បរាភវសូត្រ៖ ព្រះសូត្រនិយាយពីហេតុដែលនាំឲ្យជីវិតបរាជ័យ

 អត្ថបទអបអរពិធីបុណ្យកាន់បិណ្ឌ និង ភ្ជុំបិណ្ឌ

ដោយធម្មបណ្ឌិត ហេង មណីចិន្តា

អំពីបរាភវសូត្រ ឬ ហេតុដែលនាំឲ្យជីវិតបរាជ័យ


ចាប់ពីម៉ោង៤ភ្លឺ នៃបុណ្យកាន់បិណ្ឌចំនួន១៥ថ្ងៃ នៅតាមវត្តនីមួយៗ សម្លេងស្មូត្រដ៏ក្រអៅក្រអួនបានលាន់ឮចេញពីវត្តអារាមនានា តាមឧគ្ឃោសនសព្ទ ទៅដល់ត្រចៀកនៃពុទ្ធបរិស័ទតាមស្រុកស្រែដែលកំពុងលង់លក់ឲ្យភ្ញាក់ឡើង ហើយក៏លើកដៃប្រណម្យឡើងលើទាំងនៅបិទភ្នែកនៅឡើយ ដើម្បីអនុមោទនា អបអរនឹងការសូត្រធម៌ បរាភវសូត្ររបស់ព្រះសង្ឃ ដែលព្រះអង្គឧស្សាហ៍ភ្ញាក់ពីយប់ ដើម្បីសូត្រដាស់តឿនដល់ពុទ្ធបរិស័ទចំណុះជើងវត្តទាំងឡាយ ឲ្យប្រុងប្រយ័ត្ននឹងភាពបរាជ័យក្នុងជីវិតរបស់ខ្លួន។

បរាភវសូត្រ  គឺជាធម្មទេសនាដែលព្រះសម្មាសម្ពុទ្ធបានសម្តែងដល់ទេពតា (ដែលអាចជាសម្មតិទេព គឺពួកអភិជនដែលស្ថិតនៅក្នុងវណ្ណៈក្សត្រ នាសម័យពុទ្ធកាល) ដែលមកសាកសួរព្រះអង្គនាពេលរាត្រី អំពីហេតុដែលនាំឲ្យសត្វលោកនិងមនុស្ស ទទួលបរាជ័យក្នុងដំណើរជីវិតរបស់ខ្លួន។ ធម្មទេសនារបស់ព្រះពុទ្ធអង្គនេះ មានលក្ខណៈជាសំនួរ-ចម្លើយ គឺសួរមួយសំនួរ ឆ្លើយមួយសំនួរ។ ទេវតាសួរ១២ដង ព្រះពុទ្ធអង្គក៏ឆ្លើយ១២ដងដែរ នេះបើតាមគម្ពីរសុត្តន្តបិដក ខុទ្ទកនិកាយ ភាគ៥៤ បរាភវសូត្រទី៦ ចាប់ពីទំព័រទី៣៦ដល់៤១ បានកត់ត្រាទុក៖

ក្នុងបរាភវសូត្រនេះ ពួកទេវតាបានសួរព្រះពុទ្ធអង្គថា៖ «ពួកយើងទាំងទ្បាយ មកដើម្បីសួរព្រះគោតមដ៏ចម្រើន (ដោយគិតថា) យើងទាំងទ្បាយ សូមសួរអំពីបុរសបុគ្គល ដែលនឹងមានសេចក្តីវិនាស ថាតើអ្វីជាប្រធាននៃសេចក្តីវិនាស?

ពេលនោះ ព្រះដ៏មានព្រះភាគ ព្រះអង្គបានត្រាស់ឆ្លើយម្តងមួយសំនួរៗ រហូតដល់ទេវតាឈប់សួរ នៅសំនួរទី១២។ ខ្ញុំសុំធ្វើសេចក្តីសង្ខេប បរាភវសូត្រ ពីភាសាបុរាណមកបច្ចុប្បន្ននេះ ដូចតទៅ៖

មនុស្សជាតិ ដែលជីវិតជួបបរាជ័យ ព្រោះមានហេតុដែលធំៗចំនួន១២ គឺ៖

ទី១    ស្អប់ធម៌ និង មិនចូលចិត្តធម៌ 

ទី២    សេពគប់ជនអសប្បុរស និង ពេញចិត្តចំពោះធម៌ពួកអសប្បុរស

ទី៣    ដេកច្រើន និយាយច្រើន មិនខ្មីឃ្មាត ខ្ជិលច្រអូស ពូកែខឹងក្រោធ

ទី៤   មិនចិញ្ចឹមមាតាបិតាដែលចាស់ជរា

ទី៥  ពូកែបោកបញ្ឆោត បោកប្រាស់ ពពួកព្រាហ្មណ៍ (បញ្ញាវ័ន្ត) សមណៈ អ្នកបួស ឬ សូម្បីតែស្មូម

ទី៦    មានទ្រព្យ មានប្រាក់ សម្បូណ៌អាហារ តែកំណាញ់ បរិភោគតែម្នាក់ឯង​

ទី៧    មើលងាយញាតិរបស់ខ្លួន ដោយការអាងឬប្រកាន់វណ្ណៈ អាងទ្រព្យ អាងពូជអំបូរ 

ទី៨    ជន​ជា​អ្នកលេង​ស្រី ​ប្រមឹកស្រា​ និង ​លេងល្បែង​ភ្នាល់​

ទី៩    ​មិន​ត្រេកអរ​នឹង​ប្រពន្ធ​របស់​ខ្លួន​ ​ទៅ​ខូចកាច​ជាមួយ​ស្រីពេស្យា​ ​ឬ​ប្រពន្ធអ្នក​​ដទៃ

ទី១០    ខ្លួនជាមនុស្សចាស់ តែយកស្ត្រីមានវ័យក្មេងជាងឆ្ងាយ មកធ្វើជាគូគាប់ ​

ទី១១    តែងតាំងស្ត្រី-បុរស ដែលជាអ្នកចាយវាយខ្ជះខ្ជាយឲ្យជាអ្នកចាត់ចែងធំ និង

ទី១២    ជាអ្នកកើតក្នុងត្រកូលក្សត្រដែលមានទ្រព្យតិច តែប្រាថ្នាធំចង់សោយរាជ្យ 


ពាក្យថា វិនាស ប្រែថា សេចក្ដី​ខូច​បង់ ការ​បាត់ បាត់បង់ ការ​ខូច​ខាត សេចក្ដី​អន្តរាយ ដំណើរ​លាញ និង សូន្យ ជាដើម។ នៅក្នុងព្រះសូត្រជាភាសាបាលី លោកប្រើពាក្យ «បរាភវ» ប្រែថា សេចក្ដី​វិនាស សេចក្តីហីនហោច សេចក្ដីសាបសូន្យ ខុសក្រៃលែង ធ្វើឲ្យវិនាស ឲ្យអាប់ឱន ឲ្យខូចកេរ្តិ៍ឈ្មោះ ជាដើម។ ពាក្យដែលយើងធ្លាប់ឃើញប្រើ ដែលទាក់ទងនឹង បរា មានដូចជា បរាជ័យ​ ប្រែថាការ​ចាញ់។ បរាជិតោ ប្រែថាអ្នក​ចាញ់ ។ល។

បរាភព ឬ សេចក្ដីវិនាស សេចក្តីហីនហោច សេចក្ដីសាបសូន្យ កំហុស ការអាប់ឱន ការខូចកេរ្តិ៍ឈ្មោះ ការខូចបង់ ឬ សេចក្តីអន្តរាយ នៃកិច្ចការ គោលបំណង សេចក្តីសុខ សេចក្តីសម្រេច ឬជោគជ័យ ធំឬតូច របស់ជីវិតមនុស្ស អាស្រ័យនៅលើកត្តាជាច្រើនទៀតផងដែរ ដូចជាថា តើអ្នកនោះបានដើរលើផ្លូវវិនាសទាំង១២ប្រការនេះ ច្រើនប្រការ គ្រប់ប្រការ ឬ តិចប្រការ។ បានធ្វើជាប្រចាំឬធ្វើម្តងម្កាល។ បានធ្វើក្នុងកម្រិតស្រាលៗឬបានធ្វើដោយកម្រិតធ្ងន់ៗ។ ធ្វើនៅកន្លែងណា និង ធ្វើនៅពេលណាជាដើម។ តែដែលជាគោលនោះ ប្រការនីមួយៗដែលព្រះពុទ្ធអង្គបានប្រាប់ទេវតា សុទ្ធតែនឹងរួមចំណែកដល់ការវិនាសអន្តរាយជីវិតនិងជីវភាព ជាពិតប្រាកដ បើជនណានឹងប្រព្រឹត្ត។

ម្យ៉ាងទៀត ព្រះពុទ្ធអង្គបានកំណត់លក្ខណៈរបស់ មនុស្សថោកទាប (វសលមនុស្ស) និង ធម៌ដែលនាំឲ្យថោកទាប (វសលករណី) នៅក្នុងវសលសូត្រ ទី៧ ព្រះត្រៃបិដកភាគ៥៤ ជាច្រើនន័យ ដែលនៅក្នុងនោះ យើងឃើញមានចំណុចជាច្រើន ដែលមាននៅក្នុងបរាភវសូត្រដែរ ដូចជា បុគ្គលណាមានសេចក្តីក្រោធ។ បុគ្គលណាប្រព្រឹត្តខូចចំពោះប្រពន្ធរបស់ពួកញាតិឬសម្លាញ់។ បុគ្គលណាជាអ្នកស្តុកស្តម តែមិនចិញ្ចឹមមាតាឬបិតាដែលចាស់ជរា។ បុគ្គលណាបញ្ឆោតព្រាហ្មណ៏ក្តី សមណៈក្តី ឬអ្នកសូមឯទៀតក្តី ដោយពាក្យកុហក។ បុគ្គលណាដែលលើកតំកើងខ្លួនឯង ឬបន្តុះបង្អាប់ពួកជនដទៃ តែខ្លួនជាអ្នកសាបសូន្យមិនមានគុណវុឌ្ឍិក្នុងខ្លួន។ បុគ្គលណា កោងកាចក្តី ស្មូរកន្ទ្រឹសក្តី មានសេចក្តីប្រាថ្នាអាក្រក់ក្តី កំណាញ់ក្តី អំនួតក្តី មិនអៀនខ្មាសក្តី មិនខ្លាចបាបក្តី ទាំងអស់នេះ ព្រះពុទ្ធអង្គលោកប្រាប់ឲ្យដឹងថា បុគ្គលនោះ ជាបុគ្គលថោកទាប ។ ដូច្នេះ បុគ្គលដែលមានគោលបរាជ័យនៅក្នុងខ្លួនជាប្រចាំ នឹងអាចហៅថាជាមនុស្សថោកទាប​​ ក៏បានដែរ។

នៅចុងបញ្ចប់នៃព្រះសូត្រ ព្រះពុទ្ធអង្គបានមានព្រះបន្ទូលថា «បុគ្គលជាបណ្ឌិត បរិបូណ៌ដោយការឃើញដ៏ប្រសើរ ពិចារណាឃើញច្បាស់ នូវសេចក្តីវិនាសទាំងនុ៎ះក្នុងលោក បណ្ឌិតនោះ រមែងគប់រកនូវលោក ដែលមានសេចក្តីសុខដ៏ក្សេមក្សាន្ត។

បរាភវសូត្រ ជាព្រះសូត្រដែលគេនិយមសូត្រតែម្តងប៉ុណ្ណោះ ក្នុងមួយឆ្នាំ គឺនៅក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ ចំនួន១៥ថ្ងៃ។ កិច្ចការនេះ ជាឧបាយដ៏ល្អរបស់ចាស់បុរាណក្នុងការបង្កើតកម្មវិធី បោះបាយបិណ្ឌ បន្ទាប់ពីពួកគាត់និងកូនចៅ បានស្តាប់ព្រះសង្ឃលោកសូត្រឬស្មូត បរាភវសូត្រទាំង១២ប្រការចប់ហើយ។ ដូច្នេះ ការអញ្ជើញទៅវត្តនៅពេលជិតភ្លឺ និងនាំកូនចៅទៅជាមួយ ដើម្បីស្តាប់ព្រះសង្ឃលោកសូត្របរាភវសូត្រ នារដូវកាន់បិណ្ឌនិងភ្ជុំបិណ្ឌ យ៉ាងតិចណាស់ក៏មួយឆ្នាំបាន១យប់ឬបានម្តងនោះ គឺពិតជាអាច​មានពេលដើម្បីឆ្លុះបញ្ចាំងពីដំណើរជីវិតរបស់ខ្លួន និងជាការបង្ហាត់បង្ហាញកូនចៅឲ្យបានយល់ថាអ្វីដែលជាហេតុនាំឲ្យវិនាសដល់ជីវិតរបស់ពួកគេ ទាំងបច្ចុប្បន្ននិងអនាគត ឬ ដែលនាំឲ្យពួកគេក្លាយទៅជាមនុស្សថោកទាបឬមនុស្សថ្លៃថ្នូរបាន។

សុំឲ្យបរាភវសូត្រ បានក្លាយទៅជាកញ្ចក់ឆ្លុះដំណើរជីវិត ក្នុងការជៀសវាងឲ្យផុតពីសេចក្តីវិនាស ការបរាជ័យ ការសាបសូន្យ របស់បុគ្គលម្នាក់ៗ សង្គមនីមួយៗ និង ជាគតិក្នុងការគ្រប់គ្រងប្រទេសជាតិឆ្ពោះទៅកាន់ភាពមិនបរាជ័យ ឬ សេចក្តីសម្រើនរុងរឿងតទៅ។


សូមអនុមោទនា


No comments:

Post a Comment