ជិនស្រី និង
ជិនបុត្រ
អ្នកឈ្នះ និងកូនអ្នកឈ្នះ
ជិនស្រី ជាព្រះនាមមួយក្នុងចំណោមព្រះនាមហៅក្រៅទាំងឡាយ
ដែលគេបានសម្គាល់ថាជាព្រះនាម ព្រះពុទ្ធអង្គ មានន័យថា អ្នកឈ្នះដ៏ប្រសើរ។
អត្ថបទនេះ នឹងបរិយាយអំពីកត្តាអ្វីខ្លះ
ដែលធ្វើឲ្យព្រះពុទ្ធអង្គត្រូវ បានគេថ្វាយព្រះនាមថា អ្នកឈ្នះ នៅក្នុងជំនាន់ដែលព្រះអង្គកំពុងតែផ្សព្វផ្សាយពុទ្ធសាសនា
ហើយតើយើង ទាំងអស់គ្នា ព្រះសង្ឃនិងគ្រហស្ថ ដែលជាពុទ្ធបរិស័ទ
អាចរៀនបានអ្វីខ្លះនិងគួរធ្វើយ៉ាងណាខ្លះ ដើម្បីឲ្សសម នឹងពាក្យដែលយើងតែងហៅខ្លួនយើងថា ជិនបុត្រ ដែលប្រែថា កូនអ្នកឈ្នះដ៏ប្រសើរ។
ខ្ញុំសូមចាប់ផ្តើមដោយសាច់រឿងនៅក្នុងគម្ពីរព្រះវិន័យ
ភាគទី៦ ដែលកាលនោះព្រះសម្មាសម្ពុទ្ធ ព្រះអង្គ ទើបនឹងត្រាស់ដឹង ហើយកំពុងយាងពីពុទ្ធគយា
កន្លែងព្រះអង្គបានត្រាស់ដឹង ទៅកាន់ព្រៃឥសិបតនមិគទាយវ័ន ក្នុងចម្ងាយប្រមាណជា ២៥០គម ក្នុងគោលបំណងសម្តែងធម៌ដែលព្រះអង្គទើបបានត្រាស់ដឹងនោះ
ដល់អ្នក បួសជាមិត្តចាស់របស់ព្រះអង្គ៥នាក់។ នៅតាមផ្លូវ
មានអាជីវកជាអ្នកបួសក្នុងសាសនាដទៃម្នាក់ឈ្មោះ ឧបកៈ បានជួបព្រះពុទ្ធអង្គកំពុងធ្វើដំណើរទៅកាន់ផ្លូវឆ្ងាយ
ក៏ពោលពាក្យនេះនឹងព្រះអង្គថា៖
«ឱលោកដ៏មានអាយុ ឥន្ទ្រីយ៍ទាំងឡាយរបស់អ្នកជ្រះថ្លាណាស់
ឆវិវណ្ណរបស់អ្នកក៏បរិសុទ្ធផូរផង់។ នែលោកដ៏មានអាយុ អ្នកបួសចំពោះគ្រូណា អ្នកណាជាគ្រូរបស់អ្នក អ្នកពេញចិត្តនឹងធម៌របស់គ្រូណា»?
កាលឧបកាជីវកសួរយ៉ាងនេះហើយ ព្រះដ៏មានព្រះភាគ
ទ្រង់ឆ្លើយតបដោយពាក្យជាគាថា ទៅរកឧបកាជីវកថា[i]៖
«តថាគតជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់
ត្រាស់ដឹងនូវចតុភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់
បានលះចោលនូវតេភូមិកធម៌ទាំង អស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា
ដឹងច្បាស់នូវចតុភូមិកធម៌ ដោយខ្លួនឯង ដោយមិនចាំបាច់បុគ្គលណាប្រាប់។
តថាគតមិនមានអាចារ្យទេ មិនមាន បុគ្គលដទៃស្មើនឹងតថាគតឡើយក្នុងលោកនេះព្រមទាំងទេវលោក
មិនមានបុគ្គលប្រៀបផ្ទឹម នឹងតថាគតបានឡើយ។ ព្រោះថា តថាគតជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត
ជាអ្នក ត្រាស់ដឹងដោយប្រពៃចំពោះខ្លួនឯង តថាគតមានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ ហើយ»។ ឥឡូវនេះ
តថាគតទៅកាន់ក្រុងនៃពួកជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក ដោយបំណងថា
តថាគតនឹងទូងនូវស្គរ គឺអមតនិព្វាន ចំពោះសត្វលោកដែលងងឹត គឺអវិជ្ជា កំពុងគ្របសង្កត់។
បានស្តាប់ដូច្នេះហើយ
អ្នកបួសឧបកាជីវក ក៏តបទៅព្រះអង្គវិញថា៖ «ឱលោកដ៏មានអាយុ
អ្នកប្តេជ្ញា ខ្លួនអ្នកថាយ៉ាងណា អ្នកគួរដើម្បីបាននូវឈ្មោះថា អនន្តជិនៈ គឺអ្នកឈ្នះមិនមានទីបំផុត
យ៉ាងនោះឯង។
ព្រះសម្មាសម្ពុទ្ធ
ទ្រង់មានព្រះពុទ្ធដីកាបន្តទៀតថា៖
«ជនទាំងឡាយណាបានដល់នូវធម៌សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ
ជនទាំងឡាយនោះ ឈ្មោះថា ជិនៈ ប្រាកដដូចជាតថាគតដែរ។ តថាគតបានឈ្នះបាបធម៌ទាំងឡាយហើយ
ព្រោះហេតុនោះ ទើបតថាគតបាននូវឈ្មោះថា ជិនៈ គឺជាអ្នកឈ្នះបាបធម៌។
អ្នកបួសឧបកាជីវកក៏ពោលបន្តថា
"ឱលោកដ៏មានអាយុ ពាក្យយ៉ាងហ្នឹងពិតមែនហើយ "។ លុះថាហើយ អ្នកបួសឧបកាជីវកនោះក៏ងក់ក្បាល ហើយចៀសចេញទៅ ។
ខ្ញុំលើកដំណើររឿងដ៏ខ្លីនេះមកពោល
ក៏ព្រោះចង់សិក្សាបង្ហាញអំពីហេតុកាណ៍នេះថា «អ្នកដែលមាន សុខភាពល្អ អ្នកដឹងថាខ្លួនឯងមានសមត្ថភាពច្បាស់
មានគុណធម៌ល្អ តែងមិនខ្លាចក្នុងការប្រកាសប្រាប់គេ អំពីខ្លួនឯង និង បា្រប់គេថា ខ្លួនឯងអាចធ្វើអ្វីបានជាប្រយោជន៍ដល់បុគ្គល
ដល់សង្គម និង ដល់មនុស្សជាតិ ឡើយ
ហើយបើសិនជាអ្នកនោះដើរតាមមគ្គវិធីរបស់ខ្លួនដោយត្រឹមត្រូវ ជននោះនិងសង្គមនោះ ក៏នឹងក្លាយជា អ្នកឈ្នះ
នៅក្នុងកិច្ចការសព្វសារពើដោយពិតប្រាកដ។
ក្នុងការសិក្សានេះ
ខ្ញុំមានចំណុចប្រាំយ៉ាង សម្រាប់ជាការពិចារណាទាំងអស់គ្នា ដូចតទៅ៖
1.
ចំណុចទី១៖ រឿងនេះ បង្ហាញពីការមានសុខភាពល្អរបស់ព្រះពុទ្ធអង្គ
«ឥន្ទ្រីយ៍ទាំងឡាយរបស់អ្នកជ្រះថ្លាណាស់ ឆវីវណ្ណរបស់អ្នកក៏បរិសុទ្ធផូរផង់»។
នេះជាសម្តីរបស់អ្នកបួស ក្នុងលទ្ធិដទៃ ដែលគ្រាន់តែឃើញព្រះអង្គភ្លាមក៏កើតការលាន់មាត់
អំពីឥន្ទ្រីយ៍និងឆវីវណ្ណរបស់ព្រះ ពុទ្ធអង្គ។ ឥន្ទ្រីយ៍ បានដល់កាយសម្បទា រូបលក្ខណៈ
អាកប្បកិរិយា ដំណើរឫកពារ របស់ព្រះពុទ្ធ ដែល គ្រាន់តែឃើញភ្លាម គួរឲ្យចង់សេពគប់ គួរឲ្យស្រឡាញ់ គួរឲ្យចង់និយាយជាមួយ។ ឥន្ទ្រីយ៍
ក្នុងភាសា បាលី បានដល់ភ្នែក ត្រចៀក ច្រមុះ អណ្តាត(មាត់) កាយ (រាងកាយ)។ ម្យ៉ាងទៀតអ្នកបួសរូបនេះ បាននិយាយថា
ឆវីវណ្ណរបស់អ្នកក៏បរិសុទ្ធផូរផង់
ដែលក្នុងនេះ ឆវីវណ្ណ បានដល់សម្បុរស្បែកដែលថ្លា ស្អាត ដូចសម្បុរថ្ងៃ។ សម្បុរស្បែក
និង សណ្ឋានលក្ខណៈរបស់ឥន្ទ្រីយ៍ទាំង៥នេះ បង្ហាញឲ្យដឹងថា ព្រះពុទ្ធអង្គជាមនុស្សមានសុខភាពល្អ
មានកាយសម្បទាមាំមួន ដែលបានបញ្ចាំងឆ្លុះមកតាមរយៈស្បែក
និងរូបលក្ខណៈរបស់ឥន្ទ្រីយ៍ទាំង៥។ ជាទឡ្ហីករណ៍មួយ គឺព្រះពុទ្ធអង្គបានធ្វើដំណើរជាមធ្យម ២០គីឡូ ម៉ែត្រ ក្នុងមួយថ្ងៃ
ពីកន្លែងដែលព្រះអង្គត្រាស់ដឹង ទៅកន្លែងដែលព្រះអង្គនឹងសម្តែងធម៌ជាលើកដំបូង
ដែលមានចម្ងាយ២៥០ គ.ម តាមផែនទីបច្ចុប្បន្ន។
2.
ចំណុចទី២៖ រឿងនេះ បង្ហាញពីការជឿជាក់លើសមត្ថភាពផ្ទាល់ខ្លួនរបស់ព្រះពុទ្ធអង្គ
ព្រះពុទ្ធអង្គបានឆ្លើយតបទៅនឹងសំនួររបស់អ្នកបួសរូបនេះដែលសួរព្រះអង្គថា
«អ្នកបួសចំពោះគ្រូណា អ្នកណា ជាគ្រូរបស់អ្នក អ្នកពេញចិត្តនឹងធម៌របស់គ្រូណា»
ដោយគ្មានការស្ទាក់ស្ទើរឡើយអំពីសមត្ថភាព ផ្ទាល់របស់ព្រះអង្គថា «តថាគតត្រាស់ដឹងនូវចតុភូមិកធម៌ទាំងអស់
ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹង ដោយប្រពៃចំពោះខ្លួនឯង តថាគតមិនមានអាចារ្យទេ
មិនមានបុគ្គលដទៃស្មើនឹងតថាគតឡើយ ទោះជាក្នុង លោកនេះព្រមទាំងទេវលោក ក៏មិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ»។
ការអះអាងរបស់ព្រះ អង្គបែបនេះ ជាការបង្ហាញអំពីសមត្ថភាពដែលព្រះអង្គមានដោយភាពជឿជាក់
ចំពោះបុគ្គលដទៃដែលចង់ ដឹង និងជាសមត្ថភាពដែលអាចបង្ហាញឲ្យឃើញឲ្យដឹងបាន
បើសិនជាជននោះមានចេតនាចង់បន្តសំនួរ។
3.
ចំណុចទី៣៖ រឿងនេះ បានបង្ហាញពីគុណធម៌ផ្លូវចិត្តដែលមាននៅក្នុងព្រះទ័យរបស់ព្រះពុទ្ធអង្គ
បន្ទាប់អះអាងអំពីសមត្ថភាពព្រះអង្គហើយ ព្រះពុទ្ធអង្គក៏បានបន្តកិច្ចសន្ទនារបស់ព្រះអង្គចំពោះអ្នកបួស នោះតទៅទៀតថា៖
«តថាគតមិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់ បានលះចោលនូវ តេភូមិកធម៌ទាំងអស់ហើយ
មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា តថាគតជាអរហន្តក្នុងលោក
តថាគតមានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយ។ តថាគតបានឈ្នះបាបធម៌ទាំងឡាយ ហើយ»។ ចំណុចត្រង់នេះ
គឺជាការបង្ហាញនូវអ្វីដែលព្រះអង្គបានតស៊ូកន្លងមកក្នុងឆាកជីវិត
រហូតដល់យក ឈ្នះនូវឧបសគ្គទាំងនោះបានដោយជោគជ័យទាំងស្រុង គឺការយកឈ្នះបាបធម៌ដែលធ្លាប់កើតមានក្នុង សន្តានចិត្តរបស់ព្រះអង្គកន្លងមក។
4.
ចំណុចទី៤៖ រឿងនេះ បានបង្ហាញពីប្រសិទ្ធិភាពនៃសម្មាមគ្គ ឬ
វិធីដែលត្រឹមត្រូវរបស់ព្រះអង្គ
អ្នកបួសឈ្មោះឧបកាជីវកនោះ បន្ទាប់ពីស្តាប់ព្រះអង្គហើយ
ក៏បានមានចំណាប់អារម្មណ៍ថា បើព្រះអង្គមាន គុណលក្ខណៈគ្រប់សព្វបែបនេះមែន
ព្រះអង្គប្រាកដជាឈ្នះរកទីបំផុតគ្មានទេ (អនន្តជិនៈ) ឬឈ្នះដោយ មិនចាញ់វិញឡើយ។ ព្រះពុទ្ធអង្គក៏បានបញ្ជាក់បន្តថា
ជនណាដែលបានអនុវត្តតាមបែបផែនរបស់ ព្រះអង្គ ជននោះក៏នឹងបានឈ្នះ និងមានឈ្មោះថា ជិនៈ
ដូចគ្នា ដែលជាការបញ្ជាក់នូវប្រសិទ្ធិភាព និងបទ ពិសោធដែលពិតប្រាកដ
នៃវិធីដែលព្រះអង្គបានរកឃើញនិងត្រាស់ដឹង ដើម្បីយកជ័យជំនះលើកិលេស ទាំងអស់ ក្នុងគ្រប់ស្ថានភាពនៃលំនៅឋានរបស់កិលេស
បានដល់ភូមិទាំងបី គឺភូមិមនុស្ស ភូមិទេពតា និង ភូមិព្រហ្ម។
5.
ចំណុចទី៥៖ រឿងនេះ បានបង្ហាញពីគោលបំណងក្នុងជីវិតរបស់ព្រះអង្គ
បន្ទាប់ពីព្រះពុទ្ធអង្គបានបង្ហាញអំពីសមត្ថភាពនិងគុណធម៌របស់ព្រះអង្គរួចហើយ
ព្រះអង្គក៏បានប្រាប់ទៅ អ្នកបួសនោះ អំពីគោលបំណងក្នុងជីវិតរបស់ព្រះអង្គ ទាំងដែលអ្នកបួសនោះមិនបានសួរព្រះអង្គ
ថា៖ «ឥឡូវនេះ តថាគតទៅកាន់ក្រុងនៃពួកជនអ្នកកាសី ដើម្បីនឹងសំដែងធម្មចក្ក។
តថាគតនឹងទូងនូវស្គរ គឺអមតនិព្វាន ចំពោះសត្វលោកដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់»។ ការផ្តល់ដំណឹងដល់អ្នកបួស ឈ្មោះឧបកាជីវកនេះ
មានលក្ខណៈជាការប្រកាសសារដល់អ្នកដទៃឲ្យដឹងជាដំបូង នូវចេតនារបស់ព្រះ ពុទ្ធអង្គក្នុងការលះបង់ប្រយោជន៍ផ្ទាល់ព្រះអង្គ
សម្រាប់ប្រយោជន៍មនុស្សជាតិ
ដោយការសម្តែងនូវធម៌ សម្រាប់អភិវឌ្ឍមនុស្សដែលព្រះអង្គបានរកឃើញ គឺ
ធម្មចក្កប្បវត្តនសូត្រ។
ប្រចក្សហេតុទាំង៥
ដែលបានលើកមកសិក្សានេះ ខ្ញុំសូមចែកជាពីរវគ្គសំខាន់ៗ គឺវគ្គផ្ទាល់ព្រះអង្គ និង
វគ្គអ្នកដទៃ៖
វគ្គផ្ទាល់ព្រះអង្គ
វគ្គផ្ទាល់ព្រះអង្គ
មានបីចំណុចគឺ ចំណូចទី១ ជារឿងទាក់ទងនឹងកាយសម្បទារបស់ព្រះពុទ្ធអង្គ ចំណុច ទី២ ជារឿងទាក់ទងនឹងសមត្ថភាពដែលព្រះពុទ្ធអង្គមាន
និងចំណុចទី៣ គឺគុណធម៌ដែលមាននៅក្នុងព្រះទ័យ របស់ព្រះពុទ្ធអង្គផ្ទាល់។ ទាំងបីចំណុចនេះ
គឺជាសេចក្តីប្រកាសជាដំបូងរបស់ព្រះពុទ្ធអង្គ
ដែលព្រះអង្គបាន បង្ហាញដល់អ្នកដែលមិនទាន់ស្គាល់ព្រះអង្គ អាចឲ្យពួកអ្នកទាំងនោះបញ្ជូនសារអំពីកាយសម្បទាព្រះអង្គ
សមត្ថភាពព្រះអង្គ និង ការត្រាស់ដឹងរបស់ព្រះអង្គជាព្រះពុទ្ធ។ និយាយដោយខ្លី
ព្រះពុទ្ធអង្គជាមនុស្សដែល មានសុខភាពល្អ សមត្ថភាពខ្ពស់ និងគុណធម៌បរិសុទ្ធ។
វគ្គអ្នកដទៃ
វគ្គអ្នកដទៃ
មានពីរចំណុចគឺ ចំណុចទី១ ជារឿងទាក់ទងទៅនឹងការប្រកាសចេតនាប្តេជ្ញារបស់ព្រះអង្គ ក្នុងការយកនូវអ្វីដែលព្រះអង្គបានរកឃើញ
បានត្រាស់ដឹង និងវិធីដែលនាំឲ្យបានត្រាស់ដឹងនោះ ទៅបង្ហាញ ដល់មនុស្សជាតិ។ ចំណុចទី២
គឺជាការសន្យាថា អ្នកណាក៏ដោយឲ្យតែបដិបត្ត អនុវត្តតាមវិធីសម្មាមគ្គ
របស់ព្រះអង្គឲ្យបានត្រឹមត្រូវ អ្នកនោះក៏អាចបានត្រាស់ដឹង និង
ក្លាយជាអ្នកឈ្នះដូចព្រះអង្គដែរ។
ប្រចក្សភាព
គឺអ្វីដែលប្រាកដនៅក្នុងដំណើររឿងចេញប្រកាសពុទ្ធសាសនារបស់ព្រះពុទ្ធអង្គនេះ អាច ឲ្យយើងស្រង់យកជាគំនិតមកអនុវត្តនៅក្នុងការប្រកបអាជីវកម្មចិញ្ចឹមជីវិតត្រឹមត្រូវគ្រប់ប្រភេទ
ឬ ដែលហៅថា អាជីវកម្មសម្មាមគ្គ បានដូច្នេះគឺ៖
ក) ក) មុននឹងធ្វើអ្វីក៏ដោយ ការមានសុខភាពនិងកិរិយាមារយាទល្អ
ជារឿងចាំបាច់ដំបូង។ ព្រោះ
សុខភាព និង កិរិយាមារយាទ(ឆវិវណ្ណ និង ឥន្ទ្រីយ៍) ជារបស់ដែលភ្នែកអ្នកដទៃធម្មតាៗ
អាចមើលដឹងបានគ្រប់គ្នា។ បើ សុខភាពនិងកិរិយាមារយាទមិនល្អហើយ
ជំនឿដើម្បីឲ្យគេចូលរួមជាមួយ នឹងមិនអាចកើតឡើងបានល្អទេ។ ពាក្យបុរាណខ្មែរមួយម៉ាត់ដែលគួរយកជាគតិក្នុងន័យនេះគឺ
«គីង្គក់លក់ថ្នាំស្រែង»។
ខ) ខ) ការកសាងនិងអភិវឌ្ឍសមត្ថភាពពិតប្រាកដឲ្យកើតឡើងសម្រាប់ខ្លួន
ដើម្បីសម្រេចឲ្យបានក្នុងជីវិតក្នុង ជីវភាពសម្មាមគ្គ ជារឿងសំខាន់ណាស់ ព្រោះអ្វីៗនឹងមិនអាចឈ្នះ(ជិនៈ)
ឬបាន ដោយសារការបន់ស្រន់ទេ តែសម្រេចបានដោយសារសមត្ថភាពក្នុងកិច្ចការនិងអាជីវកម្មនោះៗ។
«ដឹងនូវចតុភូមិកធម៌ទាំងអស់» គឺចេះ ដឹងនូវកិច្ចការគ្រប់ជ្រុងជ្រោយគ្រប់បរិបទ។ «ជាអ្នកត្រាស់ដឹងដោយប្រពៃចំពោះខ្លួនឯង»
គឺជាលទ្ធផលដែល កើតមានឡើងចំពោះខ្លួន នៅលើមូលដ្ឋាននៃការចេះដឹងនិងបទពិសោធដែលបានធ្វើនិងជួបប្រទះដោយ ផ្ទាល់ខ្លួន។
គ) គ) គុណធម៌ដែលមាននៅក្នុងចិត្ត
មានដូចជាការមិនលោភលន់ ការមិនខឹងក្រោធ ការមានហេតុផល ការមាន សច្ចៈ មានខន្តី មានកតញ្ញូ
ជាដើមនេះ គឺជាប្រាតិភោគ ឬ វត្ថុធានារ៉ាប់រងចំពោះសុខភាព សមត្ថភាព និងការ សម្រេចបាននូវភាពជាអ្នកឈ្នះ
ឬ ជិនភាព។
ឃ) គោលបំណងក្នុងជីវិត ក្នុងជីវភាព ក្នុងអាជីវកម្ម
និង ផ្លូវដើម្បីសម្រេចឲ្យបាននូវគោលបំណងនោះ ត្រូវតែល្អ ត្រឹមត្រូវ ច្បាស់លាស់
និងមានលក្ខណៈសមល្មម ដែលភាសាបាលីហៅថា មានសម្មា។ គោល បំណងបែបនេះ
នឹងទទួលបានជោគជ័យ សម្រេចដូចចិត្តប៉ង និង ទទួលបាននូវការគាំទ្រចូលរួម។
ខ) ង) គឺការធានាបានថា អ្នកដែលដើរលើផ្លូវឆ្ពោះទៅរកគោលបំណងនេះជាមួយគ្នា
នឹងទទួលបាននូវផល ប្រយោជន៍គឺការសម្រេចបាននូវជោគជ័យដូចគ្នានឹងអ្នកដែលនាំគេដែរ
ព្រោះបើមិនបានផលដូចគ្នាទេ បាន សេចក្តីថាគោលបំណងនិងវីធីដើម្បីទៅដល់គោលបំណងនោះ
មិនមានប្រសិទ្ធភាព មិនល្អ ហើយអ្នកដែលដើរ តាម ក៏នឹងអស់ជំនឿមកលើគោលបំណងនិងវិធីនោះជាមិនខាន។
ជាចុងក្រោយនៃការបញ្ចប់សាច់រឿង
យើងឃើញថានៅក្នុងអត្ថន័យនៃការសន្ទនាគ្នាដ៏ខ្លីនេះ ព្រះពុទ្ធ អង្គពុំបានបញ្ចុះបញ្ចូល
លួងលោម លើកទឹកចិត្ត សូកប៉ាន់ ឬ បង្ខិតបង្ខំ ឧបកាជីវកនោះ ឲ្យជឿ ឬ បួសជា មួយព្រះអង្គឬ
រៀនអំពីព្រះអង្គឡើយ គឺបន្ទាប់ពីបានស្តាប់គ្នាទៅវិញទៅមកហើយ
ក៏បែកផ្លូវគ្នារៀងៗខ្លួន។ នេះ
ជាសុជីវធម៌និងគុណធម៌មួយទៀតក្នុងការសន្ទនា ដែលម្នាក់ៗចេះសួរ ចេះឆ្លើយ ចេះស្តាប់
តែក៏មាន សេរីភាពក្នុងការសម្រេចចិត្តថាគួរជឿឬមិនគួរជឿ។ បែបផែននេះ គឺជាបែបផែនដែលព្រះពុទ្ធអង្គបានប្រើប្រាស់ ជាបន្តបន្ទាប់ក្នុងការផ្សព្វផ្សាយពាក្យប្រៀនប្រដៅរបស់ព្រះអង្គនៅក្នុងប្រទេសឥណ្ឌា និងបានរីកសាយនៅ ទូទាំងពិភពលោក
នាបច្ចុប្បន្ននេះ ថាជាការផ្សព្វផ្សាយសាសនាបែបអហឹង្សា។
ពុទ្ធបរិស័ទយើងតែងនាំគ្នានិយាយបែបមានអំនួតថា
ពួកយើងជាបុត្ររបស់ព្រះជិនស្រី ឬ ជាកូនរបស់អ្នកឈ្នះដ៏ប្រសើរ ដែលតាមបាលីហៅថា ជិនបុត្ត។
ព្រះពុទ្ធអង្គបានយកឈ្នះកិលេស
បានប្រាប់ អ្នកដែលបានអនុវត្តតាមព្រះអង្គឲ្យបានឈ្នះកិលេសដែរ ជាពិសេស
គឺបានយកឈ្នះចិត្តមហាជនដ៏មាន ចំនួនប្រមាណមិនបាន ឲ្យដើរតាមព្រះអង្គ និងបដិបត្តតាម អស់រយៈពេលជាងពីរពាន់ឆ្នាំមកហើយ។
សំនួរដែលយើង គួរចោទសួរខ្លួនយើង
ដែលជាជិនបុត្រ ឬ កូនរបស់អ្នកឈ្នះដ៏ប្រសើរគឺ៖
«ក្នុងឋានៈជាកូនអ្នកឈ្នះ
ឬ ជាបរិស័ទរបស់ព្រះជិនស្រី តើយើងបានអនុវត្តទៅតាមអ្វីដែលឪពុក យើងគឺព្រះពុទ្ធបានណែនាំខ្លះឬទេ?
យើងមានបានឈ្នះកិលេសខ្លះដែរឬទេ? តើពួកយើងទាំង អស់គ្នា ទាំងគ្រហស្ថនិងបព្វជិត បានខំថែរក្សាសុខភាព
ពង្រឹងសមត្ថភាព និងបង្កើនគុណធម៌ ឲ្យ បានគ្រប់គ្រាន់(សម្មា) សម្រាប់ការផ្សព្វផ្សាយសម្មាមគ្គទាំង៨
គឺការយល់ត្រូវ ការគិតត្រូវ ការ និយាយត្រូវ ការធ្វើត្រូវ ការចិញ្ចឹមជីវិតត្រូវ
ការព្យាយាមត្រូវ ការមានសតិសម្បជញ្ញៈត្រូវ និងការ មានចិត្តជាសមាធិត្រូវ របស់ព្រះបិតាយើងគឺព្រះពុទ្ធ
ដើម្បីយកឈ្នះឧបសគ្គក្នុងជីវិតទាំងពួងបាន ផង និង ដើម្បីយកឈ្នះចិត្តមហាជននាសម័យបដិវត្តន៍ឧស្សាហកម្ម៤.០
នេះឲ្យយកចិត្តទុកដាក់ ស្តាប់សម្មាមគ្គរបស់ព្រះពុទ្ធអង្គបានយល់និងបដិបត្តតាមផង។ ទាំងនេះ អាចជាចម្លើយនិងសំនួរ ចំពោះជិនបុត្រទាំងអស់
គឺទាំងព្រះសង្ឃទាំងគ្រហស្ថ សម្រាប់ការឆ្លងឆ្នាំចាស់២០២០ ចូលឆ្នាំថ្មី ២០២១ នេះ»។
សូមអរព្រះគុណនិងអរគុណ
ហេង មណីចិន្តា
ថ្ងៃអង្គារ ១៥កើត ខែ បុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ទី ២៩ ធ្នូ ឆ្នាំ ២០២០
លេខយោង
[i] វិន័យបិដក លេខ៦ ទំព័រ ២១-២៣
[១១] មានអាជីវកម្នាក់ឈ្មោះឧបកៈ
បានឃើញព្រះដ៏មានព្រះភាគ ស្តេចទៅកាន់ផ្លូវឆ្ងាយ
ក្នុងចន្លោះនៃគយាប្រទេសផង ក្នុងចន្លោះពោធិព្រឹក្សផង លុះឃើញហើយ ក៏ពោលពាក្យនេះនឹងព្រះដ៏មានព្រះភាគថា
ម្នាលអាវុសោ ឥន្ទ្រិយទាំងឡាយរបស់អ្នកជ្រះថ្លាណាស់
ឆវិវណ្ណរបស់អ្នកក៏បរិសុទ្ធផូរផង់ ម្នាលអាវុសោ អ្នកបួសចំពោះគ្រូណា អ្នកណាជាគ្រូរបស់អ្នក
អ្នកពេញចិត្តនឹងធម៌របស់គ្រូណា។ កាលឧបកាជីវកសួរយ៉ាងនេះហើយ
ព្រះដ៏មានព្រះភាគ ទ្រង់ឆ្លើយតបដោយពាក្យជាគាថាទៅរកឧបកាជីវកថា៖ «សព្វាភិភូ សព្វវិទូហមស្មិ សព្វេសុ
ធម្មេសុ អនូបលិត្តោ សព្វព្ជាហោ តណ្ហក្ខយេ
វិមុត្តោ សយំ អភិញ្ញយ
កមុទ្ទិសេយ្យំ។ ន មេ
អាចរិយោ អត្ថិ សទិសោ
មេ នវិញ្ជតិ សទេវកស្មឹ
លោកស្មឹ នត្ថិ មេ
បដិបុគ្គល។
អហញ្ហិ អរហា លោកេ
អហំ សត្ថា អនុត្តរោ
ឯកោម្ហិ សម្មាសម្ពុទ្ធោ
សីតិភូតោស្មិ និព្វុតោ។
ធម្មចក្កំ បវត្តេតុំ គច្ឆាមិន
កាសិនំ បុរំ អន្ធភូតស្មឹ
លោកស្មឹ អហញ្ញឹ អមតទន្ទុភិន្តិ»។
តថាគតជាអ្នកគ្របសង្កត់នូវតេភូមិកធម៌ទាំងអស់
ត្រាស់ដឹងនូវចតុភូមិកធម៌ទាំងអស់ មិនប្រឡាក់ដោយកិលេសក្នុងតេភូមិកធម៌ទាំងអស់
បានលះចោលនូវតេភូមិកធម៌ទាំងអស់ហើយ មានចិត្តផុតស្រឡះហើយ ព្រោះអស់ទៅនៃតណ្ហា
ដឹងច្បាស់នូវចតុភូមិកធម៌ដោយខ្លួនឯង (ចាំបាច់) ចំពោះបុគ្គលណា។ តថាគតមិនមានអាចារ្យទេ មិនមានបុគ្គលដទៃស្មើនឹងតថាគតឡើយ
ក្នុងលោកនេះ ព្រមទាំងទេវលោក មិនមានបុគ្គលប្រៀបផ្ទឹមនឹងតថាគតបានឡើយ។
ព្រោះថា តថាគតជាអរហន្តក្នុងលោក ជាសាស្តាខ្ពស់ផុត ជាអ្នកត្រាស់ដឹងដោយប្រពៃចំពោះខ្លួនឯង
តថាគតមានសេចក្តីត្រជាក់ មានភ្លើងកិលេសរលត់ហើយឥឡូវតថាគតទៅកាន់ក្រុងនៃពួកជនអ្នកកាសី
ដើម្បីនឹងសំដែងធម្មចក្ក (ដោយបំណងថា) តថាគតនឹងទូងនូវស្គរ គឺអមតនិព្វាន
ចំពោះសត្វលោក ដែលងងឹត គឺអវិជ្ជាកំពុងគ្របសង្កត់។
ឧបកាជីវកក៏តបថា
ម្នាលអាវុសោ អ្នកប្តេជ្ញាខ្លួនអ្នកថាយ៉ាងណា អ្នក(គួរដើម្បីបាននូវឈ្មោះ)ថា
អនន្តជិនៈ (យ៉ាងនោះឯង)។ ព្រះសម្មាសម្ពុទ្ធ
ទ្រង់មានព្រះពុទ្ធដីកាទៀតថា៖
«មាទិសា វេជិនា
ហោន្តិ យេ បត្តា
អាសវក្ខយំ ជិតា មេ
បាបកា ធម្មា តស្មាហមុបក
ជិនោតិ»
ជនទាំងឡាយណាបានដល់នូវធម៌សម្រាប់ធ្វើអាសវៈឲ្យអស់ទៅ
ជនទាំងឡាយនោះឈ្មោះថា ជិនៈ (ជាអ្នកឈ្នះកិលេស) ប្រាកដដូចជាតថាគតដែរ។
តថាគតបានឈ្នះបាបធម៌ទាំងឡាយហើយ ម្នាលឧបកៈ ព្រោះហេតុនោះ
ទើបតថាគតបាននូវឈ្មោះថា ជិនៈ (ជាអ្នកឈ្នះបាបធម៌)។
កាលព្រះដ៏មានព្រះភាគ ទ្រង់មានព្រះពុទ្ធដីកាយ៉ាងនេះហើយ
ឧបកាជីវកពោលពាក្យថា ម្នាលអាវុសោ ពាក្យយ៉ាងហ្នឹង ពិតមែនហើយ
(ថាហើយ) ក៏ងក់ក្បាល ហើយកាន់យកផ្លូវខុស (គឺដើរបែកផ្លូវគ្នា)
ចៀសចេញទៅ។