ធម្មគតិសម្មាមគ្គ អំពី ស្ថាប័នពុទ្ធសាសនានឹងការសិក្សាអប់រំយុវជន

វិថីជីវិតសម្មាមគ្គ

ធម្មគតិសម្មាមគ្គ

អំពី

ស្ថាប័នពុទ្ធសាសនានឹងការសិក្សាអប់រំយុវជន

ធម្មគតិសម្មាមគ្គថ្ងៃនេះ មានគោលបំណងចូលរួមអបអរសាទរ សិទ្ធិកុមារអន្តរជាតិ ទី១ មិថុនា ជាខួបលើកទី៩៦ នៃការបង្កើតសិទ្ធិកុមារអន្តរជាតិ ដោយសេចក្តីប្រកាសរបស់ អង្គមហាសន្និបាតពិភពលោកដើម្បីសុខមាលភាពកុមារ នាទីក្រុងហ្សឺណែវ ប្រទេសស្វ៊ិស កាលពីថ្ងៃទី ០១ មិថុនា ឆ្នាំ ១៩២៥[1]។ ពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដែលបានចូលរួមនៅក្នុងការលើកស្ទួយសិទ្ធិកុមារ ជាពិសេស គឺការចូលរួមអនុវត្តតាមអនុសញ្ញាស្ដីពីសិទ្ធិកុមារ ដែលបានចូលជាធរមាននៅថ្ងៃទី ២០ វិច្ឆិកា ឆ្នាំ ១៩៨៩ ត្រង់មាត្រា ២៨ ដែលនិយាយអំពីសិទ្ធិទទួលបានការអប់រំ និង មាត្រា២៩ និយាយអំពី គោលបំណងនៃការអប់រំ[2]

មានស្ថាប័នរបស់សង្គមចំនួន៦ យ៉ាងតិចដែលសំខាន់សម្រាប់ទ្រទ្រង់សង្គមមួយឲ្យគង់នៅបាន៖ គ្រួសារ សេដ្ឋកិច្ច សិក្សា គ្រប់គ្រង សាសនា និង ការកំសាន្ត។  ការសិក្សាជួយពង្រឹងស្ថាប័ន៥ទៀត ក៏ដូចជាស្ថាប័ន៥ទៀតជួយពង្រឹងការសិក្សាដែរ។  គ្រួសារនីមួយៗត្រូវការការសិក្សា ទោះក្រក្តីមានក្តី។  ដើម្បីបានទទួលការសិក្សា គ្រួសារក្រីក្រជាច្រើនបានពឹងស្ថាប័នសាសនាដើម្បីសម្រេចគោលបំណងខ្លួន។ អ្នកបួសក្នុងស្ថាប័នសាសនា ក៏ជាអ្នកកំពុងសិក្សាដើម្បីរកមធ្យោបាយនិងវិធីដើម្បីរំលត់សេចក្តីទុក្ខ ដោះស្រាយបញ្ហាជីវិតរបស់ខ្លួនផង និងអ្នកក្នុងស្ថាប័នដទៃផង។  អាចថាក្រុមនេះជាក្រុមទស្សនវិទូក្នុងទស្សនៈបស្ចឹមប្រទេស។

ពេលដែលស្ថាប័នគ្រួសារមករៀន(ដោយចិត្តបរិសុទ្ធចង់ក្លាយជាអ្នកគិតឬអ្នកស្រាវជ្រាវ ឬព្រោះខ្ចីកន្លែងនេះដើម្បីរៀនក្តី(ព្រោះមិនសូវអស់ប្រាក់ ល្មមនឹងជីវភាពខ្លួន) ក៏នៅទីបំផុត អ្នកដែលចេញពីស្ថាប័នគ្រួសារគឺជាអ្នកចំណេញ ព្រោះការសិក្សាល្អនាំឲ្យសេដ្ឋកិច្ចគ្រួសារប្រសើរជាងមុន និងចូលរួមដល់សេដ្ឋកិច្ចរបស់សង្គមជាតិជារួម។  ស្ថាប័នការគ្រប់គ្រងបានចំណេញអ្នកមានសមត្ថភាពមកបំពេញការងារច្រើនជាងមុន ហើយអាចជាបេក្ខជនដែលមានគុណភាពល្អផង។  ស្ថាប័នការសិក្សា ដែលមិនអាចតបស្នងដល់តម្រូវការរបស់ស្ថាប័នគ្រួសារនិងស្ថាប័នដទៃទៀតបានគ្រប់គ្រាន់ ក៏តែងតែ ឬ គួរតែអរគុណស្ថាប័នសាសនាដែលបានជួយបណ្តុះនិងបង្កើនធនធានមនុស្ស។ 

ការមករៀនឲ្យចេះ មិនបានពឹងលើចេតនាបរិសុទ្ធរបស់បេក្ខជនទេ តែពឹងលើចម្លើយពេលដែលសួរបេក្ខជនថាៈ«អ្នកមករៀនដើម្បីអ្វី» និងការជួយគ្នា(មេត្តាករុណា) ឲ្យមានគោលដៅរៀនច្បាស់លាស់។(ខ្លះចង់ទៅជាពេទ្យ តែត្រឡប់ទៅជាចោរក៏មាន  ឯខ្លះទៅរៀនធ្វើគ្រឿងសព្វាវុធសម្លាប់មនុស្ស តែទៅជាមនុស្សមានគុណធម៌ខ្ពស់ក៏មាន)។  ការសិក្សាអ្វីមួយ យូរបន្តិចទៅ ធ្វើឲ្យមនុស្សផ្លាស់ប្តូរ អាចចិត្តដែលមិនបរិសុទ្ធទៅជាចិត្តបរិសុទ្ធបាន ឬ អាចចិត្តដែលល្អទៅជាអាក្រក់ក៏បាន(ទាំងពីរបែបនេះ មាននៅក្នុងករណីចោរអង្គុលិមារ៍ និង ព្រះអរហន្ត   អង្គុលិមារ៍។  តែជាទូទៅ គឺពីល្ងង់ទៅចេះ។ ប្រទេសកម្ពុជា មានគោលបំណងចង់ឲ្យពលរដ្ឋរបស់ខ្លួន ជាអ្នកមានចំណេះដឹងអំពី ១) គុណតម្លៃមនុស្ស។ ២) វប្បធម៌សន្តិភាព និង ៣) ការចូលរួមអភិវឌ្ឍប្រទេសជាតិ ដោយសង្ឃឹមថា ការបង្រៀនសីលធម៌-ពលរដ្ឋវិជ្ជា គឺវិជ្ជាដែលធ្វើឲ្យប្រជាជនក្លាយទៅជាពលរដ្ឋ ដែលមានន័យថា ប្រជាជនដែលមានសីលធម៌និងជាកម្លាំងរបស់រដ្ឋ នៅថ្នាក់មធ្យមសិក្សា តាំងតែពីថ្នាក់ទី៧ ដល់ថ្នាក់ ទី១២[3]

ក្រសួងមានសេចក្តីសង្ឃឹមថា យុវជននឹងមានការប្រែប្រួលជាវិជ្ជមាននូវ៖

1.  ចំណេះដឹង (Knowledge) គឺនឹងទទួលបានចំណេះដឹង និង បំណិន ថ្មីៗ ទាក់ទងនឹងការអប់រំ តម្លៃគុណធម៌ ពហុសាសនា សន្តិភាពផ្លូវចិត្ត សិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ច្បាប់រដ្ឋបាល ច្បាប់ការងារ និងច្បាប់ផ្សេងៗទៀតដែលកំពុងតែអនុវត្តនៅក្នុងសង្គមយើងបច្ចុប្បន្ន។

2. បំណិនក្នុងជីវិត (Skills) គឺមានការលូតលាស់សតិបញ្ញា បានស្គាល់និងយល់កាន់តែច្បាស់ពីតម្លៃរបស់ខ្លួន  ចេះគិតពិចារណានិងយល់ដឹងពីសិទ្ធិរបស់ខ្លួន តួនាទី កាតព្វកិច្ចរបស់ខ្លួន ដែលជាសមាជិកដ៏ល្អម្នាក់របស់គ្រួសារ សហគមន៍ និងប្រទេសជាតិ យល់ដឹងពីទំនាក់ទំនងជាមួយអ្នកដទៃក្នុងសហគមន៍ និងយល់ពីបញ្ហានានាទាក់ទងនឹងច្បាប់នៅក្នុងសង្គម ចេះឆ្លុះបញ្ចាំងសកម្មភាពក្នុងសង្គម ដូចជាកិច្ចការនានាទាក់ទងនឹងអំណាចរបស់រដ្ឋ ជាដើម។

3.  ឥរិយាបថ (Attitude) គឺជាអ្វីដែលក្រសួងអប់រំយុវជននិងកីឡា មានសង្ឃឹមថា យុវជនខ្មែរនឹងយកនូវចំណេះដឹងនិងបំណិនទាំងនោះ យកទៅអនុវត្តក្នុងការរស់នៅប្រចាំថ្ងៃផង និងជាចំណេះដឹងមូលដ្ឋានរឹងមាំក្នុងការយកទៅបន្តការសិក្សានៅ​ថ្នាក់លើបន្តទៀត ឬចូលទៅបំរើការងារណាមួយនៅក្នុងសង្គម។

តាមប្រវត្ថិសាស្ត្រ ការសិក្សានៅតាមវត្តអារាម គឺមានតាំងតែសម័យបុរាណមកម្លេះ។  នៅក្នុងកំណត់ហេតុរបស់ជីវតាក្វាន់ មន្ត្រីបេសកកម្មទូតចិន ដែលបានមកដល់អង្គរវត្តនាកំឡុងឆ្នាំ ១២៧៥ ដល់ ១២៧៦ បានបញ្ជាក់អំពីសកម្មភាពនៃស្ថាប័នពុទ្ធសាសនា ក្នុងវិស័យសិក្សាអប់រំដូច្នេះថា[4]

« អ្នក​ចេះដឹង (​ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ាយ៉ាប លោកសង្ឃ គេ​ហៅ​ថា ជូគូ ​ពួក​តាបសគេ​ហៅ​ថា ប៉ាស៊ីវី។​ ចំណែក​លោក​សង្ឃ​វិញ កោរ​ព្រះ​កេស គ្រង​ចីវរ​ពណ៍​លឿង​បញ្ចេញ​ស្មា​ខាង​ស្ដាំ ហើយ​និមន្ដ​ដោយ​ជើង​ទ​ទេ​ អត់​ពាក់​ស្បែក​ជើង​ឡើយ។​ ព្រះ​វិហារ​​មួយ​ គេ​អនុញ្ញាត​ឱ្យ​ប្រក់​ក្បឿង​​បាន​ ហើយ​នៅកណ្តាល​ព្រះ​វិហារ​នោះ​​មាន​​តំកល់​ព្រះ​ពុទ្ធរូប​​មួយ​​ព្រះ​​អង្គ​ ​ដែល​​​មាន​​ភិនភាគ​ ដូច​ព្រះ​សក្យមុនី​ដែរ គេ​​ហៅ​​ថា ពុតលៃ លាបលន ពណ៌​ក្រហម ដោយ​គេ​​យក​​ដី​ស​​មក​​សូន​​ធ្វើ​ ​ហើយ​លាប​ពណ៌​ផ្សេង​ៗ​ គ្មាន​ភិនភាគ​អ្វី​ក្រៅ​ពីនេះ​​ទេ​ ច្រើន​តែ​កសាង​​អំពី​​ស្ពាន់ ហើយ​គ្មាន​ជួង​ស្គរ រគាំង ទង់​អ្វី​ទាំង​អស់។​ ព្រះ​សង្ឃ​ឆាន់​ត្រី​សាច់​​បាន​​ តែ​មិន​ឆាន់​ស្រា​​ទេ​ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំង​នេះ​ថ្វាយ​ព្រះ​ផង។​ ​ក្នុង​​​មួយ​​ថ្ងៃ​លោក​និមន្ដ​ទៅ​បិណ្ឌបាត​ពី​​ផ្ទះ​​ឧបាសក​តែ​​មួយ​​ដង​​ទេ​ ហើយ​គ្មាន​រៀប​ដាំ​ស្ល​នៅ​​ក្នុង​​វត្ដ​ឡើយ។​ លោក​ឆាន់​​មួយ​​ដង​​ក្នុង​​​មួយ​​ថ្ងៃ។ ​ចំណែក​ក្មេង​ៗ​កូន​​អ្នក​​​ស្រុក​​វិញ ​ដែល​​ត្រូវ​ការ​រៀន​សូត្រ គេ​តែង​​យក​​ទៅ​ទុក​ដាក់​រៀន​ជា​​មួយ​​ព្រះ​សង្ឃ​ហើយ​បួស​ជា​ព្រះ​សង្ឃ​ផង​ លុះ​ដល់​អាយុ​ច្រើន ​ក៏​​វិល​ត្រលប់​​មក​​កាន់​ជីវភាព​ជា​ជន​ធម្មតា​វិញ។​»

ប្រពៃណីនេះ បើគិតតាំងពីឆ្នាំ ១២៧៥ ដែលលោកជីវតាក្វាន់បានឃើញ មកដល់ឆ្នាំ ២០២១ នេះ មានអាយុ ៧៤៥ ឆ្នាំហើយ ដែលប្រជាជនខ្មែរ បានទទួលផលប្រយោជន៍ក្នុងវិស័យការសិក្សាពីស្ថាប័នពុទ្ធសាសនា ជាពិសេស ព្រះសង្ឃ ដែលគង់នៅតាមវត្តនានាទូទាំងផ្ទៃប្រទេស។ បើយើងគិតថា ពុទ្ធសាសនាបានមកប្រតិស្ឋានតាំងពីសម័យសុវណ្ណភូមិនោះ ទំនាក់ទំនងរវាងពុទ្ធសាសនានឹងវិស័យអប់រំនិងអក្សរសាស្ត្រខ្មែរ កើតឡើងក្នុងរង្វង់ជិត ២០០០ ឆ្នាំមកហើយ។

ព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ បានចារទុកនៅក្នុងច្បាប់ក្រម[5] អំពីការណ៍ដែលមាតាបិតាបានយកកូនទៅទុកដាក់ជាមួយព្រះសង្ឃ ដូច្នេះថា៖

«អាសូរមេបា  ចិញ្ចឹមរក្សា  កុំឲ្យអន្តរាយ  អាចយកមកផ្ញើ  នឹងគ្រូបាធ្យាយ  ហេតុចង់ពណ្ណរាយ  ប្រយោជន៍ទាំងបី។  មួយចង់ក្ដីច្បាប់  ឲ្យខ្លួនបានគាប់  នៅនាលោកិយ  មួយចង់ប្រាជ្ញា  មិនឲ្យ អប្រិយ  មួយចង់បារមី  នាំញាតិទាំងឡាយ។  ហៃអស់សាមណេរ  កុំធ្វើដែលដែរ  ត្រង់ក្ដីពាយងាយ  លំអុតបំរើ  អ្នកជាបាធ្យាយ  ជូនបុណ្យទៅម្ដាយ  ឪពុកទីទៃ។ សង្វាតសូត្ររៀន  កុំធ្វើអៀនប្រៀន  ក្នុងចិត្ដសព្វថ្ងៃ  លំអុតបំរើ  ផ្គាប់ដោយ​ហឫទ័យ  ​បារម្ភមៃៗ  ក្ដីច្បាប់កុំបង់។ ច្បាប់នេះសោតណា    ទូន្មានអាត្មា  ដោយនូវក្រិត្យសង្ឃ  ត្រង់ណាហៅច្បាប់  កាន់ខ្ជាប់កុំបង់ ចំណេរទៅលង់  ខ្លួនបានជាធំ។ សព្វថ្ងៃសោតណា  ទូន្មានអាត្មា  ដោយនូវក្រឹត្យក្រម  បំរើបាធ្យាយ  ឲ្យមានបារម្ភ  ទើបខ្លួនជាធំ  ទៅដល់មហាក្សត្រិយ៍។  ច្បាប់នេះសោតណា  ទូន្មានអាត្មា  ថេរនៅពុំបាត់ ទោះខ្លួនឥតបុណ្យ  បំរើ មហាក្សត្រិយ៍  គោរពប្រតិបត្ដិ  យសនោះពុំលែង។  ហេតុបានដឹងច្បាប់ បានដូចបង្គាប់  ចិត្ដគ្រូយល់ស្ដែង   ទោះទៅបំរើ   ស្ដេចជាគម្តែង   យសនោះពុំលែង  ប្រាកដពណ្ណរាយ។

យើងអាចសរុបសេចក្តីបានថា អ្វីដែលអ្នកព្រះភិរម្យភាសា អ៊ូ ហៅ ង៉ុយ បានលើកមកនេះ គឺជាគោលបំណងចម្បងនៃការបង្កើតវត្ត និង ការយកកូនដែលនៅជាកុមារឬយុវជនឲ្យទៅបួស ព្រោះមានតែវត្តនិងព្រះសង្ឃទេ ដែល៖

1.   អាចឲ្យកូនខ្លួនបានក្លាយទៅជាមនុស្សគាប់ប្រសើរក្នុងជាតិនេះ។

2.  កន្លែងកែប្រែភាពល្ងង់ខ្លៅរបស់កូន ដែលលោកយល់ថាជារឿងអប្រិយប្រចាំជីវិត ឲ្យទៅជាអ្នកមានប្រាជ្ញា ជាអ្នកប្រាជ្ញបាន។

3. ពេលដែលកូនរៀនចេះដឹងក្នុងពុទ្ធសាសនា សង្ឃឹមឲ្យកូនបានមកដឹកនាំជីវិតរបស់ខ្លួន ញាតិមិត្ត និង សង្គម ឲ្យបានល្អទៅតាមធម៌ទសបារមីទាំង១០ ដើម្បីបានរួចផុតទុក្ខ ចូលកាន់ព្រះនិព្វាន។ 

4. ពេលកូនលាសិក្ខាបទមកជាគ្រហស្ថវិញ ក៏អាចចូលទៅបម្រើរាជការ បំរើព្រះមហាក្សត្រិយ៍និងបានក្លាយជាអ្នកដឹកនាំដែលប្រកប ដោយទសពិធរាជធម៌ ដែលជាធម៌សម្រាប់ដឹកនាំសង្គមឲ្យបានល្អ។

យ៉ាងហោចណាស់ ក៏ក្នុងទស្សនៈរបស់អ្នកប្រាជ្ញរូបនេះ(ក្រមង៉ុយ)  វត្ត ជាពិសេសវត្តដែលនៅតាមភូមិដាច់ស្រយាល ដែលការសិក្សារបស់រដ្ឋមិនទាន់ទៅដល់ មានសារៈសំខាន់សម្រាប់អ្នកក្រីក្រខ្មែរតាំងពីបុរាណដោយខានមិនបាន។ វត្ត ជាកន្លែងផ្តល់ឱកាសដល់កុមារទាំងឡាយឲ្យបានរៀន ឯព្រះសង្ឃជាអ្នកអភិវឌ្ឍសង្គម លើវិស័យសិក្សាដោយមិនបាច់ត្រូវការបៀវត្សរ៍ពីរាជការឡើយ។ តាមពិតទៅ វត្ត ព្រះសង្ឃ និង ពុទ្ធសាសនាទាំងមូល​ បានចូលរួមលើកស្ទួយសិទ្ធិកុមារ របស់អង្គការសហប្រជាជាតិ តាំងពីសិទ្ធិនេះ មិនទាន់បានប្រកាសជាសាកលមកម្លេះ។

ក្នុងឆ្នាំ ២០២០ មានករណីសំណើតាម ហ្វេសប៊ុក ពីបុគ្គលម្នាក់ និង មានការគាំទ្រចំពោះសំណើនេះមួយចំនួនតូច បានស្នើមិនឲ្យយុវជនដែលមានវ័យក្មេងបួស ឬ ក៏ចាប់ផ្សឹកព្រះសង្ឃដែលមានវ័យក្មេងអាយុក្រោម៥៦ឆ្នាំ ព្រោះជាការនាំឲ្យខាតដល់កម្លាំងពលកម្មសេដ្ឋកិច្ច។ គំនិតបែបនេះ គឺជាការដើរផ្ទុយទៅនឹងមាត្រា៤៣ ដែលមានចែងក្នុងជំពូក៣ នៃរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ដែលបានចែងថា ពុទ្ធសាសនាជាសាសនារបស់រដ្ឋ[6] ដែលសំណើនេះ អាចចាត់ទុកថាជាមិច្ឆាទិដ្ឋិ មិច្ឆាសង្កប្បៈ និង មិច្ឆាវាចាដ៏ធ្ងន់ ព្រោះជាសំណើដែលព្យាយាមបំបាត់ឱកាសរបស់អ្នកក្រីក្រ មិនឲ្យក្លាយជាមនុស្សគាប់ប្រសើរ មិនឲ្យក្លាយជាអ្នកប្រាជ្ញ និង ឱកាសជាអ្នកដឹកនាំក្នុងសង្គមខ្មែរ។ សំណើនេះ ក៏ត្រូវបានមតិភាគច្រើនរិះគន់ ហើយនៅទីបំផុត បុគ្គលនេះក៏បានចេញមកសុំទោសជាសាធារណៈ។  អ្វីដែលជាស្នាកស្នាមរបួសដែលចេញអំពីសំណើនេះ ពិតជាមិនទាន់បានបាត់បង់នៅឡើយ ទាំងសំណើគាំទ្រ ទាំងសេចក្តីប្រឆាំង។

នៅក្នុងពុទ្ធសាសនាខ្មែរ ប្រពៃណីនៃការមកបួសនិងរៀន គឺមានតែអ្នកដែលចិត្តមិនបរិសុទ្ធទេដែលមកបួស(គឺមានកិលេស មានលោភៈ មានទោសៈ មានមោហៈ ខ្វះហេតុផល ល្ងង់) និងមករៀន ដើម្បីកំចាត់នូវភាពល្ងង់ខ្លៅ និង មិនបរិសុទ្ធទាំងនេះចេញ។  ខ្លះក៏ប្រឡងធ្លាក់ ខ្លះក៏ប្រឡងជាប់ ខ្លះក៏លាសិក្ខាបទ ដូរទៅរៀនមុខវិជ្ជាដទៃវិញ។

មនុស្សដែលល្អ ជឿនិងដឹងគុណលើការសិក្សា(វិជ្ជា) អ្នកផ្តល់ការសិក្សា(គ្រូ សង្ឃ) និង កន្លែងដែលផ្តល់ការសិក្សា(សាលារៀន វត្ត)។  សូម្បីមារាធិរាជ ដែលធ្លាប់មកផ្ចាញ់ព្រះសិទ្ធត្ថ ព្រោះមិនចង់ឲ្យព្រះអង្គត្រាស់ដឹង ឬព្រោះមិនចង់ឲ្យព្រះអង្គសម្រេចការស្រាវជ្រាវរបស់អំពីវិធីដោះស្រាយបញ្ហាជីវិតរបស់មនុស្សក្តី ក៏នៅទីបំផុតមោហភាព ឬភាពល្ងឹតល្ងង់របស់មារ(អវិជ្ជា) ក៏ចាញ់វិជ្ជា ហើយមារនោះក៏ទទួលស្គាល់ថា វិជ្ជា ពិតជាមានតម្លៃ     មែន។  មារ ដែលជាយក្ស ស្គាល់តម្លៃវិជ្ជា ទទួលស្គាល់អ្នកមានវិជ្ជា ពិតជាប្រសើរជាងមនុស្សដែលមានអស្មិមានៈដែលតែងគិតថា មានតែអាហារឬសេដ្ឋកិច្ចទេដែលសំខាន់ជាងគេ។ 

ការបួសរបស់ព្រះសង្ឃក្មេងៗ គឺបានចូលរួមចំណែកដ៏ធំធែងក្នុងការបង្កើនកម្រិតអក្ខរកម្ម កំរិតសិក្សា និង ការបណ្តុះបង្កើនធនធានមនុស្សខ្មែរ ទាំងផ្នែកពុទ្ធចក្រនិងផ្នែកអាណាចក្រ។  បើគ្មានវត្ត គ្មានព្រះសង្ឃក្មេងៗទេ ប្រហែលយើងពុំមានពុទ្ធសាសនាដែលរឹងមាំគួរសមដូចបច្ចុប្បន្នឡើយ ហើយនិងពុំមានមន្ត្រី សមាជិករដ្ឋសភា ព្រឹទ្ធសភា និងគណៈរដ្ឋមន្រី្ត ដែលខ្លះក៏ជាអតីតក្មេងវត្ត និងជាអតីតព្រះសង្ឃ ដែលកំពុងថែរក្សាសន្តិភាព និង អភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះឡើយ។ គំនិតដែលមិនចង់ឲ្យមានព្រះសង្ឃអាយុក្រោម៥៦ឆ្នាំ ស្ថិតនៅក្នុងភេទជាអ្នកបួស គឺជាគំនិតដែលនាំឲ្យពុទ្ធសាសនាអាចត្រូវបាត់បង់ចេញពីរដ្ឋធម្មនុញ្ញនិងពីកម្ពុជា។ នេះជាកាតព្វកិច្ចពុទ្ជសាសនិកជននិងព្រះសង្ឃគ្រប់រូបដែលត្រូវការពារឲ្យបាន ព្រោះថា រាជរដ្ឋាភិបាលប្រឹងប្រែងខ្លាំងណាស់ ក្នុងការការពារមិនឲ្យរបបប្រល័យពូជសាសន៍ខ្មែរ(ពូជ+សាសនា+ខ្មែរ) វិលត្រឡប់មកវិញ ទើបលោកដាក់ពុទ្ធសាសនាជាសាសនារបស់រដ្ឋ ហើយអ្នកដឹកនាំជាន់ខ្ពស់ជាច្រើនរូប បានទាំងឲ្យកូនប្រុសៗរបស់លោក ចូលបួសមួយរយៈខ្លីទៀតផង ដើម្បីឲ្យកូនលោកបានដឹងថា ពុទ្ធសាសនាពិតជាមានសារៈសំខាន់សម្រាប់អ្នកដឹកនាំនិងការដឹកនាំប្រទេសកម្ពុជា។

សុខភាព សមត្ថភាព និង គុណធម៌ ជាគោល៣យ៉ាងដែលព្រះពុទ្ធសាសនាបានចូលរួមក្នុងការកសាង និង រំលឹកដាស់តឿនអ្នកដឹកនាំខ្មែរនិងប្រជារាស្ត្រខ្មែរឲ្យប្រឹងប្រែងអភិវឌ្ឍខ្លួននិងសង្គម។ ថ្វីត្បិតតែរាជរដ្ឋាភិបាលបានដើរតួយ៉ាងសំខាន់លើវិស័យសិក្សាអប់រំ ហើយតួនាទីព្រះសង្ឃក្នុងវិស័យអប់រំក៏កាន់តែថយជាងមុនក្តី ក៏យើងឃើញថា កូនអ្នកក្រជាច្រើនដែលមិនអាចឆ្លងកាត់ការសិក្សានៅកម្រិតមធ្យមសិក្សាជាច្រើន បានសម្រេចចិត្តមកបួសជាសាមណេរនិងភិក្ខុ ដើម្បីបន្តការសិក្សាបែបរដ្ឋនេះផង ការសិក្សាអប់រំខ្លួនតាមបែបពុទ្ធសាសនាផង ក្នុងចំនួនមួយគួរឲ្យកត់សម្គាល់។ ប្រពៃណីតាំងពីសម័យអង្គរ តាំងពីសម័យក្រមង៉ុយ ដែលបានបួសរៀនចេះដឹងជាមួយព្រះសង្ឃ ហើយត្រឡប់មកជាគ្រហស្ថ ចូលរួមអភិវឌ្ឍជាតិវិញនេះ មិនបានបាត់ទៅណាទេ និងរឹតតែត្រូវការជាចាំបាច់ ព្រោះការសិក្សានៅសាលាក្តី នៅវត្តអារាមក្តី គោលបំណងគឺមានតែមួយដូចគ្នា គឺ ការមានធនធានមនុស្សដែលប្រកបដោយសុខភាព  សមត្ថភាព  និង គុណធម៌ សម្រាប់ប្រទេសជាតិ។

            ស្ថាប័នពុទ្ធសាសនានឹងនៅតែដើរតួជាអ្នកផ្គត់ផ្គង់(supplier) ដល់ស្ថាប័នគ្រួសារ នូវការសិក្សានិងការអប់រំ និង ក៏ជាអ្នកធ្វើសង្គមូបនីយកម្ម (socialization) គឺការត្រៀមខ្លួនយុវជនខ្មែរឲ្យអាចរស់ចូលសង្គមនឹងគេបាន តាមរយៈការអប់រំទេសនា ការធ្វើបុណ្យប្រពៃណីផ្សេងៗ និងការបំបួសយុវជនដែលមកពីគ្រួសារក្រីក្រ ដែលពុំសូវមានឱកាស ឲ្យអាចចូលរួមលើកស្ទួយតម្លៃមនុស្ស រស់ក្នុងវប្បធម៌សន្តិភាព និង ចូលរួមអភិវឌ្ឍប្រទេសជាតិ បានដូចយុវជននិងប្រជាពលរដ្ឋដទៃទៀតដែរ។ អ្វីដែលព្រះសង្ឃបានធ្វើកាលពី១០០០ឆ្នាំមុននៅលើទឹកដីអង្គរ ព្រះសង្ឃនៅសតវត្សរ៍ទី ២១ នេះ បាននៅតែបន្តធ្វើតទៅទៀត ដោយមោទកភាពក្នុងឋានៈជាសាវ័ករបស់ព្រះសម្មាសម្ពុទ្ធបរមគ្រូ ដែលព្រះអង្គបានផ្តែផ្តាំមុននឹងចូលព្រះបរិព្វានថា៖ “ម្នាលភិក្ខុទាំងឡាយ សាសនព្រហ្មចរិយៈនេះ គប្បីតាំងនៅអស់កាលអង្វែង គប្បីតាំងនៅអស់កាលដ៏យូរ។ មួយទៀត សាសនព្រហ្មចរិយៈនោះ ប្រព្រឹត្តទៅដើម្បីប្រយោជន៍ដល់ជនដ៏ច្រើន ដើម្បីសេចក្តីសុខដល់ជនដ៏ច្រើន ដើម្បីអនុគ្រោះដល់សត្វលោក ដើម្បីសេចក្តីចម្រើន ដើម្បីប្រយោជន៍ ដើម្បីសេចក្តីសុខដល់ទេវតានិងមនុស្សទាំងឡាយ”[7]។​

សូមអនុមោទនា!

 

ហេង មណីចិន្តា

ភូមិវត្តពោធិវាល ក្រុងបាត់ដំបង

ថ្ងៃអង្គារ ៦រោច ខែ ជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក . ២៥៦៥

ថ្ងៃទី ០១ ខែ មិថុនា ឆ្នាំ ២០២១

 

 

 

 

 



លេខយោង

[1] World Conference for the Well-being of Children in Geneva, Switzerland, proclaimed June 1 to be International Children's Day in 1925. https://www.cute-calendar.com/event/international-childrens-day/38229.html#:~:text=International%20Children's%20Day%20is%20observed,International%20Children's%20Day%20in%201925.

[2] អនុសញ្ញាស្ដីពីសិទ្ធិកុមារ៖ ឯកសារសម្រាប់កុមារធ្វើការស្វែងយល់ https://www.unicef.org/cambodia/km/%E1%9E%A2%E1%9E%93%E1%9E%BB%E1%9E%9F%E1%9E%89%E1%9F%92%E1%9E%89%E1%9E%B6%E1%9E%9F%E1%9F%92%E1%9E%8A%E1%9E%B8%E1%9E%96%E1%9E%B8%E1%9E%9F%E1%9E%B7%E1%9E%91%E1%9F%92%E1%9E%92%E1%9E%B7%E1%9E%80%E1%9E%BB%E1%9E%98%E1%9E%B6%E1%9E%9A%E1%9F%96-%E1%9E%AF%E1%9E%80%E1%9E%9F%E1%9E%B6%E1%9E%9A%E1%9E%9F%E1%9E%98%E1%9F%92%E1%9E%9A%E1%9E%B6%E1%9E%94%E1%9F%8B%E1%9E%80%E1%9E%BB%E1%9E%98%E1%9E%B6%E1%9E%9A%E1%9E%92%E1%9F%92%E1%9E%9C%E1%9E%BE%E1%9E%80%E1%9E%B6%E1%9E%9A%E1%9E%9F%E1%9F%92%E1%9E%9C%E1%9F%82%E1%9E%84%E1%9E%99%E1%9E%9B%E1%9F%8B

 ២៨. កុមារគ្រប់រូបមានសិទ្ធិទទួលបានការអប់រំ។ ការអប់រំបឋមសិក្សាគួរផ្ដល់ដោយឥតគិតថ្លៃ។ ការអប់រំកម្រិតមធ្យមសិក្សា និងឧត្តមសិក្សា គួរមានសម្រាប់កុមារគ្រប់រូប។ គួរមានការលើកទឹកចិត្តកុមារទៅសាលារៀន ដើម្បីរៀនបានខ្ពស់បំផុត តាមដែលអាចធ្វើទៅបាន។ ការដាក់វិន័យនៅក្នុងសាលារៀនគួរគោរពសិទ្ធិរបស់កុមារ ហើយមិនត្រូវមានការប្រើប្រាស់អំពើហិង្សាជាដាច់ខាត។

២៩. គោលបំណងនៃការអប់រំ

ការអប់រំរបស់កុមារ គួរជួយឱ្យពួកគេអភិវឌ្ឍបុគ្គលិកលក្ខណៈ ទេពកោសល្យ និងសមត្ថភាពរបស់ពួកគេឱ្យបានពេញលេញ។ ការអប់រំ គួរបង្រៀនពួកគេឱ្យយល់ពីសិទ្ធិរបស់ខ្លួន និងគោរពសិទ្វិ វប្បធម៌ និងភាពខុសប្លែកគ្នារបស់អ្នកដទៃ។ ការអប់រំ គួរជួយឱ្យកុមាររស់នៅប្រកបដោយសុខសន្តិភាព និងការពារបរិស្ថាន។

 

[3] សៀវភៅសីលធម៌-ពលរដ្ឋវិជ្ជា របស់ក្រសួងអប់រំយុវជននិងកីឡា បោះពុម្ពឆ្នាំ ២០១៨

[6] - https://www.nec.gov.kh/khmer/content/4392  រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា  មាត្រា​ ៤៣.

ប្រជាពលរដ្ឋ​ខ្មែរ​ទាំងពីរ​ភេទ​ មាន​សិទ្ធិ​ពេញ​ទី​ខាង​ជំនឿ។

សេរីភាព​ខាង​ជំនឿ​ និង​ ការ​ប្រតិបត្តិ​ខាង​ផ្លូវ​សាសនា​ ត្រូវ​បាន​រដ្ឋ​ធានា​ក្នុង​ល័ក្ខខ័ណ្ឌ​ដែល​មិន​ប៉ះពាល់​ដល់​ជំនឿ​ ឬ​សាសនា​ដទៃ​ទៀត​ ដល់​សណ្ដាប់ធ្នាប់​ និង​ សន្តិសុខ​សាធារណៈ។

ព្រះពុទ្ធសាសនា​ ជា​សាសនា​របស់​រដ្ឋ។

[7] មហាបរិនិព្វានសូត្រ បិដក ភាគ ១៦ - ទំព័រទី ២៥៤ http://ti-kh.org/books?book=16&page=254&language=khmer

 

No comments:

Post a Comment