វិថីជីវិតសម្មាមគ្គ
ធម្មគតិសម្មាមគ្គ
អំពី
ឋានៈជាមនុស្សពេញលេញ
នមោ ពុទ្ធាយ សិទ្ធំ! នមោ ពុទ្ធាយ សិទ្ធំ! នមោ ពុទ្ធាយ សិទ្ធំ! ដោយកិច្ចនមស្សការរបស់ខ្ញុំចំពោះព្រះពុទ្ធជាម្ចាស់ សូមឲ្យខ្ញុំបានសម្រេចនូវសេចក្តីប្រាថ្នា ទាំងពួង។
អត្ថបទធម្មគតិសម្មាមគ្គក្នុងថ្ងៃនេះ ខ្ញុំសុំលើកយកគាថាបាលីដែលចាស់ៗពីបុរាណ លោកជឿថាសក្តិ៍សិទ្ធិ៍ និងតែងឲ្យកូនចៅទន្ទេញភាវនា ដើម្បីឲ្យសេចក្តីប្រាថ្នាណានីមួយ ដែលកូនចៅប្រាថ្នា បានសម្រេចដូច បំណង មកធ្វើធម្មវិច័យទុកជាការសិក្សាតទៅ។
មុនបានទទួលឯករាជ្យពីបារាំងនាឆ្នាំ១៩៥៣ ការរៀនអក្សរនិងការសិក្សាភាគច្រើន គឺមាននៅតាមវត្តអារាម និងមានតែក្មេងប្រុសប៉ុណ្ណោះ។ ការរៀនសរសេរនិងទន្ទេញជា ដំបូងបំផុតសម្រាប់សិស្សវត្តទាំងនោះ គឺពាក្យថា នមោ ពុទ្ធាយ សិទ្ធំ ដោយរៀនសរសេរ តាមតួអក្សរដែលឆ្លាក់ជាអក្សរវត្តឬអក្សរមូល នៅលើបន្ទះក្តារ ហើយកូនសិស្សត្រូវរៀន សរសេរតាមលំនាំនៃចម្លាក់អក្ខរៈនៅលើក្តារទាំងនោះ រួមទាំងត្រូវទន្ទេញសូត្របាលីនេះ រៀងរាល់មុនពេលចូលរៀនគ្រប់ៗគ្នា។ ក្នុងខ្សែអាត់សម្លេងពន្យល់របស់សម្តេចព្រះសង្ឃ រាជជួន ណាត ជោតញ្ញាណោ លើគាថានេះ មានដូច្នេះគឺ៖ នមោ រីកិរិយានមស្សការ ថ្វាយបង្គំ។ ពុទ្ធាយ ចំពោះទៅព្រះពុទ្ធ។ សិទ្ធំ រីសេចក្តីសម្រេច។ ជាសេចក្តីពេញ ព្រះអង្គ មានព្រះបន្ទូលសារុបថា៖ «នមោ ពុទ្ធាយ សិទ្ធំ គឺ ខ្ញុំសូមនមស្សការថ្វាយបង្គំចំពោះ ទៅព្រះពុទ្ធ សូមឲ្យខ្ញុំមាននូវសេចក្តីសម្រេច គឺខ្ញុំរៀនសូត្រទៅឲ្យឆាប់ចេះ»។
ពាក្យថា សេចក្តីសម្រេច ឬ សិទ្ធំ នេះ ជាពាក្យគោលសំខាន់នៅក្នុងការនមស្សការ ចំពោះព្រះពុទ្ធអង្គ នៅក្នុងន័យសេចក្តីថា ការរៀនសូត្រគឺជាការលំបាក ជាការកម្រ ទើប ម្នាក់ៗសុំប្រាថ្នាអំពីព្រះពុទ្ធអង្គ ដើម្បីរៀនឆាប់បានសម្រេច។ ការប៉ងប្រាថ្នារបស់ក្មេងវត្ត ជំនាន់ដើមទាំងនេះ ធ្វើឲ្យខ្ញុំនឹកទៅដល់ពុទ្ធវចនៈមួយគាថារបស់ព្រះពុទ្ធអង្គ ដែលមាននៅ ក្នុងភាសិតោវាទដូច្នេះ គឺ៖
កិច្ឆោ មនុស្សប្បដិលាភោ កិច្ឆំ មច្ចាន ជីវិតំ
កិច្ឆំ សទ្ធម្មស្សវនំ កិច្ឆោ ពុទ្ធានមុប្បាទោ។
ការបានអត្តភាពជាមនុស្ស ជាការលំបាក។
ការរស់នៅរបស់សត្វទាំងឡាយ ជាការលំបាក។
ការបានស្តាប់នូវព្រះសទ្ធម្ម ជាការកម្រ។
កិរិយាបានត្រាស់នៃព្រះពុទ្ធទាំងឡាយ ជាការលំបាក។
គាថានេះ បានបង្ហាញអំពី សភាវៈក្រ សភាវៈលំបាក សភាពត្រដាប ត្រដួស (ដែល ភាសាបាលីហៅថា កិច្ឆៈ) ៤យ៉ាង ដែលមនុស្សប៉ងប្រាថ្នាសុំឲ្យបានសម្រេច ក្នុងជីវិតខ្លួន ដោយងាយស្រួល គឺ
១) សុំឲ្យមានឋានៈជាមនុស្សពេញលេញបានដោយស្រួល
២) សុំឲ្យមានការរស់នៅនិងចិញ្ចឹមជីវិតបានងាយស្រួល
៣) សុំឲ្យបានសម្រេចក្នុងការស្តាប់ ការសិក្សារៀនសូត្រដោយងាយស្រួល
៤) សូមឲ្យបានឆាប់សម្រេចការត្រាស់ដឹងនូវព្រះនិព្វាន ដោយងាយស្រួល។
សេចក្តីប្រាថ្នាដើម្បីរៀនសូត្រឲ្យបានសម្រេចរបស់ក្មេងវត្ត ភិក្ខុ-សាមណេរពីបុរាណ តាម រយៈ នមោ ពុទ្ធាយ សិទ្ធំ នេះ អាចថាជាការប៉ងប្រាថ្នាគេចឲ្យផុតពីការលំបាក ចំណុចទី៣ ដែលព្រះពុទ្ធអង្គបានត្រាស់សម្តែង គឺការកម្រនិងលំបាកក្នុងការបានស្តាប់ បានសិក្សានូវព្រះសទ្ធម្មឲ្យបានឆាប់ចាំឆាប់ចេះ។ ចំពោះការក្រលំបាកទី២ គឺ ការរស់នៅរបស់សត្វទាំង ឡាយ ជាការលំបាកនេះ ខ្ញុំជឿថាយើងទាំងអស់គ្នាគង់តែនឹងបានដឹងដោយខ្លួនឯងហើយថា ការប្រកប របរដើម្បីចិញ្ចឹមជីវិតឲ្យបានសេចក្តីសុខ សេចក្តីសប្បាយ និង មានសុខភាព ជា ល្អ សម្រាប់ម្នាក់ៗនោះ គឺពិតជាលំបាកណាស់។ ចំពោះសេចក្តីប្រាថ្នាចំណុចទី៤ គឺ ការលំបាកដ៏ក្រៃលែងក្នុងការចង់បានត្រាស់ដឹងទៅជាព្រះពុទ្ធ ឬ សូម្បីតែបានត្រាស់ដឹងត្រឹម តែជាព្រះអរហន្តដែលជាសាវ័ករបស់ព្រះពុទ្ធក៏ដោយ។
ដោយឡែកសម្រាប់សេចក្តីលំបាក ដើម្បីនឹងបានអត្តភាពជាមនុស្សនេះ ជារឿងសំខាន់ ខ្លាំងណាស់ ព្រោះថា បើមិនបានកើតជាមនុស្សទេ ការត្រាស់ដឹងក៏មិនអាចកើតឡើងដែរ ហើយព្រះពុទ្ធក៏នឹងមិនកើតមានឡើងដែរ។ ការកើត មកជាមនុស្សក្តី ការបានសម្រេចជា មនុស្សក្តី ការមានសិទ្ធិជាមនុស្សពេញ លេញក្តី ដែលសព្វថ្ងៃនេះតែងប្រើពាក្យថា សិទ្ធិ មនុស្ស គឺជាបុរេលក្ខខណ្ឌ ឬ លក្ខខណ្ឌជាដំបូងដែលមិនអាចអត់បាន គឺថា មនុស្សត្រូវមានសិទ្ធិ៍ជាមនុស្ស សិន មុននឹងប្រាថ្នាកុំឲ្យមានការលំបាកក្នុងការចិញ្ចឹមជីវិត ក្នុងការសិក្សា រៀនសូត្រ និង ការបានត្រាស់ដឹងផុតពីសេចក្តីទុក្ខជាដើម។ ដូច្នេះ បាលី នមោ ពុទ្ធាយ សិទ្ធំ នេះ អាចនឹងឲ្យបុគ្គលគ្រប់រូបនាំគ្នាទន្ទេញឲ្យចាំមាត់ជាមួយនឹងសេចក្តីប្រែថា «ដោយ កិច្ច នមស្សការរបស់ខ្ញុំចំពោះព្រះពុទ្ធ សូមឲ្យខ្ញុំបាននូវសេចក្តីសម្រេច គឺខ្ញុំបានសម្រេច ឬ បានសិទ្ធិជាមនុស្សដោយឆាប់ៗ ងាយស្រួល»។
សិទ្ធិមនុស្ស គឺការបានសម្រេចនូវឋានៈជាមនុស្ស។ ការគោរពសិទ្ធិមនុស្ស គឺការ គោរពភាពជាមនុស្សរបស់មនុស្សនោះ។ លើកស្ទួយសិទ្ធិមនុស្ស គឺការផ្តល់លទ្ធភាព និង ជួយឲ្យមនុស្សបានសម្រេចភាវៈជាមនុស្សដោយពេញ លេញ។ ការសូត្របាលី នមោ ពុទ្ធាយ សិទ្ធំ គឺការតាំងចិត្តដើម្បីបានសម្រេចភាវៈជាមនុស្សពេញលេញបានឆាប់និងងាយស្រួល។
នរណាទៅដែលមិនចង់មានឋានៈជាមនុស្ស?
នរណាក៏ជឿថាខ្លួនកើតមកជាមនុស្ស តែក៏មានការជជែកគ្នាអំពីនិយមន័យនៃភាព ជាមនុស្សពេញលេញ ថាមានលក្ខណៈដូចម្តេច។ មានមនុស្សល្អជាច្រើនបានព្យាយាម ជួយបំពេញលក្ខខណ្ឌជាមនុស្សឲ្យដល់មនុស្សគ្រប់គ្នា តែក្នុងសង្គមពិត ក៏តែងមានអ្នករំលោភសិទ្ធិមនុស្ស គឺអ្នកដែលមិនចង់ឲ្យមនុស្សយើងក្លាយទៅជាមនុស្សពេញលេញ គឺឲ្យ នៅត្រឹមតែជា «សត្វ»។ តើនរណាខ្លះចង់ធ្វើជាសត្វ? ពេលគេជេរថា «អាសត្វ»! ម្នាក់ៗ ខឹង ណាស់ ព្រោះតែងជឿថាខ្លួនគឺជាមនុស្សពិតៗ។ មនុស្សខុសពីសត្វត្រង់មានធម៌ គឺធម៌ ឬលក្ខខណ្ឌដើម្បីបានទទួលការស្គាល់ឋានៈជាមនុស្ស។ ព្រះពុទ្ធអង្គលោកបានសម្តែង លក្ខខណ្ឌ (សទ្ធម្ម) ដែលធ្វើមនុស្សឲ្យទៅជាមនុស្សជាង ២៦០០ ឆ្នាំមកហើយ។ លក្ខខណ្ឌ ជាដំបូងដើម្បីបានក្លាយខ្លួនជាមនុស្សពេញលេញក្នុងព្រះពុទ្ធសាសនា មាន៥យ៉ាងគឺ៖
- អ្នកដែលចង់បានសិទ្ធជាមនុស្ស មិនត្រូវសម្លាប់មនុស្ស និងត្រូវជួយឲ្យមនុស្សផុតពី ត្រូវគេសម្លាប់
- អ្នកដែលចង់បានសិទ្ធជាមនុស្ស មិនត្រូវលួចទ្រព្យសម្បត្តិរបស់មនុស្ស និងត្រូវជួយ ឲ្យមនុស្សបានទទួលនូវទ្រព្យសម្បត្តិសម្រាប់ចិញ្ចឹមជីវិត
- អ្នកដែលចង់បានសិទ្ធជាមនុស្ស មិនត្រូវបៀតបៀតប្តីឬប្រពន្ធរបស់មនុស្សផងគ្នា យក មកធ្វើជាប្តីឬប្រពន្ធរបស់ខ្លួន និងត្រូវមានភាពស្មោះត្រង់ជាមួយប្តីឬប្រពន្ធរបស់ខ្លួន
- អ្នកដែលចង់បានសិទ្ធជាមនុស្ស មិនត្រូវកុហកមនុស្សផងគ្នា និងត្រូវជួយឲ្យមនុស្ស ផងគ្នា បានទទួលតែពាក្យពិតមិនកុហក
- អ្នកដែលចង់បានសិទ្ធជាមនុស្ស មិនត្រូវសេពគ្រឿងញៀនគ្រឿងស្រវឹងរហូតភ្លេចខ្លួន ជាមនុស្ស ទៅប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្សទាំង៤ខាងលើ និងត្រូវជួយឲ្យមនុស្ស ដទៃបានរួចផុតពីការស្រវឹងភ្លេចខ្លួននេះផងដែរ។
ការបំពេញលក្ខខណ្ឌ (ឬបំពេញធម៌) ជាមនុស្សរបស់ពុទ្ធសាសនានេះ ជាតួនាទី ឬ ជាធម៌ដែលមនុស្សម្នាក់ៗ សង្គមនីមួយៗត្រូវបំពេញឲ្យបាន បើសិនជាចង់បានទទួលឋានៈ ជាមនុស្សនិងឋានៈជា សង្គមមនុស្ស។ ព្រះ ពុទ្ធអង្គបានដាក់លក្ខខណ្ឌទាំង៥នេះ ជាគោល បដិបត្តិសម្រាប់នរណាដែលចង់ប្រកាសខ្លួនថាជាពុទ្ធបរិស័ទ ទោះជាគ្រហស្ថឬព្រះសង្ឃ ក៏ដោយ។ ចេញពីលក្ខខណ្ឌឬសិទ្ធមនុស្សទាំង៥នេះ ទើបបានក្លាយទៅជាសីល៨ សីល១០ សីល ២២៧ សម្រាប់ព្រះភិក្ខុសង្ឃ និង សីល៣១១ សម្រាប់ព្រះភិក្ខុនីសង្ឃ។ ដូច្នេះយើងឃើញថា អង្គការសហប្រជាជាតិដែលជាអង្គ ការរួបរួមដោយប្រទេសចំនួន ១៩៣ប្រទេស ក្នុងពិភពលោកជាសមាជិកនេះ ទើបតែបានចងក្រងនូវអ្វីដែលជាលក្ខខណ្ឌ ឬ សិទ្ធិរបស់មនុស្ស ដែលហៅថា «សេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្ស» ត្រឹមតែជាង ៦០ឆ្នាំ ប៉ុណ្ណោះ គឺទើបនឹងកើតឡើងនៅឆ្នាំ ១៩៤៨។ ចំណែកបូរាណខ្មែរយើងវិញ បានចងក្រងពាក្យប្រដៅកូន ចៅ ឲ្យតាំងចិត្តធ្វើខ្លួនដើម្បីសម្រេចជាមនុស្ស រាប់រយឆ្នាំមកហើយ តាមរយៈបទគាថា នមោ ពុទ្ធាយ សិទ្ធំ ដ៏ល្អវិសេសនេះ។
សូមកូនខ្មែរទាំងអស់គ្នានាំគ្នារៀនធ្វើជាមនុស្ស និងអនុញ្ញាតឲ្យអ្នកឯទៀតបាន សម្រេចជាមនុស្សផង ដោយសុំកុំបោះបង់គ្នាឬទុកគ្នា ជាសត្វ(តិរច្ឆាន) ឡើយ។
នមោ ពុទ្ធាយ សិទ្ធំ! ដោយកិច្ចនមស្សការរបស់ខ្ញុំចំពោះព្រះពុទ្ធជាម្ចាស់ សូមឲ្យ ខ្ញុំបានសម្រេចនូវសិទ្ធិ៍ជាមនុស្សដូចប្រាថ្នា!
វត្តពោធិវាល ក្រុងបាត់ដំបង
ថ្ងៃសុក្រ ១០រោច ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ថ្ងៃទី ០៨ ខែមករា ឆ្នាំ ២០២០
No comments:
Post a Comment