម្មប្បធាន៤ ឥទ្ធិបាទ៤ ឥន្ទ្រិយ៥ ពលៈ៥ ពោជ្ឈង្គ៧ និងអរិយមគ្គ ប្រកបដោយអង្គ៨ អ្នកទាំងឡាយគប្បីរៀនដោយប្រពៃ ហើយសេព ចម្រើន ធ្វើឲ្យរឿយៗដោយប្រការដូច្នោះចុះ»។ (ពោធិបក្ខិយធម៌ ៣៧)
បន្ទាប់ពីព្រះសម្មាសម្ពុទ្ធបាននិទានប្រាប់ព្រះអានន្ទ អំពីការដែលក្រុងមារចូលមកអារាធនា ព្រះអង្គឲ្យចូលបរិនិព្វានកាលពីព្រះអង្គទើបនឹងត្រាស់ដឹងថ្មីៗនោះមក ព្រះអង្គក៏បន្តនិទានប្រាប់ ព្រះអានន្ទតទៅទៀតថា ថ្ងៃនេះ ក្រុងមារបានចូលមកអារាធនា ហើយបានទូលព្រះអង្គថា ឥឡូវ នេះ ពួកភិក្ខុ-ភិក្ខុនី ឧបាសក-ឧបាសិកា ដែលជាសាវ័ក-សាវិកា របស់ព្រះអង្គ បានឈ្លាសវៀងវៃ ក្លៀវក្លា ជាពហុស្សូត ទ្រទ្រង់ធម៌ ប្រតិបត្តធម៌សមគួរដល់ធម៌ ប្រតិបត្តដ៏សមគួរ ប្រព្រឹត្តតាមធម៌ ទាំងបានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួន ហើយប្រាប់ សម្តែង បញ្ញត្ត តាំងទុក បើក ចែក ធ្វើឱ្យងាយបានហើយ ទាំងអាចសង្កត់សង្កិននូវបរប្បវាទដែលកើតឡើងហើយ ឱ្យជាកិច្ចដែល សង្កត់សង្កិនបានដោយល្អ តាមពាក្យដែលសមហេតុ ហើយសម្តែងធម៌ប្រកបដោយបាដិហារ្យ បានហើយ។ មួយទៀត មារបានប្រាប់ថា ឥឡូវនេះព្រហ្មចារ្យរបស់ព្រះពុទ្ធអង្គបានខ្ជាប់ខ្ជួនហើយ បានចម្រើនហើយ បានផ្សាយទៅសព្វទិសហើយ គេបានដឹងច្រើនគ្នាហើយ បានពេញបរិបូណ៌ ហើយ ពួកទេវតានិងមនុស្សក៏ចេះសម្តែងបានដោយល្អហើយ។
«ម្នាលអានន្ទ កាលបើក្រុងមារបាននិយាយយ៉ាងនេះហើយ តថាគតក៏បានពោលពាក្យនេះ ទៅនឹងក្រុងមារមានចិត្តបាបថា “ម្នាលមារមានចិត្តបាប ចូរអ្នកមានសេចក្តីខ្វល់ខ្វាយតិចចុះ ការបរិនិពា្វនរបស់តថាគតមិនយូរប៉ុន្មានទេ កន្លង៣ខែអំពីថ្ងៃនេះតទៅ តថាគតនឹងបរិនិពា្វន ហើយ”។ «ម្នាលអានន្ទ ក្នុងថ្ងៃនេះ តថាគតមានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារ ក្នុងបាវាល ចេតិយអម្បាញ់មិញនេះឯង»។
ការបង្ហាញខ្លួនរបស់ក្រុងមារលើកនេះ ជាការបង្ហាញខ្លួនដើម្បីឆ្លុះបញ្ចាំងឬវាយតម្លៃ (Evaluation) នូវអ្វីដែលព្រះពុទ្ធអង្គទ្រង់បានសន្យាឬប្តេជ្ញាចំពោះក្រុងមារកាលពីដំបូង។ លើកនេះ ក្រុងមារបានមកទូលប្រាប់ព្រះពុទ្ធអង្គថា ភារកិច្ចដ៏ធំទាំងពីររបស់ព្រះអង្គបានទទួលជោគជ័យ ហើយ ទាំងការកសាងសមត្ថភាពបរិស័ទ(លើចំណេះ ជំនាញ និងគុណធម៌) និងការបង្កើត និង ពង្រឹងពុទ្ធសាសនាក្នុងឋានៈជាស្ថាប័ន ឲ្យនៅស្ថិតស្ថេរខ្ជាប់ខ្ជួនបានយូរ។ លើកនេះ ព្រះពុទ្ធអង្គ ទ្រង់មិនបានបដិសេធឡើយ តែទ្រង់ទទួលយកនូវមរណកម្ម ឬ ការចូលនិវត្តន៍ ដោយការកំណត់ ថ្ងៃចូលបរិនិព្វានដោយច្បាស់លាស់។ កិរិយាបែបនេះ អាចឲ្យយើងធ្វើការសន្និដ្ឋានដោយជឿ ជាក់ច្បាស់ថា អ្វីដែលក្រុងមារទូលអំពីស្ថានភាពពុទ្ធសាសនានិងបរិស័ទទាំង៤ នាពេលនោះ គឺជា ការពិតដែលព្រះអង្គបានជ្រាបយ៉ាងច្បាស់ដែរហើយ បានជាព្រះអង្គមិនបានបដិសេធពីការមិន ទាន់បានបញ្ចប់នូវភារកិច្ចទាំងពីរនោះទៀត។ ពាក្យថា តថាគតមានសតិសម្បជញ្ញៈ ជាពាក្យឆ្លុះ បញ្ចាំងអំពីការចូលនិវត្តន៍ប្រកបដោយការត្រិះរិះពិចារណាខ្ពស់ ក្នុងឋានៈព្រះអង្គជាព្រះពុទ្ធ។
ចំណុចត្រង់នេះ អាចមើលឃើញបានដែរនៅត្រង់ទំព័រ២១៣ គឺព្រះអង្គបានត្រាស់ថា៖ “ម្នាលអានន្ទ ភិក្ខុសង្ឃនៅនឹកប៉ុនប៉ងអ្វីក្នុងតថាគតទៀត។ ធម៌ដែលតថាគតសម្តែងហើយ មិន មានខាងក្នុងខាងក្រៅទេ។ កណ្តាប់ដៃនៃអាចារ្យមិនមានក្នុងធម៌ទាំងឡាយរបស់តថាគតទេ។ បើ អ្នកណាមានគំនិតយ៉ាងនេះថា តថាគតនឹងគ្រប់គ្រងភិក្ខុសង្ឃដូច្នេះក្តី ថាភិក្ខុសង្ឃជាអ្នកអាងនូវ តថាគតដូច្នេះក្តី បើមានមែន អ្នកនោះសមជាពោលពាក្យណាមួយប្រារព្ធនឹងភិក្ខុសង្ឃមិនខាន។ តថាគតមិនមានគំនិតយ៉ាងនេះថា តថាគតនឹងគ្រប់គ្រងភិក្ខុសង្ឃដូច្នេះ ឬថាភិក្ខុសង្ឃជាអ្នក អាងនូវតថាគតដូច្នេះសោះឡើយ។ ម្នាលអានន្ទ តថាគតនឹងពោលពាក្យណាមួយប្រារព្ធនឹង ភិក្ខុសង្ឃធ្វើអ្វីទៀត។ ឥឡូវនេះតថាគតគ្រាំគ្រាហើយ ចម្រើនហើយ ចាស់ហើយ កន្លងអាយុកាល ដល់បច្ឆិមវ័យហើយ វ័យតថាគតបាន៨០ឆ្នាំហើយ”។ ដូច្នេះ ព្រះពុទ្ធអង្គទ្រង់ប្រាកដជាបាន តាមដានស្ថានការណ៍ពុទ្ធសាសនាមកដោយរហូត ហើយដឹងថាភារកិច្ចទាំង២នោះ បានជោគ ជ័យហើយ ទើបបានជាព្រះអង្គប្រាប់ព្រះភិក្ខុសង្ឃថាមិនចាំបាច់អាងព្រះអង្គទៀតទេ ព្រះអង្គបាន បង្រៀនអ្វីៗអស់ហើយ មិនមានលាក់លៀមអ្វីទៀតទេ។
ខ្ញុំសូមបញ្ចប់ធម្មគតិអំពី ការប្រកាសចូលបរិនិព្វានរបស់ព្រះសម្មាសម្ពុទ្ធ ទុកជាការពិចារណា និង ជាការបន្ថែមការយល់ដឹងដល់ពុទ្ធបរិស័ទ អំពីសកម្មភាពរបស់ព្រះពុទ្ធអង្គក្នុងឋានៈជាអ្នកបង្កើត និងជាអ្នកដឹកនាំពុទ្ធសាសនា អស់រយៈពេល៤៥ឆ្នាំដ៏នឿយហត់ ទម្រាំនឹងបានពុទ្ធសាសនាមួយ ដែលមានអាយុ ២៦០០ឆ្នាំជាងនេះ ហើយដែលខ្ញុំមានជំនឿថា នឹងនៅតែបន្តទៅមុខទៀត ជាគូ ជាមួយនឹងវត្តមានរបស់មនុស្សជាតិ។ ខ្ញុំសង្ឃឹមថា ពុទ្ធបរិស័ទទាំងព្រះសង្ឃនិងគ្រហស្ថ អាចរៀន សូត្របានខ្លះៗ អំពីការបង្កើតនិងការដឹកនាំស្ថាប័នមហាជនមួយដ៏ជោគជ័យ អំពីព្រះពុទ្ធអង្គ ដើម្បីសេចក្តីរីកចម្រើននិងសន្តិភាព សម្រាប់សង្គមកម្ពុជាយើងតទៅ។
សូមអនុមោទនា!
ភូមិវត្តពោធិវាល ក្រុងបាត់ដំបង
ថ្ងៃសុក្រ ៨រោច ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ថ្ងៃទី ០៥ ខែ កុម្ភៈ ឆ្នាំ ២០២១
[ii] តាមព្រះបន្ទូលនេះ បើយើងងាកទៅអានព្រះវិន័យបិដកលេខ៦ ចាប់ពីទំព័រទី១ ដល់ ១៩ យើងនឹងអាចsស្មានដឹងបាននូវកាលបរិច្ឆេទដែលព្រះពុទ្ធអង្គ បានមានពុទ្ធិកាជាមួយមារ នៅក្រោមដើមអជបាលនិគ្រោធ។ ព្រះពុទ្ធអង្គបានគង់ក្រោមដើមអជបាលនិគ្រោធចំនួនពីរដង គឺ៖
1. លើកទី១ គឺនៅសប្តាហ៍ទី២ បន្ទាប់ពីព្រះអង្គបានត្រាស់ដឹង ១សប្តាហ៍។
2. លើកទី២ គឺនៅសប្តាហ៍ទី៥ បន្ទាប់ពីព្រះអង្គបានត្រាស់ដឹង បន្ទាប់ពីបានគង់នៅក្រោមដើមរាំង នាសប្តាហ៍ទី៣ និងក្រោមដើមកែស នាសប្តាហ៍ទី៤។
គឺទំនងជាក្នុងរង្វង់សប្តាហ៍ទី៥ នេះឯង ដែលព្រះពុទ្ធអង្គមានព្រះទ័យមិនចង់សម្តែងធម៌ ហើយក៏មានព្រហ្មមួយរូប ឈ្មោះ សហម្បតិព្រហ្ម មកសុំនិមន្តព្រះពុទ្ធអង្គឲ្សម្តែងធម៌។ ក្នុងទស្សនៈរបស់ខ្ញុំ មារនិងព្រហ្ម គួរតែបានមកជួបព្រះពុទ្ធអង្គនៅក្នុងសប្តាហ៍ទី៥នេះ ដើម្បីអារាធនាឲ្យព្រះអង្គចូលបរិនិព្វាន និង ឲ្យព្រះអង្គសម្តែងធម៌។
[iii]នេះជាកិច្ចសន្ទនារវាងមារ និងព្រះពុទ្ធអង្គជាភាសាបាលី៖ មារយាចនកថា https://tipitaka.org/khmr/cscd/s0102m.mul2.xml
‘‘ភាសិតា ខោ បនេសា, ភន្តេ, ភគវតា វាចា – ‘ន តាវាហំ, បាបិម បរិនិព្ពាយិស្សាមិ, យាវ មេ ឧបាសិកា ន សាវិកា ភវិស្សន្តិ វិយត្តា វិនីតា វិសារទា ពហុស្សុតា ធម្មធរា ធម្មានុធម្មប្បដិបន្នា សាមីចិប្បដិបន្នា អនុធម្មចារិនិយោ, សកំ អាចរិយកំ ឧគ្គហេត្វា អាចិក្ខិស្សន្តិ ទេសេស្សន្តិ បញ្ញបេស្សន្តិ បដ្ឋបេស្សន្តិ វិវរិស្សន្តិ វិភជិស្សន្តិ ឧត្តានីករិស្សន្តិ, ឧប្បន្នំ បរប្បវាទំ សហធម្មេន សុនិគ្គហិតំ និគ្គហេត្វា សប្បាដិហារិយំ ធម្មំ ទេសេស្សន្តី’តិ។ ឯតរហិ ខោ បន, ភន្តេ, ឧបាសិកា ភគវតោ សាវិកា វិយត្តា វិនីតា វិសារទា ពហុស្សុតា ធម្មធរា ធម្មានុធម្មប្បដិបន្នា សាមីចិប្បដិបន្នា អនុធម្មចារិនិយោ, សកំ អាចរិយកំ ឧគ្គហេត្វា អាចិក្ខន្តិ ទេសេន្តិ បញ្ញបេន្តិ បដ្ឋបេន្តិ វិវរន្តិ វិភជន្តិ ឧត្តានីករោន្តិ, ឧប្បន្នំ បរប្បវាទំ សហធម្មេន សុនិគ្គហិតំ និគ្គហេត្វា សប្បាដិហារិយំ ធម្មំ ទេសេន្តិ។ បរិនិព្ពាតុទានិ, ភន្តេ, ភគវា, បរិនិព្ពាតុ សុគតោ, បរិនិព្ពានកាលោទានិ, ភន្តេ, ភគវតោ។
‘‘ភាសិតា ខោ បនេសា, ភន្តេ, ភគវតា វាចា – ‘ន តាវាហំ, បាបិម, បរិនិព្ពាយិស្សាមិ , យាវ មេ ឥទំ ព្រហ្មចរិយំ ន ឥទ្ធំ ចេវ ភវិស្សតិ ផីតញ្ច វិត្ថារិកំ ពាហុជញ្ញំ បុថុភូតំ យាវ ទេវមនុស្សេហិ សុប្បកាសិត’ន្តិ។ ឯតរហិ ខោ បន, ភន្តេ, ភគវតោ ព្រហ្មចរិយំ ឥទ្ធំ ចេវ ផីតញ្ច វិត្ថារិកំ ពាហុជញ្ញំ បុថុភូតំ, យាវ ទេវមនុស្សេហិ សុប្បកាសិតំ។ បរិនិព្ពាតុទានិ, ភន្តេ, ភគវា, បរិនិព្ពាតុ សុគតោ, បរិនិព្ពានកាលោទានិ, ភន្តេ, ភគវតោ’’តិ ។ ឯវំ វុត្តេ ភគវា មារំ បាបិមន្តំ ឯតទវោច – ‘‘អប្បោស្សុក្កោ ត្វំ, បាបិម, ហោហិ, ន ចិរំ តថាគតស្ស បរិនិព្ពានំ ភវិស្សតិ។ ឥតោ តិណ្ណំ មាសានំ អច្ចយេន តថាគតោ បរិនិព្ពាយិស្សតី’’តិ។
១) អ្នកដែលឈ្លាសវៀងវៃ(វិនីតា) ; ២) អ្នកដែលក្លៀវក្លា (វិសារទា )៣) អ្នកដែលជាពហុស្សូត (ពហុស្សុតា) ៤) អ្នកដែលទ្រទ្រង់ធម៌ (ធម្មធរា ) ៥) អ្នកដែលប្រតិបត្តិធម៌សមគួរដល់ធម៌(ធម្មានុធម្មប្បដិបន្នា) ៦)អ្នកដែលប្រតិបត្តដ៏សមគួរ(សាមីចិប្បដិបន្នា) ៧) អ្នកដែលប្រព្រឹត្តតាមធម៌(អនុធម្មចារិនិយោ) ៨) បានរៀននូវវាទៈនៃអាចារ្យរបស់ខ្លួនហើយ។ល។
[iv] បើប្រៀបនឹងឋានានុក្រមតាមផ្លូវអាណាចក្រ ហើយដោយការសន្មតថា ព្រះពុទ្ធអង្គជាប្រធានាធិបតីនោះ ព្រះសារីបុត្រគួរមានឋានៈស្មើនឹង អនុប្រធានាធិបតីទី ១។ ព្រះមោគ្គលាន គួរមានឋានៈស្មើនឹង អនុប្រធានាធិបតីទី ២។
[v] http://ti-kh.org/books?book=40&page=199&language=khmer
បិដក ភាគ ៤០ - ទំព័រទី ១៩៩
[៣៧៧] ម្នាលភិក្ខុទាំងឡាយ ឧបាសកជាអ្នកមានសទ្ធា កាលបើបន់ស្រន់ ដោយប្រពៃ គប្បីបន់ស្រន់ យ៉ាងនេះថា ចិត្តគហបតីក្តី ហត្ថកអាឡវកគហបតីក្តី មានសភាពយ៉ាងណា អត្មាអញ សូមឲ្យមានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ចិត្តគហបតីនេះក្តី ហត្ថកអាឡវកគហបតីនេះក្តី ជាជញ្ជីង ជាខ្នាតនៃពួកឧបាសក ជាសាវករបស់តថាគត។
[៣៧៨] ម្នាលភិក្ខុទាំងឡាយ ឧបាសិកាជាអ្នកមានសទ្ធា កាលបើបន់ស្រន់ ដោយប្រពៃ គប្បីបន់ស្រន់ យ៉ាងនេះថា ខុជ្ជុត្តរាឧបាសិកាក្តី វេឡុកណ្តកិយានន្ទមាតាកី្ត មានសភាពយ៉ាង ណា អត្មាអញ សូមឲ្យមានសភាពដូច្នោះដែរ។ ម្នាលភិក្ខុទាំងឡាយ ខុជ្ជុត្តរាឧបាសិកានេះក្តី វេឡុកណ្តកិយានន្ទមាតានេះកី្ត ជាជញ្ជីង ជាខ្នាតនៃពួកឧបាសិកា ជាសាវិការបស់តថាគត។
No comments:
Post a Comment