វិថីជីវិតសម្មាមគ្គ អំពី សមភាពយេនឌ័រក្នុងវប្បធម៌ដើមខ្មែរ

 

ធម្មគតិសម្មាមគ្គ

អំពី

សមភាពយេនឌ័រក្នុងវប្បធម៌ដើមខ្មែរ

នៅក្នុងអត្ថបទអបអរសាទរទិវាស្រីខ្មែរលើកមុន ខ្ញុំបានលើកយកពីទស្សនាទានអំពីមនុស្ស ស្រីក្នុងសង្គមខ្មែរ និងទស្សនាទានតាមជ្រុងនៃព្រះពុទ្ធសាសនា មកអធិប្បាយ ដោយបានបង្ហាញ អំពី ១-មនុស្សស្រី មកពីពាក្យថា ស្រី ជាពាក្យសក្តិសិទ្ធ៍ដែលប្រុសៗគួរលើកតម្កើង។ ២-ស្រីខ្មែរ ជាប្រភពនៃវប្បធម៌មេ តាំងអំពីបុរាណ។ និង ៣-ភាពស្មើគ្នាគ្រប់យ៉ាងរវាងប្រុសនិងស្រីក្នុងការ បដិបត្តធម៌និងការសម្រេចបាននូវគោលដៅជីវិតដ៏ខ្ពស់បំផុតរបស់ខ្លួនបានដូចៗគ្នា តាមទស្សនា ទានពុទ្ធសាសនា។  សម្រាប់ធម្មគតិសម្មាមគ្គថ្ងៃនេះ សុំលើកយកពីទស្សនាទានបង្កប់ខ្លួនដ៏ អាថ៌កំបាំងរបស់អ្នកប្រាជ្ញខ្មែរពីបុរាណ ក្នុងការលើកស្ទួយសមជីវិតា ឬ សមភាពរយេនឌ័រ ក្នុង សង្គមជាតិតាមរយៈហោរាសាស្ត្រ ទុកជាគតិក្នុងការយកទៅពិចារណា ដើម្បីលើកតម្លៃស្រីខ្មែរ ក្នុង ការគ្រប់គ្រងជីវិតខ្លួនជីវិតគ្រួសារ សង្គមជាតិ និង ប្រទេសជាតិទាំងមូលតទៅ។

 កូនកើតឆ្នាំអ្វី?  កូនជិះសត្វអ្វី? នេះជាពាក្យដែលយើងតែងតែសួរកូនក្មេងតូចៗ នៅពេល ដែលយើងជួប ឬ រំលឹកដល់កូនៗនិងចៅៗតូចៗរបស់ពួកយើង។ ប្រពៃណីនេះ នៅតែបន្តវត្តមាន នៅតាមជនបទនិងទីក្រុងនៃកម្ពុជា រហូតដល់ដល់សព្វថ្ងៃនេះ ដែលឪពុកម្តាយតែងប្រាប់ឲ្យកូន តូចៗ ទន្ទេញថ្ងៃ ខែ ឆ្នាំកំណើត របស់ខ្លួន ថាកើតឆ្នាំអ្វី កើតខែអ្វី និង កើតថ្ងៃអ្វី ឲ្យចាំរត់មាត់ តាមបែបចន្ទគតិ ឬ បែបបុរាណ ដែលនេះគឺជាការចាប់ផ្តើមសង្គមូបនីយកម្ម (socialization) របស់ ស្ថាប័នគ្រួសារ ចំពោះសមាជិករបស់ខ្លួន។ ក្នុងតម្រាចន្ទគតិ[i] ដែលមានចែងទុក បានបែងចែក ដូចតទៅ៖

  • ថ្ងៃមាន ៧ថ្ងៃ គឺ អាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ និង សៅរ៍។ បុរាណ រាប់ថ្ងៃអាទិត្យជាថ្ងៃទី១ 
  • ខែមាន១២ខែគឺ មិគសិរ(មាឃតូច) បុស្ស មាឃ(មាឃធំ) ផល្គុន ចេត្រ ពិសាខ ជេស្ឋ អាសាឍ(មានអាសាឍទី១ និង ទី២) ស្រាពណ៍ ភទ្របទ អស្សុជ និង កត្តិក។ ខែមិគសិរ គឺជាខែទី១។ ក្នុងរយៈពេល៣ឆ្នាំម្តង ខែអាសាឍមានពីរគឺ អាសាឍធំ និង អាសាឍតូច ទៅតាមអ្វីដែលខ្មែរហៅថា លើកឆ្នាំ។ 
  • ឆ្នាំមាន១២គឺ ជូត(កណ្តុរ) ឆ្លូវ(គោ) ខាល(ខ្លា) ថោះ(ទន្សាយ) រោង(នាគ) ម្សាញ់(ពស់) មមីរ(សេះ) មមែ(ពពែ) វក(ស្វា) រកា(មាន់) (ឆ្កែ) និងកុរ(ជ្រូក)។ ឆ្នាំជូត ជាឆ្នាំទី១។

ការឲ្យទន្ទេញចាំបែបនេះ គឺមានប្រយោជន៍ដល់ការឲ្យកូនៗបានដឹងថា អាយុខ្លួនប៉ុន្មាន ព្រោះកាលណោះពុំទាន់មានការប្រើរបៀបរាប់ជាសាកលឬយកគ្រឹស្តសករាជមកជាខ្នាតនៅឡើយ។ ម្យ៉ាងទៀត ក៏មានប្រយោជន៍ជាច្រើនទៀតផងដែរទាក់ទងទៅនឹងជីវិតប្រចាំថ្ងៃរបស់ខ្មែរយើង ដូច ជា៖ ពេលណាឈឺ ក៏ទៅរកគ្រូទាយ។ គ្រូទាយតែងតែសួរអំពីថ្ងៃខែ ឬ អាយុរបស់អ្នកជំងឺតាមក្បួន ចន្ទគតិ ទើបអាចទាយដឹងបាន។ នៅពេលរៀបចំទុកដាក់កូនឲ្យមានគូស្រករ និងពេលរៀបមង្គល ការ ក៏ត្រូវយកថ្ងៃខែជាចន្ទគតិ ទៅឲ្យហោរាគន់គូរ ដើម្បីរកពេលាល្អសម្រាប់រៀបពិធី។ ពេលទៅ សុំធ្វើការជាមន្ត្រីរាជការ មន្ត្រីជាចៅហ្វាយ និង ព្រះរាជា ក៏តែងយកថ្ងៃ-ខែ-ឆ្នាំ អ្នកសុំចូលបំរើការ នេះ ជាជំនួយសម្រាប់ប្រើក្នុងការចាត់ចែងធនធានមនុស្សឲ្យមានប្រសិទ្ធិភាព ទៅតាមតម្រាដែល បានប្រាប់ពីបុរាណមក ថាមនុស្សកើតឆ្នាំនេះ ខែនេះ ថ្ងៃនេះ មានអត្តចរិតបែបនេះៗ ជាដើម។ ក្នុងក្បួនពិជ័យសង្គ្រាម មេទ័ពៗ ត្រូវលាក់ឆ្នាំ ខែថ្ងៃកំណើត មិនឲ្យសត្រូវដឹងទេ ព្រោះអាចឲ្យ សត្រូវដឹងពីចំណុចខ្សោយរបស់ខ្លួនបាន។

ដោយឡែក សម្រាប់ការរាប់ឆ្នាំរបស់ខ្មែរយើង ក្រៅតែពីឲ្យរាប់តាមឈ្មោះឆ្នាំហើយ ចាស់ៗ លោកតែងប្រាប់កូនឲ្យដឹងថា ឆ្នាំណាមានរូបអ្វីជាដំណាង ដោយប្រើពាក្យថា ជិះសត្វអ្វី។ ជា ឧទាហរណ៍ បើកើតឆ្នាំជូត ក៏ឲ្យកូនចាំថាជិះសត្វ កណ្តុរ។ បើកើតឆ្នាំរោង ក៏ឲ្យកូនចាំថាជិះសត្វ នាគ កើតឆ្នាំមមី ក៏ឲ្យដឹងថាជិះសត្វសេះ ជាដើម។ កូនកើតឆ្នាំអ្វី?  កូនជិះសត្វអ្វី? គឺជាសំនួរដែល ម្នាក់ៗសុទ្ធតែបានត្រូវចាស់ៗសួរ។

អ្វីដែលគួឲ្យចាប់អារម្មណ៍ជាងគេរបស់ខ្ញុំ គឺការឲ្យក្មេងៗចងចាំឆ្នាំកំណើតដែលជាឈ្មោះ តាមបែបចន្ទគតិ និងការចងចាំថាសត្វអ្វីដែលដែលតំណាងឆ្នាំខ្លួន និង ដែលខ្លួនកំពុងជិះ។ ខ្ញុំគិតថា មនុស្សបុរាណលោកឆ្លាតក្នុងការអប់រំក្មេងៗតាំងតែពីនៅតូចៗ លើរឿងសីលធម៌និងការ អភិវឌ្ឍបុគ្គលិកលក្ខណៈរបស់កូន (personal development)។ ពាក្យថា ជូត ឆ្លូវ .....ច កុរ ទាំងនេះ ជាធម្មតាខ្ញុំមិនជាចាំបាច់ឆ្ងល់ទេ ព្រោះត្រូវទន្ទេញតតាមគ្នាតែអ្វីដែលសំខាន់សម្រាប់ខ្ញុំ គឺ សត្វដែលជាតំណាងរបស់ឆ្នាំនេះមួយ និង ការជិះសត្វទាំងអស់នេះមួយ ដែលខ្ញុំសុំធ្វើការវិភាគដូច តទៅ៖

  1. ក្នុងទស្សនៈខ្ញុំ បុរាណលោកយល់ពីទស្សនៈពុទ្ធសាសនាច្បាស់ ដែលថា អ្វីក៏ដោយដែល មានជីវិតក្នុងពិភពលោកយើងនេះ ឬ ចក្រវាឡនេះ លោកហៅថាសត្វទាំងអស់ គឺតាំងពីអតិ សុខុមប្រាណ (microbes) សត្វតិរច្ឆាន មនុស្សយើងនេះក្តី ហើយសូម្បីពពួកទេវតាទាំង ឡាយ ក៏សុទ្ធសឹងតែជាសត្វទាំងអស់ដែរ។ ក្នុងន័យនេះ ពេលដែលកើតមកភ្លាម កូនមនុស្ស នេះ មានធាតុដើមជាសត្វដូចគ្នា ដោយបុរាណបានជ្រើសរើសរកសត្វចំនួន១២ មកតំណាង ឲ្យ កូនដែលកើតមកថ្មី សម្រាប់ជាចំណាំក្នុងការប្រៀបធៀបសម្រាប់រាប់ផង សម្រាប់សម្គាល់ អត្តចរិតប្រៀបធៀបទៅនឹងសត្វទាំង១២ផង តាមការចំណាំនិងសង្កេតជាច្រើនរយពាន់ ឆ្នាំមកហើយ។ កូនខ្លះកើតមកចំឆ្នាំជូត កឺកូននោះមានអត្តចរឹកធាតុដើមជាសត្វកណ្តុរ កើត ឆ្នាំឆ្លូវ ក៏មានអត្តចរិកជាសត្វគោ ជាហូរហែរហូតដល់កើតឆ្នាំច ក៏មានអត្តចរិតដើមជាសត្វឆ្កែ ឆ្នាំកុរ ក៏មានអត្តចរិតជាសត្វជ្រូកជាដើម។  ឯអត្តចរិតជាសត្វណាៗនោះ ក៏មានសេចក្តី អធិប្បាយទៅតាមក្បួនហោរាសាស្ត្រដែលបានតាក់តែងទុកមក នៅក្នុងតម្រាព្រហ្មជាតិខ្មែរ ស្រាប់។ នេះជាគតិអប់រំមួយកុំឲ្យកូនខ្មែរភ្លេច ថាពួកយើងដែលជាមនុស្សនេះ ក៏ជាសត្វដែរ គ្រាន់តែគេហៅថាជាសត្វមនុស្ស មានការរីកចំរើនជាងសត្វ តែក៏នៅតែជាប់សន្តានជាសត្វ ផងដែរ ដូច្នេះ ការស្រឡាញ់សត្វតិរច្ឆានទាំងនោះ ការមិនសម្លាប់សត្វទាំងនោះលេងជា ល្បែង  ជាការអប់រំឲ្យមានចិត្តមេត្តាករុណាជាមូលដ្ឋាន ចំពោះសត្វមានជីវិតទាំងអស់ដែរ។ 
  2. សំនួរដែលសួរថា កូនជិះសត្វអ្វី  ក្នុងចំណោមសត្វទាំង១២នោះ គឺជាអ្វីដែលប្លែកនិង ពិសេសសម្រាប់ខ្មែរយើង។ នេះគឺជាការបង្ហាត់កូនឲ្យស្គាល់សត្វផង និងជាការដាស់តឿនថា កូនកំពុងជិះលើខ្នងសត្វ ដែលសត្វខ្លះក៏តូច ខ្លះក៏ធំ ខ្លះក៏កាច ខ្លះក៏កម្រនឹងបានឃើញ ដែលកូនអាចនឹងធ្លាក់ពីលើខ្នងសត្វទាំងនោះបាន បើមិនចេះជិះ ឬ ជិះមិនជាប់ ឬ មិនអាច បញ្ជាសត្វនោះឲ្យនៅក្រោមការបង្គាប់បញ្ជារបស់កូនបានទេ។ ដូច្នេះ ការបង្វឹកបង្រៀនសត្វ ឲ្យក្លាយមកជាយានជំនិះសម្រាប់ជិះបាន ជាកិច្ចការលំបាក។  ក្នុងន័យជាអត្ថប្បដិរូប គឺជា ការដែលមាតាបិតាគប្បីអប់រំកូន ឲ្យរៀនបន្ទុំចិត្ត រៀនទូន្មានចិត្ត រៀនបញ្ជាចិត្ត រហូតចិត្តដែល មានលក្ខណៈជាសត្វទាំងនោះចុះញ៉ម និងព្រមឲ្យកូនបញ្ជាចិត្តទាំងនោះឲ្យធ្វើអ្វីក៏បាន ដូច ជាសត្វព្រៃទាំងឡាយ ដែលកូនបង្ហាត់បានល្អហើយ តែងអាចជិះបាននិងតែងស្តាប់បង្គាប់ ម្ចាស់ដូច្នោះដែរ។
  3. សត្វទាំង១២ប្រភេទនេះ មានសត្វ៦ប្រភេទ ដែលមនុស្សបានយកមកផ្សាំងជាសត្វស្រុក (domesticated animal) សម្រាប់បំរើផលប្រយោជន៍មនុស្ស ទាំងយកមកធ្វើជាពាហនៈ សម្រាប់ដឹក យកមកសម្រាប់ធ្វើជាម្ហូបអាហារ និងសម្រាប់ជួយការពារមនុស្សជាដើម។ សត្វ ទាំង៦ នោះគឺគោ (ឆ្លូវ)សេះ(មមី) ពពែ (មមែ) មាន់(រកា) ឆ្កែ() និង ជ្រូក(កុរ)។ ឯសត្វ ដែលមិនទាន់បានផ្សាំងល្អ ឬ នៅជាសត្វព្រៃនៅឡើយ ក៏មាន៦ ដែរ គឺ សត្វកណ្តុរ(ជូត) ខ្លា (ខាល) ទន្សាយ(ថោះ) នាគ(រោង) ពស់ (ម្សាញ់) និង ស្វា(វក)។ ការជិះ ជាការធ្វើជា ម្ចាស់របស់សត្វនោះៗ។ ក្នុងន័យប្រៀបធៀប គឺជាការយកឈ្នះ(Mastering) លើអត្តចរិត សភាវៈសត្វរបស់ពួកមនុស្សខ្លួនឯង រហូតបានក្លាយទៅជាមនុស្សពេញលេញ លែងមាន សល់បុគ្គលិកលក្ខណៈជាសត្វ ដូចសត្វដែលតំណាងឲ្យជីវិតរបស់ខ្លួនតទៅទៀត។  ក្នុងន័យ នេះ ព្រះពុទ្ធអង្គមានពុទ្ធដិកាថា មនុស្សនិងសត្វមានលក្ខណៈដូចគ្នាបួនយ៉ាង គឺ ១) ត្រូវការ អាហារដូចគ្នា ២) ត្រូវការដេកនិងសម្រាកដូចគ្នា ៣) ត្រូវការបន្តពូជដូចគ្នា និង៤) បើមាន ភ័យ ក៏រត់រកកន្លែងសុវត្ថិភាពដូចគ្នា។ អ្វីដែលមនុស្សខុសនិងលើសពីសត្វនោះ គឺនៅត្រង់ថា មនុស្សមានធម៌។ ធម៌នេះ ធ្វើឲ្យមនុស្សអាចប្តូរសញ្ជាតញាណ(instinct) ដែលជាសត្វរបស់ ខ្លួនបាន និងអាចយកសត្វដទៃមកប្រើប្រាស់តាមតម្រូវការ។ យើងអាចហៅធម៌ ប្រភេទនេះ នៅក្នុងន័យជាពាក្យថា វប្បធម៌ ក៏បាន។ 
  4. ជាការកត់សម្គាល់ សត្វទាំង១២ប្រភេទនេះ ត្រូវមនុស្សទាំងពីរភេទ ជិះពីលើ ឬ អាចនិយាយ បានថា ទាំងមនុស្សស្រីទាំងមនុស្សប្រុស មានសមត្ថភាពអាចបង្ក្រាប បង្វឹកសត្វទាំង១២ នៃ ឆ្នាំទាំង១២នេះ ឲ្សសាំងបាន អាចជិះបាន និង អាចប្រើប្រាស់ជាប្រយោជន៍បាន។ ប្រុសនិង ស្រី មានសមត្ថភាពក្នុងការធ្វើជាម្ចាស់និស្ស័យសត្វបានដូចគ្នា និងចូលមកត្រួតត្រាគ្រប់គ្រង ឆ្នាំជីវិតរបស់មនុស្សទាំង១២ បានទាំងពីរភេទ។  មានសត្វឬឆ្នាំ៦មុខ ដែលភេទស្រី ត្រួតត្រា បាន គឺ៖ សត្វខ្លា(ខាល) ទន្សាយ(ថោះ) សេះ(មមី) ពពែ(មមែ)  ឆ្កែ()  និងសត្វជ្រូក(កុរ))  ឯសត្វ៦មុខ ដែលភេទប្រុសត្រួតត្រាបានគឺ សត្វកណ្តុរ(ជូត) គោ(ឆ្លូវ)  នាគ(រោង) ពស់ (ម្សាញ់) ស្វា(វក) និង  សត្វមាន់(រកា)។ ស្រីត្រួត៦ឆ្នាំ ប្រុសត្រួត៦ឆ្នាំ។ 
  5. ជាន័យប្រៀបធៀប ឆ្នាំទាំង១២នេះ ត្រូវពួកមនុស្សដែលមានសន្តានចិត្តខុសគ្នា ៣ក្រុម ចូល មកត្រួតត្រាគ្រប់គ្រង៖ ក្រុមមនុស្ស៤នាក់។ ក្រុមទេវតា ៤រូប។ ក្រុមយក្ស៤រូប។  លោកប្រើ ពាក្យថា ពង្សមនុស្ស ពង្សទេវតា និង ពង្សយក្ស។ ពង្ស មានន័យថា ពូជអម្បូរ គឺមានពូជ អម្បូរមនុស្ស ពូជអម្បូរទេវតា និង ពូជអម្បូរជាយក្ស តាមមកជាប់ក្នុងសន្តានចិត្តជាតិនេះ ឬ បើនិយាយឲ្យងាយស្តាប់ ថាមានព្រលឹងមនុស្ស ព្រលឹងទេវតា និងព្រលឹងយក្ស តាមមក ចាប់ជាតិជាមួយក្នុងជាតិនេះ។ តែបើទោះជាបុរាណបានបញ្ចូលតួអង្គយក្ស និង តួអង្គទេវតា មកក្នុងដំណើរជីវិតរបស់មនុស្សក្តី ក៏ពូជទាំង៣នេះ មានចំនួនភេទប្រុសនិងភេទស្រី ស្មើគ្នា ទាំងអស់ ដែលខ្ញុំសុំនិយាយថា សមភាពយេនឌ័ររបស់ស្រីនិងប្រុស មិនមែននៅលើត្រឹម រាងកាយទេ គឺទាំងព្រលឹងដែលចូលមករួមចំណែកកាន់កាប់វាសនារបស់យើង ក៏មាន សមភាពយេនឌ័រដែរ។ 
  6. ភេទស្រីនិងភេទប្រុសនៃមនុស្សទាំង៣ពូជអម្បូរ ត្រូវបានបុរាណលោកដាក់វេនឲ្យមកកាន់ កាប់មនុស្សដោយឆ្លាស់គ្នាពីរឆ្នាំម្តង គឺប្រុសពីរឆ្នាំ ស្រីពីរឆ្នាំ បើទោះជាឆ្នាំនីមួយៗនោះ ជាឆ្នាំ ប្រុសមនុស្ស ឆ្នាំប្រុសទេវតា ឆ្នាំប្រុសយក្ស ឬឆ្នាំស្រីមនុស្ស ស្រីទេវតា និងស្រីយក្ស ក្តី។ ឆ្នាំ ជូតនិងឆ្នាំឆ្លូវ ជាប្រុសទេវតានិងប្រុសមនុស្ស។ ឆ្នាំខាលនិងឆ្នាំថោះ ជាស្រីយក្សនិងស្រី មនុស្ស។ ឆ្នាំរោងនិងឆ្នាំម្សាញ់ ជាប្រុសទេវតានិងប្រុសមនុស្ស។ ឆ្នាំមមីរនិងឆ្នាំមមែ ជាស្រី ទេវតាទាំងពីរ។ ឆ្នាំវក និង ឆ្នាំរកា ជាប្រុសយក្សទាំងពីរ។ ឯ ឆ្នាំច និងឆ្នាំកុរ ជាស្រីយក្ស និង ស្រីមនុស្ស។

 អ្វីដែលខ្ញុំបានលើកយករឿងកូនខ្មែរកើតឆ្នាំអ្វី ជិះសត្វអ្វី មកអធិប្បាយនេះ ក៏ព្រោះ៖

ទី១)   ចង់រំលេចថា បើយើងត្រិះរិះតាមតម្រាហោរាសម្រាប់ជីវិតខ្មែរខាងលើនេះ ប្រុសនិងស្រី មាន សិទ្ធិ៍ស្មើគ្នា ឱកាសស្មើគ្នា ធនធានស្មើគ្នា ក្នុងការផ្សាំងសត្វ ក្នុងការគ្រប់គ្រងសត្វ ក្នុងការ គ្រប់គ្រងពិភពលោក(ខ្មែរ) និងជាពិសេសនោះ គឺការប្តូរនិស្ស័យសត្វដែលមាននៅក្នុងចិត្ត មនុស្ស ឲ្យមកជានិស្ស័យមនុស្សបាន។  ដូច្នេះ បុរាណខ្មែរយើង មានទស្សនាទាននិងគំនិត អំពីពាក្យថា សមភេទ ឬ សមភាពយេនឌ័រ(Gender equality) នេះជាយូរមកហើយ ថែម ទាំងបានបង្កប់នូវការអប់រំអំពីរឿងសមភាពយេនឌ័រ តាំងពីកូនទើបនឹងចេះទន្ទេញពាក្យមក ម្លេះ តែដោយហេតុពេលវេលាកន្លងទៅ ការមិនបានរៀនសូត្រត្រឹមត្រូវ ការមិនបានកត់ត្រា នូវអត្ថន័យនៃភាពជាម្ចាស់របស់សត្វតំណាងឆ្នាំនីមួយៗ ក៏ធ្វើឲ្យបាត់បង់អស់នូវខ្លឹមសារ ពិតប្រាកដនៃការដែលមនុស្សយកសត្វជាតំណាងឆ្នាំខ្លួន និងការជិះលើសត្វនោះ។ 

ទី២)  យល់ឃើញថា ការលើកស្ទួយ សមភាពយេនឌ័រ នាបច្ចុប្បន្ននៅកម្ពុជា ច្រើនតែសម្លឹងមើល ទៅរបៀបនៃការលើកស្ទួយតាមបែបបស្ចឹមប្រទេស សិក្សាពីសកម្មភាពលើកស្ទួយបែប អន្តរជាតិ ដោយមិនបានងាកមកមើលវប្បធម៌ដើម(Indigenous Culture) មិនបានសិក្សា ស្រាវជ្រាវឲ្យបានស៊ីជម្រៅ លើវប្បធម៌ដើមទាំងនោះ ថាមាននិយាយអំពីសមភាពយេនឌ័រ ឬអត់សិនទេ តែច្រើនមានគំនិតបុរេវិនិច្ឆ័យថា ខ្មែរជាពួកក្រុមប្រុសនិយម(Masculinism) មិនបានឲ្យតម្លៃលើស្រី រារាំងស្រី តាំងពីបុរាណ ជាដើម។ ការលើកស្ទួយសមភាពយេនឌ័រ ដែលឈរនៅលើមូលដ្ឋានវប្បធម៌សមភាពយេនឌ័រដែលមានស្រាប់ នឹងធ្វើឲ្យកូនខ្មែរទាំង ប្រុស-ស្រី មិនមានអារម្មណ៍ថាខ្លួនកំពុងតែត្រូវគេបង្ខំឲ្យរៀនពីសមភាពយេនឌ័រ ដែលជា របស់នាំចូលមកពីពិភពក្រៅ(Alienness feeling) 

ទី៣)  បើសិនជាយើងបញ្ចូលការអប់រំរឿងសមភាពយេនឌ័រ តាមរយៈសត្វជាឆ្នាំកំណើត ដោយការ ពន្យល់ដល់កុមារា-កុមារី ទាំងនោះ អំពីការមានធាតុសត្វក្នុងខ្លួនដូចគ្នា អំពីភាពប្រសើរ និង សក្តានុពលរបស់កុមារា-កុមារីដែលអាចធ្វើជាម្ចាស់របស់សត្វបាន ដែលអាចកែនិស្ស័យ សត្វរបស់ខ្លួនបាន ដោយយកពុទ្ធឱវាទមកប្រើ គឺប្រាជ្ញា វិន័យ និង តាំងចិត្តល្អ (ឬមានបញ្ញា មានសីល មានសមាធិ)។ ខ្ញុំជឿថា ការអប់រំបន្ទុំចិត្ត ឬ បន្ទុំបារមី តាំងពីក្មេងនេះ ប្រាកដជា ជួយដោះស្រាយបញ្ហាវិសមភាពយេនឌ័រក្នុងសង្គមខ្មែរយើង បានច្រើនជាពុំខាន។ 

ទី៤)  ទោះបីជាពួកយើងបានឆ្លងកុមារភាពមកជាយូរហើយក្តី ក៏ម្នាក់ៗនៅតែចាំថាខ្លួនឯងកើតឆ្នាំអ្វី និងជិះសត្វអ្វីដែរ។ ការសិក្សាមិនដែលហួសពេលទេ ហើយការផ្លាស់ប្តូរចរិតនិស្ស័យរបស់ ម្នាក់ៗ ក៏គ្មានថ្ងៃបញ្ចប់ដែរ ដូច្នេះ ការធ្វើជាគម្រូនៃការផ្លាស់ប្តូរសង្គម តែងចាប់ផ្តើមពីការ ប្តូរមនុស្សម្នាក់ៗរៀងៗខ្លួន។  ការចាប់ផ្តើមសួរខ្លួនឯងថាតើការប្រព្រឹត្ត ការនិយាយ និង ការគិតរបស់យើងម្នាក់ៗ បានឆ្លងផុតពីសភាវគតិជាសត្វកណ្តុរ សត្វគោ សត្វខ្លា សត្វ ទន្សាយ សត្វនាគ សត្វពស់ សត្វសេះ សត្វពពែ សត្វស្វា សត្វមាន់ សត្វឆ្កែ និង សត្វជ្រូក ហើយឬនៅ ជារឿងដែលគួរចាប់ផ្តើមពីមនុស្សចាស់មុន។ 

ទី៥) ក្នុងន័យប្រៀបធៀប ជីវិតមនុស្ស ឬ ប្រទេសជាតិនីមួយៗ តែងមានអ្នកដឹកនាំជាមនុស្ស ដែលមានចិត្ត លោភៈ ទោសៈ មោហៈ ទោះច្រើនឬតិចមកដឹកនាំផង(ពង្សមនុស្ស) មានអ្នក ដឹកនាំដែលមានចិត្តជាទេវតា មានហិរិនិងឱត្តប្បៈ គឺខ្មាស់បាបនិងខ្លាចបាបមកដឹកនាំផង (ពង្សទេវតា) និង មានអ្នកដែលមានចិត្តហឹង្សា(ពង្សយក្ខ) មកដឹកនាំផង ដែលទាំងអស់នេះ ជាសភាពធម្មតារបស់ប្រទេសនីមួយៗនិងរបស់ពិភពលោក។ អ្វីដែលសំខាន់បំផុត គឺការ ដែលអ្នកប្រាជ្ញខ្មែរបុរាណបានចារទុកក្នុងតម្រា អំពីតួនាទីដ៏សំខាន់បំផុតរបស់ព្រលឹងស្រី ដែលត្រូវផ្តល់ឱវាទដាស់តឿនអ្នកដឹកនាំគ្រប់ពូជពង្សតាមឆ្នាំទាំងអស់នោះឲ្យស្ថិតនៅក្នុង គន្លងហិរិ និង ឱតប្បៈ ដែលព្រះពុទ្ធអង្គលោកហៅថាជាទេវធម៌ គឺធម៌ធ្វើមនុស្សឲ្យទៅជា ទេវតា ឬ លោកបាលធម៌ គឺធម៌សម្រាប់ថែរក្សាគ្រប់គ្រងជីវិតបុគ្គល ជីវិតសង្គមជាតិ និង ធម្មជាតិទាំងមូល ឲ្យបានស្ថិតស្ថេរទៅតាមអាយុក្ខ័យរៀងៗខ្លួន។ សម្រាប់វិថីជីវិតខ្មែរ បើ ទោះជាអ្នកណាថាស្រីខ្មែរមិនសូវមានសមភាពខាងយេនឌ័រជាមួយប្រុសក្តី ក៏ខ្ញុំនៅតែ និយាយថា ស្រីខ្មែរជាមនុស្សសក្តិសិទ្ធិទៅតាមន័យនៃពាក្យថាស្រី ហើយព្រលឹងស្រីខ្មែរនឹង នៅតែមានឥទ្ធិពលលើអ្នកដឹកនាំខ្មែរគ្រប់រូប មិនថាជាប្រុសឬស្រីឡើយ។ ព្រោះស្រីខ្មែរ គឺ ជាពូជទេពធីតាទាំង៧អង្គ ជាបុត្រីរបស់កបិលមហាព្រហ្ម ដែលតែងឆ្លាស់គ្នាចុះមកថែរក្សា ទឹកដីខ្មែរ តាំងពីបុរាណកាលមក តាមក្បួនហោរាសាស្ត្រខ្មែរ។

        ខ្ញុំសូមបញ្ចប់ធម្មគតិសម្មាមគ្គអំពី សមភាពយេនឌ័រក្នុងវប្បធម៌ដើមខ្មែរ ដោយសេចក្តីពន្យល់ របស់អង្គការយូនីសេហ្វ អំពីពាក្យថា សមភាពយេនឌ័រ ដូចតទៅ៖ សមភាពយេនឌ័រ (Gender Equality) មានន័យថា «ស្រី និងប្រុស យុវនារីនិងយុវនរៈ រីករាយនឹងសិទ្ធិ័ទាំងឡាយដូចគ្នា រីក រាយនឹង ធនធានទាំងឡាយដែលមានដូចគ្នា រីករាយនឹងកាលានុវត្តន៍(ឱកាស)ទាំងឡាយដូចគ្នា និង រីករាយនឹងការទទួលបាននូវកិច្ចការពារទាំងឡាយដូចគ្នា។ ក្នុងន័យនេះ សមភាពយេនឌ័រមិន បានទាមទារឲ្យ ស្រីនិងប្រុស យុវនារីនិងយុវនរៈ ត្រូវតែ ដូចគ្នា ឬ ត្រូវតែទទួលបាននូវការប្រតិបត្ត (treated) ចំពោះពួកគេឲ្យបានដូចៗគ្នាសុទ្ធសាធនោះទេ[ii]»។ សង្ឃឹមថា ការអធិប្បាយអំពី សមភាព យេនឌ័រក្នុវប្បធម៌ដើមខ្មែរនេះ នឹងអាចជាតម្រាយមួយសម្រាប់ការលើកស្ទួយសមភាព យេនឌ័រក្នុងកម្ពុជាបានកាន់តែប្រសើរ
        សូមអនុមោទនារីករាយជាមួយសមភាពយេនឌ័ររបស់ខ្មែរយើងដែលមានតាំងពីកំណើត!

 

ហេង មណីចិន្តា

ភូមិវត្តពោធិវាល ក្រុងបាត់ដំបង

ថ្ងៃសុក្រ ១៤រោច ខែ ផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ១២ ខែ មីនា ឆ្នាំ ២០២១

 




[i] តម្រាព្រហ្មជាតិខ្មែរ

[ii] https://en.wikipedia.org/wiki/Gender_equality; https://www.unicef.org/gender/files/Overarching_2Pager_Web.pdf

Gender equality means that women and men, and girls and boys, enjoy the same rights, resources, opportunities and protections. It does not require that girls and boys, or women and men, be the same, or that they be treated exactly alike. In fact, gender equality cannot be achieved, for the most part, by providing everyone the same services, opportunities and protections, delivered in the same ways. Levelling the playing field requires working directly with girls and women to address historical and present inequalities (affirmative action), as well as efforts to ensure that girls and women, and boys and men, define and benefit from mainstream development efforts (gender mainstreaming).

No comments:

Post a Comment