វិថីជីវិតសម្មាមគ្គ

 

ធម្មគតិសម្មាមគ្គ

អំពី

ការឈ្វេងយល់ ពិធីបុណ្យ អាសាឡ្ហបូជា ទិវាវិថីជីវិតពុទ្ធបរិស័ទ![1]

 

            ថ្ងៃ១៥‌កើត‌ ខែអាសាធ គឺជាទិវាប្រវត្តិសាស្ត្រដ៏សំខាន់‌មួយ‌ដែលពុទ្ធសាសនិកជនគ្រប់រូប‌ទូទាំងពិភពលោក តែងបា្ររព្ធរំលឹកជារៀងរាល់‌ឆ្នាំ‌ តាមរយៈពិធីបុណ្យប្រ‌ពៃណី‌​ពុទ្ធសាសនា អាសាឡ្ហបូជា ដែលជាការបូជាចំពោះព្រឹត្តិការណ៍ដ៏សំខាន់មួយក្នុងពុទ្ធសាសនា គឺការដែលព្រះសម្មាសម្ពុទ្ធទ្រង់បានសម្តែងព្រះធម៌ទេសនាជាលើកដំបូង ដល់សមណៈចំនួន៥រូប ដែលក្រោយមកបានក្លាយជាភិក្ខុសាវ័កដំបូងគេ ក្នុងព្រះពុទ្ធសាសនា។ ធម៌ដែលព្រះអង្គសម្តែងជាលើកដំបូងនោះ មានឈ្មោះថា ធម្មចក្កប្បវត្តនសូត្រ           ធម្មគតិសម្មាមគ្គថ្ងៃនេះ នឹងសង្ខេបជូនអំពីសារៈសំខាន់នៃថ្ងៃអាសាឡ្ហបូជា ដែលខ្មែរយើងគួររំលឹកទុកជារៀងរាល់ឆ្នាំ ឲ្យដូចជាថ្ងៃវិសាខបូជានិងមាឃបូជា។

ធម្មចក្កប្បវត្តនសូត្រ ជាសូត្រឬពុទ្ធវចនៈដែលនិយាយអំពីការបង្វិលកង់ធម៌ឲ្យមានចលនា វិលទៅមុខ (Setting the Wheel of Dhamma in Motion) ឬ ក្នុងន័យជាភាសាសម្រាយទូទៅ គឺ ជនណាដែលចង់បង្វិលកង់ធម៌ឬកង់ជីវិតរបស់ខ្លួនឲ្យវិលទៅមុខបានដោយងាយស្រួល និង ទៅដល់គោលដៅជីវិតដែលពិតប្រាកដនោះ ត្រូវអនុវត្តតាមគោលធម៌សំខាន់ៗនៅក្នុងព្រះសូត្រដែលមានឈ្មោះថា ធម្មចក្កប្បវត្តនសូត្រនេះ ដែលខ្ញុំសូមសង្ខេបឲ្យមកនៅត្រឹម បី ដំណាក់កាល គឺ៖

 

ដំណាក់កាលទី ១

ជៀសវាងពីវិថីជីវិតដែលមិនល្អពីរយ៉ាង ហៅថា «អន្តធម៌» គឺ វិថីបែបតឹងតែងហួសពេក និង   វិថីបែបធូររលុងហួសពេក។ អន្តធម៌ គឺធម៌ជាផ្លូវប្រតិបត្តជ្រុលសងខាង (extremist) ជាវិថីជីវិតទូទៅរបស់មនុស្ស ដែលគេតែងឃើញមាននៅក្នុងសង្គមមនុស្ស គឺ៖

ក)     កាមសុខល្លិកានុយោគៈ គឺការធ្វើខ្លួនឲ្យជាប់ជំពាក់ ច្របូកច្របល់ វិលវល់តែក្នុងសេចក្តីសុខដែលជាកាម ក្នុងសេចក្តីសុខជាបែបលោកីយ៍ ជាបែបសម្ភារៈនិយមតែម្យ៉ាង ដោយការបដិបត្ត ការអនុវត្តដែលធូរលុងហួសពេក ដោយការគិតថា មានតែកាយនិយម ឬ សម្ភារៈតែម្យ៉ាងប៉ុណ្ណោះដែលសំខាន់ជាងអ្វីៗទាំងអស់ សម្រាប់ជីវិត។

ខ)   អត្តកិលមថានុយោគៈ គឺការធ្វើឲ្យលំបាកដល់ជីវិតរាងកាយ ដោយការបដិបត្ត ការអនុវត្តដែលតឹងតែងហួសពេក ដោយការគិតថា មានតែចិត្តនិយម ឬ មនោគមន៍ តែម្យ៉ាងប៉ុណ្ណោះដែលសំខាន់ជាងអ្វីៗទាំងអស់ សម្រាប់ជីវិត

ផ្លូវទាំងពីរនេះ ព្រះពុទ្ធអង្គលោកថា ជាផ្លូវរបស់អ្នកស្រុកទូទៅ ជាវិថីជីវិតរបស់អ្នកដែលរស់នៅក្នុងសង្គមទូទៅ ដែលវិថីទាំងពីរនេះ បានធ្វើឲ្យជីវិតជាបុគ្គល ជីវិតជាសង្គម ជួបប្រទះនឹង បញ្ហាការប្រកួតប្រជែងគ្នា ដណ្តើមធនធាន យសសក្តិ៍ ការសរសើរ និង សុភមង្គល ដោយសេចក្តីលោភលន់(លោភៈ) ដោយកំហឹង ការគុំគួន (ទោសៈ) និងដោយភាពល្ងង់ខ្លៅព្រោះភាពអវិជ្ជា​ គ្មានការសិក្សាគ្រប់គ្រាន់ មិនអាចចាប់យកបាននូវការពិតរបស់ជីវិតផ្ទាល់ខ្លួន ការពិតរបស់សង្គម និង ការពិតរបស់ធម្មជាតិ បាន។

 

ដំណាក់កាលទី ២

ដើរតាមវិថីជីវិតថ្មីមួយ ដែលមានឈ្មោះថា មជ្ឈិមាបដិបទា‌ ឬផ្លូវមធ្យម ផ្លូវកណ្តាល ដែលរកឃើញដោយព្រះសម្មាសម្ពុទ្ធដោយផ្ទាល់។ មជ្ឈិមាបដិបទា‌ គឺសេចក្តីប្រតិបត្តជាកណ្តាល មិនប្រើប្រាស់នូវអន្តធម៌ទាំងពីរយ៉ាងខាងលើទេ។ ‌ជាសេចក្តីប្រតិបត្តដែលព្រះពុទ្ធអង្គបានត្រាស់ដឹង ជាសេចក្តីប្រតិបត្តដែលធ្វើឲ្យកើត‌នូវបញ្ញាចក្ខុ‌  គឺឃើញច្បាស់ ដឹងច្បាស់អំពីការពិតឬសច្ចៈ របស់ជីវិតជាបុគ្គល ជាសង្គម និង ធម្មជាតិ ជាការអនុវត្តដើម្បីសេចក្តីស្ងប់រម្ងាប់ ដើម្បីសន្តិភាព ដើម្បី‌និញ្វន‌។ ការប្រតិបត្តជាមធ្យម គឺជាការប្រតិបត្តដែលជៀសវាងការជ្រុលនិយមទាំងសងខាង(អន្តធម៌) មិនតឹងហួសហេតុពេក(មិនប្រើអត្តកិមថានុយោគ) និងមិនធូររលុងពេក(មិនប្រើកាមសុខល្លិកានុយោគ) ដែលព្រះពុទ្ធអង្គលោកប្រៀបទៅនឹងការដែលតន្ត្រីករដ៏ចំណានម្នាក់រឹតខ្សែចាប៉ីឬហ្គីតា។ ខ្សែចាប៉ី បើរឹតតឹងពេក សម្លេងដែលលាន់ចេញមកក៏នឹងតឹងស្រួយ ហើយនឹងអាចដាច់បើសិនជានៅតែរឹតថែមទៀត។ តែបើខ្សែចាប៉ីនោះរឹតមិនដល់កម្រិតសម្លេងទេ សម្លេងនោះនឹងមិនពីរោះឡើយ។ ម្យ៉ាងទៀត បើប្រៀបទៅនឹងការចម្អិនអាហារវិញ។   មជ្ឈិមាបដិបទា‌ នេះ អាចប្រែថា ≤ល្មម ឬ មួយល្មម≥ មិនប្រៃពេក មិនសាបពេក មិនជូរពេក មិនផ្អែមពេក គឺល្មមនិងឆ្ងាញ់។

 

ដំណាក់កាលទី ៣

រៀនអំពី របៀបដើរលើផ្លូវ មជ្ឈិមាបដិបទា‌ ហៅថាអរិយសច្ចៈ៤ ជាធម៌ ឬ វិជ្ជាគោល របស់ព្រះពុទ្ធអង្គ ដែលរួមមាន ទុក្ខអរិយសច្ចៈ ទុក្ខសមុទយអរិយសច្ចៈ ទុក្ខនិរោធអរិយសច្ច និង ទុក្ខនិរោធគាមិនិ បដិបទាអរិយសច្ចៈ។ ចតុរារិយសច្ចៈអរិយសច្ច៤ គឺជាធម្មជាតិ៤យ៉ាងដែលជារបស់ពិតមិនប្រែប្រួល មិនក្លាយទៅជារបស់ដទៃឡើយ (តថានិ អវិតថានិ អនញ្ញថានិ)​ បានសេចក្តីថា មានតែអរិយសច្ចទាំង៤នេះឯង ដែលអាចរំលត់នូវសេចក្តីទុក្ខបាន ដោះស្រាយបាននូវបញ្ហានានា។ អរិយសច្ចៈ‌ គឺជាឧបាយ(សច្ចឧបាយ) ជារូបមន្តនៃការដោះស្រាយបញ្ហាជីវិត ជាវិធីដើម្បីរំលត់សេចក្តីទុក្ខ ជាឧបករណ៍ដែលនាំទៅរកសេចក្តីសុខ ដែលមាន‌លក្ខណៈជាវិទ្យាសាស្ត្រ មានហេតុផល‌ច្បាស់លាស់ មិនបាច់មានការអង្វរសូមការប្រោសប្រណី ឬសុំជំនួយពីអាទិទេពណាឡើយ គឺអ្នកណាធ្វើហេតុ អ្នកនោះនឹងទទួលបាននូវ  ផល។ អរិយសច្ច៤ប្រការនេះ មានដូចខាងក្រោម៖

១.     ទុក្ខអរិយសច្ចៈ‌៖ ការទទួលស្គាល់ថា សច្ចភាពរបស់ជីវិត‌គឺជាការដែលជីវិតនេះមានសេចក្តីទុក្ខ មានបញ្ហា តាំងពីកើតដល់‌ស្លាប់‌ គឺទាំងសេចក្តីទុក្ខខាងផ្លូវកាយ និងសេចក្តីទុក្ខខាងផ្លូវចិត្ត ពោលគឺមានរូបមានទុក្ខ មានជីវិតមានបញ្ហា មានការ‌លំបាក‌ ប្រកបដោយទំនាស់‌ គ្មានស្ថិរភាព‌ មិនអាចបង្គាប់ឲ្យស្ថិតនៅក្រោមការបញ្ជារបស់យើងបានថាមិនឲ្យកើតទុក្ខ ឬគ្មានបញ្ហាបានឡើយ។

២.     ‌ទុក្ខសមុទយអរិយសច្ចៈ‌៖ ការដឹងថា‌បញ្ហា‌ឬសេចក្តីទុក្ខរបស់‌ជីវិតនេះ ‌មិនមែនកើតឡើងដោយចៃដន្យ ទេ‌ តែកើតឡើងព្រោះមានហេតុនិងបច្ច័យជាតួបង្ក‌និងទ្រទ្រង់។‌ ហេតុ ដែលនាំឲ្យកើតទុក្ខនេះ ព្រះពុទ្ធអង្គទ្រង់ហៅថាតណ្ហា ប្រែថាសេចក្តីបា្រថ្នាចំណង់។

៣.    ទុក្ខនិរោធអរិយសច្ចៈ‌៖ សេចក្តីទុក្ខ‌និងបញ្ហាទាំងពួង‌ គឺ‌ជាសភាវៈដែលអាចកំចាត់បាន‌ និងជាក្តីសង្ឃឹមរបស់‌‌ជីវិត‌មនុស្ស។‌ ទុក្ខនិរោធ‌ គឺជាសភាវៈបា្រសចាកទុក្ខ‌ និងជាវេវចនស័ព្ទនឹងពាក្យថា‌ និពា្វន‌សន្តិ‌ ដែលជាគោល‌ដៅរបស់មនុសគ្រប់រូប។

៤.   ទុក្ខនិរោធគាមិនីបដិបទាអរិយសច្ចៈ‌៖ ដើម្បីរំលត់នូវ‌សេចក្តីទុក្ខទាំងអស់នោះ‌ គេត្រូវអនុវត្តតាមយុទ្ធវិធីរំលត់‌ទុក្ខដែលព្រះសម្មាសម្ពុទ្ធទ្រង់បានរកឃើញ‌ និងអនុវត្ត‌បានផលរួចមកហើយ។‌ យុទ្ធវិធីនេះ‌មានឈ្មោះថា‌អដ្ឋង្គិកមគ្គ‌ ឬ‌វិធីរំលត់ទុក្ខដែលមានអង្គ៨‌ គឺ ‌‌១) សម្មាទិដ្ឋិៈ៖ ការយល់ឃើញត្រូវ ២) សម្មាសង្កប្បៈ ការគិតត្រូវ ៣) សម្មាវាចា ការនិយាយចរចាត្រូវ‌ ៤) សម្មាកម្មន្តៈ ការប្រព្រឹត្តត្រូវ‌ ៥) សម្មាអាជីវៈ‌ ការចិញ្ចឹមជីវិតត្រូវ‌  ៦) សម្មាវាយាមៈ‌ ការព្យាយាមត្រូវ‌ ៧)សម្មាសតិ មានសតិរលឹកឃើញត្រូវ‌  និង ៨) សម្មាសមាធិ ការតម្កល់ចិត្តត្រូវ‌។  អដ្ឋង្គិកមគ្គទាំង៨ អាចសង្ខេបឲ្យមកនៅត្រឹមតែគោលធម៌ធំៗចំនួន៣ ដែលហៅថាការបដិបត្ត ការហ្វឹកហាត់ ៣យ៉ាង(ត្រៃសិក្ខា) គឺ៖

១)  បញ្ញា រួមបញ្ចូលដោយ ការយល់ត្រូវ ១ និង ការគិតត្រូវ ១

២) សីល រួមបញ្ចូលដោយ ការនិយាយត្រូវ ១ ការធ្វើត្រូវ១ និង ការចិញ្ចឹមជីវិតត្រូវ ១

៣) សមាធិ  រួមបញ្ចូលដោយការព្យាយាមត្រូវ១ ការមានសតិត្រូវ១ និង ការមានសមាធិត្រូវ១

 

សារៈសំខាន់នៃធម្មចក្កប្បវត្តនសូត្រ

            ព្រះសម្មាសម្ពុទ្ធជាសព្វញ្ញុតញ្ញាណ ព្រះអង្គដឹងសព្វគ្រប់ទាំងអស់ ឯព្រះធម៌ដែលព្រះអង្គយកមកបង្រៀនមានរហូតដល់ទៅ៨៤០០០ព្រះធម្មក្ខ័ន្ធឯណោះ(១១០ក្បាលជាភាសាបាលី-ខ្មែរ) ដែលមើលទៅឃើញថាដូចជាច្រើនណាស់បើប្រៀបទៅនឹងសាសនាដទៃទៀត តែអ្វីដែលព្រះពុទ្ធអង្គយកមកបង្រៀនដល់ពុទ្ធបរិស័ទវិញ គឺមានចំនួនតិចណាស់បើប្រៀបទៅនឹងការត្រាស់ដឹង ជាសព្វញ្ញុតញ្ញាណរបស់ព្រះអង្គ។ នៅក្នុងព្រះសូត្រដែលមានឈ្មោះថា សីសបាវនសុត្តំ ព្រះពុទ្ធអង្គបានសម្តែងប្រាប់ដល់ពួកភិក្ខុទាំងឡាយ ដោយធ្វើការប្រៀបធៀបរវាងស្លឹកធ្នង់ដែលនៅលើដើមដ៏មានចំនួនច្រើន ថាដូចជាការត្រាស់ដឹងរបស់ព្រះអង្គដែរ គឺច្រើនណាស់ (សព្វញ្ញុតញ្ញាណ សព្វវិទូ)។ ឯការត្រាស់ដឹងដែលព្រះអង្គយកមកបង្រៀនដល់ពុទ្ធបរិស័ទនោះ មានចំនួនតែបន្តិចទេ គឺប្រហែលត្រឹមតែចំនួនស្លឹកធ្នង់ដែលនៅក្នុងព្រះហស្ថរបស់ព្រះអង្គតែប៉ុណ្ណោះ ព្រោះថាអ្វីដែលមិនបានប្រយោជន៍ដល់ការដោះស្រាយបញ្ហាជីវិត ដល់ការរំលត់ទុក្ខ ដើម្បីការត្រាស់ដឹងទេនោះ ព្រះអង្គនឹងមិនបង្រៀនទេ។ អរិយសច្ចៈ៤ គឺជាធម៌ដែលប្រៀបទៅនឹងស្លឹកធ្នង់ក្នុងព្រះហស្ថព្រះអង្គ។

            ព្រះសម្មាសម្ពុទ្ធទ្រង់លើកទឹកចិត្តឲ្យព្រះភិក្ខុសង្ឃផ្សព្វផ្សាយ បង្រៀន អនុគ្រោះ ចំពោះមហាជនទាំងឡាយ ដោយការឲ្យមហាជនទាំងឡាយនោះរៀនឲ្យចេះ(មិនចាំបាច់តែជាពុទ្ធបរិស័ទទេ) នូវអរិយសច្ច៤ សម្រាប់យកមកអនុវត្តធ្វើជាវិថីជីវិតរបស់ខ្លួន ដោយសេចក្តីប្រៀបថា​ បើចង់ឲ្យវត្ថុអនុស្សាវរីយ៍ដល់នរណាម្នាក់ ការឲ្យចំណេះដឹងរឿងអរិយសច្ច៤ គឺជាវត្ថុអនុស្សាវរីយ៍ដែលមានតម្លៃថ្លៃជាងអ្វីៗទាំងអស់ ព្រោះថា អ្នកណាដែលបានដឹងអំពីអរិយសច្ចៈ៤នេះ អ្នកនោះឈ្មោះថាជាអ្នកប្រកបដោយវិជ្ជាវិជ្ជាគតោ

            ព្រះសារីបុត្រ ដែលជាអគ្គសាវ័កស្តាំរបស់ព្រះសម្មាសម្ពុទ្ធបានមានដីកាចំពោះភិក្ខុដែលនៅក្រោមឱវាទថា អរិយសច្ចៈ៤នេះ ជាធម៌ធំជាងគេបង្អស់ក្នុងចំណោមពុទ្ធវចនៈទាំងឡាយ ឬ ជាមេធម៌។  លោកប្រៀបធម៌នេះ ទៅនឹងជើងសត្វដំរី ដែលធំជាងជើងសត្វចតុប្បាទ និង ទ្វិបាទ នានាក្នុងពិភពលោក។   

ក្រៅពីនេះ ព្រះសម្មាសម្ពុទ្ធក៏បានទូន្មានដល់ភិក្ខុដែលត្រូវចេញទៅផ្សព្វ ផ្សាយពុទ្ធសាសនា ឬដែលត្រូវធ្វើសង្គាយនាដេញដោលធម៌ ឬទ្រឹស្តី ជាមួយភិក្ខុដទៃ ឬ សាសនិកជន​ និងមេសាសនាដទៃទៀត ឲ្យខិតខំរៀន និងយល់ដឹងឲ្យបានច្បាស់នូវអរិយសច្ចៈ៤នេះ ដោយការប្រៀបធៀបធម៌អរិយសច្ចៈ៤នេះ ទៅនឹងបង្គោលសសរប្រវែង១៦ហត្ថ ឬ ៨ម៉ែត្រ ដែលគេដាំចុះទៅក្នុងរណ្តៅខាងក្រោម៨ហត្ថ នៅខាងលើរណ្តៅ៨ហត្ថ បើទោះជាមានភ្លៀងលាយដោយខ្យល់ដ៏ខ្លាំងបក់មកអំពីទិសទាំង៤យ៉ាងណាក្តី ក៏មិនអាចឲ្យសសរនេះដួលរលំបានឡើយ។ បើអ្នកណានីមួយ ដឹងច្បាស់ពីអរិយសច្ចៈ៤នេះ ទោះបីអ្នកបួសឬអ្នកជំនាញក្នុងសាសនាដទៃណាមួយ ក៏មិនអាចនឹង ផ្ចាញ់ នូវវាទៈឬ សម្តីដែលប្រកបដោយអរិយសច្ចៈ៤ នេះបានឡើយ។

 

បុណ្យអាសាឡ្ហបូជា

ទិវា វិថីជីវិតពុទ្ធបរិស័ទ

            ពួកយើងជាប្រជាពុទ្ធបរិស័ទខ្មែរ មិនបានយកចិត្តទុកដាក់នឹងថ្ងៃអាសាឡ្ហបូជាទេ ព្រោះថ្ងៃនេះភាគច្រើនត្រូវគ្របដណ្តប់ដោយការហែទៀនវស្សាទៅវិញ ព្រោះការហែទៀនវស្សា មានលក្ខណៈជាបុណ្យប្រពៃណី មានសភាពរីករាយជាង។ តាមពិតទៅ យើងគួរតែលើកតម្កើងថ្ងៃនេះឱ្យបានខ្ពង់ខ្ពស់ ព្រោះថ្ងៃនេះជាថ្ងៃដែលអរិយសច្ចទាំង៤ត្រូវបានប្រកាស ជាថ្ងៃចាប់កំណើតនៃព្រះអរិយសង្ឃ ជាថ្ងៃប្រកាសវិថីជីវិតដែលមានហេតុ-ផល ជាថ្ងៃកំណត់នៃការអភិវឌ្ឍជីវិតដែលមានដំណើរវិលទៅមុខ ដូចជាកង់រទេះ។

  យើងអាចទាញន័យសេចក្តីដែលមាននៅក្នុងព្រះសូត្រដែលជាការសម្តែងទេសនាលើកទី១របស់ព្រះពុទ្ធអង្គមកធ្វើជាគតិសម្រាប់ អភិវឌ្ឍជីវិតយើងជាពុទ្ធបរិស័ទដូចតទៅនេះ ៖

 -   សិក្សាឱ្យបានច្បាស់អំពីធម្មចក្កប្បវត្តនសូត្រ ដែលនិយាយអំពីគោលការណ៍សម្រាប់អភិវឌ្ឍជីវិតឱ្យរួចផុតពីសេចក្តីទុក្ខឬបញ្ហា និងសម្រេចបាននូវសេចក្តីសុខពិតប្រាកដ។

-   ប្រកាន់ដំណើរជីវិតជាមធ្យម ជាកណ្តាល  មិនជ្រុលទៅរកតែម្ខាងៗពេក មិនតឹងតែងដាក់ជីវិតខ្លួនពេក មិនបណ្តោយជីវិតខ្លួនទៅលើតែរឿងសប្បាយពេក រក្សាជីវិតខ្លួនឱ្យមានសុខភាពទាំងផ្លូវកាយនិងផ្លូវចិត្ត។

-  ការយល់ឃើញ ការគិត ការនិយាយ ការធ្វើ ការចិញ្ចឹមជីវិត ការព្យាយាម ការរលឹកខ្លួន និងការទប់តម្កល់ចិត្ត ជាឧបករណ៍ទាំង៨ ដែលនៅជាប់ជាមួយនឹងមនុស្សម្នាក់ៗពីកំណើត។ យើងអាចប្រើវាឱ្យនាំទុក្ខ ដល់ខ្លួនយើងនិងអ្នកដទៃក៏បាន យើងអាចប្រើវាឱ្យនាំសុខ ដល់ខ្លួនយើងនិងអ្នកដទៃក៏បាន។ ព្រះសម្មាសម្ពុទ្ធបានបង្ហាញពីការប្រើប្រាស់នូវឧបករណ៍ទាំង៨នេះដើម្បីជាប្រយោជន៍ ដើម្បីសេចក្តីសុខដល់ខ្លួននិងដល់អ្នកដទៃ។ ក្នុងឋានៈជាពុទ្ធបរិស័ទ ម្នាក់ៗត្រូវរៀនពីមគ្គទាំង៨ ដែលព្រះពុទ្ធអង្គបានបង្រៀនទុកជាតំណមក។

-   អរិយសច្ច៤ គឺជារឿងហេតុផល រឿងធ្វើនិងរឿងទទួលផលនៃ   ទង្វើរបស់ម្នាក់ៗនិងសង្គម។ រៀនរស់នៅក្នុងហេតុផល ព្យាយាម លះបង់ការបន់ស្រន់សុំឱ្យកម្លាំងពីខាងក្រៅ ឬកម្លាំងទេវតា មកជួយឱ្យសម្រេចបំណងរបស់ខ្លួន។     យល់ពីអរិយសច្ចៈ  គឺការហ៊ានទទួលស្គាល់បញ្ហាគ្រប់បែបយ៉ាងក្នុងជីវិត ជាការមិនគេចវេសពីបញ្ហា ជាការរង់ចាំដោះស្រាយបញ្ហានៅពេលដែលកើតឡើងជានិច្ច (ទុក្ខសច្ចៈ)។

  អ្នកដែលយល់ពីអរិយសច្ច តែងតែមានសង្ឃឹមនិងជឿជាក់ក្នុងចិត្តថាបញ្ហាទាំងអស់សុទ្ធតែអាចដោះស្រាយបាន និងតែង តែមានគោលដៅក្នុងការដោះស្រាយបញ្ហាទាំងអស់នោះជានិច្ច(និរោធសច្ច)។

    អ្នកយល់ពីអរិយសច្ច តែងតែស្វែងរកឱ្យឃើញនូវហេតុឬប្រភពដែលនាំឱ្យកើតឡើងនូវបញ្ហា ឬ  សេចក្តីទុក្ខទាំងនោះជានិច្ច ព្រោះដើម្បីបំបាត់បញ្ហាឬដោះស្រាយបញ្ហា ព្រះពុទ្ធអង្គណែនាំឱ្យកម្ចាត់ហេតុ ឬប្រភពរបស់បញ្ហា មិនមែនកំចាត់បញ្ហាទេ។

  ផ្លូវឬវិធីសម្រាប់កម្ចាត់និងដោះស្រាយបញ្ហា តែងមានជានិច្ច និងមានជាច្រើន។ តែទោះជាមានច្រើនយ៉ាងណាក៏ដោយ ក៏ផ្លូវឬវិធីទាំងនោះ ត្រូវប្រើឱ្យសមល្មមនឹងហេតុរបស់បញ្ហា(សម្មា) និងត្រូវឋិតនៅក្នុងក្របខណ្ឌនៃក្រមសីលធម៌សង្គម (សីល= សម្មាវាចា សម្មាកម្មន្តៈ សម្មាអាជីវៈ) ត្រូវប្រើប្រាស់បញ្ញាដែលប្រកបដោយគុណធម៌ (សម្មាទិដ្ឋិ សម្មាសង្កប្បៈ) និងតម្កល់ចិត្ត ទប់ចិត្តឱ្យនឹង មិនញាប់ញ័រទៅតាមឥទ្ធិពលរបស់វត្ថុពីខាងក្រៅដែលមករំខានដល់ការដោះស្រាយបញ្ហា(សមាធិ= សម្មាវាយាមៈ សម្មាសតិ សម្មាសមាធិ)។

៥-   ពុទ្ធបរិស័ទ ជាពិសេសព្រះសង្ឃ គួរតែបង្កើតទម្លាប់ការជូនកាដូ ឬ វត្ថុអនុស្សាវរីយ៍ ដោយការយកតាមតម្រាប់តាមពុទ្ធដិកា គឺគួរឱ្យកាដូដែលតំណាងឱ្យអរិយសច្ច៤ ដល់ពុទ្ធបរិស័ទ ដល់ញាតិមិត្តរបស់ខ្លួនជាដើម។ ការបង្កើតវត្ថុអនុស្សាវរីយ៍បែបនេះ អាចនឹងក្លាយទៅជានិមិត្តរូបនៃពុទ្ធសាសនាកម្ពុជា ដែលជាវត្ថុមានប្រយោជន៍ដល់ការអភិវឌ្ឍជីវិតរបស់មនុស្សដែលខ្លួនស្រឡាញ់ ឬ អ្នកដែលខ្លួនគិតថាចង់ជួយអ្នកនោះឱ្យមានជីវិតល្អប្រពៃក្នុងសង្គមឡើង។

       ក្នុងឋានៈជាពុទ្ធបរិស័ទ យើងក៏គួរគិតពិចារណាដែរថា ពុទ្ធសាសនាដែលនឹងអាចតាំងនៅអស់កាលដ៏យូរបាននោះ ក៏ព្រោះ​​ការមានទំនាក់ទំនងជាមួយនឹងភាពជាប្រយោជន៍នៃពុទ្ធធម៌ដល់មនុស្សជាតិដ៏ច្រើន។ ប្រសិនបើមនុស្សជាតិ ជាពិសេសមនុស្សជាតិខ្មែរយើង មិនយល់ឃើញថាពុទ្ធសាសនាមានប្រយោជន៍ទេនោះ សាសនានេះក៏នឹងមិនមានអ្នកណាបដិបត្ត ជឿ ឬកាន់តាមដែរ។ ភាពជាប្រយោជន៍របស់ពុទ្ធសាសនា គឺនៅពេលណាដែលខ្មែរយើងយក អរិយសច្ច៤ នេះមកធ្វើជាវិថីជីវិតសម្រាប់ឆ្ពោះទៅរកសេចក្តីសុខដោយការពេញចិត្តនិងជឿជាក់។  ១៥កើតខែអាសាឍ គួរតែបានកំណត់ថាជា ទិវាវិថីជីវិតពុទ្ធបរិស័ទ ទូទាំងពិភពលោក ដោយចាប់ផ្តើមពីព្រះរាជាណាចក្រកម្ពុជា!

          សូមឱ្យប្រជាពុទ្ធបរិស័ទខ្មែរ និងប្រជាសកលលោកទាំងអស់ បានរស់នៅក្នុងវិថីនៃអរិយសច្ច ដែលជាគន្លងនៃផ្លូវដែលមិនតឹងពេកមិនធូរពេក មិនឆ្វេងពេក មិនស្តាំពេក ប្រកបដោយហេតុ-ផល មានគំនិតរស់ទាំងអស់គ្នា រស់ដើម្បីសន្តិភាព និងការអភិវឌ្ឍមួយដែលស្ថិតស្ថេរចីរកាលតរៀងទៅហោង។៚

 

សូមអនុមោទននា អាសាឡ្ហបូជា ទិវាវិថីជីវិតពុទ្ធបរិស័ទ!

 

ភូមិវត្តពោធិវាល ក្រុងបាត់ដំបង

ថ្ងៃអាទិត្យ ១០រោច ខែ បឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៤

ថ្ងៃទី ៤ ខែ កក្កដា ឆ្នាំ ២០២១



[1] សេចក្តីសង្ខេបចេញពីសៀវភៅ «ឈ្វេងយល់ពីបុណ្យអាសាឡ្ហបូជា» ស្នាដៃរបស់អ្នកនិពន្ធ ហេង មណីចិន្តា ឆ្នាំ ២០១៩ បោះពុម្ពដោយក្រុមហ៊ុន ផ្កាឈូក

No comments:

Post a Comment