ធម្មគតិសម្មាមគ្គ អំពី ល្បើកចូលឆ្នាំថ្មីទាក់ទងនឹងរសជាតិជីវិតប្រជាពិភពលោក

វិថីជីវិតសម្មាមគ្គ

ធម្មគតិសម្មាមគ្គ

 

អំពី

ល្បើកចូលឆ្នាំថ្មីទាក់ទងនឹងរសជាតិជីវិតប្រជាពិភពលោក[1]

 

 

ពិធីបុណ្យចូលឆ្នាំខ្មែរ ជាពិធីបុណ្យជាតិរបស់ខ្មែរ ដែលតែងប្រារព្ធធ្វើឡើងជាប្រចាំ នៅក្នុង ខែមេសា ចន្លោះពីថ្ងៃទី ១៣ដល់១៦ ខែមេសា រៀងរាល់ឆ្នាំ។ ប្រទេសដែលកាន់ពុទ្ធសាសនា ថេរវាទនៅម្តុំភូមិភាគអាស៊ីអគ្នេយ៍ សុទ្ធតែស្គាល់ពាក្យថា ចូលឆ្នាំខ្មែរ ឬ ចូលឆ្នាំលាវ ចូលឆ្នាំថៃ និង ចូលឆ្នាំភូមា ទាំងអស់។ ប្រទេសទាំងអស់នេះ មានរឿងនិទានមួយដ៏សំខាន់ និយាយអំពីប្រវត្តិនៃ ពិធីបុណ្យចូលឆ្នាំថ្មីនៅក្នុងប្រទេសខ្លួន  ដោយសំអាងទៅលើ គម្ពីរមហាសំការសូត្រ[2] ដែលបាន ចារទុកជាយូរមកហើយ។ នោះគឺរឿងនិនាន កបិលមហាព្រហ្ម។ ធម្មគតិសម្មាមគ្គថ្ងៃនេះ នឹងលើក យករឿងនិទានប្រវត្តិចូលឆ្នាំថ្មីខ្មែរនេះ មកសិក្សាបង្ហាញឲ្យឃើញអំពីវិបត្តិនានាដែលអាចកើតឡើង នៅពេលដែលព្រះព្រហ្មដែលជាអ្នកគ្រប់គ្រងពិភពលោក បាត់នូវមុទិតាធម៌ គឺការរីករាយអបអរ ជាមួយនឹងជោគជ័យក្នុងជីវិតរបស់ប្រជាពិភពលោកដែលស្ថិតនៅក្រោមអាណត្តិខ្លួន ដើម្បីទុកជា ការត្រិះរិះពិចារណាតទៅ។

 

រឿងនិទានអំពីប្រវត្តិបុណ្យចូលឆ្នាំខ្មែរ

"ក្នុងកាលដើមនៃភទ្ទកប្បនេះ មានបុរសម្នាក់ឈ្មោះ ធម្មបាល ជាបុត្រសេដ្ឋីរស់នៅក្នុងភូមិ មួយ ជាអ្នកមានចំណេះវិជ្ជាដ៏វិសេស មានចិត្តសប្បុរស រៀនចេះចប់គម្ពីរត្រៃវេទ តាំងពីអាយុបាន ៧ ឆ្នាំ។ សេដ្ឋីជាបិតាបានសាងប្រាសាទមួយឲ្យនៅទៀបនឹងដើមជ្រៃមួយធំ ប្របឆ្នេរទន្លេដែលជាទី អាស្រ័យនៅនៃបក្សាបក្សីទាំងឡាយ។ ដោយភាពវៃឆ្លាត ធម្មបាលកុមារនោះបានរៀនចេះទាំង ភាសាសត្វបក្សាបក្សីទាំងពួងផង ហើយក៏បានក្លាយទៅជាគ្រូអាចារ្យ សម្ដែងមង្គលផ្សេងៗដល់ មនុស្សទាំងពួង។ ប្រជារាស្ត្រនាំគ្នាគោរពបូជា និងសរសើរចំពោះធម្មបាល ធ្វើឲ្យកិត្តិសព្ទបានល្បី សុះសាយរហូតឮទៅដល់ស្ថានព្រះព្រហ្ម។  មានព្រហ្មមួយអង្គដែលមនុស្សលោករមែងគោរពដល់ គឺ កបិលមហាព្រហ្ម ជាអ្នកពូកែសម្ដែងនូវមង្គលផ្សេងៗដល់មនុស្សទាំង ពួងតាំងពីដើមមក។ កបិលមហាព្រហ្ម គឺជាអាទិទេពមានព្រះភ័ក្ត្របួន ដែលអាចសម្លឹងមើលឃើញហេតុការណ៍ផ្សេងៗ ក្នុងទិសទាំងបួនបាន។ ព្រះអង្គតែងត្រេកអររីករាយ កាលបើទ្រង់ជ្រាបថា មាននរណាម្នាក់មាន ប្រាជ្ញាវៃឆ្លាតនិងមានចិត្តសប្បុរសដែលគេគោរពរាប់អានច្រើន។ ទោះបីជាយ៉ាងណា ក៏ព្រះអង្គ បានជ្រាបច្បាស់ថា ប្រជាពលរដ្ឋទាំងនោះ ចាប់ផ្ដើមជឿលើធម្មបាលកុមារ កាន់តែច្រើនឡើងៗ លើសពីព្រះអង្គ។ រឿងនេះធ្វើឲ្យព្រះអង្គមិនសព្វព្រះទ័យទាល់តែសោះ។

ថ្ងៃមួយ កបិលមហាព្រហ្មបានយាងចុះអំពីស្ថានព្រហ្ម ហើយបានហៅធម្មបាលកុមារ​ឲ្យមក ជួប និងបង្គាប់ឲ្យឆ្លើយនូវប្រស្នា ៣ យ៉ាងរបស់ព្រះអង្គគឺ៖១. តើសិរីសួស្តីរបស់មនុស្ស ពេលព្រឹក ស្ថិតនៅកន្លែងណា?  ២. តើសិរីសួស្តីរបស់មនុស្ស ពេលថ្ងៃត្រង់ស្ថិតនៅកន្លែងណា?  ៣. តើសិរី សួស្តីរបស់មនុស្ស ពេលល្ងាចស្ថិតនៅកន្លែងណា? កបិលមហាព្រហ្ម បានកម្រិតធម្មបាលឲ្យឆ្លើយ ប្រស្នាទាំងបី ក្នុងលក្ខណៈជាការភ្នាល់កម្រិតខ្ពស់ គឺ៖ បើធម្មបាលអាចដោះប្រស្នាទាំងអស់រួច កបិលមហាព្រហ្មសុខចិត្តកាត់ព្រះកេសរបស់ព្រះអង្គបូជាដល់ធម្មបាល តែប្រសិនបើដោះប្រស្នា ទាំង៣យ៉ាងមិនរួចទេ ព្រះអង្គនឹងកាត់ក្បាលធម្មបាលកុមារទុកធ្វើជាជ័យភណ្ឌ ក្នុងជ័យជំនះរបស់ ព្រះអង្គ។ ធម្មបាល មិនអាចប្រកែកបាន ក៏សុខចិត្តរកប្រស្នាទាំងអស់នោះ និងសុំពេលវេលាបង្អង់ ៧ថ្ងៃ សិន ដើម្បីគិតរកចម្លើយសម្រាប់ប្រស្នាទាំងបី។

ធម្មបាលចាប់ផ្ដើមរកចម្លើយសម្រាប់ប្រស្នាទាំង៣ របស់កបិលមហាព្រហ្មនោះ។ លុះវេលា កន្លងទៅ៦ថ្ងៃហើយ ធម្មបាលកុមារនៅតែគិតដោះប្រស្នានោះមិនចេញ ក៏ដឹងខ្លួនថាព្រឹកស្អែកនេះ នឹងត្រូវកំបុតក្បាលស្លាប់ដោយអាជ្ញារបស់កបិលមហាព្រហ្មជាមិនខាន ក៏សម្រេចចិត្តរត់ទៅលាក់ ខ្លួនពួនអាត្មាឲ្យស្លាប់បង់ខ្លួនឯង ប្រសើរជាងត្រូវសម្លាប់ដោយមហាព្រហ្ម។ គិតយ៉ាងនេះហើយ ធម្មបាលកុមារក៏ចុះពីប្រាសាទដើរទៅឆ្ងាយពីប្រាសាទ ហើយទៅពួនដេកនៅក្រោមដើមត្នោតមួយ គូ។ នៅលើដើមត្នោតនោះ មានសត្វឥន្ទ្រីយ៍ញីឈ្មោល ធ្វើសំបុកអាស្រ័យនៅ។ វេលាយប់នោះ ឥន្ទ្រីយ៍ញីបានសួរទៅឥន្ទ្រីយ៍ឈ្មោលថា "ព្រឹកស្អែកនេះ តើយើងនឹងបានអ្វីធ្វើជាអាហារ"។ ឥន្ទ្រីយ៍ ឈ្មោលឆ្លើយថា "យើងនឹងបានសាច់ធម្មបាលកុមារ ដែលត្រូវកបិលមហាព្រហ្មសម្លាប់ពីព្រោះ ដោះប្រស្នាមិនរួច"។ ឥន្ទ្រីយ៍ញី សួរថា"តើប្រស្នានោះមានន័យដូចម្ដេចខ្លះ? ឥន្ទ្រីយ៍ឈ្មោលក៏បាន ប្រាប់ឥន្ទ្រីយ៍ញីថា «ប្រស្នាទី១សួរថា តើវេលាព្រឹកសិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា សិរីស្ថិតនៅ លើមុខ»។ «ប្រស្នាទី២សួរថា តើវេលាថ្ងៃត្រង់ សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា សិរីស្ថិតនៅ ត្រង់ដើមទ្រូង»។   «ឯប្រស្នាទី៣សួរថា តើតើវេលាល្ងាច សិរីស្ថិតនៅត្រង់ណា? ត្រូវឆ្លើយថា សិរី ស្ថិតនៅត្រង់ជើង»។ ហេតុដូច្នេះហើយ បានជាមនុស្សយកទឹកមកលុបមុខនៅពេលព្រឹក យកទឹកមកលាបទ្រូងនៅពេលថ្ងៃត្រង់ និងយកទឹកមកលាងជើងនៅពេលល្ងាចមុនពេលចូល ដំណេក។

កាលបានស្ដាប់ឮពាក្យដោះស្រាយរបស់សត្វឥន្ទ្រីយ៍ដូច្នេះហើយ ធម្មបាលកុមារក៏បាន ត្រឡប់វិលទៅកាន់ប្រាសាទវិញ។លុះព្រឹកស្អែកឡើង ក៏បានទៅឆ្លើយដោះប្រស្នាជាមួយកបិល មហាព្រហ្ម ដូចដែលខ្លួនបានលួចរៀនពីសត្វឥន្ទ្រីយ៍។  កបិលមហាព្រហ្មដែលស្មោះត្រង់ ក៏ប្រាប់ ធម្មបាលកុមារថា ចម្លើយទាំងនោះត្រូវហើយ ហើយក៏ត្រូវកាត់ព្រះកេសរបស់ព្រះអង្គបូជាដល់ ធម្មបាលកុមារ តាមកិច្ចសន្យានៃការភ្នាល់។  ទោះជាយ៉ាងណាក្តី មុនពេលកាត់ព្រះកេសខ្លួនដោយ ខ្លួនឯង កបិលមហាព្រហ្មក៏បានហៅបុត្រីទាំង ៧រូប ដែលជាតំណាងនៃថ្ងៃទាំង៧ គឺអាទិត្យ ចន្ទ អង្គារ ពុធ ព្រហស្បតិ៍ សុក្រ និង សៅរ៍ មកប្រាប់ថា «ព្រះកេសរបស់ព្រះអង្គដែលត្រូវបានកាត់នេះ មិនអាចទុកដាក់នៅលើផែនដីមនុស្សនេះបានទេ ព្រោះនឹងនាំឲ្យកើតជាភ្លើងឆេះលោកធាតុទាំង មូល។ បើព្រះកេសនេះបោះទៅលើអាកាស ក៏នឹងនាំឲ្យគ្មានភ្លៀងធ្លាក់អស់កាល ៧ ឆ្នាំ ហើយបើ នឹងចោលទៅក្នុងមហាសាគរវិញ ក៏នឹងនាំឲ្យរីងស្ងួតហួតហែងអស់ជាពុំខាន»។  ដើម្បីចៀសវាង នូវមហន្តរាយនេះ កបិលមហាព្រហ្មក៏បានបញ្ជាបុត្រីជាទេពធីតាទាំង ៧រូប របស់ព្រះអង្គ ឲ្យចែក វេនគ្នាទ្រព្រះកេសរបស់ព្រះអង្គដែលតម្កល់នៅលើពានមាស ក្នុងមួយអង្គៗរយៈពេលមួយឆ្នាំ ហើយនិងផ្លាស់វេនគ្នាក្នុងមួយឆ្នាំម្តង ដើម្បីបន្តមើលត្រួតត្រាសុខទុក្ខផែនដីជំនួសព្រះអង្គផង។ ដូច្នេះហើយ បានជាទំនៀមខ្មែរយើងនៅពេលចូលឆ្នាំថ្មីថ្ងៃដំបូង តែងមានរៀបរណ្តាប់ទទួលទេព ធីតា ដែលជាបុត្រីរបស់កបិលមហាព្រហ្ម ជានិច្ច។

 

ការពិចារណាអំពីរឿងនិទាន

មានសំនួរដើម្បីសិក្សាជាច្រើន សម្រាប់រឿងនិទានអំពីពិធីចូលបុណ្យចូលឆ្នាំថ្មីនេះ តែសំនួរ មួយដែលខ្ញុំសូមលើកយកមកអធិប្បាយ គឺតើរឿងនេះជារឿងពិត ឬត្រឹមតែជារឿងប្រឌិតទេ?  ហើយតើដូនតាយើងចង់ឲ្យយើងបានទទួលការអប់រំអ្វីខ្លះ អំពីរឿងល្បើកនេះ។ 

  1. បើតាមពុទ្ធសាសនា ព្រះព្រហ្មពុំមានបុត្រទេ។ តាមព្រហ្មញ្ញសាសនា ព្រះព្រហ្មមានបុត្រដល់ ទៅ ១០រូប ប្រុស៩រូប ឯស្រីតែមួយរូបទេ។ ខ្ញុំគិតថា រឿងនេះជារឿងល្បើកខ្មែរនិងអាស៊ី។​​ ដែលហៅថាជារឿងល្បើក ព្រោះមានសត្វចេះនិយាយផង។ តែអ្វីដែលសំខាន់សម្រាប់ពួក យើងដែលបានអាននិងដឹងរឿងល្បើកនេះ គឺការពិចារណារឿងល្បើកនេះក្នុងឋានៈជាអក្សរ សិល្ប៍បែបអប់រំ និង ការឆ្លុះបញ្ចាំងអំពីតថភាពសង្គមមួយ ដែលអាចថាធ្លាប់បានកើតរួច មកហើយពីអតីតផង ឬ អាចនឹងកើតនាពេលអនាគតផង។ 
  2. រឿងល្បើកនេះ អាចថាជាការនិទានប្រវត្តិប្រៀបធៀបទៅនឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រនៃ ប្រទេសណាមួយរបស់អ្នកនិពន្ធ ដោយប្រទេសនោះមានអ្នកគ្រប់គ្រងប្រកបដោយព្រហ្ម វិហារធម៌៤ គឺមេត្តា ករុណា មុទិតា និង ឧបេក្ខា។ ដោយការធ្វេសប្រហែស អ្នកដឹកនាំ ប្រទេសនោះ ត្រូវធ្វើអត្តឃាតខ្លួនឯង ដោយសារតែការគ្រប់គ្រងនោះបាត់បង់នូវមុទិតាធម៌ គឺ ការអបអរសាទរចំពោះរាស្ត្រប្រជាខ្លួនដែលមានប្រាជ្ញាមុតមាំ និងជាអ្នកចូលរួមជួយកសាង សង្គមជាតិ។ កបិលមហាព្រហ្ម ត្រូវចិត្តច្រណែនឫស្យាចូលមកគ្របដណ្តប់ពីលើមុទិតាចិត្ត កើតការច្រណែនឈ្នានីស មិនចង់ឲ្យមាននរណាធំជាងខ្លួន ល្បីជាងខ្លួន។  
  3. រឿងល្បើកនេះ បានបង្ហាញនូវទំនាស់មួយដែលមិនមានការសាកសួរ មិនមានការចរចា ជា ទំនាស់ដែលរីករាលដាល និង មិនបានគ្រប់គ្រងទំនាស់ឲ្យបានល្អ។ ព្រះព្រហ្មប្រើអំណាច ផ្តាច់មុខចង់កម្ចាត់ធម្មបាលកុមារដែលប្រជារាស្ត្រច្រើនរាប់អាន ដោយប្រស្នាដែលខ្លួនជឿថា មិនអាចនឹងមាននរណាចេះដោះស្រាយបាន។ ឯធម្មបាលវិញក៏មិនមានចិត្តមេត្តា ថែមទាំង មានការសងសឹកទៀត។ បើធម្មបាលកុមារជាមនុស្សល្អ ជាបណ្ឌិត ជាអ្នករក្សាធម៌ដូច ឈ្មោះរបស់ខ្លួនមែននោះ នៅពេលកបិលមហាព្រហ្មរៀបកាត់ព្រះកេសព្រះអង្គ ធម្មបាលក៏ អាចប្រាប់កបិលមហាព្រហ្មថា លោកម្ចាស់មិនបាច់កាត់ព្រះកេសទេ ព្រោះចម្លើយនេះ ខ្ញុំ មិនចេះដោយខ្លួនឯងឡើយ គឺខ្ញុំបានចេះដឹង ព្រោះឮពីសត្វឥន្ទ្រីយ៍ជជែកគ្នាទេ។ ការណ៍នេះ អាចនឹងធ្វើឲ្យស្ថានភាពល្អប្រសើរវិញ ហើយទាំងព្រះព្រហ្មនិងធម្មបាលកុមារ ក៏អាចរស់នៅ ជាមួយគ្នាប្រកបដោយសុខដុមរមនាបានដែរ។ តែក្នុងរឿងល្បើកនេះ យើងអាចចាត់ទុកធម្ម បាល ថាជាអ្នកមិនរក្សាធម៌ ជាជនឱកាសនិយម លួចចម្លងប្រាជ្ញាពីគេ ដូចជានិស្សិតដែល សរសេរនិក្ខេបបទ ដោយការលួចអត្ថបទពីគេយកមកធ្វើជារបស់ខ្លួន ដោយមិនបានដាក់ ប្រភព។  ធម្មបាលកុមារ មានការសងសឹកទៅលើកបិលមហាព្រហ្ម ព្រោះដួងចិត្តមានតែ ទោសៈ និង ព្យាបាទ គឺបាត់បង់នូវធម៌មេត្តានិងករុណាអស់។ 
  4. រឿងល្បើកនេះ បានបង្ហាញអំពីពួកឱកាសនិយម ដែលតែងឆ្លៀតឱកាសដើម្បីទាញយកផល ប្រយោជន៍ពីគ្រប់ស្ថានការណ៍ទាំងអស់ យកមកធ្វើជារបស់ខ្លួនដោយមិនគិតពីបញ្ហាសុខទុក្ខ សង្គមឡើយ។ រីពួកអ្នកឱកាសនិយមនេះ អាចដឹងរឿងរ៉ាវដែលកើតឡើងគ្រប់ទិសទី និង គ្រប់វិស័យទាំងអស់ ក្នុងចំណោមមនុស្សគ្រប់ស្រទាប់វណ្ណៈ សូម្បីតែកិច្ចការនៅក្នុងកម្រិត មហាព្រហ្ម ក៏ឥន្ទ្រីយ៍ទាំងនេះនៅតែដឹងដែរ។ ក្នុងល្បើកនេះ សត្វឥន្ទ្រីយ៍បានដើរតួជា តំណាងឲ្យសភាវៈឱកាសនិយមដ៏ចេះដឹងមួយ គឺទោះជាខាងណាបានទទួលប្រយោជន៍ ខាត ប្រយោជន៍ឬវិនាសអន្តរាយ ក៏ជនឥន្ទ្រីយ៍នៅតែបានផលប្រយោជន៍ដដែល។ 
  5. សារចុងក្រោយរបស់កបិលមហាព្រហ្ម គឺការប្រាប់ឲ្យមនុស្សជាតិទាំងអស់កុំបោះបង់ព្រហ្ម វិហារធម៌ទាំង៤ឲ្យសោះ ទោះជាអង្គធម៌មួយណាក៏ដោយ​ គឺត្រូវកាន់ឲ្យជាប់ ត្រូវអនុវត្តឲ្យបាន ព្រោះបើគ្មានព្រហ្មវិហារធម៌ ឬ ទុកព្រហ្មវិហារធម៌ឲ្យនៅឆ្ងាយពីខ្លួន សង្គមជាតិនិងបរិដ្ឋាន ធម្មជាតិ ប្រាកដជានឹងដល់នូវមហន្តរាយជាពុំខាន។ ជាឧទាហរណ៍ កបិលមហាព្រហ្មបាត់ តែធម៌មុទិតាមួយផង ក៏ធ្វើឲ្យកើតចលាចលក្នុងរបបគ្រប់គ្រងពិភពលោកទាំងមូល។ បើសិន ជាកបិលមហាព្រហ្មមិនគោរពពាក្យសន្យា គឺបាត់ឧបេក្ខាមួយទៀត ពេលនោះធម្មបាលកុមារ អាចនឹងស្លាប់ ហើយប្រជារាស្ត្រអាចនឹងងើបឡើងប្រឆាំងចំពោះការគ្រប់គ្រងដែលមិនមាន ព្រហ្មវិហារធម៌របស់កបិលមហាព្រហ្ម។ វិបត្តិសង្គម និង​សង្គ្រាម ក៏អាចនឹងកើតឡើងបាន ដែរ។  
  6. រឿងល្បើកនេះ ​មិនបានរំលឹកឈ្មោះឬបន្តសាច់រឿងអំពីធម្មបាលកុមារទៀតឡើយ បន្ទាប់ពី កបិល មហាព្រហ្មលោកអស់សង្ខារ។ អាចព្រោះតែមហាជនគេមិនពេញចិត្តនឹងធម្មបាល កុមារដែលបានធ្វើឲ្យអ្នកដឹកនាំដែលធ្លាប់ជាទីពេញចិត្តរបស់គេត្រូវស្លាប់ ឬអាចព្រោះធម្ម បាលកុមារអស់ប្រជាប្រិយ ព្រោះការបាត់នូវមេត្តាធម៌និងករុណាធម៌ ឬអាចត្រូវសត្វឥន្រ្ទីយ៍ បកស្រាយការពិតថា ធម្មបាលនេះមិនចេះដឹងអ្វីទេ ដែលអាចដោះប្រស្នាបាននេះ ក៏ព្រោះ លួចរៀនអំពីខ្លួនដែលជាសត្វឥន្ទ្រីយ៍។ 
  7. ជាការបញ្ចប់រឿង សន្តតិវង្សរបស់កបិលមហាព្រហ្មក៏នៅតែបន្តទៅមុខទៀត ដោយបុត្រីដល់ ទៅ៧អង្គ ផ្លាស់វេនគ្នាមួយឆ្នាំម្តងដើម្បីគ្រប់គ្រងផែនដី ដែលជាលទ្ធផលនៃការដែល កបិលមហាព្រហ្មលោករក្សាសច្ចៈ ដោយមិនបោះបង់ធម៌ឧបេក្ខា ឬ យុត្តិធម៌។ ការគ្រប់គ្រង ថែទាំពិភពលោកយើង ដែលធ្លាប់នៅក្រោមកបិលមហាព្រហ្មតែមួយអង្គ ក៏បានប្រែក្លាយ បន្តិចបន្តួចមកជារបបគ្រប់គ្រងបែបសហនាយិកា គឺមានស្រីៗជាសហប្រធាន តែក៏ស្ថិតនៅ ក្នុងវង្សត្រកូលកបិលមហាព្រហ្មដដែល។

រឿងល្បើកនេះ ត្រូវបានគេយកមកដំណាលជារៀងរាល់ឆ្នាំ មានឧបមាដូចជាសារដាស់ តឿនដល់ជនជាតិខ្មែរយើងគ្រប់លំដាប់ថ្នាក់ ឲ្យលើកស្ទួយព្រហ្មវិហារធម៌ទាំង៤។ ពាក្យថាព្រហ្ម[3] ប្រែថា សេចក្ដី​ចម្រើន សេចក្ដី​រីករាយក្នុង​ចិត្ត សេចក្ដី​ប្រសើរ។ អ្នកគ្រប់គ្រងនិងពលរដ្ឋដែលមាន ការស្រឡាញ់គ្នាគឺមេត្តា មានការជួយគ្នាទៅវិញទៅមកគឺករុណា មានការអបអរចំពោះសេចក្តីល្អ របស់ផងគ្នាគឺមុទិតា និង មានភាពមិនលំអៀងក្នុងចិត្តគឺយុត្តិធម៌ឬឧបេក្ខា នឹងធ្វើឲ្យក្រុមគ្រួសារ សង្គមជាតិ និងប្រទេសជាតិ​នោះ មានសេចក្ដី​ចម្រើន សេចក្ដី​រីករាយ សេចក្ដី​ប្រសើរ សុខសប្បាយ ដូចឋានព្រហ្ម ជាពុំខាន។

ខ្ញុំសង្ឃឹមថា ធម្មគតិសម្មាមគ្គអំពី ល្បើកចូលឆ្នាំថ្មីទាក់ទងនឹងរសជាតិជីវិតប្រជាពិភពលោក នេះ នឹងបានជាប្រយោជន៍សម្រាប់ពិចារណានាឱកាសរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្នុងយុគ សម័យដែលមេរោគកូវិដ-១៩ កំពុងបៀតបៀន ហើយពួកយើងគ្រប់គ្នាមានពេលវេលានៅផ្ទះច្រើន ជួបជុំគ្រួសារ។  សូមទាំងអស់គ្នា នាំគ្នាបណ្តុះព្រហ្មវិហារធម៌ទាំង៤ ឲ្យបានកើតច្រើនក្នុងសង្គម គ្រួសារ ដើម្បីត្រៀមខ្លួនបន្តដំណើរជីវិតកសាងគ្រួសារព្រហ្ម សង្គមព្រហ្ម និង ប្រទេសព្រហ្ម ឲ្យកើត ឡើងចំពោះប្រទេសខ្មែរដែលជាទីស្រឡាញ់របស់យើងទាំងអស់គ្នាតរៀងទៅ។​

 

សូមអនុមោទនារីករាយសង្ក្រាន្តឆ្នាំថ្មី!!

 

ហេង មណីចិន្តា

ភូមិវត្តពោធិវាល ក្រុងបាត់ដំបង

ថ្ងៃចន្ទ ០៨រោច ខែ ចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤

ថ្ងៃទី ០៥ ខែ មេសា ឆ្នាំ ២០២១

 

 

 



[1] ផ្អែកលើអត្ថបទចាស់ សរសេរកាលពីថ្ងៃទី ១៣ មេសា ២០១៣

[2] តាមសៀវភៅ «បុណ្យទំនៀមខ្មែរ ក្រាំងបុណ្យទាំង ១២ ខែ ភាគទី២ ឆឹង ផានសុផុន បោះពុម្ព ថ្ងៃទី ១ ឧសភា ឆ្នាំ២០០០» បាននិយាយថា រឿងនិទានអំពីប្រវត្តិការចូលឆ្នាំខ្មែរនេះ មាននៅក្នុងគម្ពីរមហាសំការសូត្រ ហើយបើតាម លោក ចាប ពិន នៃក្រុមជំនុំទំនៀមទម្លាប់ខ្មែរ នៅពុទ្ធសាសនបណ្ឌិត្យ បានសរសេរថា មហាសំការសូត្រនេះ ជាសាស្រ្ដាស្លឹករិត ជាគម្ពីរតែងឡើងខាងក្រោយ។ នៅប្រទេសថៃ បើតាមអក្សរចារឹកនៅនឹងវត្តព្រះជេតពនវិមលមង្គលារាម នាទីក្រុងបាងកក បានសរសេរថា រឿងនិទាននៃការចូលឆ្នាំនេះ សរសេរយកន័យតាមចារឹកជាភាសាបាលីរបស់ជនជាតិរាមញ្ញ(មន) ដែ។រhttps://th.wikipedia.org/wiki/%E0%B8%AA%E0%B8%87%E0%B8%81%E0%B8%A3%E0%B8%B2%E0%B8%99%E0%B8%95%E0%B9%8C#cite_note-7

[3] វចនានុក្រមខ្មែរអេឡិកត្រូនិករបស់ពុទ្ធសាសនបណ្ឌិត្យ ត្រង់ពាក្យថា ព្រហ្ម

 

No comments:

Post a Comment