វិថីជីវិតសម្មាមគ្គ
ធម្មគតិសម្មាមគ្គ
អំពី មុខ
ធម្មគតិសម្មាមគ្គ នាថ្ងៃនេះ នឹងសូមលើកយកអំពីសារៈសំខាន់របស់ពាក្យថា មុខ មកអធិប្បាយ តាមលំនាំសៀវភៅ ព្រះបាទធម្មិក រៀបរៀងដោយ ព្រះភិក្ខុឥន្ទប្បញ្ញោ នាឆ្នាំ ១៩៩០។
មុខ គឺជាសរីរៈមួយដ៏សំខាន់ណាស់ ព្រោះជាទីប្រជុំនៃវិញ្ញាណដ៏សំខាន់ៗទាំងឡាយ គឺភ្នែក ត្រចៀក ច្រមុះ មាត់ និងជាពិសេសខួរក្បាល ដែលយើងតែងឱ្យសារៈសំខាន់ក្នុងការគិតនោះ ក៏នៅម្តុំមុខនេះដែរ។ ជាទូទៅ បើមុខស្អាត មុខល្អ យើងក៏ចូលចិត្តចង់នៅជាមួយ បើមុខមិនស្អាត មុខអាក្រក់ យើងក៏មិនចូលចិត្តចង់នៅជាមួយ។ បើនិយាយឱ្យច្បាស់ថែមទៅទៀត មនុស្សយើងល្អឬអាក្រក់ បានសុខឬបានទុក្ខ ក៏ព្រោះមុខនេះឯង។
ខ្មែរយើងតែងនិយាយថា ‹‹ខ្ញុំយកលោកជាត្រីមុខ›› ពាក្យនេះគង់នឹងមានន័យថា ‹‹ខ្ញុំយកលោកជាតំណាងក្នុង ការមើល ស្តាប់ និងនិយាយជំនួស» ព្រោះថា៖
· បើមាត់និយាយតែពាក្យកុហក និយាយតែពាក្យអាក្រក់មិនគួរឲ្យស្តាប់ និយាយតែពាក្យចាក់ដោតឱ្យបែកបាក់ឈ្លោះប្រកែកគ្នា និងនិយាយពាក្យមិនបានការនោះ សេចក្តីទុក្ខក៏នឹងកើតមានដល់ជីវិតជននោះជាមិនខាន ដូចសុភាសិតពោលថា ‹‹អណ្តាតជាអាទិ៍កន្លង ស្លាប់ផង រស់ផង ក៏ព្រោះអណ្តាត›› ឬ ‹‹ត្រីកំភ្លាញស្លាប់ព្រោះមាត់›› ជាដើម។
· បើភែ្នកពិការ ភ្នែកអានអក្សរមិនដាច់ ភ្នែកមិនចេះមើល ភ្នែកមើលឃើញតែរឿងថោកទាប រឿងមិនបានការ ភ្នែកក្រឡឺតក្រឡាប់ៗនោះ ជីវិតនោះក៏នឹងកើតទុក្ខ ជួបតែបញ្ហាជាមិនខាន។ ខ្មែរយើងតែងនិយាយថា ‹‹អញមើលភ្នែកវា ក្រឡឺតក្រឡាប់ៗ ដូចជាមិនទុកចិត្តសោះ ឬ ភ្នែកមើលតែចោរ›› គឺមនុស្សបុរាណលោកសំគាល់លក្ខណៈមនុស្សបាននៅលើភ្នែក។
· បើច្រមុះហិតក្លិនអាភៀន ក្លិនស្រា ច្រមុះដកដង្ហើមមិនរួច ក៏នឹងអាច ធ្វើឱ្យខូចសុខភាព និងប៉ះពាល់ដល់ជីវិតជាមិនខាន។
· បើត្រចៀកស្តាប់ដំណឹងមិនពិត ស្តាប់ពាក្យអាក្រក់ ពាក្យញុះញង់ ពាក្យមិនបានការ ជីវិតនេះក៏នឹងកើតទុក្ខទៀត។
· បើខួរក្បាលពិការ គ្មានសមត្ថភាព គ្មានគុណភាព ល្ងង់ ល្ងីល្ងើ មិនចេះពិចារណានោះ បានសេចក្តីថា ជីវិតនោះនឹងអស់ខ្លឹមសាររលីង ។
ឃើញសារសំខាន់របស់ មុខ ដូច្នេះឯង ទើបបានជាបុរាណលោកប្រើពាក្យ ប្រមុខ ដែលមានន័យថា មានមុខជាប្រធាន នេះ សំរាប់សំគាល់ហៅអ្នកដឹកនាំសង្គម ព្រោះថាប្រជារាស្រ្តទុកចិត្ត ផ្តល់អំណាចឱ្យអ្នកដឹកនាំនោះគិត និយាយ មើល ស្តាប់ នូវកិច្ចការទាំងពួង ជំនួសប្រជារាស្រ្ត ព្រមទាំងដកដង្ហើមនិងបរិភោគនូវប្រយោជន៍ទាំងឡាយឱ្យដល់ប្រជារាស្រ្ត ។
ខ្មែរយើងមានពាក្យជាច្រើនដែលយកពាក្យ មុខ មកប្រើដើម្បីសម្គាល់នូវបុគ្គលិកលក្ខណៈរបស់មនុស្ស ដែលខ្ញុំគិតថាមានប្រយោជន៍ច្រើនណាស់សម្រាប់បុរស-ស្ត្រី ក្នុងទំនាក់ទំនងសាធារណៈ ឬ ជាតំណាងរបស់គ្រួសារ សង្គម ក្រុមហ៊ុន ឬ ស្ថាប័នណានីមួយ។ ការសម្តែងទឹកមុខដូចខាងក្រោមនេះ ជាទឹកមុខអវិជ្ជមាន ដែលគួរជៀសវាង៖
1. មុខក្រៀម ២)មុខក្រញូវ ៣) មុខងប់ ៤)មុខងាប់ ៥)មុខជ្រប់ ៦)មុខជូរ ៧)មុខជើយ ៨)មុខថ្លោះ ៩)មុខពាប់ ១០)មុខមាំ ១១)មុខយក្ស ១២)មុខរឹង ១៣)មុខស្ងួត ១៤)មុខស្មើ ១៥)មុខស្រងូត ១៦)មុខស្រពោន ១៧)មុខស្អុយ ១៨)មុខជច់ ១៩)តូចមុខ ២០)អាប់មុខ ២១)មិនពេញមុខ២២)បោរមុខ ២៣)មុខស្មូញ ២៤)ដាក់មុខ ២៥)ងងឹតមុខ ២៧)មុខលុយ ជាដើម។
ពាក្យដែលទាក់ទងនឹង មុខ ក្នុងន័យជាការសម្តែងទឹកមុខជាវិជ្ជមាន មានដូចជា៖
1. មុខឈ្មង មុខដែលមានទ្រង់ទ្រាយសមរម្យឥតឆ្គង មុខស្រស់បំព្រង។
2. មុខរីក ឬ រីកមុខ មុខដែលចេញអាការរីករាយ។
3. ពេញមុខ (ព. ប្រ.) ចេញមុខពេញលេញមិនរលឹបរល មានមុខមានឈ្មោះ។
4. មានមុខ មានកេរ្តិ៍ឈ្មោះ មានអ្នកធំអ្នកតូចរាប់អានច្រើន: មនុស្សមានមុខ អ្នកមានមុខ។
5. ស្មើមុខ ដែលមានមុខមានឈ្មោះស្មើគ្នា: មនុស្សស្មើមុខ។
6. មុខស្រស់
7. មុខញញឹម
8. មុខសុភាព និង មុខស្ងប់ ជាដើម។ល។
ចំណែកពាក្យថា ល្អមុខ ថ្វីត្បិតតែពាក្យល្អ មានន័យជាវិជ្ជមាន តែខ្មែរយើងយកមកប្រើនៅក្នុងន័យបញ្ជោះ ទៅវិញ គឺមានន័យជាអវិជ្ជមាន។
ក្នុងការរស់នៅប្រចាំថ្ងៃ និងក្នុងឋានៈជាអ្នកតំណាង ក៏គប្បីប្រុងប្រយ័ត្នក្នុងការប្រើប្រាស់សកម្មភាពលើផ្ទៃមុខដូចខាងក្រោម ដែលជាកិរិយាមារយាទមិនអំណោយផលដល់ឋានៈរបស់ខ្លួនឡើយ ដូចជា ញាក់មុខ ញាក់មាត់ កម្រើកចង្កាងើបងើយខ្វិចបន្តិចឡើង បិទមាត់ផ្អឹបកម្រើកចង្កាញាក់ខ្វើកឡើងលើ ធ្វើមុខធ្វើមាត់ជាអាការៈផ្សេងៗ ញាក់មុខញាក់មាត់ក្រមាច់ក្រមើម ឬញាក់ចិញ្ចើម ជាដើម ។ល។
ខ្មែរយើងមានពាក្យ ទឹកមុខ ដែលជាគូនឹងពាក្យ ទឹកចិត្ត។ ចាស់ៗបានប្រាប់យើងឲ្យប្រយ័ត្នក្នុងការសម្តែងទឹកមុខ ព្រោះគេអាចមើលឃើញនិងដឹងបាន ថាម្ចាស់ទឹកមុខកំពុងចិត្តល្អ ឬ ចិត្តអាក្រក់ ឬ កំពុងគិតអ្វី។ ឯទឹកចិត្តវិញ មើលមិនឃើញទេ។ ទឹកមុខ ឬ មុខមានទឹក ឬ ចិត្តកំពុងទទឹកនេះ មានន័យជាកណ្តាលនៅឡើយ តែសម្រាប់មនុស្សធម្មតាទូទៅ នៅពេលដែលខឹងក្តី ឬ សប្បាយចិត្តក្តី ការខឹងនិងការសប្បាយនោះ តែងបង្ហាញលក្ខណៈខ្លួននៅលើផ្ទៃមុខឲ្យអ្នកដទៃបានឃើញនិងដឹងបានជានិច្ច គឺហាក់បីដូចជា ចិត្តនោះជាវត្ថុរាវដូចទឹក ឬ ចិត្តនោះមានទឹកជាតំណាងសភាវៈខ្លួន ដែលកំពុងទទួលអារម្មណ៍ថាជាសុខឬជាទុកនោះ ចេញទៅលាយឬចូលទៅក្នុងមុខ ជាអាការៈដែលចិត្តចង់ប្រាប់ទៅអ្នកដទៃថា ចិត្តមួយនេះកំពុងល្អ ឬ កំពុងអាក្រក់ ឬកំពុងធម្មតាៗ តាមរយៈទឹកមុខ។
សម្រាប់មនុស្សដែលចិត្តមានសមាធិ ចិត្តដែលមានកិលេសតិច និង ចិត្តដែលមិនមានកិលេសដូចជាព្រះអរហន្តនិងព្រះពុទ្ធទាំងឡាយ បុគ្គលទាំងនោះអាចគ្រប់គ្រងចិត្ត ឬ គ្រប់គ្រងទឹកចិត្ត មិនឲ្យចេញទៅបង្ហាញនៅលើផ្ទៃមុខបានដោយសេរីទេ។ អ្នកដែលមានកិលេសតិច មានសមាធិគួរសម ក៏អាចទប់ទឹកចិត្តមិនឲ្យហូរទៅលើផ្ទៃមុខច្រើនបាន ហើយបើសមាធិកាន់តែល្អនោះ ទឹកចិត្តដែលបង្ហាញពីអារម្មណ៍លោភលន់ អារម្មណ៍ខឹង និង អារម្មណ៍មោហោ ក៏នឹងមិនអាចរត់ទៅនៅលើផ្ទៃមុខបានច្រើនដែរ។ និយាយដោយរួម យើងមិនងាយបានដឹងទឹកចិត្តរបស់អ្នកដែលមានចិត្តជាសមាធិ អ្នកដែលចិត្តបានទទួលការអប់រំហើយ នៅលើផ្ទៃមុខរបស់អ្នកទាំងនោះឡើយ។ ព្រះអរហន្តនិងព្រះពុទ្ធទាំងឡាយ ដែលចិត្តរបស់លោកមិនមានកិលេសនោះ យើងនិងឃើញតែស្នាមញញឹមជាឧបេក្ខាដ៏បរិសុទ្ធតែប៉ុណ្ណោះ។
នៅក្នុងបរាភវសូត្រ[i] ព្រះពុទ្ធអង្គបានសម្តែងអំពីមុខ ១២ក្រុម ដែលជាមុខ ឬជាប្រធាន ឬជាហេតុធំ ឬ ជាធម៌អាក្រក់ ដែលនាំទៅរកសេចក្តីវិនាសអន្តរាយក្នុងជីវិត ដែលមនុស្សគប្បីគេចវាងជៀសចេញ។ ព្រះអង្គបានប្រើពាក្យថា មុខ នេះ ស្មើនឹងពាក្យថាបុគ្គល។ មុខទាំង ១២ក្រុម នោះគឺ៖- ១)មុខអ្នកទ្រុស្តធម៌ ស្អប់ធម៌។ ២)មុខដែលសេពគប់នឹងជនអសប្បុរស។ ៣)មុខដែលដេកច្រើន, និយាយច្រើន, ខ្ជិលច្រើន, ខឹងច្រើន។ ៤)មុខដែលមិនចិញ្ចឹមមាតាបិតា។ ៥)មុខភូតកុហក បោកបញ្ឆោតគេ។ ៦)មុខលាក់អាហារឆ្ងាញ់ និង ធនធានទុកសម្រាប់តែខ្លួន។ ៧)មុខដែលប្រកាន់ជាតិ, ត្រកូល, ទ្រព្យ, ឋានៈ និង មិនរាប់សាច់ញាតិរបស់ខ្លួន។ ៨)មុខដែលងប់ងល់នឹងកាមគុណ គ្រឿងញៀនស្រវឹង និង ល្បែងស៊ីសង។ ៩)មុខដែលមិនត្រេកអរនឹងប្រពន្ធ-ប្តី ខ្លួន តែត្រេកអរនឹងប្រពន្ធ-ប្តីអ្នកដទៃ។ ១០) មុខចាស់ ដែលយកស្រីក្មេង-ប្រុសក្មេង មកធ្វើជាគូជីវិត។ ១១)មុខដែលជ្រើសរើសយកស្ត្រី ឬបុរសដែលជាមនុស្សខ្ជះខ្ជាយឲ្យកាន់កិច្ចការធំ។ និង ១២)មុខដែលកើតក្នុងត្រកូលក្សត្រដែលក្រខ្សត់ទ្រព្យ ហើយប្រាថ្នាចង់ធ្វើជាក្សត្រផែនដី។
ដូច្នេះយើងឃើញថា មុខ នេះ មានសារសំខាន់ណាស់សម្រាប់សេចក្តីសុខនិងសេចក្តីទុក្ខរបស់បុគ្គលម្នាក់ៗ ឬ សង្គមទាំងមូល។ ប្រមុខរដ្ឋ គឺ មុខរបស់រដ្ឋ បានដល់អ្នកដឹកនាំរបស់រដ្ឋទាំងឡាយ រឹតតែត្រូវការចិត្តដែលជាសមាធិ សម្រាប់ទប់ទឹកចិត្តកុំឲ្យហូរមកលើផ្ទៃមុខ នាំឲ្យប្រជារាស្ត្របានឃើញនូវទឹកមុខដែលបង្ហាញពីអារម្មណ៍របស់ចិត្តដែលកំពុងកើតឡើង។ ការអភិវឌ្ឍចិត្ត ដែលពីបុរាណហៅថា ភាវនាចិត្ត គឺការធ្វើសមាធិកម្មដ្ឋាន ដើម្បីបង្ហាត់ចិត្ត ទូន្មានចិត្តឲ្យរឹងមាំសម្រាប់ទប់ទល់ជាមួយអារម្មណ៍ទាំងឡាយដែលជាកិលេស មានអារម្មណ៍ដែលនាំឲ្យលោភលន់ អារម្មណ៍ដែលនាំឲ្យខឹង និងអារម្មណ៍ដែលនាំឲ្យវង្វែងមិនដឹងខុសត្រូវ។ ការធ្វើសមាធិតាមបែបព្រះសម្មាសម្ពុទ្ធ ដែលហៅថាសម្មាសមាធិ គឺជាកិច្ចដែលពុទ្ធបរិស័ទ គួរធ្វើរាល់ថ្ងៃ ព្រោះថាក្រៅតែពីបានបុណ្យកុសលសម្រាប់អនាគតខាងមុខហើយ សម្មាសមាធិនឹងនាំឲ្យសុខភាពចិត្តរបស់អ្នកដែលធ្វើ មានភាពប្រសើរឡើងជាលំដាប់ ដែលនឹងនាំឲ្យជីវិតរស់នៅប្រចាំថ្ងៃរបស់យើងនិងសង្គមជុំវិញ មានតែភាពសុខដុំ រមនា សុភមង្គល សុខ សប្បាយ និង ជា រៀងរាល់ថ្ងៃ។
ដូច្នេះ មុខជារបស់សំខាន់ក្នុងជីវិត។ ដើម្បីឲ្យ មុខ នេះកើតជាប្រយោជន៍សម្រាប់ជីវិតនិងសង្គមជាតិ សមាជិករបស់មុខ គឺភ្នែក ត្រចៀក មាត់ ច្រមុះ ត្រូវមានសមាធិ និង សតិ ជាប់ជានិច្ច មុននឹងមើលឬឃើញ មុននឹងស្តាប់ឬឮ មុននិងស្រង់ក្លិនឬធុំក្លិន មុននិងនិយាយឬមិននិយាយ ឬ មុននឹងបរិភោគអាហារជាដើម។ ក្នុងយុគសម័យទំនើបនាបច្ចុប្បន្ន ដែលម្នាក់ៗប្រកួតប្រជែងដើម្បីមុខមាត់ នេះ ការដែលមុខមានសតិនិងសមាធិល្អ នឹងធ្វើឲ្យម្ចាស់មុខ ក្លាយទៅជាអ្នកដែលទទួលការចាប់អារម្មណ៍ក្នុងផ្លូវវិជ្ជមានពីក្រុមគ្រួសារ ពីសង្គម ពីអ្នកធុរកិច្ច ជាមិនខាន។ មុខវិជ្ជមាន ប្រាកដជាបានទទួលអាយុ វណ្ណៈ សុខៈ និងពលៈ ច្រើនជាងលើសលុបពីអ្នកដែលមានទឹកមុខអវិជ្ជមានជាពិតប្រាកដ។ សូមពុទ្ធបរិស័ទយើង ស្ថាបនាមុខរបស់យើងឲ្យប្រកបដោយសម្មាសតិនិងសម្មាសមាធិ ឲ្យបានច្រើនក្នុងការរស់នៅក្នុងជីវិតប្រចាំថ្ងៃ។
សូមអនុមោទនា!
ភូមិវត្តពោធិវាល ក្រុងបាត់ដំបង
ថ្ងៃអាទិត្យ ១០កើត ខែផល្គុណ ឆ្នាំជូតទោស័ក ព.ស ២៥៦៤
ថ្ងៃទី ២១ កុម្ភៈ ឆ្នាំ ២០២១