វិថីជីវិតសម្មាមគ្គ អំពី អាយុពេលណាគួរបដិបត្តធម៌!

ធម្មគតិសម្មាមគ


អំពី

អាយុពេលណាគួរបដិបត្តធម៌!


ធម្មគតិសម្មាមគ្គក្នុងថ្ងៃនេះ ខ្ញុំសូមលើកយកនូវប្រធានបទមួយដែលតែងតែបានឮ និង ឃើញគេជជែកគ្នាជាប្រចាំ ទាំងតាមការសន្ទនាផ្ទាល់មុខ ទាំងតាមប្រព័ន្ធទំនាក់ទំនងសង្គម មាន ហ្វេសប៊ុក​ជាដើម។

ពាក្យជាគន្លឹះនៅពេលនេះគឺ ការបដិបត្តធម៌ និង ពេលណា។

ធម៌ ប្រែថាទ្រទ្រង់ ក្នុងចំណោមនិយាមជាច្រើន។  ម្នាក់ៗកើតមកហើយរស់បាន ព្រោះមានការទ្រទ្រង់ពីបុគ្គលម្នាក់ទៀត ពីសង្គមមួយ និង ពីធម្មជាតិបរិដ្ឋានមួយ។ (នេះ ជាន័យដែលព្រះពុទ្ធអង្គលោកបានដាក់ ព្រះពុទ្ធ(បុគ្គល) ព្រះសង្ឃ(សង្គម) និង ព្រះធម៌(ធម្មជាតិ) ជាសរណៈឬ ទីពឹងទីរលឹករបស់ពុទ្ធបរិស័ទ។

ដូច្នេះ ម្នាក់ៗ បន្ទាប់ពីបានប្រយោជន៍ពីបុគ្គលម្នាក់ទៀត(មានមាតាបិតាជាដើម) ពីសង្គមដែលខ្លួនរស់នៅ (ប្រទេសជាតិ) និងពីធម្មជាតិ (ទឹក ដី ភ្លើង ខ្យល់ អាកាស) ព្រះពុទ្ធអង្គលោកប្រាប់ឲ្យយើងមានកតញ្ញូ គឺការដឹងគុណ សងគុណវិញ ដោយការបដិបត្តធម៌ ឬ ទ្រទ្រង់បុគ្គលដទៃវិញ ទ្រទ្រង់សង្គមខ្លួន និង ទ្រទ្រង់ធម្មជាតិរបស់ខ្លួនវិញ។  ការទទួលនិងការឲ្យវិញនេះ គឺជាលក្ខណៈនៃពាក្យដែលយើងតែងស្គាល់នៅក្នុងន័យសាមញ្ញថា ទាន។

នេះជាការបដិបត្តធម៌តាំងពីក្មេងដល់ចាស់៖ ទទួលការទ្រទ្រង់ពីនរណាម្នាក់ ពីសង្គមណាមួយ ពីធម្មជាតិណាមួយ និង ឲ្យការទ្រទ្រង់ ទៅនរណាម្នាក់ សង្គមណាមួយ ធម្មជាតិទីណាមួយ។

មុនអស់ខ្យល់ដង្ហើមនៅអាយុ៨០ឆ្នាំ ព្រះពុទ្ធអង្គបានផ្តាំជាចុងក្រោយថា៖

«អ្នកទាំងឡាយកុំធ្វែសប្រហែសក្នុងជីវិតដែលមិនទៀង ចូរខំបំពេញប្រយោជន៍ទាំងពីរឲ្យកើតឡើង»។ បំពេញប្រយោជន៍ទាំងពីរ គឺ ធ្វើប្រយោជន៍បច្ចុប្បន្ននិងប្រយោជន៍សម្រាប់អនាគត ឬ ប្រយោជន៍ខ្លួននិងអ្នកដទៃ ឲ្យបានច្រើនរហូតដល់ពេញបរិបូណ៌។ ដូច្នេះ ការបដិបត្តធម៌ ឬ ការទ្រទ្រង់ មានយ៉ាងហោចណាស់ ក៏តាំងពីថ្ងៃមនុស្សចាប់កំណើត រហូតដល់ថ្ងៃដែលស្លាប់ដែរ។

ការទ្រទ្រង់ឬការឲ្យ (ដែលបាលីហៅថា ទាន) នេះ ជាមេរៀនដំបូងនិងសំខាន់ មិនមែនសីលទេ។  ទ្រទ្រង់តាមរយៈការឲ្យ  មានយ៉ាងតិច ៣ប្រភេទ៖

១)   អភ័យទាន គឺការឲ្យអភ័យដល់អ្នកដទៃ គឺធ្វើឲ្យអ្នកដទៃ ទ្រទ្រង់អ្នកដទៃ  មិនឲ្យមានការភិតភ័យក្នុងជីវិតខ្លួន ឬ ភ័យខ្លាចគេសម្លាប់។

២) អាមិសទាន គឺការឲ្យឬការទ្រទ្រង់ផ្នែកសម្ភារៈ ជាសំខាន់ទាំងបួនគឺការទ្រទ្រង់ផ្នែកចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន និង ឱសថ ដល់អ្នកដទៃដែលមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទ្រត្រង់ខ្លួនឯង។

៣) ធម្មទាន គឺការឲ្យនូវសតិបញ្ញារបស់ខ្លួនដល់អ្នកដទៃ ទ្រទ្រង់អ្នកដទៃឲ្យបានទទួលនូវសតិបញ្ញា ដោយការណែនាំ ការបង្រៀន ការផ្តល់ឱវាទ ការជួយឲ្យបានរៀន ជាដើម។


អ្នកខ្លះថា ការឲ្យទានជាការបាត់បង់។  បើតបដោយខ្លីគឺមិនបាត់បង់ទៅណាទេ វាអាចបាត់ពីយើង តែវាទៅនៅលើម្នាក់ទៀត សង្គមមួយទៀត  ធម្មជាតិនាកន្លែងមួយទៀត គឺ វិលចុះវិលឡើងជានិច្ច។ យើងតែងហៅកិរិយាបែបនេះថាជាកិរិយានៃ វដ្តចក្រ គឺវិលទៅវិលមក។ សូមជូនជាឧទាហរណ៍មួយអំពីរឿងការឲ្យទាននេះ ក្នុងន័យសេដ្ឋកិច្ចដូចតទៅ។ ទានគឺសេដ្ឋកិច្ច។ ប្រាក់១០០៛ បើនៅក្រោមខ្នើយដោយស្ងៀម នឹងមិនបានជួយដល់ការរីកចម្រើនរបស់ផលិតផលសារុបក្នុងស្រុក(GDP) ទេ។  តែបើប្រាក់នោះ ដូរពីដៃមួយទៅដៃមួយក្នុងន័យទិញលក់ៗឲ្យបានច្រើនដង ផលិតផលសារុបក្នុងស្រុក ឬ សេដ្ឋកិច្ចក៏នឹងកាន់តែរីកចម្រើនដែរ។


ទានឬការទ្រទ្រង់គ្នា គឺមានន័យដូច្នេះឯង។


ដូច្នេះ អាយុប៉ុនណាក៏ត្រូវការបដិបត្តធម៌ដែរ!


សូមអនុមោទនា!


ហេង មណីចិន្តា

ភូមិវត្តពោធិវាល​  ​ក្រុងបាត់ដំបង

ថ្ងៃ​ព្រហស្បតិ៍ ១៥កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១

#? 28 មិថុនា ២០២០


No comments:

Post a Comment