ទេសន៍មហាជាតក៍៖ ការក្រើនរំលឹកដល់ការបំបាត់ភាពក្រីក្រក្នុងសង្គម

 #ទេសនាមហាវេស្សន្តរជាតក ឬ ទេសន៍មហាជាតក៍ 

ជាបុណ្យរំលឹកដល់សេចក្តីល្អរបស់មនុស្សក្នុងការធ្វើទាន ឬ ការចែករំលែកសេចក្តីសុខដល់គ្នានឹងគ្នា ដោយមានតួអង្គព្រះពោធិសត្វ (ព្រះពុទ្ធយើង កាលដែលមិនទាន់ត្រាស់ជាព្រះពុទ្ធ មានឈ្មោះជាទូទៅថា ពោធិសត្វ ឬ អ្នកដែលស្វែងរកការត្រាស់ដឹងជាព្រះពុទ្ធ) នាម វេស្សន្តរ ជាតួអង្គគំរូ។

ជាខ្លឹមសារ ការក្លាយទៅជាព្រះពុទ្ធ ដំបូងបំផុត គឺត្រូវចេះឱ្យ(ទាន) និងរំលែកសេចក្តីសុខដល់អ្នកដទៃ ទាំងជាសេចក្តីសុខខាងកាយ (សម្ភារៈ)  និង សេចក្តីសុខខាងចិត្ត (សប្បាយចិត្ត មិនភ័យ)។ ជាសារបញ្ជូនមកពីទេសនាមហាជាតក៍នេះ គឺ «ការទ្រទ្រង់សង្គមមួយឱ្យមានសេចក្តីសុខដុំរម្យនាបាន សមាជិកសង្គមត្រូវចែករំលែកនូវសេចក្តីសុខរបស់ខ្លួនទៅអ្នកដទៃ ទៅវិញទៅមក។

#ទានគឺការឲ្យគ្នា នៅពេលម្នាក់ទៀតមានទុក្ខ ជាល័ក្ខខណ្ឌដំបូងនៃការតាំងខ្លួនថាជាពុទ្ធសាសនិកនៃពុទ្ធសាសនា។

ទេសនាមហាវេស្សន្តរជាតក ជាការបើកបង្ហាញនូវវត្តប្រតិបត្តរបស់ព្រះពុទ្ធបរមគ្រូនៃយើង អំពីការបែងចែកសេចក្តីសុខដែលព្រះអង្គមានក្នុងឋានៈជាព្រះរាជាអ្នកដឹកនាំ ចំពោះរាស្ត្រប្រជា និង ក្នុងឋានៈជាអ្នកស្វែងរកការត្រាស់ដឹងជាព្រះពុទ្ធ(ពោធិសត្វ) ចំពោះមនុស្សជាតិ។

វេស្សន្តរជាតក ជារឿងប្រវត្តិដែលនិយាយអំពីកំណើតចុងក្រោយរបស់ព្រះពោធិសត្វ មុននឹងកើតមកជាព្រះសិទ្ធត្ថកុមារ។ សាច់រឿងវេស្សន្តរជាតក បរិយាយពីការសង្គ្រោះជនក្រីក្រដោយអ្នកដឹកនាំប្រទេស (បច្ចុប្បន្នអាចត្រូវនឹងពាក្យ #ការកាត់បន្ថយភាពក្រីក្រ ឬ #ការបំបាត់ភាពក្រីក្រ (Poverty reduction and poverty eradication) និង ការបរិច្ចាគសេចក្តីសុខក្នុងជីវិតផ្ទាល់ខ្លួននិងគ្រួសារ ដើម្បីសេចក្តីសុខរបស់មនុស្សជាតិ ក្នុងរយៈពេលយូរ។

នៅក្នុងគោលនយោបាយកាត់បន្ថយឬបំបាត់ភាពក្រីក្រនេះ ព្រះវេស្សន្តរបានជួបនូវឧបសគ្គមួយដ៏ធំ បន្ទាប់ពីព្រះអង្គបាន #ផ្តល់ដំរីមង្គល ដែលកាលនោះត្រូវគេជឿថាជាប្រភពនៃទឹកភ្លៀងឬមេទឹកសម្រាប់កសិកម្មក្នុងនគរព្រះអង្គ ទៅឱ្យប្រទេសមួយទៀតដែលកំពុងជួបគ្រោះហ៍រាំងស្ងួត ព្រោះគ្មានភ្លៀងច្រើនឆ្នាំមកហើយ។  ព្រះអង្គត្រូវប្រជាជនធ្វើបាតុកម្មបណ្តេញចេញពីព្រះនគរ។(ប្រជាធិបតេយ្យ?)។  យើងឃើញថា គោលនយោបាយសន្តិសុខស្បៀងនិងសន្តិភាពថ្នាក់តំបន់ (គឺមិនមែនត្រឹមតែប្រទេសខ្លួនមួយ) ត្រូវបានតួអង្គព្រះពោធិសត្វគិតគូរតាំងពីជំនាន់មុនព្រះអង្គត្រាស់ដឹងទៅទៀត តែព្រោះការយល់មិនដល់របស់រាស្ត្រ និង គោលនយោបាយអនុត្តរភាពនិយមរបស់វណ្ណៈក្សត្រ ព្រះអង្គក៏ត្រូវរងគ្រោះថ្នាក់ដោយគោលនយោបាយរបស់ព្រះអង្គវិញ។

សូមអរព្រះគុណចំពោះព្រះសង្ឃរបស់យើងគ្រប់វត្ត ដែលព្រះគុណម្ចាស់នៅតែព្យាយាមថែរក្សាទំនៀមវប្បធម៌នៃការបែងចែកសេចក្តីសុខដែលខ្លួនមានដល់បុគ្គលដទៃ តាមរយៈបុណ្យទេសនាមហាជាតក៍  ថ្វីត្បិតតែបច្ចុប្បន្ននេះ ពួកយើងពុំសូវយល់ពីអត្ថន័យរបស់វប្បធម៌ទេសន៍មហាជាតក៍នេះក្តី។

សុំនិមន្តអញ្ជើញចូលរួមដើម្បីថែរក្សាកេរ្តិ៍ដំណែលនៃវប្បធម៌ចែកសេចក្តីសុខដល់អ្នកដទៃនេះ  ឲ្យជាប់ជាមួយសង្គមពុទ្ធនិងមនុស្សជាតិតទៅ ដោយការនិមន្ត អញ្ជើញទៅវត្តស្តាប់ទេសន៍ និង សិក្សារឿងព្រះវេស្សន្តរជាតកឲ្យបានល្អ។

ព្រឹកម៉ិញនេះបានទៅវត្តពោធិវាល ក្រុងបាត់ដំបងដើម្បីចូលបុណ្យទេសន៍។  សូមចែកផលនៃបុញ្ញកម្មនេះ ដល់ញាតិទាំងអស់និងមិត្តទាំងអស់ ទាំងរស់ក្តីទាំងមរណៈក្តី សូមបាននូវសេចក្តីសុខគ្រប់ប្រការ និងសូមជួយកសាងសង្គមខ្មែរមួយដែលមានសេចក្តីសុខខាងផ្លូវចិត្តឱ្យបានកាន់តែរឹងមាំឡើង ដោយការឱ្យនូវសេចក្តីស្រឡាញ់និងអភ័យទាន បន្ថែមពីការឱ្យនូវការអភិវឌ្ឍខាងផ្លូវសម្ភារៈ។

No comments:

Post a Comment