វិថីជីវិតសម្មាមគ្គ អំពី ពលរដ្ឋូបនីយកម្ម ពុទ្ធបរិស័ទខ្មែរ

វិថីជីវិតសម្មាមគ្គ

ធម្មគតិសម្មាមគ្គ

 

អំពី

ពលរដ្ឋូបនីយកម្ម ពុទ្ធបរិស័ទខ្មែរ

 

នៅក្នុងសៀវភៅ«ជីវិតអាពាហ៍ពិពាហ៍»  ដែលចងក្រងដោយព្រះឥន្ទប្បញ្ញ្ញោភិក្ខុ កាលពីឆ្នាំ១៩៩៣ បានកត់សម្គាល់ថា ស្ថាប័នគ្រួសារជាស្ថាប័នមូលដ្ឋាន ដើរតួនាទី ដ៏សំខាន់ក្នុងការបន្តនិរន្តរភាពនៃសង្គមជាតិឬប្រទេសជាតិមួយមានជាអាទិ ការបន្តពូជ កំណើតជាខ្មែរ ដោយការរៀបចំទុកដាក់កូនចៅឱ្យមានគូស្វាមីភរិយា ដោយការអប់រំឱ្យ ទៅជាពលរដ្ឋល្អ ពលរដ្ឋដែលសកម្មក្នុងវិស័យសេដ្ឋកិច្ច វិស័យគ្រប់គ្រង វិស័យអប់រំ វិស័យសាសនា និង ការកំសាន្តជាដើម។   ស្ថាប័នគ្រួសារ ជាស្ថាប័នដ៏សំខាន់បំផុត សម្រាប់សង្គមជាតិមួយ ក្នុងការបន្តនិរន្តរភាព វិបុលភាព សុខដុមភាព និង ឯកភាព ជាតិ។  ធម្មគតិនាថ្ងៃនេះ ខ្ញុំនឹងជូមការសិក្សាបន្ថែមលើសារៈសំខាន់នៃស្ថាប័ននេះ ដោយផ្តោតការយកចិត្តទុកដាក់ទៅលើការពង្រឹងសមាជិករបស់គ្រួសារនីមួយៗ ដែល ជាពុទ្ធសាសនិកជន និងជាពលរដ្ឋខ្មែរ ដោយខ្ញុំសុំប្រើពាក្យថា ពលរដ្ឋូបនីយកម្ម ពុទ្ធបរិស័ទខ្មែរ។

 ពាក្យថា «ពលរដ្ឋ» បានមកពីពាក្យ ពល + រដ្ឋ។ ក្នុងវចនានុក្រមខ្មែរ បាន ពន្យល់ពាក្យពលរដ្ឋ ថា៖     ពលរបស់រដ្ឋ, ពលអាស្រ័យនៅក្នុងរដ្ឋ, ប្រជាជនទាំងប្រុសទាំងស្រីដែលទុកជាកម្លាំងរបស់ប្រទេស។ ពាក្យ ពល ដែលខ្ចីពីពាក្យ ពលៈ ដែលជា ពាក្យបាលីនិងសំស្ក្រឹតនោះ ប្រែ ថា កម្លាំង សេនា ទាហាន កងទ័ព ក្រាស់ ថ្លោស ។ ពាក្យដទៃទៀតដែលយកមកពន្យល់ពាក្យថា ពលៈ ក្នុងភាសាបាលី ឬដែលយើងហៅ ថា វេវចនសព្ទ នោះ មានដូចជា៖

 សត្តិ៖ ប្រែថាសេចក្ដី​អាច, សេចក្ដី​អង់អាច។ ថូលត្តៈ ប្រែថា ក្រាស់។ ថាមៈ ប្រែថា កម្លាំង កម្លាំង​ចិត្ត។ អានុភាវៈ ប្រែថា អានុភាព តេជះ អំណាច។  វិរិយៈ ប្រែថា ព្យាយាម។ វាយាមៈ ប្រែថា វីរិយភាព​ជា​គ្រឿង​ប្រឹងប្រែង។ ធិតិ ប្រែថាសេចក្ដី​ដឹង, ការ​ឈ្លាសវៃ, បញ្ញា, ការ​ទ្រទ្រង់, ការ​ចាំ​ទុក។ សាមត្ថិយៈ ​ប្រែថាអាច, អ្នក​អាច, ដែល​អាច, សមត្ថភាព។ បភាវៈ  នហារុ  ធមនី  សិរា ដែលប្រែថាសរសៃ និង យុទ្ធសេនា ដែលប្រែថាអ្នក ប្រយុទ្ធ[i]

តាមសេចក្តីពន្យល់ខាងលើនេះ ខ្ញុំសូមផ្តល់នូវនិយាមជាថ្មីលើពាក្យ ពលរដ្ឋ ដោយការបញ្ចូលសេចក្តីពន្យល់ទាំងអស់នោះ ទៅប្រកបនឹងពាក្យ រដ្ឋ ដូច្នេះ៖

 ពលរដ្ឋ៖ ប្រជាជនទាំងប្រុសទាំងស្រីដែល មានកម្លាំង មានសេចក្ដីអង់អាច មានថាមពល មានអានុភាព មានតេជះ មានអំណាច មានវិរិយៈ មានព្យាយាម មានការប្រឹងប្រែង មានសេចក្ដីដឹង មានការឈ្លាសវៃ មានបញ្ញា មានការទ្រទ្រង់ មានការចាំទុក មានសមត្ថភាព ជាសេនា ទាហាន កងទ័ព ជាអ្នកប្រយុទ្ធ ជា សរសៃដែលក្រាស់ ថ្លោស របស់រដ្ឋ ឬ ប្រទេសកម្ពុជា។

ខ្ញុំប្រើពាក្យថា របស់ប្រទេសកម្ពុជា នេះ ព្រោះពាក្យនេះជាពាក្យពិសេសប្រចាំ ជាតិខ្មែរ ដោយហេតុថា ពាក្យ ពល នេះ ខ្មែរយើង មានប្រើនៅក្នុងសិលាចារឹក ជាយូរមកហើយ ដូចជាពាក្យថា ពលព្រះ ពលដំរី ពលសេះ ពលអង្គរក្ស ពលចែវ ពលគុនដាល់ ជាដើម ដោយលោកហៅជាពាក្យជួនថា ពល, អង្គរក្ស, ទ្រមាក់, ចែវ,គុន ជាដើម[ii] ។ល។ 

ដោយហេតុថា ពាក្យ ពល បានយកពាក្យ ពលៈ ដែលជាពាក្យរបស់ពុទ្ធសាសនា មកប្រើខ្ញុំសុំអញ្ជើញពលរដ្ឋខ្មែរដែលជាពុទ្ធសាសនិកជន មកស្គាល់ពាក្យថា ពលៈ របស់ព្រះពុទ្ធអង្គបន្តិច សិន ថាតើមានសារៈសំខាន់ដូចម្តេចខ្លះ។ នៅក្នុងព្រះសូត្រនៃ ពលសំយុត្ត ព្រះត្រ័យបិដក លេខ៣៨ ទំព័រ ២៥៤ ព្រះពុទ្ធអង្គបានមានបន្ទូលថា៖ «​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ភិក្ខុ​ចំរើន​នូវ​ពលៈ​ ​៥​ ​ធើ្វ​ឲ្យ​ច្រើន​ ​នូវ​ពលៈ​ ​៥​ ​រមែង​មាន​ទំនាប​ទៅ​រក​ព្រះនិព្វាន​ ​មាន​ជម្រាល​ទៅ​រក​ព្រះនិព្វាន​ ​ឈម​ទៅ​រក​ព្រះនិព្វាន​»។  ឯព្រះសូត្រដែល ស្ថិតនៅក្នុង ធនវគ្គ ព្រះត្រ័យបិដក លេខ៤៧ ទំព័រ ៤ ព្រះពុទ្ធអង្គបានមានព្រះ បន្ទូលថា៖ «ម្នាលភិក្ខុទាំងឡាយ ភិក្ខុ​ជា​បណ្ឌិតដែល​មាន​កំឡាំង​ទាំង៧ នេះ គឺ៖ កំឡាំង​គឺ​សទ្ធា​ ​កំឡាំង​គឺ​វីរិយៈ ​កំឡាំង​គឺ​ហិរិ​ ​កំឡាំង​គឺ​ឱត្តប្បៈ​ ​កំឡាំង​គឺ​សតិ​ ​កំឡាំង​គឺ​សមាធិ​ ​និង កំឡាំង​គឺ​បញ្ញា​ ​រមែង​រស់នៅ​ស្រួល​ ​ពិចារណា​ធម៌​​ដោយ​ឧបាយ​ ​តែងឃើញ​ច្បាស់​នូវ​អត្ថៈ ​ដោយ​បញ្ញា​បាន ​ការ​រួច​ស្រឡះ​​ចាក​អារម្មណ៍​ ​នៃ​ចិត្ត​របស់​ភិក្ខុ​នោះ​ ​ដូចជា​ការ​រលត់​នៃ​ប្រទីប»​។​

តាមគុណសម្បត្តិរបស់​ពលៈ ខាងលើនេះ គ្រួសារនីមួយៗ និង ស្ថាប័នសង្គមទាំង ឡាយ គួរបណ្តុះបុត្រាបុត្រីរបស់ខ្លួន និង ប្រជាជនរបស់ខ្លួន ឲ្យមានកម្លាំង៧យ៉ាងក្នុង ខ្លួនគឺ៖

  1. បណ្តុះឲ្យមានសទ្ធា គឺការជឿជាក់លើអត្តភាពជាមនុស្សរបស់ខ្លួន ថាអាច សម្រេច អ្វីៗ បាន ដោយអាស្រ័យគោលការណ៍ ហេតុផល កម្មផល។ (សទ្ធាពលៈ សទ្ធាជាកម្លាំង)
  2. បណ្តុះសេចក្តីឧស្សាហ៍ព្យាយាម​ ការប្រឹងប្រែងក្នុងការសម្រេចឲ្យបាននូវគោលដៅ របស់ខ្លួន ដែលជឿជាក់ថាប្រាកដជាអាចធ្វើកើត។  (វិរិយពលៈ ព្យាយាមជាកម្លាំង)
  3. បណ្តុះមនសិការជាបណ្ឌិត មានការអៀនខ្មាសក្នុងការធ្វើអំពើអាក្រក់ទោះជានៅ ក្នុងទីសាធារណៈក្តី ឬ ទីកំបាំងភ្នែកក្តី។ (ហិរពលៈ ការអៀនខ្មាសបាបជាកម្លាំង)
  4. បណ្តុះមនសិការជាមនុស្សល្អ គោរពច្បាប់ មិនរំលោភច្បាប់។ (ឱត្តប្បពលៈ ការ ខ្លាចច្បាប់ជាកម្លាំង)
  5. បណ្តុះសតិមិនឲ្យភ្លេចខ្លួន មិនភ្លេចស្មារតី មិនធ្វែសប្រហែស ដឹងខ្លួនជានិច្ច ចំពោះសកម្មភាពនិងគោលដៅរបស់ខ្លួន។ (សតិពលៈ សតិជាកម្លាំង)
  6. បណ្តុះចិត្តស្ងប់ ចិត្តនឹង ចិត្តជាសមាធិ ចិត្តរឹងប៉ឹង មិនងាករេផ្លាស់ប្តូរងាយៗ មិន ធ្វើអ្វីតាមតែអារម្មណ៍លោភៈ ទោសៈ មោហៈ។ (សមាធិពលៈ ចិត្តស្ងប់ជាកម្លាំង)
  7. បណ្តុះចំណេះដឹង មានការសិក្សាល្អ ស្គាល់យល់ពីការពិត មានហេតុផល ធ្វើអ្វីៗ ដោយប្រើបញ្ញា ជាងកម្លាំងបាយ។  (បញ្ញាពលៈ ប្រាជ្ញាជាកម្លាំង)

បន្ទាប់ពីបានសម្តែងអំពីកម្លាំងទាំង ៧ ហើយ ព្រះពុទ្ធអង្គក៏បានសម្តែងបន្តអំពី គោលធម៌ដែលចាត់ទុកថាជាទ្រព្យសម្បត្តិ ​៧ យ៉ាង ដែលបរិស័ទទាំងឡាយគប្បីមាន នៅក្នុងខ្លួន ហៅថា អរិយធន ឬ ទ្រព្យដ៏ប្រសើរ ដែលគោលធម៌ដែលមាននៅក្នុង ពលៈ ៧យ៉ាងនេះ សុទ្ធតែមាននៅក្នុងអរិយទ្រព្យទាំងអស់។  ព្រះអង្គមានពុទ្ធដិកាថា៖ «ទ្រព្យ​គឺ​សទ្ធា​ ​ទ្រព្យ​គឺ​សីល ​ ​ទ្រព្យ​គឺ​ហិរិ​ ​ទ្រព្យ​គឺ​ឱត្តប្បៈ​ ​ទ្រព្យ​គឺ​សុតៈ​ ​ទ្រព្យ​គឺ​ចាគៈ​ ​ទ្រព្យ​គឺ​បញ្ញា​ ​ជា​គំរប់​ ​៧​ ​បុគ្គល​ណា​ ​ទោះ​ស្រ្តី​ក្តី​ ​បុរស​ក្តី​ ​មានទ្រព្យ​ទាំងនេះ​ ​អ្នកប្រាជ្ញ​ទាំងឡាយ​ ​ហៅ​បុគ្គល​នោះ​ថា​ជា​អ្នក​មិន​ទ័លក្រ​ ​ការរស់នៅ​របស់​បុគ្គល​នោះ​​មិន​សោះសូន្យ​ឡើយ​។​ ​ហេតុ​ដូច្នោះ​ ​អ្នកប្រាជ្ញ​ ​កាល​រលឹក​នូវ​ពាក្យ​ប្រៀនប្រដៅ​​របស់​ព្រះពុទ្ធ​ទាំងឡាយ​ ​គប្បី​ប្រកប​រឿយ​ ​ៗ​ ​នូវ​សទ្ធា​ ​សីល​ ​សេចក្តី​ជ្រះថ្លា​ ​និង​ការ​ឃើញ​នូវ​ធម៌​»​។

    គ្រានោះ​ មានមហាមន្ត្រីម្នាក់ឈ្មោះ ​ ​ឧគ្គ​រាជមហាមាត្យ​ ​បាន​ចូល​ទៅ​គាល់​ព្រះពុទ្ធអង្គ ហើយក៏បានអួតសរសើរអំពីសេដ្ឋីម្នាក់ឈ្មោះ មិគា​រសេ​ដ្ឋី​ ​ថាជា​មនុស្ស​ស្តុកស្តម្ភ​ផង​ ​ជា​អ្នកមាន​ទ្រព្យ​ច្រើន​ផង​ ​មាន​ភោគៈ​ច្រើន​ផង​ ក្នុងន័យថា គឺ​មាស​រាប់​បាន​ជា​សែន​ទៅ​ហើយ​ ​ចាំបាច់​ពោល​ទៅ​ថ្វី​ ​ដល់​រូបិយវត្ថុ​។​ ព្រះពុទ្ធអង្គក៏បានប្រាប់មហាមត្យនោះថា៖ «​ម្នាល​ឧគ្គៈ​ ​ទ្រព្យ​នុ៎ះ​ ​មាន​មែនហើយ​ ​ម្នាល​ឧគ្គៈ​ ​តថាគត​មិន​និយាយ​ថា​ ​ទ្រព្យ​នុ៎ះ​គ្មាន​ទេ​ ​ប៉ុន្តែ​ទ្រព្យ​នោះ​ឯង​ ​ជា​សាធារណៈ​ដល់​ភ្លើង​ ​ទឹក​ ​ពួក​ស្តេច​ ​ពួក​ចោរ​ ​និង​ពួក​ញាតិ​មិនជា​ទីស្រឡាញ់​។​ ​ម្នាល​ឧគ្គៈ​ ទ្រព្យគឺ​ ​សទ្ធា​ធ​នៈ​ ​១​ ​សីល​ធ​នៈ​ ​១​ ​ហិរិ  ​ធ​នៈ​ ​១​ ​ឱត្តប្ប​ធ​នៈ​ ​១​ ​សុត​ធ​នៈ​ ​១​ ​ចាគ​ធ​នៈ​ ​១​ ​និងបញ្ញា​ធ​នៈ​ ​១​ ​ទ្រព្យ​ទាំង ៧ ​យ៉ាង នេះ​ឯង​ ទើប​មិន​សាធារណៈ​ដល់​ភ្លើង​ ​ទឹក​ ​ពួក​ស្តេច​ ​ពួក​ចោរ​ ​និង​ពួក​ញាតិ​មិនជា​ទីស្រឡាញ់​បាន»។ និយាយជា សាមញ្ញ ទ្រព្យគឺធម៌ទាំង៧ យ៉ាងនេះ ភ័យដែលកើតពីភ្លើងក្តី ពីទឹកក្តី ពីអ្នកដឹកនាំក្តី ពីពួក ចោរក្តី ពីអ្នកដែលស្អប់យើងក្តី មិនអាចបំផ្លាញទ្រព្យទាំងនេះ បានឡើយ។

ក្នុងសង្គមខ្មែរ ស្ថាប័នគ្រួសារត្រូវបានពង្រឹង ដោយការផ្សារភ្ជាប់ទៅនឹងស្ថាប័ន ពុទ្ធសាសនាតាមរយៈពិធីបុណ្យបែបពុទ្ធសាសនានានា ដែលយើងតែងហៅថា ពិធី បុណ្យទ្វារទសមាស ដែលមានប្រចាំឆ្នាំ នៃខែទាំង១២ តាមប្រព័ន្ធប្រតិទិនចន្ទគតិ។ ពិធី បុណ្យមាឃបូជា ពិសាខបូជា ចូលឆ្នាំខ្មែរ ចូលព្រះវស្សានិងអាសាឡ្ហបូជា ពិធីបុណ្យកាន់ បិណ្ឌនិងភ្ជុំបិណ្ឌ ចេញព្រះវស្សានិងបវារណាកម្ម ពិធីបុណ្យកថិន អុំទូកអកអំបុក សំពះព្រះខែ និងទេសនាមហាជាតក៍ ជាដើម។ល។  ពិធីបុណ្យប្រពៃណីពុទ្ធសាសនា ទាំងនេះ បើសិនជាខាងពុទ្ធចក្រនិងអាណាចក្រ បានរៀបចំឱ្យល្អ ធ្វើបដិរូបឱ្យសមទៅ នឹងកាលៈទេសៈ និងបន្ថែមការឈ្វេងយល់ពីអត្ថន័យរបស់ពិធីនីមួយៗផងនោះ ខ្ញុំជឿថា ស្ថាប័នគ្រួសារនឹងអាចបង្កើតនិងអភិវឌ្ឍប្រជាជនខ្មែរ ឱ្យទៅជាពលរដ្ឋខ្មែរ ក្នុងន័យ រដ្ឋខ្មែរមានពល គឺជនជាតិខ្មែរដែលមានកម្លាំង ៧យ៉ាង សម្រាប់ប្រទេសជាតិ តាម គោលវចនៈរបស់ពុទ្ធសាសន៍ ជាពិតប្រាកដ។

ខ្ញុំសូមបញ្ចប់ធម្មគតិអំពី  ពលរដ្ឋូបនីយកម្មសមាជិកគ្រួសារខ្មែរ ដោយសុំឲ្យពុទ្ធ បរិស័ទយើង​ទាំងព្រះសង្ឃទាំងគ្រហស្ថ យកនូវគោលពុទ្ធធម៌ ពលៈ ៧ មកចាក់បញ្ចូល ក្នុងសន្តានចិត្តសមាជិកគ្រួសារ សមាជិកសាលាគឺសិស្ស-និស្សិត សមាជិកវត្តគឺពុទ្ធ បរិស័ទវ័យក្មេងយើង ដើម្បីឲ្យក្រុមទាំងនេះមានកម្លាំងតាំងពីនៅក្មេង រៀនសន្សំអរិយ ទ្រព្យទាំង៧ ប្រការ តាំងពីនៅក្មេង ដោយសេចក្តីជឿជាក់ថា កម្លាំងនិងទ្រព្យសម្បត្តិ ផ្នែកមនសិការ ឬ ដែលយើងហៅសព្វថ្ងៃនេះថា ជំនាញទន់ នឹងធ្វើឲ្យប្រជាជនខ្មែរ យើងក្លាយទៅជា ពលរដ្ឋកម្ពុជា គឺប្រជាជនទាំងប្រុសទាំងស្រីដែលមានកម្លាំង មាន សេចក្ដីអង់អាច មានថាមពល មានអានុភាព មានតេជះ មានអំណាច មានវិរិយៈ មាន ព្យាយាម មានការ​ប្រឹងប្រែង​ មានសេចក្ដី​ដឹង មានការ​ឈ្លាសវៃ មានបញ្ញា មានការ​ទ្រទ្រង់ មានការ​ចាំ​ទុក មានសមត្ថភាព​ ជាសេនាទាហាន កងទ័ព ជាអ្នកប្រយុទ្ធ ជាសរសៃ ដែលក្រាស់ ថ្លោស របស់រដ្ឋកម្ពុជា។ ពលរដ្ឋទាំងនេះ ជាអ្នកមានជីវិតសុខ សប្បាយ ជា ព្រោះមានភោគទ្រព្យ មានប្រាក់ចំណូលខ្ពស់ មានអារ្យធម៌ ហើយការ រស់នៅ​របស់​ពលរដ្ឋទាំងនោះ នឹងមិន​សោះសូន្យ គឺរស់ដើម្បីជាប្រយោជន៍ដល់គ្រួសារ សង្គមជាតិ ប្រទេសជាតិ និងសាកលលោក ជាពិតប្រាកដ។

 សូមអនុមោទនា!

ភូមិវត្តពោធិវាល ​ក្រុងបាត់ដំបង

ថ្ងៃអាទិត្យ ៣កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២១

 

 


[i] វចនានុក្រមខ្មែរ សទ្ទានុក្រមបាលីខ្មែរ និង http://dictionary.tamilcube.com/pali-dictionary.aspx on Bala

[ii] វចនានុក្រមខ្មែរ ពាក្យ ពល

No comments:

Post a Comment