វិថីជីវិតសម្មាមគ្គ ផែនការជីវិតតាមឱវាទក្នុងមាឃបូជា

ធម្មគតិសម្មាមមគ្គ

 អំពី 

ផែនការជីវិតតាមឱវាទក្នុងមាឃបូជា

------------------------------------------------------------------------------

ឯតំ ពុទ្ធា ន​​ សាសនំ

ការមិនធ្វើអំពើអាក្រក់ទាំងពួង ១។ ការធ្វើអំពើល្អឱ្យបរិបូណ៌ ១។ ការសម្អាតចិត្តឱ្យបានល្អ ១។ ការអត់ធ្មត់ដែលជាតបធម៌ដ៏ឧត្តម ១។ ព្រះនិព្វានដែលជាគុណជាតិដ៏ឧត្តម ១។ ភាពជា សមណៈ ដែលមិនត្រូវបៀតបៀនសត្វ ឬសម្លាប់សត្វ ១។ ការមិនតិះដៀល មិនបៀតបៀនអ្នកដទៃ ១។ ការសង្រួមនៅក្នុងបាតិមោក្ខ ១។ ការដឹងប្រមាណក្នុងការបរិភោគអាហារ ១។ ការចូលចិត្តទី ដេកទីអង្គុយដែលស្ងប់ស្ងាត់ ១។ និង ការព្យាយាមបំពេញអធិចិត្ត ១។ ធម៌ទាំង ១១ ប្រការ នេះ ជាឱវាទបាដិមោក្ខនៃព្រះពុទ្ធទាំងឡាយ។

ធម្មគតិសម្មាមគ្គថ្ងៃនេះ នឹងលើកអំពីការធ្វើផែនការជីវិតរបស់ពុទ្ធបរិស័ទ តាមគោល ការណ៍ទាំង១១ប្រការ ដែលព្រះពុទ្ធអង្គបានសម្តែងនៅក្នុងឱកាសនៃការប្រកាសពុទ្ធសាសនា ដែលយើងស្គាល់ថាជា បុណ្យមាឃបូជា ទុកជាការសិក្សាស្វែងយល់តទៅ។

តាមការសិក្សារបស់ខ្ញុំ គោលធម៌ទាំង ១១ ប្រការ នេះ គឺជាទម្រង់នៃផែនការជីវិត ដែល ពុទ្ធសានិកជនទាំងអស់គួរយកមកអនុវត្តក្នុងជីវិតរបស់ខ្លួន ដើម្បីសម្រេចគោលបំណងណាមួយ ដែលខ្លួនត្រូវការ។ ទម្រង់នៃផែនការនេះ អាចចែកទៅជាបីផ្នែកធំៗគឺ៖  ១) ការមានគោលបំណង សំរាប់ជីវិតច្បាស់លាស់ ២) ការរៀបចំវិធានការដើម្បីសម្រេចនូវគោលបំណងសំរាប់ជីវិតនោះ និង ៣) ការរៀបចំខ្លួនដើម្បីអនុវត្តវិធានការនោះឱ្យបានជោគជ័យ​។

 

១) ការមានគោលបំណងសំរាប់ជីវិតច្បាស់លាស់

គោលបំណងគឺជាសភាវៈឬឋានៈដែលម្នាក់ៗបានប៉ងទុកជាគោលសម្រាប់ជីវិត ឬជាគោល សម្រាប់ធ្វើដំណើរទៅឱ្យដល់នៅពេលណាមួយនាអនាគត។ មនុស្សម្នាក់ៗ សង្គមនីមួយៗ ឬ ប្រទេសនីមួយៗសុទ្ធតែមាននិងត្រូវមានគោលបំណងទាំងអស់។ ក្នុងពុទ្ធសាសនា អ្នកដែលមាន បំណងបដិបត្តតាមមាគ៌ាពុទ្ធសាសនា ឬយកការប្រៀនប្រដៅរបស់ព្រះពុទ្ធជាមគ្គុទេសក៍ ត្រូវមាន គោលបំណងសម្រាប់ការបដិបត្តរបស់ខ្លួន ដែលតាមឱវាទបាដិមោក្ខនេះ គឺការបានសម្រេចនូវ និព្វាន ដែលជាគុណជាតិដ៏វិសេសក្រៃលែង ជាសភាវៈមួយដែលប្រាសចាកទុក្ខ សភាវៈមិនមាន សេចក្តីទុក្ខ មិនមានបញ្ហានៅក្នុងដួងចិត្តរបស់ខ្លួនតទៅទៀត (និព្វានំ បរមំ វទន្តិ ពុទ្ធា)។

ពាក្យ និព្វាន មានសេចក្តីពន្យល់ដោយពាក្យថា សន្តិ ដែលប្រែថាសេចក្តីស្ងប់។ មានសេចក្តីពន្យល់ដោយពាក្យថា សុខៈ ដែលប្រែថា សេចក្តីសុខ ភាពងាយស្រួល។ មានសេចក្តីពន្យល់ដោយពាក្យថា ខេមៈ ក្សេម ដែលប្រែថា សេចក្តីស្ងប់ សុវត្ថិភាព។ មានសេចក្តីពន្យល់អំពីពាក្យ និព្វាន ជាច្រើនទៀត ដែលជាគុណសម្បត្តិរបស់និព្វាន ដែលសុទ្ធតែជាបំណងរបស់មនុស្សគ្រប់ៗរូប សង្គមគ្រប់ៗសង្គម មិនថាអ្នកនោះ សង្គមនោះ ស្ថិតនៅទីណាឡើយ គឺសុទ្ធតែប៉ងប្រាថ្នាចង់បាន និព្វាន ចង់បានសន្តិភាព ចង់បានសុខ ចង់បានក្សេមក្សាន្ត ។ ដូច្នេះហើយទើបបានជាព្រះពុទ្ធអង្គលោកបានសំដែងថា‹‹និព្វានំ បរមំ វទន្តិ ពុទ្ធា›› ប្រែថា ព្រះពុទ្ធទាំងឡាយ គឺព្រះពុទ្ធពីអតីតកាល បច្ចុប្បន្នកាល និងអនាគតកាល តែងត្រាស់ថា និព្វាន គឺជាគុណជាតិដ៏ឧត្តមបំផុត។  

 ២) ការរៀបចំវិធានការដើម្បីសម្រេចនូវគោលបំណងសំរាប់ជីវិត

វិធានការ គឺការធ្វើឱ្យសម្រេចបាននូវគោលបំណងដែលបានប៉ងទុកនោះ​ដោយការប្រើ ប្រាស់នូវឧបាយផ្សេងៗដោយមានប្រសិទ្ធិភាព។ វិធានការ គឺជាសកម្មភាពដែលត្រូវអនុវត្តន៍ជាក់ ស្តែង ជាកម្ម ជាអំពើដែលត្រូវធ្វើ។ និញ្វន សន្តិភាព ឬសេចក្តីសុខ មិនមែនកើតឡើងដោយការ សុំបន់ស្រន់បួងសួងទេ និងក៏មិនអាចកើតឡើងដោយសារការផ្តល់ឬការប្រទានឲ្យដោយចិត្ត ស្រឡាញ់របស់អាទិទេពណាមួយឡើយ ឬសូម្បីតែព្រះសម្មាសម្ពុទ្ធក៏មិនអាចផ្តល់និព្វានឲ្យពួក យើងបានដែរ តែនិញ្វន សន្តិភាព ឬសេចក្តីសុខ នេះ អាចកើតឡើងដោយសារការចាត់វិធានការ ការធ្វើ ការអនុវត្តដោយត្រឹមត្រូវ តែប៉ុណ្ណោះ។ វិធានការតាមឱវាទបាដិមោក្ខមាន៣ប្រការគឺ:


១- ការមិនធ្វើអាក្រក់ ការកម្ចាត់អំពើអាក្រក់ និងការពារអំពើអាក្រក់គ្រប់ប្រភេទមិនឲ្យកើតឡើង បាននៅក្នុងជីវិតរស់នៅ ទាំងផ្លូវកាយនិងផ្លូវសម្តី។ ការមិនធ្វើអាក្រក់នេះ គឺជាតួសីល ជាសីល សិក្ខា ជាការរក្សាសីល។​ (សព្វបាបស្ស អករណំ)។ 
 
២- ការធ្វើអំពើល្អ បង្កើតអំពើល្អ និងរក្សាអំពើល្អឲ្យស្ថិតសេ្ថរគង់វង្សក្នុងជីវិតរស់នៅប្រចាំថៃ្ង ទាំង អំពើល្អខាងផ្លូវកាយ និងផ្លូវសម្តី។ ការធ្វើអំពើល្អ ជាតួសមាធិ ជាសមាធិសិក្ខា ជាការធ្វើចិត្តឲ្យ មានសមាធិ។  (កុសលស្សូបសម្បទា)។  
 
៣- ការពង្រឹងចិត្ត ដែលជាមូលដ្ឋាននៃកម្មឬអំពើ ដោយព្យាយាមកម្ចាត់ពួកកិលេស ឬ មេរោគ ដែលតោងចិត្តឲ្យអស់ទៅ រហូតដល់ចិត្តស្អាតល្អបរិសុទ្ធ មិនមានសភាវៈអាក្រក់ស្ថិតនៅក្នុងចិត្ត តទៅទៀត។ ការកម្ចាត់កិលេសឲ្យចេញផុតពីសន្តាន ជាតួបញ្ញា ជាបញ្ញាសិក្ខា ជាការចំរើនបញ្ញា ឲ្យកើតឡើង។ (សចិត្តបរិយោទបនំ)។​

៣) ការរៀបចំខ្លួនដើម្បីអនុវត្តវិធានការនោះឱ្យបានជោគជ័យ

            ជោគជ័យរបស់វិធានការទាំង៣ អាស្រ័យនៅលើអ្នកដែលធ្វើ អ្នកដែលអនុវត្ត ឬអ្នកដែល ប្រាថ្នា ទៅឱ្យដល់គោលដៅដែលខ្លួនបានប៉ងទុក។ ដូច្នេះ ម្នាក់ៗត្រូវត្រៀមខ្លួនឱ្យបានល្អ មាំទាំ មាំ មួន ។ ក្នុងឱវាទដែលព្រះពុទ្ធអង្គទ្រង់បានសម្តែងក្នុងឱកាសមហាសន្និ បាតនោះ មានគោលធម៌ ចំនួន ៧ ដែលម្នាក់ៗត្រូវបណ្តុះបណ្តាលឲ្យកើតមានដល់ខ្លួន និងរៀនរស់នៅក្នុងគោលធម៌ទាំង៧ ឲ្យបាន ខ្ជាប់ខ្ជួន ដែលនាបច្ចុប្បន្ននេះយើងអាចនិយាយថា ម្នាក់ៗគួរគប្បីប្រកាន់យកគោលធម៌ ទាំង ៧នេះ ជាវប្បធម៌សម្រាប់ការប្រព្រឹត្តទៅនៃជីវិត ដែលមាន៖

១ វប្បធម៌ខន្តី-       អ្នកចង់បានជោគជ័យ ត្រូវមានខន្តី ឬសេចក្តីអត់ធន់ អត់ធ្មត់ អត់ទ្រាំ និងអត់ ឱន។ ព្រះពុទ្ធអង្គ ទ្រង់ត្រាស់ថា ខន្តីនេះជា បរមធម៌ ជាធម៌ដ៏ឪត្តម ជាគោលដំបូង ដែលពុទ្ធ សាសនិកទាំងអស់គប្បីរៀន និងអនុវត្តជាដំបូង មុននឹងឈានទៅរកការរៀនធម៌ អនុវត្តន៍គោល ការណ៌ដទៃៗទៀត ព្រោះថា គ្មានអ្វីដែលបានមក ដែលកើតមកដោយឯកឯង ឬងាយៗនោះទេ គឺត្រូវបានមកដោយការលំបាក ដោយសេចក្តីទុក្ខទាំងអស់ ដូច្នេះហើយបានជាត្រូវមានខន្តី​ជា ដំបូង។ ព្រះនិព្វាន គឺជា  បរមធម៌ ដែលត្រូវការ ខន្តីដែលជាបរមធម៌ ដែរ ទើបអាចសម្រេចបាន
 
២-វប្បធម៌មិនសម្លាប់៖ ព្រះពុទ្ធអង្គបានផ្តល់នូវនិយាមដាច់ខាតមួយ សំរាប់អ្នកណាដែល សម្គាល់ខ្លួនថាជាបព្វជិត(អ្នកបួស) និងជាសមណៈ ទោះជានៅក្នុងសាសនាណាក្តី ដោយព្រះ អង្គមានបន្ទូលថា «អ្នកបួសដែលបៀតបៀនសត្វដទៃ សម្លាប់សត្វដទៃ មិនមែនជាបព្វជិត មិន មែនជាសមណៈឡើយ» គឺគ្រាន់តែមនុស្សបុថុជ្ជន ធម្មតាៗប៉ុណ្ណោះ។ ត្រង់នេះ បង្ហាញឲ្យឃើញ ច្បាស់ថា ពុទ្ធសាសនាឬអ្នកបួសក្នុងពុទ្ធសាសនា មិនគប្បីប្រើប្រាស់«ការសម្លាប់» ជាមធ្យោបាយ ឡើយ បើទោះជាក្នុងគោលបំណងណាក៏ដោយ។ នៅក្នុងន័យនេះ សត្វដទៃ ដែលមិនត្រូវសម្លាប់ ជាដាច់ខាតនោះ គឺ«សត្វមនុស្ស» យើងនេះឯង។

៣-វប្បធម៌មិនបៀតបៀន មិនតិះដៀលអ្នកដទៃ ជាវប្បធម៌លើកស្ទួយការរស់នៅជាមួយគ្នា ការយោគយល់គ្នា មិនមើលងាយមើលថោកគ្នា រស់ក្នុងភាពស្មើគ្នា និងមិននាំទៅរកការឈ្លោះ ប្រកែកនិងទំនាស់ ដែលជាកត្តាឈានទៅរកការបរាជ័យរបស់វប្បធម៌ទី២។ នេះជាចំណែកមួយ ទៀតនៃការរស់ក្នុងវប្បធម៌សន្តិភាព។

៤-វប្បធម៌រស់នៅក្នុងច្បាប់ ដោយជៀសវាងការបៀតបៀនគ្នា និងការតិះដៀលគ្នា។ មនុស្ស ម្នាក់ៗ គប្បីរស់នៅក្នុងបែបផែននៃច្បាប់ នៃវិន័យ របស់ខ្លួនវិញប្រសើរជាង។ ការអនុវត្តបាដិមោក្ខ គឺការរស់នៅក្នុងច្បាប់របស់ខ្លួន គោរព  វិន័យរបស់ខ្លួន ត្រេកអររីករាយក្នុងវិន័យឬច្បាប់ទាំងនោះ ដោយមិនបាច់ទៅបន្តុះបង្អាប់ថាបាដិមោក្ខ ច្បាប់ ប្រពៃណី របស់គេមិនល្អដូចខ្លួនឡើយ។

៥-វប្បធម៌បរិភោគដោយដឹងប្រមាណ គឺការបរិភោគដែលប្រកបដោយសតិ មានស្មារតីភ្ញាក់ រលឹក ថាអាហារនេះជារបស់ក្រ មិនគប្បីខ្ជះខ្ជាយ ដឹងថាអាហារណាដែលគួរប្រើប្រាស់ដើម្បី សុខភាពរាងកាយនិងសុខភាពចិត្ត និងប្រើប្រាស់ល្មមតែនឹងសេចក្តីត្រូវការរបស់រាងកាយ។

៦-វប្បធម៌រស់នៅក្នុងសភាពស្ងប់ស្ងាត់  គឺរស់នៅក្នុងបរិដ្ឋានមួយដែល អំណោយផលដល់ការ លូតលាស់ផ្នែកសតិបញ្ញា ដល់ការសម្រេចនូវធម៌ជាន់ខ្ពស់ ជាកន្លែងមិនមានសម្លេងដែល ខ្លាំងហួសប្រមាណ មានបរិដ្ឋានជុំវិញដែលគួរឲ្យចង់ស្នាក់នៅ។

៧-វប្បធម៌គ្រប់គ្រងចិត្ត គឺការព្យាយាមអភិវឌ្ឍចិត្តរបស់ខ្លួនឲ្យកាន់តែមានសុខភាព សមត្ថភាព ភាព និងគុណធម៌ ដែលនឹងនាំឲ្យបុគ្គលអ្នកអនុវត្តអាចគ្រប់គ្រងចិត្តរបស់ខ្លួន មិនឲ្យលុះទៅក្នុង អំណាចនៃសេចក្តីលោភលន់ សេចក្តីខឹងក្រោធ និងសេចក្តីល្ងង់ ការវង្វែង និងអវិជ្ជា។ 
 
    ខ្ញុំសូមបញ្ចប់ធម្មគតិសម្មាមគ្គ លើការពណ៌នាឈ្វេងយល់អំពីផែនការសម្រាប់ជីវិតតាមឱវាទ ទាំង ១១ប្រការ របស់ព្រះពុទ្ធអង្គ ក្នុងថ្ងៃមាឃបូជា ដែលខ្ញុំព្យាយាមរៀបឲ្យទៅជាទម្រង់នៃផែន ការជីវិតចំនួន៣ គឺ ការមានគោលបំណងសំរាប់ជីវិតច្បាស់លាស់ ការមានវិធានការ៣យ៉ាងដើម្បី សម្រេចនូវគោលបំណងសំរាប់ជីវិតឲ្យបាន និង ការរៀបចំខ្លួនក្នុងការរស់នៅជាមួយវប្បធម៌ទាំង ៧ប្រការ ដើម្បីអនុវត្តវិធានការនោះឱ្យបានជោគជ័យ​ ត្រឹមតែប៉ុណ្ណេះ។ ទម្រង់ផែនការជីវិតដ៏ទាន់ សម័យនេះ ព្រះពុទ្ធអង្គបានរៀបចំឲ្យពួកយើងជាពុទ្ធបរិស័ទតាំងពីជាង២៦០០ឆ្នាំមកហើយ។ សូមឲ្យពុទ្ធបរិស័ទទាំងអស់ អញ្ជើញព្យាយាមសិក្សា និង ព្យាយាមយកមកអនុវត្ត នៅក្នុងជីវិត របស់ខ្លួន ក្នុងគ្រួសារ ក្នុងកន្លែងធ្វើការចិញ្ចឹមជីវិត និងក្នុងសង្គមខ្លួន ដោយសេចក្តីអត់ធន់ អត់ធ្មត់ អត់ទ្រាំ និងអត់ឱន ដល់គ្នានឹងគ្នា ដើម្បីសម្រេចគោលបំណងរបស់ខ្លួនឲ្យបាន និងដើម្បីឲ្យសមជា ពលរដ្ឋខ្មែរដែលមានពុទ្ធសាសនាជាសាសនារបស់រដ្ឋ។

សូមអនុមោទនា!

វត្តពោធិវាល​  ​ក្រុងបាត់ដំបង

ថ្ងៃ​ព្រហស្បតិ៍ ១៥កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ២៨ ខែ មករា ឆ្នាំ ២០២១

No comments:

Post a Comment