ផ្កាដុះតាមព្រៃ
សុំផ្ញើរនិស្ស័យ
លើឃ្មុំភូមរា
ត្រូវអ្នកទេសចរ
កាច់ទងបុប្ផា
គ្មានប្រោសមេត្តា
ផ្កាតាមមាគ៌ា។
អាងខ្លួនជាមនុស្ស
អួតខ្លួនដឹងខុស
ដឹងត្រូវធម្មា
តែមកប្រល័យ
ដោយក្តីមោហា
និស្ស័យភូមរា
ផ្កាឃ្លាតពីគ្នា។
អត់ផ្កាឃ្មុំស្លាប់
ទោះមិនសម្លាប់
ដោយសិក្ខបាណា
បើអស់ផ្កាហើយ
ឃ្មុំខ្ញុំមរណា
ផ្កាជាសង្សារ
ផ្កាជាចំណី។
ឃ្មុំខ្ញុំមរណា
ហ្វូងផ្កាសង្សារ
គង់ក្ស័យតាមប្តី
គ្មានអ្នកភ្ជាប់ត
លំអងឈ្មោលញី
ផ្កាសូន្យជីវី
អស់ឈើ-ព្រៃស្លាប់។
អស់ព្រៃព្រឹក្សា
តើលោកមនុស្សា
ម្តេចរស់បានគាប់?
ឃ្មុំ-ផ្កា-ព្រៃស្លាប់
អ្នកគង់ឆាប់ងាប់
សង្សារវដ្តសព្វ
ស្លាប់ព្រោះខ្លួនឯង។
No comments:
Post a Comment