ធម្មគតិសម្មាមគ្គ
អំពី
ស្រី ក្នុងបរិបទវប្បធម៌ខ្មែរ និង ពុទ្ធសាសនា
ដើម្បីចូលរួមអបអរទិវានារី
ធម្មគតិសម្មាមគ្គថ្ងៃនេះ សូមលើកយកអំពីកំណាព្យអប់រំខ្មែរបុរាណមួយវគ្គ ដែល មានចារទុកនៅក្នុងច្បាប់ត្រីនេត្ររបស់ព្រះរាជសម្ភារ នាសតវត្សរ៍ទី១៧ មកធ្វើ អត្ថាធិប្បាយ ដើម្បីជាការចូលរួមអបអរសាទរទិវានារីនៅកម្ពុជា ដែលតែងប្រារព្ធធ្វើ ឡើង នៅថ្ងៃទី ៨ មីនា ជារៀងរាល់ឆ្នាំ និងដើម្បីលើកតម្កើងនូវឋានៈនារីខ្មែរឲ្យកាន់តែ ខ្ពង់ខ្ពស់ឡើង។
« ខ្លែងហើរដ្បិតខ្យល់ នាយថ្កើងដ្បិតពល រក្សាឲ្យសុខ ទ្រព្យគង់ដ្បិតស្រី
ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា។ »
ក្នុងឱកាសនេះ ខ្ញុំសូមលើកយកត្រឹមតែឃ្លាដែលទាក់ទងនឹងស្រី មកអធិប្បាយប៉ុណ្ណោះ គឺ «ទ្រព្យគង់ដ្បិតស្រី ចេះសំចៃទុក ផ្ទះធំស្រណុក ដ្បិតភរិយាជា» ដោយនឹងសិក្សា លើពាក្យ ស្រី នៅក្នុងបរិបទភាសាខ្មែរ បរិបទវប្បធម៌ខ្មែរ និង បរិបទពុទ្ធសាសនា។
I. ស្រី ក្នុងបរិបទភាសាខ្មែរ
ស្រី គឺជាពាក្យដែលបុរាណលោកប្រើ ចំណែកសម័យទំនើបនេះ មិនសូវចង់ប្រើទេ ព្រោះគិតថាជាពាក្យអន់ថយ មិនមានកិត្តិយស ដោយច្រើនប្រើពាក្យ ស្ត្រី ឬ នារី ទៅ វិញ។ តែតាមពិត ពាក្យនេះមានប្រវត្តិដែលគួរជាទីមោទកភាពជាតិខ្មែរ និងប្រកប ដោយកិត្តយសជាខ្លាំង។ នៅក្នុងប្រទេសដែលកាន់ពុទ្ធសាសនានៅម្តុំអាស៊ីអគ្នេយ៍ និង ដែលទទួលយកនូវវប្បធម៌ព្រហ្មញ្ញសាសនានិងពុទ្ធសាសនា ពីមហាអាណាចក្រឥណ្ឌា បុរាណ ទាំងតាមរយៈភាសាសំស្ក្រឹតនិងភាសាបាលី មិនមានប្រទេសណាមួយដែលប្រើ ពាក្យ ស្រី សម្គាល់លើ ស្ត្រីភេទ ទេ គឺមានតែខ្មែរប៉ុណ្ណោះ។ ចំណែកពាក្យថាភរិយា និង ពាក្យ ស្ត្រី គឺមានប្រើដែរ ដូចជានៅប្រទេសលាវ និង ប្រទេសថៃដែរ។ វចនានុក្រមខ្មែរ បានពន្យល់ពាក្យ ស្រី ថាអាចក្លាយមកពីពាក្យថា ស្ត្រី ដែលជាពាក្យសំស្ក្រឹត តែដោយ សារការហៅយូរៗទៅ ក៏បាត់ជើងត នៅសល់តែស្រី។ ចំណែកន័យរបស់ ស្រី ម្យ៉ាងទៀត នៅក្នុងវចនានុក្រមនោះ ពីបុរាណលោកសរសេរ ថា ស្រី ដែរ តែមានតួប្រកបជា ព្យញ្ជនៈ ឝ (អានថា ស) បុរាណ ដែលមានសណ្ឋាណដូចអក្សរ គ តែវះពោះ ជា ព្យញ្ជនៈសម្រាប់សរសេរសំនៀងសំស្ក្រឹត តែសព្វថ្ងៃនេះឈប់ប្រើហើយ នៅឡើយតែ ប្រទេសថៃប៉ុណ្ណោះ ដែលនៅប្រើ។ ស្រី ក្នុងន័យទី២នេះ មានន័យស្មើនឹងពាក្យ សិរី (ក្នុងភាសាបាលី)។ សិរី ប្រែថាលម្អដែលគួរឲ្យស្រឡាញ់; សួស្ដី, ស្រីសួស្ដី, មង្គល; ជោគ; សេចក្ដីសុខ, សេចក្ដីចម្រើន; បុណ្យ, បុណភ័ព្វ, ភ័ព្វព្រេង, សំណាងល្អ; ព្រេងសំណាងល្អ; ទ្រព្យ; ការមានបាន, លាភ; ឥស្សរភាព, តេជះ , អំណាច; រាជស័ក្ដិ; ទិព្យស័ក្ដិ; ភគវតី; លក្ស្មី ។ល។ ឬ បើភាសាអ្នកជំនួញសព្វថ្ងៃនេះ ពាក្យថា ស្រី គួរនឹងមានន័យស្មើ នឹងពាក្យ ហុងស៊ុយល្អ។ សុំជម្រាបថា ព្រះមហេសីរបស់ព្រះវិស្ណុ ដែលជាអាទិទេពនៃ ព្រហ្មញ្ញសាសនា មានព្រះនាមថា លក្ស្មី តែព្រះនាមមួយទៀតរបស់ព្រះនាង គឺព្រះនាម ស្រីទេវី ឬ ហៅកាត់ថា ស្រី ប្រែថា ទេវីនៃទ្រព្យសម្បត្តិ[1]។
ខ្មែរច្រើនប្រើ ស្រី ជាពាក្យរួមពីខាងដើមសព្ទដទៃ, ដូចជា ព្រះស្រីសព៌េជ្ញ (ព្រះសព៌េជ្ញមានសិរី ) ស្រីសួស្ដី (សិរីសួស្ដី) ស្រីមតី (ស្រីប្រសើរ) ស្រីសោភ័ណ (ក្រុងសិរី សោភ័ណ) ស្រីប្រសើរ(ឈ្មោះបទភ្លេងខ្មែរ) ស្រីស្រឹង្គារ ជាដើម។ល។ សម្រាប់សម្គាល់ នូវឋានៈដ៏ខ្ពង់ខ្ពស់ គួរគោរព ឬក៏ជាឋានៈសក្តិសិទ្ធ៍របស់បុគ្គលនោះ។ ក្រៅពីនេះ ពាក្យ រាជស័ព្ទខ្មែរ ក៏បានយកពាក្យ ស្រី ទៅនាំមុខពាក្យដែលសម្គាល់ថាជាគ្រឿងបរិក្ខាប្រើ ប្រាស់របស់ព្រះអង្គដែរ ដូចជា៖ ព្រះស្រីខណ្ឌ គឺស្លាក្រក។ ព្រះស្រីចុណ្ណ គឺស្លាបុក។ ព្រះស្រីជីប គឺម្លូបៀក ។ ព្រះស្រីតម្ពុល គឺស្លាតម្ពុល ។ ព្រះស្រីសន្លឹក គឺស្លឹកម្លូ។ ព្រះស្រីសុក្កា គឺស្លាស្លឹង ។ ព្រះស្រីសួង គឺថ្នាំចុក ។ ស្រីហរិត គឺស្លាខ្ចី ជាដើម[2]។ល។
ដូច្នេះ លក្ខណៈពិសេសរបស់ពាក្យ ស្រី ក្នុងភាសាខ្មែរ និងការយកពាក្យនេះ មកប្រើសម្រាប់ហៅនារី គឺជាការផ្តល់ឲ្យនូវតម្លៃដ៏ខ្ពង់ខ្ពស់មួយដល់នារីខ្មែរ ស្មើនឹងទេព ធីតានៃទ្រព្យសម្បត្តិ អំពីអ្នកអក្សរសាស្ត្រនិងអ្នកដឹកនាំជាតិខ្មែរពីបុរាណ ដែលលោក យល់អំពីសារៈសំខាន់របស់ពាក្យ ស្រី និងមនុស្សស្រី ហើយក៏យកពាក្យនេះមកប្រើ សម្រាប់កូនស្រី និងស្រីៗទាំងឡាយ។ ស្រីទាំងឡាយមិនគួរមានការអៀនខ្មាសនឹងការ ហៅខ្លួនជា មនុស្សស្រី ជំនួសពាក្យ ស្ត្រី ដែលជាភាសាសំស្ក្រឹត ហើយដែលភាសាបាលី ប្រើជា ឥត្ថីឡើយ ព្រោះក្នុងភាសាទាំងពីរនេះ បានពន្យល់ពាក្យ ស្ត្រីឬឥត្ថី ថាត្រឹមតែជា (នារី) ដែលបុរសតែងប្រាថ្នា ឬ ដែលបុរសគប្បីប្រាថ្នា ដោយមានជាភាសាបាលីថា៖ «ឥច្ឆិយតេតិ>ឥត្ថី, ឥច្ឆិតព្វាវា>ឥត្ថី។»[4]»។
II. ស្រី ក្នុងបរិបទវប្បធម៌ខ្មែរ
នៅក្នុងបរិបទខ្មែរ ឥទ្ធិពលរបស់ ស្រី បានមានកំណើតនៅក្នុងវប្បធម៌ខ្មែរ ២០០០ ឆ្នាំរួចមកហើយ។ តាមប្រវត្តិសាស្រ្តខ្មែរ ក្នុងដើមសតវត្សទី១នៃគ្រឹស្តសករាជ អាណា ចក្រកម្ពុជាគ្រប់គ្រងដោយម្ចាស់ក្សត្រីយ៍ ១ ព្រះអង្គ ព្រះនាមថា ‹‹សោមា›› ឬតាម ភាសាចិនហៅថា ‹‹ព្រះនាង លីវយី››។ ដោយសារការមានស្រីជាធំលើគេនៅក្នុង ប្រទេសដូច្នេះហើយ បានជាយើងឃើញថា វប្បធម៌ខ្មែរយើងមានលក្ខណៈពិសេស ផ្ទាល់ខ្លួនខុសពីវប្បធម៌ឥណ្ឌានិងចិន ដែលចូលមកតាមក្រោយ។ វប្បធម៌ខ្មែរយើង ជា វប្បធម៌មាតាធិបតេយ្យ គឺយកមាតា ឬស្រីជាធំ ឯវប្បធម៌ឥណ្ឌា និង ចិន ជាវប្បធម៌បិតា ធិបតេយ្យ គឺយកប្រុសឬបិតាជាធំ។ តាមកំណត់ហេតុរបស់បេសកទូតចិន ឈ្មោះលោក ជីវតាក្វាន់ ដែលបានមកដល់រាជធានីអង្គរនៅក្នុងសតវត្សរ៍ទី ១៣ ក៏បានរៀបរាប់អំពី ឥទ្ធិពលដែលមានប្រៀបជាងបុរស របស់ស្ត្រីដែរ[3]។
ភស្តុតាងនៃឥទ្ធិពលមាតាធិបតេយ្យ ដែលឃើញច្បាស់នាបច្ចុប្បន្ន គឺពាក្យ ‹‹មេ ››។ ក្នុងភាសាខ្មែរ មេ សំដៅដល់ភេទញី ភេទស្រី ដូចជា មាន់មេ គោមេ ជាដើម ។ ការឱ្យ តម្លៃទៅលើស្រីជាធំ បានធ្វើឱ្យពាក្យមេ នេះ ត្រូវខ្មែរយើងយកទៅដាក់នាំមុខពាក្យដទៃ ទៀត កាលណាគេចង់បញ្ជាក់ថារបស់នោះធំ ជាដើមចម ជាប្រធាន ជាអ្នកដឹកនាំ ជាអ្នកនាំនូវសេចក្តីសុខឬសេចក្តីទុក្ខជាដើម ទាំងខាងផ្នែកគ្រប់គ្រងរដ្ឋ ក៏ដូចជាខាង រាស្ត្រប្រជា។ ជាឧទាហរណ៍ ផ្នែកខាងរដ្ឋមានដូចជាពាក្យថាៈ មេកងពន្ធស្រូវ មេកង ពន្ធទាស មេការ មន្ត្រីមេការ ក្រុមមេការ ក្រសួងមេការ មេគយ មេព្រៃ មេស្រែ មេឃុំ មេស្រុក មេទ័ព មេកង មេទាហាន ជាដើម។
សម្រាប់ពាក្យរាស្ត្រប្រជាទូទៅ មានដូចជា មេបន្ទុក មេចោរ មេកោយ មេខ្លោង មេ ក្រាន មេចង្ក្រាន មេចុងភៅ មេចង្ហាន់ មេផ្ទះ មេបា មេដែក មេដំបូល មេជើង មេដៃ មេ ទឹក មេភ្លើង មេខ្យល់ ព្រះមេ មេបទ មេពាក្យ មេលេខ មេសូត្រ មេកាព្យ មេស៊ី មេដឹកនាំ មេសោរ មេខូច មេរោគ មេក្រមី រើសយកអាណាមេៗ ជាដើម ។ ថ្វីដ្បិតរបស់នោះ គ្មានភេទ ឬជាភេទឈ្មោល ភេទប្រុសក្តី ក៏គេយកពាក្យ មេ ដាក់ពីមុខដែរ។ សូម្បី តែនៅក្នុងស្ថាប័នពុទ្ធសាសនា ភិក្ខុដែលទទួលនាទីជាអ្នកគ្រប់គ្រងវត្ត ក៏ត្រូវខ្មែរយើង ហៅដោយពាក្យ មេ ពីមុខដែរ ដូចជាពាក្យ លោកគ្រូមេវត្ត ព្រះគ្រូមេគណ លោកមេ កុដិ ជាដើម ថ្វីត្បិតតែព្រះសង្ឃទាំងអស់អង្គនោះ ជាបុរសភេទក្តី[5]។
III. ស្រី ក្នុងបរិបទព្រះពុទ្ធសាសនា
នៅក្នុងឥស្សរសូត្រ ទី៧ បិដក ភាគ ២៩ - ទំព័រទី ១១៤ មានទេវតាមួយរូបបាន មកទូលសួរព្រះសម្មាសម្ពុទ្ធថា៖ «អ្វីជាធំក្នុងលោក អ្វីឧត្តមជាងទ្រព្យទាំងឡាយក្នុង លោក អ្វីដូចជាច្រែះចាប់សស្ត្រាក្នុងលោក អ្វីជាសេចក្តីអន្តរាយក្នុងលោក»? សំនួររបស់ ទេវតារូបនេះ អាចយល់បាននៅក្នុងសេចក្តីដោយងាយថា តើក្នុងសង្គមមនុស្សជាតិនេះ តើបញ្ហាអ្វីដែលធំជាងគេ? តើទ្រព្យសម្បត្តិមួយណាដែលមានតម្លៃជាងគេ? តើអ្វីដែល នាំឲ្យសង្គមនេះវិនាសម្តងបន្តិចៗដូចជាដែកដែលត្រូវច្រេះស៊ី? និង តើអន្តរាយមួយ ណា ដែលនាំឲ្យសង្គមនេះជួបនឹងវិបត្តិ?
នៅក្នុងធីតុសូត្រ[6]
បាននិយាយអំពីព្រះបាទបសេនទិកោសល ទ្រង់អាក់អន់មិន សប្បាយព្រះទ័យជាខ្លាំង ដោយហេតុថាព្រះមហេសីទើបនឹងប្រសូត្របានបុត្រី១អង្គ។
ព្រះ ពុទ្ធអង្គបានផ្តល់ឱវាទថា បើព្រះរាជាចិញ្ចឹមបុត្រីនោះ ឲ្យមានបញ្ញាឆ្លាត មានសីល មាន បិតាក្មេក-មាតាក្មេកដែលល្អ
ជាភរិយាដែលគោរពប្តី ជាស្រីប្រសើរនោះ កូនប្រុស កើតអំពីស្រីនោះ នឹងទៅជាមនុស្សក្លៀវក្លា
ឯកូន(ស្រី) ទាំងឡាយនៃភរិយាណា ដែលល្អប្រាកដដូច្នោះ កូនទាំងឡាយនោះក៏អាចប្រៀនប្រដៅនូវជនទាំងឡាយដែល នៅក្នុងប្រទេសបានដែរ។ ក្នុងន័យនេះ
ការមានកូនជាស្រី សំខាន់ស្ថិតនៅលើការផ្តល់ការសិក្សាអប់រំសតិបញ្ញា និង គុណធម៌
ចំពោះកូនស្រីនោះ ដែលកូនស្រីនោះ នឹងត្រូវ ក្លាយជាភរិយាល្អ ជាមាតាល្អ
ក្នុងការបង្កើតកូនស្រីល្អ ជាបន្តទៀត។
អ្វីដែលសំខាន់ជាងគេបំផុតនៅក្នុងទស្សនាទានរបស់ព្រះពុទ្ធសាសនា គឺស្ត្រីអាច ត្រាស់ដឹងបាននូវព្រះនិព្វាន ដែលជាគោលបំណងដ៏ខ្ពស់បំផុតរបស់ជីវិតមនុស្ស បាន ដូចបុរសដែរ។ ដូច្នេះហើយបានជាព្រះពុទ្ធអង្គបង្កើតឲ្យមានជាភិក្ខុនី គឺ ព្រះសង្ឃស្រី នៅក្នុងអង្គការចាត់តាំងពុទ្ធសាសនារបស់ព្រះអង្គ និងមានឋានៈជាសាវ័ក មហាសាវ័ក អគ្គសាវ័ក និង ជំនាញជា ឯតទគ្គៈ ដូចជាភិក្ខុសង្ឃដែរ។ ចំណែកខាងឧបាសិកាវិញ ក៏ព្រះអង្គបានផ្តល់ឋានៈជា តុលា គឺ ជា ឧបាសិកាគម្រូ ដូចជាខាងឧបាសកដែរ។ ដូច្នេះ ការសម្រេចគោលដៅក្នុងជីវិត មិនមានបែងចែកទុកសម្រាប់តែបុរសទេ គឺស្ត្រីក៏មានសិទ្ធិ៍ ស្មើគ្នានឹងបុរសដែរ នៅក្នុងពុទ្ធសាសនា។
នៅពេលដែលព្រះពុទ្ធអង្គសន្ទនាជាមួយនឹងមារ ស្តីំពីការបរិនិព្វាន ឬ ការចូល និវត្តរបស់ព្រះអង្គពីការដឹកនាំពុទ្ធសាសនា ព្រះពុទ្ធអង្គក៏បានប្រាប់មារអំពីតួនាទី ពុទ្ធបរិស័ទទាំង ៤ គឺ ភិក្ខុ ភិក្ខុនី ឧបាសក និង ឧបាសិកា គឺជាអ្នកដែលមាន តួនាទីដ៏សំខាន់ ក្នុងការបន្តវេនព្រះពុទ្ធសាសនាទាំងអស់គ្នា ពុំមែនតែលើភិក្ខុសង្ឃ និង ឧបាសកឡើយ[i] ហើយមារក៏បានយល់ពីរឿងនេះដូចព្រះអង្គដែរ។ នេះជាការបង្ហាញ នូវគម្រូមួយទៀតនៃពុទ្ធសាសនាដល់សង្គមខ្មែរ ក្នុងការបញ្ចូលវត្តមានស្រី ទៅក្នុងការ ដឹកនាំស្ថាប័នរដ្ឋ និង ឯកជនទាំងឡាយ ប្រកបដោយសមធម៌។
ខ្ញុំសូមបញ្ចប់ធម្មគតិសម្មាមគ្គអំពី ស្រី ក្នុងបរិបទវប្បធម៌ខ្មែរ និង ពុទ្ធសាសនា ត្រឹមនេះ ដោយអនុសាសន៍ខ្លីៗថា៖
- ស្រី ជាពាក្យដែលមានសិរីសួស្តី សម្រាប់នារីទាំងឡាយ និង ស្ត្រីទាំងឡាយ។ ស្រ្តី ទាំងឡាយ គួររៀបចំខ្លួនឲ្យទៅជាស្រី ក្នុងការរក្សាឲ្យគង់នូវទ្រព្យទាំងឡាយ រួម ទាំងប្រទេសជាតិខ្មែរ ដែលជាទ្រព្យសម្បត្តិរួមរបស់កូនខ្មែរនាអនាគត ឲ្យសមនឹង ពាក្យណែនាំរបស់ព្រះរាជសម្ភារថា «ទ្រព្យគង់ត្បិតស្រីចេះសំចៃទុក»។
- ផ្ទះធំស្រណុកត្បិតភរិយាជា» បានបង្ហាញនូវតួនាទីដ៏សំខាន់របស់ ស្រី គឺ ភរិយា ដែលបុរសនិងសង្គមជាតិត្រូវការជំនួយអំពី ស្រីដែលមានប្រាជ្ញា ស្រីមានសីល ស្រីប្រសើរ ក្នុងការចិញ្ចឹមកូនឲ្យល្អ ចាត់ចែងកិច្ចការផ្ទះរបស់គ្រួសារខ្លួន និង កសាងប្រជាជាតិខ្មែរ ឲ្យមានភាពស្រណុក សុខ សប្បាយ និង ជា។ មានតែស្រី ទេដែលអាចធ្វើកិច្ចការជាភរិយាបាន និងមានតែស្រីទេដែលអាចប្រើប្រុសដែល មានអំណាចឲ្យជួយខ្លួនសម្រេចកិច្ចការនេះបាន។
- ព្រះពុទ្ធអង្គបានទេសនាបើកផ្លូវមុនគេអំពីរឿង សមជីវិតា ឬ ជីវិតសមភាព ឬ ដែលបច្ចុប្បន្នហៅថា យេនឌ័រ (Gender)តាំងពីជាង ២៦០០ ឆ្នាំមកហើយ។ ក្នុង ព្រះពុទ្ធសាសនា យេនឌ័រ រវាងបុរសនិងស្ត្រី គឺស្ថិតនៅលើ ១) សទ្ធា គឺការជឿ ជាក់លើខ្លួន និង លើវិថីជីវិតហេតុផលដែលប្រៀនប្រដៅដោយព្រះពុទ្ធអង្គ ២) សីល គឺព្រឹត្តិកម្មល្អក្នុងជីវិត ដែលរួមដោយសកម្មភាពដែលល្អ មុខរបរចិញ្ចឹម ជីវិតដែលល្អ និង សម្តីនិងទំនាក់ទំនងក្នុងសង្គមដែលល្អ ៣) ចាគៈ គឺការលះបង់ ការហ៊ាន សេចក្តីក្លាហានក្នុងការលះបង់កម្លាំងកាយកម្លាំងចិត្ត ដើម្បីសម្រេចឲ្យ បាននូវសទ្ធានិងសីល និង ៤) បញ្ញា គឺការមានចំណេះដឹងខ្ពង់ខ្ពស់ ការសិក្សាល្អ ត្រឹមត្រូវ ការអភិវឌ្ឍប្រាជ្ញាឲ្យមានរឹងមាំនិងរីកចម្រើន។ការសិក្សាអប់រំរឿង យេនឌ័រ គួរផ្តោតលើគោលធម៌ទាំង៤ ដែលអាចជួយឲ្យស្រីទាំងឡាយមាន សមភាពក្នុងជីវិតដូចប្រុសទាំងឡាយបាន។
- ស្រី ត្រូវបានគេឲ្យតម្លៃថាជា មេ គឺអ្នកដឹកនាំ។ អ្វីដែលស្រីខ្មែរគួរធ្វើ គឺកុំខ្លាចការ ដឹកនាំ កុំផ្អើលនៅពេលដែលប្រុសៗបន្លាចពីរឿងការដឹកនាំ និងខំបំពេញការគិត ការនិយាយ និង ការធ្វើរបស់ខ្លួន តាមគោលធម៌របស់ព្រះសម្មាសម្ពុទ្ធ គឺសទ្ធា សីល ចាគៈ និងបញ្ញា និងធម៌ដទៃទៀត ឲ្យបានគ្រប់គ្រាន់ ដើម្បីរៀបចំខ្លួនជា មេ ដោយស្មើភាពជាមួយប្រុសៗ និងធ្វើដំណើរឆ្ពោះទៅរកភាពដឹកនាំដែលជា មេធំ ជាងគេបង្អស់នៅកម្ពុជា នាថ្ងៃណាមួយ។
សូមអនុមោទនា និងអបអរទិវាស្រីខ្មែរ ទាំងអស់គ្នា!
ភូមិវត្តពោធិវាល ក្រុងបាត់ដំបង
ថ្ងៃសុក្រ ៧រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
ថ្ងៃទី ០៥ ខែ មីនា ឆ្នាំ ២០២១
https://en.wikipedia.org/wiki/Shri[1]
Shri Devi (or in short Shri, another name of Lakshmi, consort of Vishnu) is the devi (goddess) of wealth according to mythologiacal Hindu beliefs. Among today's orthodox Vaishnavas, the English word "Shree" is a revered syllable and is used to refer to Lakshmi, while "Sri" or "Shri" is used to address humans.
Shri is one of the names of Ganesha, the mythologiacal Hindu god of prosperity.
Shri is also used as a title of the mythologiacal Hindu deities Rāma, Krishna, Saraswati and sometimes Durgā.
[2] វចនានុក្រមខ្មែរ ពាក្យ ស្រី
[3] កំណត់ហេតុជីវកាក្វាន់ លីធាមតេង ១៩៧១ https://km.wikipedia.org/wiki/%E1%9E%80%E1%9F%86%E1%9E%8E%E1%9E%8F%E1%9F%8B%E1%9E%A0%E1%9F%81%E1%9E%8F%E1%9E%BB%E1%9E%9A%E1%9E%94%E1%9E%9F%E1%9F%8B_%E1%9E%87%E1%9E%B8%E1%9E%9C_%E1%9E%8F%E1%9E%B6%E1%9E%80%E1%9F%92%E1%9E%9C%E1%9E%B6%E1%9E%93%E1%9F%8B
[4] សទ្ទានុក្រមបាលី-ខ្មែរ ពាក្យ ឥត្ថី (ឥ.) [ឥស+ត្ថី] (នារី) ដែលបុរសតែងប្រាថ្នាឬដែលបុរសគប្បីប្រាថ្នា (ស្រ្តីស្រី (ដូចសីមន្តិនី); វិ. ឥច្ឆិយតេតិ>ឥត្ថី, ឥច្ឆិតព្វាវា>ឥត្ថី។
[5]សៀវភៅ ព្រះបាទធម្មិក ត្រង់ពាក្យថា មេ
No comments:
Post a Comment