វិថីជីវិតសម្មាមគ្គ អំពី ពិធីបុណ្យមាឃបូជា

អំពី

ពិធីបុណ្យមាឃបូជា


ពិធីបុណ្យមាឃបូជា ជាពិធីបុណ្យមួយក្នុងចំណោមពិធីបុណ្យដែលមានសារៈសំខាន់ចំនួន៤ នៅក្នុងព្រះពុទ្ធសាសនា ដែលខ្មែរយើងប្រារព្ធធ្វើជារៀងរាល់ឆ្នាំ រួមមានពិធីបុណ្យមាឃបូជា ប្រារព្ធធ្វើនៅថ្ងៃ១៥កើតខែមាឃ ពិធីបុណ្យពិសាខបូជា ប្រារព្ធធ្វើនៅថ្ងៃ១៥កើតខែពិសាខ ពិធីបុណ្យអាសាឡ្ហបូជា ប្រារព្ធធ្វើនៅថ្ងៃ១៥កើតខែអាសាធ និង ពិធីបុណ្យបវារណាកម្ម ប្រារព្ធធ្វើនៅថ្ងៃ១៥កើតខែអស្សុជ។ 

ពិធីបុណ្យមាឃបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ទិវាដែលព្រះសម្មាសម្ពុទ្ធ «ប្រកាសបង្កើតព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការចាត់តាំង» ឡើងក្នុងពិភពលោក និង ជាថ្ងៃដែល «ព្រះពុទ្ធអង្គកំណត់ពេលវេលានៃការចូលបរិនិព្វាន»។ ព្រឹត្តិការណ៍សំខាន់ទាំងពីរនេះ កើតឡើងត្រូវនឹងថ្ងៃ១៥កើតខែមាឃដូចគ្នា ខុសគ្នាតែមុនក្រោយគ្នាចំនួន ៤៥ ឆ្នាំប៉ុណ្ណោះ។  សម្រាប់ថ្ងៃពេញបូណ៌មី ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៣នេះ ពិធីបុណ្យមាឃបូជា នឹងប្រារព្ធឡើងត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី ២៨ ខែ មករា ឆ្នាំ ២០២១។


ទី១-អំពីការប្រកាសបង្កើត ព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការចាត់តាំង

ការប្រកាសបង្កើត ព្រះពុទ្ធសាសនាក្នុងឋានៈជាអង្គការចាត់តាំងនៅថ្ងៃ១៥កើតខែមាឃនេះ កើតឡើងនៅក្នុងប្រទេសឥណ្ឌាពីបុរាណ ក្រោយពីព្រះពុទ្ធអង្គបានត្រាស់ដឹងហើយចំនួន៩ខែ គឺបានធ្វើឡើងនៅក្នុងអង្គមហាសន្និបាតមួយ ដោយមានព្រះសង្ឃជាព្រះអរហន្តចំនួន១២៥០អង្គ ចូលរួមជាសមាជិកមហាសន្និបាត។ នៅក្នុងមហាសន្និបាតនោះ ព្រះពុទ្ធអង្គបានប្រកាសនូវគោលការណ៍ចំនួន១១ប្រការ សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់កាន់យកជាវិថីជីវិត និង សម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីអ្វីដែលហៅថាពុទ្ធសាសនា។ "ឱវាទបាដិមោក្ខ" ប្រែជាន័យថា‹‹សេចក្តីណែនាំអំពីកាតព្វកិច្ចដើម្បីឲ្យរួចចាកផុតពីសេចក្តីទុក្ខនិងបញ្ហាទាំងពួង មានសេចក្តីជាភាសាបាលី ដូច្នេះ ថា ៖

៙ សព្វបាបស្ស អករណំ        កុសលស្សូបសម្បទា

សចិត្តបរិយោទបនំ         ឯតំ ពុទ្ធា នសាសនំ

ខន្តិ បរមំ តបោ តីតិក្ខា         និព្វានំ បរមំ វទន្តិ ពុទ្ធា

ន ហិ បព្វជិតោ បរូបឃាតី     សមណោ ហោតិ បរំ វិហេថយន្តោ

អនូបវាទោ អនូបឃាតោ        បាតិមោក្ខេ ច សំវរោ

មតញ្ញុតា ច ភត្តស្មឹ             បន្តញ្ច សយនាសនំ

អធិចិត្តេ ច អាយោគោ         ឯតំ ពុទ្ធាន សាសនំ។៚


គាថាជាភាសាបាលីនេះ មានន័យសេចក្តីជាភាសាខ្មែរថា៖

១…ការមិនធ្វើអំពើអាក្រក់ទាំងពួង   

២…ការបំពេញអំពើល្អឲ្យបរិបូណ៌   

៣…ការធ្វើចិត្តឲ្យបានល្អផូរផង់        

៤…ការអត់ធ្មត់គឺជាតបធម៌ដ៏ឧត្តម     

៥…ព្រះនិព្វានជាគុណជាតិដ៏ឧត្តម   

៦…ជាសមណៈ មិនត្រូវបៀតបៀនសត្វ ឬសម្លាប់សត្វ 

៧…ការមិនតិះដៀល និងបៀតបៀនអ្នកដទៃ 

៨…ការសង្រួមក្នុងបាតិមោក្ខ       

៩…ការដឹងប្រមាណក្នុងភត្តាហារ       

១០…ការមានទីដេកទីអង្គុយដែលស្ងប់ស្ងាត់ និង

១១…ការព្យាយាមបំពេញអធិចិត្ត       


ទី២- អំពីការដែលព្រះពុទ្ធអង្គកំណត់ពេលវេលានៃការចូលបរិនិព្វាន

ព្រឹត្តិការណ៍ដែលព្រះពុទ្ធអង្គកំណត់ពេលវេលានៃការចូលបរិនិព្វាននេះ កើតឡើងបន្ទាប់អំពីព្រះពុទ្ធអង្គបានបង្កើតពុទ្ធសាសនាក្នុងឋានៈជាអង្គការចាត់តាំង បាន៤៥ឆ្នាំគត់។ ព្រះអង្គបានប្រាប់ព្រះអានន្ទនៅថ្ងៃ១៥កើតខែមាឃនោះថា៖ «ម្នាលអានន្ទ ក្នុងថ្ងៃនេះ តថាគតមានសតិសម្បជញ្ញៈ បានដាក់អាយុសង្ខារ ក្នុងបាវាលចេតិយអម្បាញ់មិញនេះឯង»។ យើងអាចនិយាយបានថា បន្ទាប់ពីព្រះអង្គបានបង្កើតពុទ្ធសាសនា និងបានដឹកនាំ ផ្សព្វផ្សាយ ពុទ្ធសាសនាក្នុងរយៈពេល៤៥ឆ្នាំហើយនោះ ព្រះអង្គក៏សម្រេចព្រះទ័យចូលនិវត្តន៍ ពីការងារដឹកនាំប្រចាំថ្ងៃ ដោយប្រគល់កិច្ចការនេះ ទៅឲ្យគណៈសង្ឃបន្តភារកិច្ច រហូតដល់សព្វថ្ងៃ។ 

ការចូលនិវត្តន៍របស់ព្រះអង្គនេះ ធ្វើឡើងបន្ទាប់ពីព្រះអង្គបានពិចារណាឃើញថា ព្រហ្មចរិយៈ ឬ ពុទ្ធសាសនាដែលព្រះអង្គបានបង្កើតមកនេះ បានតាំងនៅខ្ជាប់ខ្ជូន បានរីកចំរើន បានផ្សាយទៅសព្វទិស ហើយទាំងពួកទេវតានិងមនុស្ស ក៏ចេះសំដែង ពន្យល់ប្រាប់ដល់អ្នកដទៃទៀតបានដោយល្អហើយ។ ចំណែកភិក្ខុ-ភិក្ខុនី និង​ ពួកឧបាសក-ឧបាសិកាជាសាវ័កសាវិការបស់ព្រះអង្គ ក៏មានការឈ្លាសវៀងវៃ  ជាពហុស្សូត ជាអ្នកទ្រទ្រង់ធម៌ ប្រតិបត្តធម៌សមគួរដល់ធម៌ បានរៀន ហើយអាចប្រាប់ សំដែង ធ្វើឲ្យអ្នកស្តាប់ងាយយល់បាន ហើយព្រមទាំងអាចដោះស្រាយនូវការចោទប្រកាន់នានាដែលកើតឡើងចំពោះសាសនា តាមពាក្យដែលសមហេតុ បានហើយដែរ។

    បន្ទាប់ពីព្រះអង្គបានមានព្រះបន្ទូលប្រាប់ព្រះអានន្ទហើយ ព្រះអង្គក៏ប្រជុំព្រះភិក្ខុសង្ឃ និងបានប្រកាសប្រាប់ចំពោះព្រះភិក្ខុនិងភិក្ខុនីសង្ឃ ជាសាធារណៈ អំពីការកំណត់ថ្ងៃចូលព្រះនិព្វាន ឬ ការប្រកាសថ្ងៃចូលនិវត្តន៍របស់ព្រះអង្គ តាមដោយបណ្តាំថា៖

«ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតាំងនៅអស់កាលដ៏យូរ។ មួយទៀតសាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនដ៏ច្រើន ដើម្បីសេចក្តីសុខដល់ជនដ៏ច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ»។


ជាធម្មតាក្នុងថ្ងៃមាឃបូជានេះ ពុទ្ធសាសនិកតែងធ្វើដំណើរទៅវត្តណាមួយដែលខ្លួនពេញចិត្ត ដើម្បីចូលរួមក្នុងការប្រារព្ធពិធី មានការដើរហែរប្រទក្សិណជុំវិញព្រះវិហារ ការថ្វាយភ្ញីផ្កា ការសូត្រធម៌រំលឹកសរសើរ ការស្តាប់ធម្មទេសនា ការសាកសួរធម៌ និងធ្វើទាន រក្សាសីលជាដើម។ តែបើឲ្យរឹតតែវិសេសថែមទៀតនោះ គឺការដែលពុទ្ធបរិស័ទគួរព្យាយាមយល់ឲ្យបានច្បាស់ថែមទៀតអំពីសារៈសំខាន់របស់ថ្ងៃមាឃបូជា ដើម្បីជាប្រយោជន៍សម្រាប់យកមកអនុវត្ត ក្នុងជីវិតប្រចាំថ្ងៃរបស់ខ្លួន។ ទស្សនៈខ្លះៗ តទៅនេះ  ជាអ្វីដែលខ្ញុំគិតថាជាផលប្រយោជន៍ ដែលយើងគួរទទួលបានពីការនាំគ្នាប្រារព្ធពិធីបុណ្យមាឃបូជា ជារៀងរាល់ឆ្នាំ ទៅតាមអត្តភាព និង ឋានៈ រៀងៗខ្លួន៖

  1. ក្នុងឋានៈជាពុទ្ធបរិស័ទ  ការសិក្សាឈ្វេងយល់នូវពិធីមាឃបូជានេះ  អាចនឹងជួយដាស់តឿនចិត្តមិនឲ្យកើតសេចក្តីប្រមាទក្នុងជីវិត មានការត្រៀមជីវិតខ្លួនបានល្អ ហើយការបានអនុវត្តតាមគោលធម៌ទាំង១១ប្រការនេះ នឹងអាចឲ្យយើងបានទទួលនូវពរគឺផលបួនប្រការ៖ មានអាយុវែង(អាយុ) មានពណ៌សម្បុរស្អាតផូរផង់(វណ្ណៈ) មានសេចក្តីសុខផ្លូវកាយផ្លូវចិត្ត(សុខៈ) និងមានកម្លាំងមាំមួន(ពលៈ) ទាំងជាតិនេះទាំងអនាគតជាតិ ជាពុំខាន។ 

  2. ក្នុងឋានៈជាព្រះភិក្ខុសង្ឃ-សាមណេរ ការអនុវត្តតាមឱវាទទាំង១១ប្រការ ឈ្មោះថាគោរពតាមការប្រកាសរបស់អង្គមហាសន្និបាតរបស់ព្រះពុទ្ធអង្គជាមួយនឹងសមាជិកទាំង១២៥១ អង្គ ដែលបានដាក់ចេញនូវគោលពុទ្ធសាសន៍ទាំងនេះ សម្រាប់ឲ្យព្រះភិក្ខុសង្ឃបានបដិបត្ត អនុវត្តខ្លួនឯងផង និង ផ្សព្វ ផ្សាយដល់បរិស័ទដទៃទៀតផង។

  3. ក្នុងឋានៈជាអ្នកផ្សព្វផ្សាយសាសនា ការប្រព្រឹត្តទៅតាមគោលការណ៍នេះ នឹងនាំឲ្យមានការយោគយល់គ្នា ផ្តល់កិត្តិយសដល់គ្នានឹងគ្នា និង ការរស់នៅជុំគ្នាក្នុងឋានៈជាមនុស្សជាតិបាន បើទោះជាមានទស្សនៈនិងជំនឿខុសៗគ្នាក៏ដោយ ជាពិសេសគឺការប្រើគោលធម៌ «មិនគប្បីតិះដៀល និងបៀតបៀនអ្នកដទៃ ពោលគឺ ផ្សព្វផ្សាយតែពីគោលធម៌និងសាសនារបស់ខ្លួនឲ្យបានល្អ ជៀសវាងការតិះដៀលសាសនាដទៃ»។

  4. ក្នុងឋានៈជាមនុស្សម្នាក់ ការរៀបចំជីវិតរបស់ខ្លួនទៅតាមបែបឱវាទបាដិមោក្ខនេះ គឺការមានផែនការជីវិតមួយដែលប្រកបទៅដោយគោលបំណងច្បាស់លាស់    មានវិធានការដែលអាចអនុវត្តបាន មានវប្បធម៌ជីវិតល្អ ដែលនឹងអាចធ្វើដំណើរទៅដល់គោលដៅបានដោយជោគជ័យ ដោយមិនចាំបាច់សូត្របួងសួង អង្វរករឡើយ។ 

  5. ក្នុងឋានៈជាពលរដ្ឋក្នុងសង្គម ការមានគោលបំណងរួម មានគោលដៅដូចគ្នា និង ការប្រព្រឹត្តិប្រហាក់ប្រហែលគ្នា គឺជាកម្លាំងសាមគ្គីមួយដ៏រឹងមាំ ដែលនឹងអាចនាំមកនូវសន្តិភាពនិងការអភិវឌ្ឍដល់សង្គមជាតិ ប្រកបដោយនិរន្តរភាព។

       

        ខ្ញុំសូមបញ្ចប់ធម្មគតិសម្មាមគ្គ លើការពណ៌នាឈ្វេងយល់អំពី ពិធីបុណ្យមាឃបូជា ដោយសេចក្តីសង្ខេបត្រឹមនេះ និងសូមអញ្ជើញពុទ្ធបរិស័ទទៅចូលរួមពិធីបុណ្យមាឃបូជា នៅតាមវត្តដែលជាទីស្រឡាញ់គោរពរៀងៗខ្លួន ដើម្បីអនុមោទនាយកបុណ្យដែលកើតអំពីសទ្ធាជ្រះថ្លានាថ្ងៃពេញបូណ៌មី នៃការរំលឹកដល់ថ្ងៃខួបបង្កើតព្រះពុទ្ធសាសនា និងខួបចូលនិវត្តរបស់ព្រះសម្មាសម្ពុទ្ធជាបរមគ្រូរបស់យើង។


សូមអនុមោទនា!

វត្តពោធិវាល​  ​ក្រុងបាត់ដំបង

ថ្ងៃព្រហស្បតិ៍ ៨កើត ខែ មាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ២១ ខែ មករា ឆ្នាំ ២០២១

No comments:

Post a Comment